រដ្ឋាភិបាលថា ខ្លួនប្រារព្វទិវាចងចាំជនរងគ្រោះសម័យប៉ុលពតដើម្បីផ្សះផ្សារជាតិ

សង្គម

រដ្ឋាភិបាលកម្ពុជាប្រារព្ធពិធីខួបលើកទី៩ ទិវានៃការចងចាំ ដើម្បីគោរពវិញ្ញាណក្ខ័ន្ធ និងឧទ្ទិសកុសលដល់ជនរងគ្រោះក្នុងរបបកម្ពុជាប្រជាធិបតេយ្យឬរបបខ្មែរក្រហម។ការប្រារព្ធពិធីនេះធ្វើឡើងដើម្បីរួមចំណែកផ្សះផ្សារជាតិ និងលើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹងពីអំពើឃោឃៅដែលបានកើតឡើងក្នុងរបបប៉ុលពតកុំឱ្យកើតឡើងសារជាថ្មី។ នេះបើតាមសារលិខិតរបស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត។

សាលិខិតដដែលសរសេរថា របបកម្ពុជាប្រជាធិបតេយ្យជារបបដែលបានកាប់សម្លាប់ ជិះជាន់ និងកាប់សម្លាប់យ៉ាងព្រៃផ្សៃលើប្រជាជនកម្ពុជា។ របបកម្ពុជាប្រជាធិបតេយ្យ ដឹកនាំដោយប៉ុល ពត និងនួន ជា ជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទ្រង់ទ្រាយធំ ដែលបានសម្លាប់ប្រជាជនកម្ពុជាជាង៣លាននាក់។ 

សាលិខិតសរសេរថា៖ «ជាមួយនឹងការរំឭកខួបលើកទី៩ ទិវាជាតិនៃការចងចាំ ២០ ឧសភា ឆ្នាំ២០២៦នេះ យើងទាំងអស់គ្នាត្រូវរួម គ្នាថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ព្រោះសន្តិភាពជាមូលដ្ឋានសម្រាប់ការកសាងគ្រួសារ សហគមន៍ និង ប្រទេសជាតិឱ្យមានការអភិវឌ្ឍ រីកចម្រើន ស្ថិរភាព និងសន្តិសុខ។ សព្វថ្ងៃនេះ កម្ពុជាកំពុងរស់នៅក្រោមម្លប់ សន្តិភាព មានស្ថិរភាពនយោបាយ ស្ថិរភាពសង្គម និងការអភិវឌ្ឍ»។ 

សាលិខិតបន្ថែមថា៖ «សមិទ្ធផលទាំងនេះ កើតចេញពីការខិតខំ ប្រឹងប្រែងរួមគ្នារបស់រាជរដ្ឋាភិបាលនិងប្រជាជាតិទាំងមូល ក្នុងការថែរក្សាសន្តិភាព ការផ្សះផ្សាជាតិ និងការលើក កម្ពស់ស្មារតីសាមគ្គីភាពជាតិ។ ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងជម្លោះ អំពើហិង្សា និងភាពមិន ប្រាកដប្រជាខ្ពស់ កម្ពុជាកាន់តែយល់ច្បាស់អំពីតម្លៃដ៏ថ្លៃថ្លានៃសន្តិភាពនិងស្ថិរភាពនៅក្នុងសង្គម ហើយក៏ជាអ្វីដែល កម្ពុជាត្រូវចងចាំនិងយល់ដឹងឱ្យបានកាន់តែច្បាស់អំពីប្រវត្តិសាស្ត្រនិងអត្តសញ្ញាណពិតប្រាកដរបស់ខ្លួន»។

អ្នកនាំពាក្យសម្ព័ន្ធភាពឆ្ពោះទៅអនាគត លោក គីមសួរ ភិរិទ្ធ សាទរដែលរដ្ឋាភិបាលកម្ពុជាធ្វើខួបរំឭកដល់ជនរងគ្រោះក្នុងរបបកម្ពុជាប្រជាធិបតេយ្យ និងបង្ហាញការប្ដេជ្ញាចិត្តក្នុងការផ្សះផ្សារជាតិកុំឱ្យកុំឱ្យកម្ពុជាធ្លាក់ខ្លូនក្នុងរបបនេះម្ដងទៀត។ តែយ៉ាងណា លោកលើកឡើងថាក្នុងន័យផ្សះផ្សារជាតិ រដ្ឋាភិបាលកម្ពុជាត្រូវតែបង្ហាញការយោគយល់ គោរពនូវសិទ្ធមនុស្ស សេរីភាពបញ្ចេញមតិ និងលិទ្ធិប្រជាធិបតេយ្យ។ លោកក៏អំពាវនាវឱ្យយុវជនខ្មែរជំនាន់ក្រោយប្រឹងប្រែងរៀនសូត្រ និងស្វែងយល់ពីការធ្វើនយោបាយតាមបែបប្រជាធិបតេយ្យ។

លោកថា៖ «ក្នុងន័យផ្សះផ្សាជាតិទាល់តែយើងចេះអត់ឱនឱ្យគ្នា និងគោរពទៅលើគោលនយោបាយលិទ្ធិប្រជាធិបតេយ្យសេរី ជាពិសេសសេរីភាពក្នុងការបញ្ចេញមតិ។ ការបញ្ចេញមតិវាគ្រាន់តែជាការផ្ដល់នូវការមើលឃើញ ភាពខុសគ្នាក្នុងបំណងកែទម្រង់ដឹកនាំ អីចឹងបើយើងចោតប្រកាន់គ្នាដោយសារការបញ្ចេញមតិយោបល់បន្តិចបន្ទូចលើទស្សនៈ រហូតមានការរឹតត្បឹតសេរីភាព មានការដាក់ពន្ធធនាគារ អាហ្នឹងមិនអាចរកឃើញនូវការឯកភាពគ្នាបានដែរ»។

លោកបន្ថែមថា៖ «ខ្ញុំមានតែការអំពាវនាវឱ្យយុវជនស្វែងយល់បន្ថែមទៀត ហើយខិតខំរៀនសូត្រ ហើយស្វែងយល់ឱ្យច្បាស់ពីការចូលរួមធ្វើនយោបាយបែបលិទ្ធិប្រជាធិបតេយ្យសេរី ជាពិសេសការផ្ដល់ការរិះគន់ដោយសេចក្ដីថ្លៃថ្នូរ ដោយភាពទទួលខុសត្រូវ និងដោយការគោរពគ្នាទើបបានយើងអាចធ្វើនយោបាយស្វែងរកការឯកភាពជាតិទៅថ្ងៃអណាគត» ដើម្បីបងប្អូនកូនក្មួយយុវជនជំនាន់ក្រោយ»។

លោកថា ថ្នាក់ដឹកនាំគណបក្សសម្ព័ន្ធភាពឆ្ពោះទៅអនាគតបានរៀបចំធ្វើពិធីបង្សុកូលឧទ្ទិសកុសលដល់អ្នកស្លាប់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ក្នុងខណ្ឌដង្កោ ភ្នំពេញ កាលពីខែមេសា ឆ្នាំ២០២៦ រួចមកហើយ។ លោកបន្តថា ថ្នាក់ដឹកនាំបានរៀបចំការជួបជុំគ្នារៀបចំពិធីនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ និងបន្តធ្វើទៀតជារៀងរាល់ឆ្នាំ។

លោកថា៖ «យើងរៀបចំជាពិធីមួយដែលយើងហៅថាជាពិធីអត់ឱនឱ្យគ្នា ជៀសវាងចងកំហឹងគឺយើងរំឮកជាមេរៀនប៉ុន្តែយើងមិនចងគុំនំសងសឹងអីទេ គឺអត់ឱនឱ្យគ្នា។ យើងរៀបចំពិធីហ្នឹងទៅដើម្បីជាការឧទ្ទិសដល់វិញ្ញាណក្ខន្ធ និងអត់ឱនឱ្យគ្នាសម្រាប់ទៅថ្ងៃអាណាគត ដើម្បីការឯកភាពជាតិមួយរឹងមាំជាមួយគ្នាដោយមិនចងគុំនំ ដោយការខ្វែងគំនិតគ្នា ឬមួយក៏មនោគមន៍វិជ្ជាបន្តិចបន្ទូច»។

ជុំវិញករណីនេះ អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី មានប្រសាសន៍ថាការដែលធ្វើពិធីខួបរំលឹកដល់អ្នកស្លាប់ក្នុងរបបខ្មែរក្រហមនេះ វាជាការរំលឹកប្រវត្តិសាស្ត្រខ្មៅងងឹត ដែលបានកើតឡើងនៅកម្ពុជា និងជៀសវាងកុំឱ្យជាន់ដានប្រវត្តិសាសន៍នេះ។ តែលោកថា រដ្ឋាភិបានមិនអាចគ្រាន់តែរំឮកពីការឈឺចាប់នេះនោះទេ តែត្រូវចូលរួមគោរពប្រជាធិបតេយ្យ និងមិនប្រកាន់និន្នាការនយោបាយ ទើបអាចឈានទៅរកការផ្សះផ្សារជាតិដោយសន្តិភាពបាន។

លោកថា៖ «ការចងចាំ ទិវាចងចាំវាមិនខុសអីទេ តែចងចាំយកមកធ្វើអី។ បើយើងចងចាំដើម្បីសម្រាប់គ្រាន់តែដើម្បីសងសឹកគ្នា អាហ្នឹងវាគ្មានន័យន័យអីទេ គ្រាន់តែរំឮកឱ្យក្ដៅក្រហាយឡើងវិញ។ ប៉ុន្តែបើយកការចងចាំមកធ្វើជាមេរៀនទៅខាងមុខដើម្បីជៀសវាងកុំឱ្យមេរៀនហ្នឹងត្រឡប់មករកជាតិខ្មែរវិញ។ អាហ្នឹងវាជារឿងសំខាន់។ បើគ្រាន់តែរំឮកការចងចាំវាមិនខុសទេ សំខាន់បានអីមកវិញ»។

លោកបន្ថែមថា៖ «ទាក់ទិនទៅហ្នឹងការរួបរួមផ្សះផ្សារជាតិ វាមិនមែនកើតឡើងគ្រាន់តែចេញពីការនិយាយចេញពីបបូរមាត់។ វាទាមទារសកម្មភាពជាក់ស្ដែង ហើយនៅស្រុកយើងនេះវាមាននយោបាយមួយ ខ្ញុំមិនថាគណបក្សណា គណបក្សណាទេ គឺមានឯងអត់អញ មានអញអត់ឯង។ កាលណាយើងប្រកាន់ជំហរបែបហ្នឹង គឺស្មើហ្នឹងយើងជាន់ពន្លិចអ្វីដែលជាការបង្រួបបង្រួមជាតិប្រាកដ»៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2610}" data-page="1" data-max-pages="1" data-start="1" data-end="1">