ក្រសួងមហាផ្ទៃច្រានចោលព័ត៌មានតាមបណ្ដាញសង្គម We Chat ដែលបានលើកឡើងថា «អាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញបានបិទការចូលប្រទេសទាំងស្រុងជាបណ្តោះអាសន្ន ហើយច្រកព្រំដែនគោកក៏នឹងត្រូវរឹតបន្តឹង ខ្លាំងដូចគ្នាចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦»។ នេះបើតាមសេចក្ដីបំភ្លឺព័ត៌មានរបស់ក្រសួងមហាផ្ទៃចុះផ្សាយថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦។
សេចក្ដីបំភ្លឺព័ត៌មានក៏បានបដិសេធខ្លឹមសារនៅក្នុង We Chat ដែលថា បុគ្គលអាយុក្រោម៤០ឆ្នាំទាំងអស់នឹងត្រូវបដិសេធ មិនឲ្យចូលប្រទេសមិនថាប្រុសឬស្រី ទោះមានទិដ្ឋាការ ឬឯកសារអាជីវកម្មក៏ដោយ ។ ក្រសួងមហផ្ទៃអះអាងទៀតថា មន្ត្រីអន្តោប្រវេសន៍មិនមានគោលការណ៍រឹតបន្តឹងការចេញចូលរបស់មនុស្សក្រោម៤០ ឆ្នាំ នោះឡើយ ព្រោះការរឹតបន្តឹងការចូលរបស់ជនបរទេសមកប្រទេសកម្ពុជាគឺត្រូវអនុវត្តតាមគោលការណ៍សុវត្ថិភាព និងការគ្រប់គ្រងជនបរទេសដែលចូលមកកម្ពុជាដោយខុសច្បាប់។
សេចក្ដីបំភ្លឺថា៖ « យើងសូមបញ្ជាក់ ថា នគរបាលអន្តោប្រវេសន៍កម្ពុជា គ្មានគោលការណ៍រឹតបន្តឹងឬហាមឃាត់ជនបរទេសស្របច្បាប់ ដែលមានអាយុក្រោម ៤០ឆ្នាំ មិនឱ្យចូលមកកម្ពុជានោះឡើយ ពោលគឺគ្រប់សមាសភាពនៃជនបរទេសដែលបំពេញលក្ខខណ្ឌត្រឹមត្រូវទាំង អស់ សុទ្ធតែទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីកម្ពុជា ជាពិសេសភ្ញៀវទេសចរបរទេស អ្នកវិនិយោគ អាជីវករ ពាណិជ្ជករ និងពលករបរទេសដទៃទៀត»។
ការលើកឡើងពីការរឹតត្បឹតការចេញចូលមកប្រទេសកម្ពុជានេះស្របពេលរដ្ឋាភិបាលចាប់ផ្ដើមអនុវត្តអនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខ និងសុវត្ថិភាពតាមទីតាំងស្នាក់នៅប្រមូលផ្ដុំ និងច្បាប់ស្ដីពីការប្រឆាំងការឆរបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីរឹតបន្តឹងការរស់នៅរបស់ជនបរទេស និងការជួលអាគារឱ្យពួកគេស្នាក់នៅដើម្បីបង្ការអំពើរៀបចំ និងដឹកនាំទីកន្លែងឆបោកតាមបច្ចេកវិទ្យា។
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន មានប្រសាសន៍ទាក់ទងនឹងការគ្រប់គ្រងជនបរទេសដែលចូលមកកម្ពុជាថា មន្ត្រីអន្តប្រវេសន៍ត្រូវតែត្រួតពិនិត្យជនបរទេសដែលចូលមកកម្ពុជាតាមច្រកព្រំដែន ជៀសវាងពួកគេឆ្លៀតឱកាសប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា។
ទាក់ទិនទៅនឹងការគ្រប់គ្រងជនបរទេសដែលចូលមកកម្ពុជានេះ ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន លើកឡើងថា កំឡុងពេលកម្ពុជាមមាញឹក្នុងការបង្រ្កាបបទល្មើសបច្ចេកវិទ្យាការចេញចូលរបស់ជនបរទេសត្រូវតែមានការត្រួតពិនិត្យឱ្យបានច្បាស់លាស់ ជៀសវាងការចូលបរទេសនោះមានបំណងក្នុងការប្រព្រឹត្តបទល្មើសបច្ចេកវិទ្យានេះ។ តែយ៉ាងណា ដើម្បីឱ្យកម្ពុជាជាកន្លែងសុវត្ថិភាពសម្រាប់ការវិនិយោគ ការមកលេងរបស់ទេសចរណ៍បរទេស ឬពានិជ្ជករ កម្ពុជាត្រូវធានាថាការគ្រប់គ្រងជនបរទេសចេញចូលមកកម្ពុជាប្រកបដោយតម្លា ដើម្បីឱ្យអ្នកដែលមានបំណងល្អជាមួយកម្ពុជាភ័យខ្លាចមិនហ៊ានចូលកម្ពុជា។
លោកថា៖ «ការចូលតាមណាតាមណីត្រូវហៅអ្នកពាក់ព័ន្ធ ដូចជាអ្នកឈរជើងនៅតាមប៉ុស្តិ៍ ច្រកព្រំដែន អ្នកគ្រប់គ្រងនៅតាមព្រលាននីមួយៗត្រូវហៅមកសាកសួរ ព្រោះអ្នកទាំងអស់ហ្នឹងការពារត្រួតពិនិត្យ មានលិខិតឆ្លងដែន មិនមាន។ ហើយមិនគួរបង្កើតសំនួរទេ ពីព្រោះការគ្រប់គ្រងប្រទេសត្រូវទទួលខុសត្រូវដូចជានៅព្រលាននីមួយៗត្រូវឆែកត្រូវអីសព្វបែបយ៉ាង»។
លោកបន្ថែមថា៖ «យើងត្រូវតែស្ដារកេរ្តិ៍ឈ្មោះកម្ពុជាឡើងវិញ ហើយមានការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ហើយលុបបំបាត់នូវអំពើពុករលួយ។ អាហ្នឹងអ្នកវិនិយោគនៅកម្ពុជាយើងគេមានទំនុកចិត្ត ហើយការបោសសម្អាតផ្ដល់ទំនុកចិត្តដល់អ្នកវិនិយោគទុននៅកម្ពុជាយើងហាក់ដូចជាពុំមានសុវត្ថិភាព អីចឹងគេពិបាកនឹងបោះទុន ពីព្រោះគេបោះទុនសុទ្ធតែរាប់លានដុល្លា។ បើស្ថានភាពមិនល្អប្រសើរ ណាមួយមានពុករលួយអីៗចឹងក៏គេមិនមកស្រុកយើងដែរបាទ»។
ចំណែកឯ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបដិសេធពត៌មានតាមបណ្តាញ We Chat ដែលថាបានលើកឡើងថា «អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញបានបិទការចូលប្រទេសទាំងស្រុងជាបណ្តោះអាសន្ន ហើយច្រកព្រំដែនគោកកឋ៏នឹងរឹតបន្តឹងខ្លាំងដូចគ្នាចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦» ព្រោះព័ត៌មាននេះជាពត៌មានមិនពិត ។
លោកសំអាត លើកឡើងពីទិដ្ឋភាពច្បាប់ចំនួន២ គឺ ច្បាប់ស្តីពីអន្តោប្រវេសន៍ ដែលធ្វើឡើងដើម្បីគ្រប់គ្រង និងការពារសុវត្ថិភាពជនបរទេស ដោយមិនមានការរើសអើង ហើយច្បាប់នេះគឺត្រូវគោរពសិទ្ធិជនបរទេស និងអ្នកវិនិយោគ ដែលបានចូលមក ស្នាក់នៅ ធ្វើការ និងធ្វើការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយស្របច្បាប់ និង ច្បាប់ស្តីពីការប្រឆាំងការឆរបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកំណត់អំពីវិធានផ្នែកព្រហ្មទណ្ឌដើម្បីលើកកម្ពស់ប្រសិទ្ធិភាពនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមថែរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណ:។
លោកថា៖ «ច្បាប់ទាំពីរនេះមិនធ្វើឱ្យការប៉ះពាល់ដល់ភ្ញៀវទេសចរណ៍បរទេស អ្នកវិនិយោគបរទេស នោះទេ ផ្ទុយទៅវិញច្បាប់ទាំងនេះផ្តល់កិច្ចការពារសម្រាប់ពូកគេ បើសិនជាការអនុវត្តច្បាប់នេះដោយតម្លាភាព និងប្រសិទ្ធិភាព ។ ប៉ុន្តែទោះជាយ៉ាងណាក៏ត្រូមានការផ្សព្វផ្សាយច្បាប់ទាំងនេះឱ្យបានទូលំទូលាយ ចៀសវាងការភ័ន្តច្រឡំណាមួយកើតឡើង »៕







