ព្រឹទ្ធសភាអនុម័តឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធាក្នុងសំឡេង ៥៨ លើ៥៨

សង្គម

(ព្រឹទ្ធសភាកម្ពុជាប្រជុំអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធានៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។ រូបភាព៖ព្រឹទ្ធសភាកម្ពុជា)។

ព្រឹទ្ធសភាកម្ពុជានៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ បានប្រជុំអនុម័តសេចក្តីព្រាងច្បាប់ស្ដីពី«កាតព្វកិច្ចយោធា» ក្នុងសំឡេង៥៨ លើ៥៨ នៃសមាជិកព្រឹទ្ធសភាទាំងអស់ដែលមានវត្តមានក្នុងកិច្ចប្រជុំ។

ការអនុម័តនេះ ធ្វើឡើងក្នុងសម័យប្រជុំព្រឹទ្ធសភាលើកទី៥ នីតិកាលទី៥ ក្រោមវត្តមានប្រធានស្តីទីព្រឹទ្ធសភាលោក អ៊ុច បូររិទ្ធ បន្ទាប់ពីរដ្ឋសភាកម្ពុជានៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ បានអនុម័តសេចក្តីព្រាងច្បាប់ខាងលើក្នុងសំឡេង ១១៤ លើ ១១៤សំឡេង។

រដ្ឋាភិបាលអះអាងថា សេចក្តីព្រាងច្បាប់នេះ បង្កើតឡើងក្នុងគោលបំណងកំណត់អំពីវិធាននៃការអនុវត្តកាតព្វកិច្ចយោធា ដើម្បីរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ ដែលជាកាតព្វកិច្ចចាំបាច់ និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋខ្មែរ និងជាមូលដ្ឋានគ្រឹះនៃប្រភពកសាងកម្លាំងសម្រាប់វិស័យការពារជាតិ និងការអភិវឌ្ឍកាយសម្បទា ព្រមទាំងការបណ្តុះស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិត និងវិន័យ ដែលជាតម្រូវការរបស់ប្រទេសជាតិ។

បើតាមរដ្ឋាភិបាល សេចក្តីព្រាងច្បាប់ស្ដីពី«កាតព្វកិច្ចយោធា» មាន ៨ជំពូក និង ២០មាត្រា ត្រូវបានរៀបចំឡើងដោយអនុលោមតាមមាត្រា ៤៩ ថ្មី នៃរដ្ឋធម្មនុញ្ញ ដែលតម្រូវឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូបមានអាយុចាប់ពី ១៨ ឆ្នាំ ដល់ ២៥ ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចយោធារយៈពេល ២៤ ខែ ខណៈដែលស្ត្រីត្រូវបានអនុវត្តតាមគោលការណ៍ស្ម័គ្រចិត្ត។ 

កន្លងមកកម្ពុជាមានច្បាប់ស្តីពីកាតព្វកិច្ចយោធាដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១២០៦/០៣០ ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៦ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀត។ ប៉ុន្តែច្បាប់ស្តីពីកាតព្វកិច្ចយោធាឆ្នាំ២០០៦ ពុំទាន់គ្របដណ្តប់គ្រប់ជ្រុងជ្រោយក្នុងពេលបច្ចុប្បន្ន និងអនាគត ដូច្នេះតម្រូវឱ្យមានការរៀបចំច្បាប់នេះជាថ្មី។
តាមនីតិវិធី ក្រោយព្រឹទ្ធសភាអនុម័តរួច សេចក្តីព្រាងច្បាប់នឹងត្រូវថ្វាយទៅកាន់ព្រះមហាក្សត្រដើម្បីឡាយព្រះហស្តលេខាប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2607}" data-page="1" data-max-pages="1" data-start="1" data-end="1">