កម្ពុជាដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពីកាតព្វកិច្ចយោធាជាផ្លូវការ

សង្គម

ច្បាប់ស្ដីពី«កាតព្វកិច្ចយោធា» បានចូលជាធរមាន បន្ទាប់ពីប្រមុខរដ្ឋស្តីទីលោក ហ៊ុន សែន ចេញព្រះរាជក្រមប្រកាសដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។

ការដាក់ឱ្យប្រើប្រាស់ច្បាប់នេះ គឺបន្ទាប់ពីទីស្តីការគណៈរដ្ឋមន្រ្តីបានអនុម័ត និងបានឆ្លងកាត់ការពិនិត្យ ពិភាក្សា និងអនុម័តពីស្ថាប័នរដ្ឋសភា និងព្រឹទ្ធសភាកន្លងមក។

ច្បាប់ស្ដីពី«កាតព្វកិច្ចយោធា» មាន ៨ជំពូក និង២០មាត្រា ត្រូវបានរៀបចំឡើងដោយអនុលោមតាមមាត្រា ៤៩ ថ្មី នៃរដ្ឋធម្មនុញ្ញ ដែលតម្រូវឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូបមានអាយុចាប់ពី ១៨ ដល់ ២៥ ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចយោធារយៈពេល ២៤ ខែ ខណៈដែលស្ត្រីត្រូវបានអនុវត្តតាមគោលការណ៍ស្ម័គ្រចិត្ត។ 
យោងតាមមាត្រា៤នៃច្បាប់នេះ បុគ្គលដែលបានបញ្ចប់កាតព្វកិច្ចយោធាហើយ ត្រូវអនុញ្ញាតឱ្យត្រឡប់ទៅប្រើប្រាស់ជីវិតធម្មតាវិញ ប៉ុន្តែត្រូវស្ថិតក្នុងបញ្ជីយោធិនបម្រុងរហូតដល់អាយុ ៤៥ ឆ្នាំ។ យោធិនបម្រុងនេះ ក៏អាចក្លាយជាយោធាអាជីពបន្តទៀតបាន ស្ថិតតាមតម្រូវការរបស់ក្រសួងការពារជាតិ និងតាមគោលការណ៍ស្ម័គ្រចិត្ត។

ចំណែកមាត្រា៧នៃច្បាប់នេះចែងថា ប្រជាពលរដ្ឋដែលត្រូវបានជ្រើសរើសឱ្យចូលបំពេញកាតព្វកិច្ចយោធា អាចដាក់ពាក្យសុំពន្យារពេល ១ឆ្នាំម្តងៗបាន ខណៈមាត្រា៨ បញ្ជាក់ថា កាតព្វកិច្ចយោធាមិនអនុវត្តតែចំពោះព្រះសង្ឃ បព្វជិតនៃសាសនាផ្សេងៗ ដែលមានការទទួលស្គាល់ពីក្រសួងធម្មការ និងសាសនា ហើយប្រជាពលរដ្ឋដែលមានសមត្ថភាព ឬទេពកោសល្យពិសេស ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដែលមានការបញ្ជាក់ពីក្រសួង ស្ថាប័នមានសមត្ថកិច្ច។

ក្រៅពីនេះ កាតព្វកិច្ចយោធាក៏មិនអនុវត្តចំពោះ អ្នកឯកទេសជំនាញដែលបានចុះកិច្ចសហប្រតិបត្តិការបំពេញបេសកកម្មស្រាវជ្រាវ ឬអនុវត្តផ្ទាល់នូវកិច្ចការដែលជាប្រយោជន៍ផ្នែកសាធារណៈនៃកងយោធពលខេមរភូមិន្ទ ដែលមានរយៈពេលកំណត់ ស្មើនឹងរយៈពេលបំពេញកាតព្វកិច្ចយោធា។ 
បន្ថែមពីនេះ ច្បាប់កាតព្វកិច្ចយោធាក៏មិនអនុវត្តលើប្រជាពលរដ្ឋដែលមានកាយសម្បទាមិនគ្រប់គ្រាន់ ដោយមានការត្រួតពិនិត្យជាក់ស្តែងពីគណៈកម្មការសុខាភិបាល និងពលរដ្ឋដែលបានបញ្ចប់ជាយោធិនជាប់កិច្ចសន្យាស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ពាក់ព័ន្ធនឹងច្បាប់នេះដដែល ស្ថាប័នរដ្ឋ ឬឯកជននានា និងអង្គការសង្គមស៊ីវិល ត្រូវទទួលអ្នកដែលបានបញ្ចប់កាតព្វកិច្ចយោធា ចូលមកបម្រើការងារវិញក្នុងក្របខ័ណ្ឌដើម ដោយរក្សាមុខតំណែងដូចមុនពេលទៅបំពេញកាតព្វកិច្ច ហើយត្រូវផ្តល់អាទិភាពលើការដំឡើងមុខតំណែង ឬឋានន្តរសក្តិដល់អ្នកដែលបានបញ្ចប់កាតព្វកិច្ចយោធានោះ។

ជាមួយគ្នានេះដែរ គ្រឹះស្ថានសាធារណៈ ឬឯកជននានា ក៏ត្រូវទទួលឱ្យសិស្ស និស្សិតដែលបានបញ្ចប់កាតព្វកិច្ចយោធា ឱ្យបន្តការសិក្សាវិញ ដោយរក្សាលទ្ធផលនៃការសិក្សាកន្លងមកនៅដដែល។

យោងតាមការអនុវត្តនៃច្បាប់នេះ បុគ្គលណាដែលគេចវេះពីកាតព្វកិច្ចយោធា នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ២ ឆ្នាំ និងពិន័យជាប្រាក់មួយលានរៀលទៅបួនលានរៀល ក្នុងស្ថានភាពប្រទេសមានសន្តិភាព។

ដោយឡែក ក្នុងស្ថានភាពប្រទេសមានសង្រ្គាម ឬឈ្លានពានពីបរទេស បុគ្គលដែលគេចវេះពីកាតព្វកិច្ចយោធា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ ឆ្នាំ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់បួនលានរៀលទៅដប់លានរៀល។

ច្បាប់ខាងលើរំលឹកថា ពលរដ្ឋណាដែលត្រូវបានជ្រើសរើសឱ្យចូលបំពេញកាតព្វកិច្ចយោធា ហើយមិនមកបង្ហាញខ្លួន ក្នុងរយៈពេល ៣០ ថ្ងៃ ត្រូវចាត់ទុកជាជនដែលគេចវេះពីកាតព្វកិច្ចយោធា ហើយអាចលើកលែងបានចំពោះតែអ្នកមានមូលហេតុត្រឹមត្រូវដែលពុំអាចមកបង្ហាញខ្លួនបានតាមការកំណត់ប៉ុណ្ណោះ។

រដ្ឋាភិបាលអះអាងថា ច្បាប់នេះ បង្កើតឡើងក្នុងគោលបំណងកំណត់អំពីវិធាននៃការអនុវត្តកាតព្វកិច្ចយោធា ដើម្បីរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ ដែលជាកាតព្វកិច្ចចាំបាច់ និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋខ្មែរ និងជាមូលដ្ឋានគ្រឹះនៃប្រភពកសាងកម្លាំងសម្រាប់វិស័យការពារជាតិ និងការអភិវឌ្ឍកាយសម្បទា ព្រមទាំងការបណ្តុះស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិត និងវិន័យ ដែលជាតម្រូវការរបស់ប្រទេសជាតិ៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2613}" data-page="1" data-max-pages="1" data-start="1" data-end="1">