ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA)និងសមាជិកប្រមាណ៣០នាក់តំណាងឱ្យអ្នកដឹកជញ្ជូនជាង៧០០នាក់ បានប្រមូលគ្នានៅមុខក្រុមហ៊ុនហ្គ្រែប (Grab) នៅភ្នំពេញ ដាក់ញត្តិទាមទារកលក្ខខណ្ឌសមស្របក្នុងកិច្ចសហការរកស៊ីរវាងអ្នកដឹកជញ្ជូនជាមួយក្រុមហ៊ុនហ្គ្រេប។
កន្លងមកក្រុមអ្នកដឹកជញ្ជូនបានបញ្ជាក់ថា ក្រុមហ៊ុនហ្គ្រែបបានកាត់កម្រៃជើងសារថ្លៃពេកជាហេតុធ្វើឱ្យអ្នកដឹកជញ្ជូនបានទទួលប្រាក់ចំណេញតិចពិបាករកស៊ីទទួលទាន។
ក្រុមអ្នកដឹកជញ្ជូនទាំងជាង៧០០នាក់បានប្រគល់សិទ្ធិឱ្យសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA) ឱ្យធ្វើតំណាងពួកគេដើម្បីជួបពិភាក្សាជាមួយភាគីក្រុមហ៊ុនកាលពីថ្ងៃទី១៥ខែឧសភា២០២៦។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA) លោក វន់ ពៅ ប្រាប់ថា អ្នកដឹកជញ្ជូនឱ្យក្រុមហ៊ុនហ្គ្រែប(Grab) រួមមានទាំងអ្នកដឹកអាហារ អ្នករត់កង់បី និងអ្នករត់តាក់ស៊ីដែលដាក់ដាក់ញត្តិមានចំនួនសរុប ៧១១នាក់។
លោកថា៖ «ការដាក់ញតត្តិថ្ងៃនេះវាជាការបើកផ្លូវមួយសម្រាប់ការចរចារវាងក្រុមហ៊ុនជាមួយយើង ដែលជាអ្នកវិស័យដឹកជញ្ជូន រវាងក្រុមហ៊ុនជាមួយរដ្ឋាភិបាល ជាមួយដឹកជញ្ជូនជាមួយក្រុមហ៊ុនគេហៅចរចាត្រីភាគី[…]យុទ្ធនាការថ្ងៃនេះគឺជាយុទ្ធនាការនៅទូទាំងពិភពលោកតែម្ដង[…]ដើម្បីគេយកសំឡេងពីអ្នកដឹកជញ្ជូនតាមប្រព័ន្ធ App គេហៅ Platform Worker ឬ Gig Worker ហ្នឹងដាក់ទៅក្នុងញត្តិមួយទៀតទៅអង្គការសងប្រជាជាតិខាងវិស័យការងារ នៅក្នុងខែ៦នេះ គឺ ILO នឹងបង្កើតអនុសញ្ញាថ្មីដើម្បីគាំពារទៅដល់អ្នកបើកបរផ្នែកប្រព័ន្ធ App នៅទូទាំងពិភពលោក»។
លោក វន់ ពៅ ថាក្រុមអ្នកដឹកជញ្ជូនទាមទារពីក្រុមហ៊ុន ៥ចំណុចដូចជា ស្នើសុំឱ្យភាគីក្រុមហ៊ុន Grab បញ្ឈប់ការ Block App ឬបិទកម្មវិធីទូរស័ព្ទរបស់អ្នកដឹកជញ្ជូនដោយគ្មានមូលហេតុច្បាស់លាស់ បន្ថយកម្រៃជើងសារមកត្រឹម ៨ភាគរយ និងដំឡើងថ្លៃដឹកជញ្ជូន និងបង្ហាញទិន្នន័យកាត់កម្រៃតម្លៃជើងសារ និងតម្លៃដឹកឱ្យបានច្បាស់លាស់។ បន្ថែមពីនេះលោកថា ក្រុមអ្នកដឹកជញ្ជូនក៏ស្នើក្រុមហ៊ុនគោរព និងឱ្យតម្លៃដល់អ្នកដឹកជញ្ជូន ឱ្យស្មើនឹងអតិថិជន និងចង់ឱ្យក្រុមហ៊ុននេះផ្ដល់កិច្ចគាំពារសង្គមដល់អ្នកពួកគេ។
លោកបន្ថែមថា៖ «កម្រៃជើងសារគឺកាត់ទៅតាមពេលវេលាអាច ១០ ទៅ ២០ភាគរយ។ អ៊ីចឹងគឺគេកាត់តាមពេលវេលាស្ទះចរាចរណ៍ ពេលចរាចរណ៍ទូលាយ ពេលចរាចរណ៍ស្ទះ។ អ៊ីចឹងយើងចង់ឱ្យកម្រៃជើងសារចុះមកត្រឹម ៨ភាគរយបានហើយអាណិតគ្នាអ្នកដឹកជញ្ជូន ព្រោះពួកយើងៗគិតមើល រ៉ឺម៉កក៏យើង ទូរស័ព្ទដៃទំនើបក៏យើង បញ្ចូលលុយកាតក៏យើង ហើយកម្លាំងពលកម្មក៏យើងៗទាំងអស់ អ៊ីចឹងពេលឈឺព្យាបាលក៏លុយយើងទៀត»។
លោក វន់ ពៅ ក៏បានឱ្យដឹងថា ក្រុមអ្នកដឹកជញ្ជូនរួមមានទាំង៣ប្រភេទសរុបជាង២ម៉ឺននាក់នៅកម្ពុជាបានធ្វើយុទ្ធនាការ បិទសេវាដឹកជញ្ជូន Grab ជាបណ្ដុះអាសន្នរយៈពេល២ម៉ោងពីម៉ោង៣ ដល់ម៉ោង៥ល្ងាច ដើម្បីទាមទារលក្ខខណ្ឌការងារសមរម្យ៥ចំណុច។
អ្នករត់កង់បីដែលបានទៅដាក់ញត្តិលោក ពៀន ភឿន បានប្រាប់ថា លោកចង់ឱ្យក្រុមហ៊ុន Grab ដំឡើងកម្រៃដឹកជញ្ជូនឱ្យលោកចំនួន ១២០០រៀលក្នុងមួយគីឡូម៉ែត្រ ខណៈបច្ចុប្បន្នលោកទទួលបាន១០០០រៀលក្នុងមួយគីឡូម៉ែត្រ។ បន្ថែមពីនេះលោកចង់ឱ្យក្រុមហ៊ុនកាត់បន្ថយកម្រៃជើងសារដែរ ព្រោះកម្រៃដែលក្រុមហ៊ុនកាត់ពីលោកសព្វថ្ងៃនេះគឺពីចន្លោះ១៧ ទៅ២០ភាគរយនៃថ្លៃដឹកសរុប ដែលនេះវាខ្ពស់សម្រាប់លោក។
លោកថា៖ «ផលលំបាកពួកខ្ញុំរាល់ថ្ងៃ ផលពិបាកថាយើងរកបានមកយើងបានមួយទប់ទល់ថាម្ចាស់ផ្ទះ ដាក់ទៅ App វិញ ហើយបានមួយហូបអត់មានសល់ ហើយពិបាកបំផុតបង់លុយធនាគារបង់រំលោះកង់បី រកលុយបង់អត់បានហ្មង»។
បុរសវ័យ៥២ឆ្នាំរូបនេះថា បើក្រុមហ៊ុន Grab មិនផ្ដល់ឱ្យលោកដូចការទាមទារទេនោះ
លោកនឹងតវ៉ាបន្តរហូតមានដំណោះស្រាយ។ ជាមួយគ្នានេះលោកអំពាវនាវឱ្យក្រសួងពាក់ព័ន្ធជួយដោះស្រាយការទាមទាររបស់ក្រុមអ្នកដឹកជញ្ជូន។
ជាការឆ្លើយតប ប្រធានផ្នែកទំនាក់ទំនងកិច្ចការសាធារណៈនៃក្រុមហ៊ុនហ្គ្រែប(Grab) លោក កាន់ ឈុនណាត បានឱ្យដឹងថា ភាគីក្រុមហ៊ុននឹងពិភាក្សាជាមួយក្រុមអ្នកដឹកជញ្ជូនដើម្បីដោះស្រាយបញ្ហាទាំងនេះ។
លោកថា៖ «គ្រាន់តែថាយើងបានទទួលញត្តិហ្នឹងទុក ប៉ុន្តែអត់ទាន់បានជជែកបានជជែកលំអិតពីលក្ខខណ្ឌចំណុចទាំង៥ហ្នឹងទេ។ អ៊ីចឹងអាចនឹងមានប្រជុំបន្តបន្ទាប់ទៀតនៅពេលដែលខាងសមាគម IDEA ទាក់ទងមក អ៊ីចឹងចាំបងនឹងទទួលជួបជជែកជាមួយគាត់»។
លោក ឈុនណាត បានបកស្រាយបញ្ហា Block App ឬបិទកម្មវិធីទូរស័ព្ទរបស់អ្នកដឹកជញ្ជូនថា ការបិទកម្មវិធីពីសំណាក់ក្រុមហ៊ុនលោកកន្លងមកគឺធ្វើឡើងតាមគោលការណ៍ច្បាស់លាស់ ពោលគឺទាល់តែក្នុងករណីដែលអ្នកដឹកជញ្ជូនប្រព្រឹត្តកំហុស ហើយក្រុមហ៊ុនជូនដំណឹងណែនាំទៅពួកគេហើយ ៣ដងមិនមានការប្រសើរទៀត ទើប Grab បិទកម្មវិធីអ្នកដឹកជញ្ជូនទាំងនោះ។
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានបញ្ជាក់ថា ក្រសួងការងារបានឃើញករណីដែលក្រុមអ្នកដឹកជញ្ជូនដាក់ញត្តិនៅក្រុមហ៊ុនហ្គ្រែប។ លោកថាក្រសួងនឹងហៅភាគីក្រុមហ៊ុនបកស្រាយ ព្រមទាំងដោះស្រាយបញ្ហានេះ ដោយយកចិត្តទុកដាក់ ព្រោះលោកថាកង្វល់របស់ក្រុមអ្នកដឹកជញ្ជូនក៏ជាកង្វល់របស់រដ្ឋាភិបាល។
លោកថា៖ «យើងឃើញកង្វល់របស់គាត់ អ៊ីចឹងយើងក៏ស្ដាប់កង្វល់របស់គាត់ ហើយពេលខាងមុខដ៏ខ្លីនេះ យើងនឹងអញ្ជើញខាងភាគីក្រុមហ៊ុនដើម្បីឱ្យគាត់មានការបកស្រាយ ថាតើការទាមទាររបស់បងប្អូនកម្មករ បងប្អូនខាងសេដ្ឋកិច្ចក្រៅប្រព័ន្ធហ្នឹងខាងក្រុមហ៊ុនមានយោបល់បែបណា ។ យើងចាំស្ដាប់ក្នុងនាមជាអាណាព្យាបាលហើយនិងធ្វើម៉េចផ្ដល់ភាពរីករាយ ឈ្នះៗទៅកាន់ភាគីទាំងពីរ»។
ជុំវិញរឿងនេះ ប្រធានកម្មវិធីនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) លោក ឃុន ថារ៉ូ សង្កេតឃើងថា កន្លងមកក្រុមហ៊ុនដឹកជញ្ជូនមិនបានពិគ្រោះជាមួយអ្នកដឹកជញ្ជូនពីការផ្ដល់កម្រៃសមរម្យ និងមានតុល្យភាពរវាងចំណូលក្រុមហ៊ុន និងសុខមាលភាពអ្នកដឹកជញ្ជូននៅឡើយទេ។
លោកថា៖ «រដ្ឋគួរតែមានការពិនិត្យមើលនូវវិស័យនីមួយៗហើយធ្វើការកំណត់ដោយមានវិធានការជាលក្ខណៈប្រព័ន្ធ ដើម្បីទ្រទ្រង់គាំទ្រដល់វិស័យឯកជនផង ក៏ដូចជាការគាំទ្រទៅដល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ឬក៏អ្នកផ្ដល់សេវា[អ្នកដឹកជញ្ជូន]ផង ព្រោះអាវីស័យសេវាកម្មនេះវាមិនមែនផ្ដោតលើតែក្រុមហ៊ុនមួយផ្នែកទេ ក៏ប៉ុន្តែវាជាផ្នែកមួយរបស់អ្នកផ្ដល់សេវា»៕







