អាជ្ញាធរកម្ពុជាបណ្ដេញចិន៦៤៨នាក់ទៅចិនវិញក្នុងសំណុំរឿងឧក្រិដ្ឋកម្មអនឡាញនៅដើមសប្ដាហ៍នេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដែលចេញផ្សាយនៅថ្ងៃទី២០ខែឧសភា២០២៦។
ប្រភពដដែលបញ្ជាក់ថា ប្រតិបត្តិការលើកនេះគឺអាជ្ញាធរកម្ពុជាបានសហការជាមួយស្ថានទូតចិនដើម្បីអនុវត្តវិធានការបណ្ដេញជនជាតិចិនទាំង៦៤៨នាក់ ក្នុងនោះមានស្ត្រី ១៥នាក់។ជនទាំងអស់នោះពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងករណីស្នាក់នៅព្រមទាំងធ្វើការងារខុសច្បាប់នៅកម្ពុជា។
អគ្គនាយកដ្ឋានអន្តរប្រវេសន៍បន្ថែមទៀតថា ជនជាតិចិនទាំងនោះត្រូវបានបញ្ជូនចេញពីប្រទេសកម្ពុជា តាមរយៈយន្តហោះពិសេសដែលរៀបចំដោយអាជ្ញាធរកម្ពុជាសហការជាមួយភាគីចិន។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ ប្រាប់ប្រជាកាសែតថា ថា៖ «គោលការណ៍រដ្ឋាភិបាលនៅតែបន្តគឺការត្រួតពិនិត្យរដ្ឋបាលនៅតាមទីតាំងរស់នៅប្រមូលផ្ដុំពោលគឺតាមបណ្ដាផ្ទះល្វែងវីឡាក្រុមហ៊ុនសំណង់អគារផ្សេងៗដែលមើលទៅឃើញថាមានការរស់នៅប្រមូលផ្ដុំការ។យើងពិនិត្យឲ្យដឹងថា តើជាក្រុមហ៊ុនស្របច្បាប់ឬមិនស្របច្បាប់ហើយប្រតិបត្តិការនៃអាជីវកម្មរបស់ខ្លួនស្របច្បាប់ឬមិនស្របច្បាប់ពោលគឺពិនិត្យរកឲ្យឃើញថាតើមានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។
ជុំវិញរឿងនេះប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា បានលើកឡើងថា បទល្មើសអនឡាញគឺជាឧក្រិដ្ឋកម្មអន្តរជាតិ ដែលបង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងភាពជឿជាក់របស់អ្នកវិនិយោគ និងភ្ញៀវទេសចរបរទេសមកកម្ពុជា។
លោកបន្តថាការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងទៅលើអ្នកដែលពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងមានតម្លាភាព គឺជាកត្តាសំខាន់ក្នុងការស្តារភាពជឿជាក់ពីអ្នកវិនិយោគ និងភ្ញៀវទេសចរបរទេស។
លោកថ្លែងថា៖«ទី១យើងគោរពច្បាប់ទី២គ្មានការអត់ឱនចំពោះមន្ត្រីណាឡើយក្រៅតែពីយកច្បាប់ជាធំហើយអនុវត្ត កុំអនុវត្តស្តង់ដារពីរហើយមិនមានការស៊ីសំណូកពុករលួយបិទបាំងមន្ត្រីទុច្ចរិតមួយចំនួនដែលក្បត់ ច្បាប់ខ្លួនក្បត់ប្រទេសជាតិរបស់ខ្លួន ហើយទៅឃុបឃិតដើម្បីមានបាន ពុករលួយដោយសារពុករលួយនៃបទឧក្រិដ្ឋអនឡាញហ្នឹង»។
លោកក៏បានលើកឡើងថា ប្រសិនបើកម្ពុជាអាចពង្រឹងសន្តិសុខ និងការអនុវត្តច្បាប់បានល្អ នោះនឹងជួយទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគបរទេសឱ្យមានទំនុកចិត្តកាន់តែខ្លាំងលើបរិយាកាសវិនិយោគនៅកម្ពុជា។
លោកលើកឡើងថា៖« រដ្ឋាភិបាលបើចង់ឲ្យប្រទេសមានស្ថិរភាពមានប្រសិទ្ធភាពយូរអង្វែងនិងគោរពច្បាប់កុំឲ្យអត់ឱនគេថាមិនអាចមានអ្នកណាមួយមករំលោភច្បាប់»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ព្រឹទ្ធសភាកម្ពុជា បានអនុម័តលើសេចក្ដីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈរដ្ឋាភិបាលក៏បានចេញអនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខ និងសុវត្ថិភាពតាមទីតាំងស្នាក់នៅប្រមូលផ្ដុំ ដើម្បីពង្រឹងការគ្រប់គ្រងជនបរទេស និងទប់ស្កាត់ការស្នាក់នៅខុសច្បាប់៕







