ប្រមុខការទូតកម្ពុជានឹងចូលប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិតាមការអញ្ជើញរបស់ចិន

ទំនាក់ទំនងអន្តរជាតិ

(រដ្ឋមន្រ្តីក្រសួងការបរទេសលោក ប្រាក់ សុខុន​ ថ្លែងក្នុងពិធីប្រគល់-ទទួលសមិទ្ធផល នៃគម្រោងសមាហរណកម្មការបោសសម្អាតមីន និងជួយសង្គ្រោះជនពិការ​ នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ រូបភាព៖ ក្រសួងការបរទេសនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ )។

រដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន នឹងចូលរួមកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងកិច្ចប្រជុំពាក់ព័ន្ធ តបតាមការអញ្ជើញរបស់ភាគីចិន ក្នុងនាមជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់ខែឧសភា ឆ្នាំ២០២៦នេះ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៦ ឱ្យដឹងថា កិច្ចប្រជុំកម្រិតខ្ពស់នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្រោមប្រធានបទ «ការលើកកម្ពស់គោលបំណង និងគោលការណ៍របស់ធម្មនុញ្ញ អ.ស.ប. និងការពង្រឹងប្រព័ន្ធអន្តរជាតិផ្តោតលើ អ.ស.ប.»។

សេចក្តីប្រកាសឱ្យដឹងថា នៅក្នុងកិច្ចប្រជុំនោះ រដ្ឋមន្ត្រីការបរទេស និងជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនីស្តចិន លោក វ៉ាង យី ក៏នឹងធ្វើជាអធិបតី និងចូលរួមថ្លែងសុន្ទរកថាផងដែរ។

សេចក្ដីប្រកាសដដែលបញ្ជាក់ថា ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវយ៉ក រដ្ឋមន្រ្តីការបរទេស លោក ប្រាក់ សុខុន នឹងចូលរួមព្រឹត្តិការណ៍អមដែលពាក់ព័ន្ធ ហើយក៏នឹងមានជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយសមភាគីពីបណ្តាប្រទេសឯទៀត ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី ជំរុញកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរយោបល់លើបញ្ហានានាដែលជាផលប្រយោជន៍ និងជាក្តីបារម្ភរួមទៅវិញទៅមកផងដែរ។

គម្រោងចូលរួមកិច្ចប្រជុំរបស់ប្រមុខការទូតកម្ពុជានៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គឺស្របពេលដែលជម្លោះព្រំដែនរវាងកម្ពុជា និងថៃនៅបន្តកើតមានពុំទាន់មានដំណោះស្រាយជាក់លាក់ និងក្នុងខណៈដែលយោធាថៃនៅបន្តធ្វើសកម្មភាពស្ទើរជារៀងរាល់ថ្ងៃរំលោភចូលបូរណភាពទឹកដីកម្ពុជានៅតាមខ្សែបន្ទាត់ព្រំដែន បើទោះជាប្រទេសទាំងពីរមានបទឈប់បាញ់ជាផ្លូវការតាំងពីចុងឆ្នាំ២០២៥ក្តី។ 

ទោះជាយ៉ាងណា មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជាម្នាក់បានប្រាប់ប្រជាកាសែតក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃទី២២ ខែឧសភាថា កិច្ចប្រជុំកម្រិតខ្ពស់នេះ ផ្ដោតតែលើប្រធានបទ «ការគោរពគោលដៅ និងគោលការណ៍ អ.ស.ប និងការពង្រឹងប្រព័ន្ធអន្តរជាតិដែលមាន អ.ស.ប.ជាស្នូល» ពុំមែនផ្តោតលើបញ្ហាព្រំដែនកម្ពុជា-ថៃនោះទេ។

ប្រភពដដែលបន្ថែមថា៖ « វាគ្មិនត្រូវធ្វើបទអន្តរាគមន៍ផ្តោតលើប្រធានបទនេះ។ គណប្រតិភូកម្ពុជា អាចលើកបញ្ហាព្រំដែនកម្ពុជា-ថៃ ជាផ្នែកមួយនៃបទអន្តរាគមន៍ ដោយសារវាពាក់ព័ន្ធនឹងការគោរព ធម្មនុញ្ញអង្គការសហប្រជាជាតិ។ ប្រទេសផ្សេងទៀត ក៏អាចលើកពីបញ្ហាផ្សេងទៀតដែលពាក់ព័ន្ធនឹងរបៀបវារៈនៃកិច្ចប្រជុំ»។ 

ស្ថាបនិកគណបក្សកែទម្រង់កម្ពុជាលោក អ៊ូ ច័ន្ទរ័ត្ន សង្កេតឃើញថា រាល់កិច្ចប្រជុំអង្គការសហប្រជាជាតិសុទ្ធតែមានសារៈសំខាន់សម្រាប់កម្ពុជាចូលរួម ព្រោះកម្ពុជាក៏ជាសមាជិក ហើយកំពុងមានបញ្ហាព្រំដែនជាមួយប្រទេសថៃ។ លោក អ៊ូ ច័ន្ទរ័ត្ន ចង់ឃើញកម្ពុជាលើកយកបញ្ហាយោធាថៃឈ្លានពានកម្ពុជាប្រាប់ទៅកាន់អង្គការសហប្រជាជាតិ។ 

លោកនិយាយថា៖ « យើងអាចលើកយកបញ្ហាព្រំដែនដែលត្រូវបានប្រទេសជិតខាងរំលោភបំពានលើបូរណភាពទឹកដីនេះ ដើម្បីបើកចំហឱ្យប្រទេសផ្សេងៗ ជាពិសេសសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានយល់ពីបញ្ហាដោយផ្ទាល់ បញ្ហាជាក់ស្ដែងនៅព្រំដែនហ្នឹង ការទាមទាររបស់យើង អនុសាសន៍ក្នុងការស្វែងរកដំណោះស្រាយរបស់យើង ត្រូវឱ្យគេយល់ ពិសេសគឺជំហររបស់យើងក្នុងការដោះស្រាយ ហើយអ្វីខ្លះដែលជាការខាតបង់ ជាបញ្ហាដែលរងផលប៉ះពាល់ពីការរំលោភបំពាននោះឱ្យគេដឹង និងមានការអន្តរាគមន៍ពីប្រទេសមហាអំណាចទាំងអស់នោះ»។

លោកបន្តថា៖ «មធ្យោបាយការទូតជារឿងសំខាន់សម្រាប់កម្ពុជានាពេលនេះព្រោះយើងមិនមានលទ្ធភាពទៅតតាំងដោយកម្លាំងសព្វាវុធក្ដី ដោយសម្ពាធសេដ្ឋកិច្ចក្ដីយើងមិនមានទេ ម្ល៉ោះហើយមានតែមធ្យោបាយការទូត និងយន្តការច្បាប់អន្តរជាតិទេ ដែលអាចការពារបូរណភាពទឹកដីកម្ពុជាបាន»។

ជាមួយគ្នានេះដែរ អ្នកវិភាគនយោបាយ និងសង្គម លោកបណ្ឌិត មាស នី បានលើកឡើងថា ជំនួបរបស់មន្រ្តីជាន់ខ្ពស់កម្ពុជាជាមួយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពិតជាមានសារៈសំខាន់ ហើយលោកថាក្រុមមន្រ្តីជាន់ខ្ពស់កម្ពុជាត្រូវតែលើកយក និងផ្ដល់អាទិភាពលើបញ្ហាវិវាទបូរណភាពទឹកដីដែលថៃឈ្លានពានកម្ពុជាទៅជម្រាបចំពោះមុខក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

លោករំលឹកថា៖«ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមានតួនាទីមួយសំខាន់កាលពីកម្ពុជាបានធ្វើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅខែតុលា កាលពីពេលមុន ហើយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក៏បានចូលរួមដែរ»។

ជុំវិញបញ្ហានេះ ឯកអគ្គរាជទូតកម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) លោក កែវ ឈា ធ្លាប់បានថ្លែងប្រាប់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ពាក់ព័ន្ធនឹងសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជាចំនួនពីរលើក ក្នុងឆ្នាំ២០២៥ ថា៖ «នៅកម្ពុជា អំពើឈ្លានពានកាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ បានបង្កផលវិបាកមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ដែលក្នុងនោះ ជនស៊ីវិលកម្ពុជាប្រមាណ ៦៤៩ ០០០ នាក់បានរត់ភៀសសឹក ហេដ្ឋារចនាសម្ព័ន្ធស៊ីវីលជាច្រើនត្រូវបានបំផ្លិចបំផ្លាញ ហើយប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ»។

ការលើកឡើងរបស់ឯកអគ្គរាជទូតរូបនេះ គឺធ្វើឡើងក្នុងកិច្ចប្រជុំបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ស្តីពី «កិច្ចការពារជនស៊ីវិលក្នុងជម្លោះប្រដាប់អាវុធ» នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦៕

ទំនាក់ទំនងអន្តរជាតិ","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2631}" data-page="1" data-max-pages="1" data-start="1" data-end="1">