ក្រសួងមហាផ្ទៃ សម្រេចផ្ទេរទណ្ឌិតវ័យក្មេងដែលអាជ្ញាធរហៅថាទំនើង៧៩០នាក់ពីពន្ធនាគារតាមបណ្ដារាជធានី-ខេត្ត ទៅអនុវត្តទោសបន្តនៅពន្ធនាគារខេត្តជាប់ព្រំដែនចំនួន២កន្លែង។ អាជ្ញាធរអះអាងថា ចំណាត់ការនេះនឹងនាំឱ្យទណ្ឌិតទាំងនោះ ទទួលបានការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបម្រើជាតិ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធនាគារ ហៅទណ្ឌិតទាំងនោះថា ជាក្មេងទំនើង។ សេចក្ដីប្រកាសដដែលបន្ថែមថា៖« ទណ្ឌិតជាក្មេងទំនើងចំនួន៦៥១នាក់ ត្រូវបានបញ្ជូនទៅកាន់មណ្ឌលអប់រំកែប្រែទី៤ ក្នុងខេត្តពោធិ៍សាត់ និងចំនួន១៣៩នាក់ ទៅកាន់ពន្ធនាគារខេត្តឧត្តរមានជ័យ»។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធនាគារ កាលពីទី២១ ខែឧសភា ឆ្នាំ២០២៦ ការសម្រេចផ្ទេរទណ្ឌិត (ភេទប្រុស) នេះ ក្នុងគោលបំណងបង្កើនការអប់រំកែប្រែស្ដារនីតិសម្បទាតាមរយៈការបណ្ដុះបណ្ដាលជំនាញ រួមមាន ការដាំដុះបន្លែ ការចិញ្ចឹមសត្វ និងជំនាញសាងសង់ដូចជា ការចាក់គម្របលេណដ្ឋាន និងសំណង់បេតុងផ្សេងៗ ដើម្បីគាំទ្រដល់កម្លាំងជួរមុខនៅព្រំដែន។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារលោក ឃៀង សុណាឌីន មានប្រសាសន៍ថា ក្មេងទំនើងទាំងនោះ នឹងបន្តអនុវត្តទោស និងការរៀនជំនាញក្នុងបរិវេណពន្ធនាគារ ដោយមិនអនុញ្ញាតឱ្យទៅជីកលេណដ្ឋានដោយផ្ទាល់នោះទេ។ លោកបន្ថែមថា ចំពោះបុព្វហេតុបម្រើជាតិ ពួកគេគ្រាន់តែចាក់គម្របលេណដ្ឋាន ដែលអាចបញ្ជូនទៅជួរមុខប៉ុណ្ណោះ។
លោកបន្តទៀតថា ក្មេងទំនើងដែលបានបញ្ជូនទាំងនោះ ស្ថិតក្រោមអាយុ១៨ឆ្នាំ ហើយពន្ធនាគារនឹងវាយតម្លៃលើការអប់រំដែលគេទទួលបានក្នុងករណីនេះ ដើម្បីស្នើសុំបន្ថយ ឬលើកលែងទោស។
បើតាមអ្នកនាំពាក្យពន្ធនាគារដដែល ក្មេងទំនើងជិត៨០០នាក់នេះ ភាគច្រើនពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន និងហិង្សា ខណៈក្មេងទំនើងដែលកំពុងជាប់នៅពន្ធនាគារទូទាំងប្រទេសសរុបមានខ្ទង់៤ពាន់នាក់។
លោកនិយាយថា៖ «ការងារសំណង់ដែលយើងបណ្ដុះបណ្ដាលគាត់គឺការងារសំណង់ទូទៅ គ្រាន់យើងបន្ថែមចាក់គម្របលេណដ្ឋាន។ មានន័យថា បើសិនជាចាក់ ក៏ចាក់នៅក្នុងទីតាំងពន្ធនាគារដែរ»។
ដោយឡែកចំពោះក្មេងទំនើងដែលផ្ទេរទៅពន្ធនាគារខេត្តឧត្តរមានជ័យ នឹងទទួលបានការបណ្ដុះបណ្ដាលលើជំនាញសាងសង់ ខណៈអ្នកដែលត្រូវបញ្ជូនទៅមណ្ឌលអប់រំកែប្រែទី៤ ខេត្តពោធិ៍សាត់ នឹងរៀនសូត្រពីជំនាញកសិកម្ម ដោយសារទីនោះមានទីធ្លាធំទូលាយសម្រាប់ការដាំដុះ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូលោក អំ សំអាត មានប្រសាសន៍ថា សមត្ថកិច្ចត្រូវផ្ដល់ព័ត៌មានដល់ក្រុមគ្រួសាររបស់យុវជនទាំងនោះឱ្យបានដឹង ជុំវិញការអនុវត្តទោសការងារបែបសហគមន៍។
លោកបន្ថែមថា៖ «ជាធម្មតាជនជាប់ឃុំមានសិទ្ធិប្រាស្រ័យទាក់ទងក្រុមគ្រួសារ និងសិទ្ធិទាំងឡាយដែលតុលាការមិនបានដកហូត។ ដូច្នេះការផ្ទេរជនជាប់ឃុំពីពន្ធនាគារមួយទៅពន្ធនាគារមួយផ្សេងទៀតត្រូវផ្តល់ដំណឹងឱ្យក្រុមគ្រួសារ ពួកគេបានដឹង ព្រោះទាក់ទងនឹងសុខទុក្ខ ក៏ដូចជាការទៅសួរសុខទុក្ខ»។
រីឯប្រធានគណបក្សជំនាន់ថ្មីលោក មាជ សុវណ្ណារ៉ា ទទូចឱ្យមានការអប់រំផ្លូវធម៌ដល់យុវជនទាំងនោះ ដើម្បីបណ្ដុះសីលធម៌ គុណធម៌ ដែលអាចកែប្រែខ្លួនឱ្យក្លាយជាមនុស្សល្អ ក្រោយការអនុវត្តទោសចប់។
លោក និយាយថា៖ «យើងមានវិន័យឱ្យត្រឹមត្រូវហើយចាត់ចែងការងារពួកគាត់ឱ្យដឹងកាព្វកិច្ច តួនាទី ទម្ងន់ទោសពៃរ៍បែបណា ដើម្បីឱ្យគាត់មានផ្នែកគុណធម៌ សីលធម៌ និងការអប់រំ មានព្រះសង្ឃទៅអប់រំណែនាំ នាំមុខ និងអ្វីដែលជាអំពើល្អ ការកែប្រែខ្លួនឱ្យជាមនុស្សត្រឹមត្រូវនាំមុខ»។
ជុំវិញករណីនេះ កាលពីកន្លងមក អ្នកឃ្លាំមើលជំរុញរាជរដ្ឋាភិបាលឱ្យពង្រីកកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងពង្រឹងការអប់រំសីលធម៌ដល់ក្មេងទំនើង ជាជាងប្រើវិធានការក្ដៅតែមួយមុខ ដើម្បីដោះស្រាយបញ្ហា។
ការបញ្ជូនទណ្ឌិតវ័យក្មេង ទៅពន្ធនាគារតាមខេត្តជាប់ព្រំដែនក្នុងបុព្វហេតុបម្រើជាតិ ទំនងជាធ្វើឡើងតាមការណែនាំពីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលធ្លាប់លើកឡើងកាលពីពេលកន្លងទៅថា ការធ្វើបែបនេះ ដើម្បីឱ្យយុវជនទាំងនោះ បានឃើញអ្នកដទៃទៀត ដែលស្ថិតក្នុងភាពជាយុវវ័យដូចគ្នាតែកំពុងឈរជើងការពារជាតិ ប៉ុន្តែពួកគេដែលមានសេរីភាពស្រាប់នោះបែរជាចូលចិត្តប្រើប្រាស់អំពើហិង្សាដាក់គ្នា៕







