ក្រសួងព័ត៌មានចាប់ផ្ដើមយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ដើម្បីពង្រឹងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ដើម្បីសុវត្ថិភាពព័ត៌មាន ក្នុងបរិបទដែលបច្ចេកវិទ្យាមានវិវត្តយ៉ាងឆាប់រហ័ស។នេះបើតាមការផ្សាយរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក នេត្រ ភក្ត្រា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។
យុទ្ធនាការនេះត្រូវបានប្រកាសបើក និងដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទីដំបូងនេះ មានការចូលរួមពីក្រសួងព័ត៌មាន តំណាងក្រសួងអប់រំ យុវជន និង កីឡា គណៈគ្រប់គ្រងសាលា និងសិស្សានុស្សិស្ស សរុបប្រហែល២ ៥០០ នាក់ ពីបរិវេណវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ រាជធានីភ្នំពេញ។
សាលិខិតរបស់ក្រសួព័ត៌មាន សរសេរថា យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ ស្របពេលដែលកម្ពុជាប្រឈមទៅនឹងហានិភ័យផ្នែកឌីអីថល និងព័ត៌មានក្លែងក្លាយ ក្នុងបរិបទដែលបច្ចេកវិទ្យាមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដែលទាមទារឱ្យយុវជនចាំបាច់ត្រូវអភិវឌ្ឍផ្នត់គំនិត និងការយល់ដឹងពីប្រព័ន្ធឌីជីថលស្ដីពី សុវត្ថិភាពព័ត៌មាន ជំនួសឱ្យការទទួលបានព័ត៌មានដោយមិនមានការយល់ដឹងច្បាស់លាស់។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ ប្រាប់ប្រជាកាសែតថា ក្រសួងព័ត៌មានដឹកនាំធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយនេះ ដោយសហការជាមួយក្រសួងស្ថាប័នរដ្ឋ និងដៃគូរពាក់ព័ន្ធ ដោយមានការសម្របសម្រួលពីមន្ទីរព័ត៌មានខេត្ត និងមន្ទីរអប់រំ យុវជន និងកីឡា ព្រមទាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទូទាំង២៥ ខេត្តក្រុង។ លោកបន្តថាយុទ្ធនាការនេះមានរយៈពេលមួយឆ្នាំពេញ គឺចាប់ខែឧសភា ឆ្នាំ២០២៦ ដល់ខែមេសា ឆ្នាំ២០២៧។
លោកថា៖ «ការលើកម្ពស់សន្តិសុខ និងសុវត្ថិភាពព័ត៌មានក្នុងប្រព័ន្ធផ្សព្វផ្សាយឌីជីថល មិន ត្រឹមតែជាកិច្ចការបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែគឺជាអាទិភាពយុទ្ធសាស្ត្របំផុត ដើម្បីកសាង «ខែល ការពារ» ផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងថែរក្សាសុខសន្តិភាពក្នុងសម័យបច្ចេកវិទ្យាទំនើប»។
លោកបន្ថែមថា៖ «ការបង្កើត និង ផ្សាយព័ត៌មានក្លែងក្លាយទាំងនេះ ក៏ត្រូវបានធ្វើឡើងក្នុងបំណងបង្កចលាចលក្នុងសង្គម ជាពិសេសការ បំភ្លៃ បំផ្លើស សាច់រឿង និងប្រធានបទពាក់ព័ន្ធនឹងបញ្ហាព្រំដែន ក្នុងអំឡុង និងក្រោយសង្គ្រាមឈ្លានពាន របស់យោធាថៃមកលើទឹកដីកម្ពុជា ។នៅពេលនោះប្រសិនបើកម្ពុជាមិនមានវិធានការហ្មត់ចត់ដើម្បីទប់ ស្កាត់ឱ្យទាន់ពេលវេលាទេនោះ សង្គមជាតិអាចនឹងធ្លាក់ក្នុងស្ថានភាពវឹកវរជាមិនខាន»។
គួរបញ្ជាក់ផងដែរថា ក្រសួងព័ត៌មានបានបង្កើតយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយលើកទី១ នៅឆ្នាំ២០២៥ ក្រោមជំនួយឧបត្ថម្ភពីរដ្ឋាភិបាលចិនក្នុងទឹកប្រាក់ប្រមាណជា ១,៧ លានដុល្លា ដោយផ្សព្វផ្សាយទៅកាន់ពលរដ្ឋជាង១០លាននាក់ ក្នុងគោលបំណងការពារប្រជាពលរដ្ឋពីគ្រោះថ្នាក់ និងហានិភ័យពីព័ត៌មានក្លែងក្លាយ និងបង្កើនការយល់ដឹងពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយក្នុងសង្គមរស់នៅ។
នាយកវិទ្យាល័យអង្គស្នួល ខេត្តកណ្ដាល លោក ជា សារឿន លើកឡើងថា លោកមិនទាន់បានដឹងពីការសហការណ៍រវាងក្រសួងព័ត៌មាន និងមន្ទីរអប់រំខេត្តក្នុងការធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយនៅតាមមូលដ្ឋាននៅឡើយ។ តែលោកថា លោករីករាយនឹងសហការជាមួយអ្នកពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ព្រោះសិស្សានុសិស្សនៅមិនទាន់យល់ដឹងច្បាស់ពីសារសំខាន់ និងការចូលរួមរបស់ពួកគេក្នុងសកម្មភាពនេះ។
លោកថ្លែងថា៖ «ចំណុចហ្នឹងគាត់យល់ដឹងខ្លះៗដែរ ព្រោះខ្ញុំមានមុខវិជ្ជាគ្រូបង្រៀនកុំព្យូទ័រ ជំនាញកុំព្យូទ័ររបស់អង្គការ Childfund គាត់បានបញ្ជ្រាបពីអាហ្នឹង [ព័ត៌មានក្លែងក្លាយ]ខ្លះដែរ។ […] ជូនកាលយើងអត់បានតាមដានថាសិស្សហ្នឹងគាត់ចែករំលែកអីខ្លះទេ ហើយហ្វេសប៊ុករបស់សិស្សហ្នឹងមួយណាទេ»។
លោកបន្ថែមថា៖ «បើសិនជាមានខាងណាចុះទៅជួយផ្សព្វផ្សាយខាងហ្នឹងទៀតខ្ញុំគាំទ្រ។ នៅពេលគាត់ចុះទៅគឺមានការអនុញ្ញាតពីមន្ទីរហើយ មានលិខិតអនុញ្ញាតពីមន្ទីរមក យើងសហការជាមួយ។ សំខាន់ខ្ញុំខ្លាចតែអ្នកហ្នឹងអត់បានការអនុញ្ញាតពីមន្ទីរ ហើយមកពីខាងណាផ្ដេសផ្ដាសអីចឹងទៅ។ តែបើមន្ទីរដឹងឮអីហើយអត់អីទេ»។
យ៉ាងណាក្ដីយុទ្ធនាការរបស់ក្រសួងព័ត៌មានលើកនេះគឺផ្ដោតសំខាន់លើ ការលុបបំបាត់វប្បធម៌ចែករំលែកតៗគ្នាដោយអារម្មណ៍រំជើបរំជួល ការញែកព័ត៌មានបំពុលការបំភ្លៃ ឬព័ត៌មានក្លែងបន្លំដោយបច្ចេកវិទ្យា AI ការការពារទិន្នន័យនិងគណនីផ្ទាល់ខ្លួនដោយប្រើមុខងារផ្ទៀងផ្ទាត់ពីរដំណាក់កាល និងរក្សារលេខកូដសំងាត់ រួមទាំងការទប់ស្កាត់ការសាយភាយព័ត៌មានក្លែងក្លាយដោយមិនចែករំលែកព័ត៌មានចចាមអារាម និងការជួយផ្សព្វផ្សាយអក្ខរកម្មព័៍ត៌មានដល់ក្រុមគ្រួសារ និងសហគមន៍។
នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA) លោក ណុប វី បានលើកឡើងថា យុទ្ធនាការផ្សព្វផ្សាយពីព័ត៌មានក្លែងក្លាយមានសារសំខាន់ក្នុងការបញ្ជ្រាបការយល់ដឹងពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយដល់ប្រជាពលរដ្ឋមូលដ្ឋានដែលមិនមានការយល់ដឹងពីព័ត៌មានពិត និងក្លែងក្លាយ ជាពិសេសក្នុងបរិបទសម័យឌីជីថល។ តែយ៉ាងណាលោកថា យុទ្ធនាការនេះត្រូវធ្វើឡើងដោយតម្លាភាព ដោយមិនមែនជាការគំរាមកំហែងដល់សេរីភាបបញ្ចេញមតិ។
លោកថា៖ «ខ្ញុំគិតថារឿងការធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយមានភាពសំខាន់ ដោយសារយើងដឹងហើយនៅក្នុងយុគសម័យឌីជីថលនៅសម័យបច្ចុប្បន្ន ប្រជាពលរដ្ឋប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេតដើម្បីចែករំលែកព័ត៌មាន ហើយការចែករំលែកព័ត៌មាន ហើយការផ្សព្វផ្សាយព័ត៌មានគឺវាមានភាពលឿន។ ការចែករំលែកព័ត៌មានលឿនពេកពេលខ្លះវាធ្វើឱ្យយើងមានហានិភ័យដែរ ដោយសារតែយើងឃើញថានៅក្នុងបណ្ដាញសង្គមឬក៏ប្រព័ន្ធអ៊ីនធឺណេតនៅពេលបច្ចុប្បន្ននេះគឺថាមានការបង្កើតនូវព័ត៌មានក្លែងក្លាយច្រើន»។
លោកបន្ថែមថា៖ «ដើម្បីឱ្យមានប្រសិទ្ធភាពនៅក្នុងយុទ្ធនាការនេះ សម្រាប់ខ្ញុំៗថារឿងតម្លាភាពជារឿងសំខាន់ណាស់ ដោយសារហេតុអីបានខ្ញុំលើកចំណុចហនឹង ដោយសារតែកន្លងមកមានគំនិតចម្រូងចម្រាស់ច្រើនរឿងនិយមន័យនៃព័ត៌មានក្លែងក្លាយ។ ជារួមអ្នកដែលធ្វើការលើផ្នែកសិទ្ធមនុស្ស និងសេរីភាពបញ្ចេញមតិគាត់លើកឡើងថា មិនមែនជាការលើកឡើងតែជាការបង្ហាញពីការព្រួយបារម្ភថាការធ្វើយុទ្ធនាការឬមួយក៏ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយហ្នឹង បើសិនជាមិនមានតម្លាភាព មិនមានការចូលរួមទូលំទូលាយទេវាអាចធ្វើឱ្យមានការរឹតត្បឹត ឬមួយការគំរាមកំហែងទៅដល់សេរីភាពបញ្ចេញមតិ»៕







