អ្នកឃ្លាំមើលពាវនាវរដ្ឋាភិបាលឱ្យដោះលែងសកម្មជនផ្សេងទៀត ដើម្បីឯកភាពជាតិ

សិទ្ធិមនុស្ស

អ្នកឃ្លាំមើលសង្គមអំពាវនាវរាជរដ្ឋាភិបាលនឹងបន្តក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រដោយស្នើលើកលែងទោសដល់សកម្មជននយោបាយ បរិស្ថាន និងសកម្មជនសង្គមផ្សេងទៀត ដែលត្រូវបានកាត់ទោស និងកំពុងជាប់ឃុំ ដើម្បីឱ្យមានឯកជាតិពិតប្រាកដ។

ការលើកឡើងនេះ បន្ទាប់ពីប្រមុខរដ្ឋស្ដីទីលោក ហ៊ុន សែន កាលពីថ្ងៃចន្ទ ទី២៥ ខែឧសភា សម្រេចលើកលែងទោសជាប់ពន្ធនាគារដល់លោក កឹម សុខា តាមការស្នើសុំពីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលចាត់ទុកការលើកលែងទោសនេះថា «ជំហានមួយបន្ថែមក្នុងការពង្រឹងសាមគ្គីឯកភាពជាតិ»។

ទោះជាយ៉ាងណា អ្នកវិភាគនយោបាយលោកបណ្ឌិត មាស នី យល់ថា ការលើកលែងទោសលើលោក កឹម សុខា តែម្នាក់ នៅមិនទាន់គ្រប់គ្រាន់ក្នុងការបង្ហាញចេតនាចង់ឯកភាពជាតិពិតប្រាកដនោះទេ។

លោក និយាយថា «បើមានតែលោក កឹម សុខា មួយទេ ដែលត្រូវដោះលែង ចឹងមានន័យថា ការឈានទៅរកឯកភាពជាតិមិនទាន់បានបង្ហាញភស្តុតាងទាំងស្រុងនៅឡើយទេ ពីព្រោះជាផ្នែកតូចមួយទេ»។

លោក មាស នី សង្ឃឹមថា រដ្ឋាភិបាលកម្ពុជានឹងពិចារណាក្នុងការដោះលែងអ្នកទោសនយោបាយ និងមនសិការផ្សេងទៀត ដែលរងការចោទតាមផ្លូវតុលាការទាំងអយុត្តិធម៌ ដោយលោកយល់ថា ការធ្វើបែបនេះទើបឈានទៅរកឯកភាពជាតិយ៉ាងពិតប្រាកដ។

ទន្ទឹងនឹងគ្នានេះដែរ នាយកទទួលបន្ទុកកិច្ចទូទៅនៃអង្គការលីកាដូលោក អំ សំអាត មានប្រសាសន៍ថា រដ្ឋាភិបាលគួរពិនិត្យមើលលទ្ធភាពក្នុងការដោះលែងសកម្មជននានាឱ្យមានសេរីភាព ដើម្បីបោះជំហានមួយកម្រិតទៀតក្នុងការបង្រួបបង្រួមជាតិ ដោយអះអាងថា ការអនុវត្តសិទ្ធិ ការបញ្ចេញមតិ រួមទាំងសកម្មភាពការពារសិទ្ធិមនុស្ស និងបរិស្ថាន គួរតែមិនត្រូវរងការចោទប្រកាន់នោះទេ។

លោក និយាយថា «ដូច្នេះកម្ពុជាគួរពិនិត្យមើលលទ្ធភាពក្នុងការដោះលែងសកម្មជនទាំងអស់នោះឱ្យមានសេរីភាព គឺជាសញ្ញាណល្អមួយបន្ថែមទៀតសម្រាប់ភាពអត់ឱន គុណធម៌ ផ្សះផ្សារជាតិ បង្រួមបង្រួមជាតិ ដើម្បីឧត្តមប្រយោជន៍ជាតិ ឧត្តមប្រយោជពលរដ្ឋ ។

បក្សភ្លើងទៀន បក្សឆន្ទៈខ្មែរ និងបក្សប្រជាធិបតេយ្យមូលដ្ឋាន បានចេញសេចក្ដីថ្លែងការណ៍អបអរសាទរបន្តបន្ទាប់ ក្រោយការលើកលែងទោសលើលោក កឹម សុខា ប្រធានអតីតគណ​បក្សសង្រ្គោះជាតិ ។ ទោះជាយ៉ាងណា គណបក្សប្រឆាំងមួយចំនួន សម្ដែងក្ដីព្រួយបារម្ភ និងអំពាវនាវឱ្យមានការផ្ដល់សិទ្ធិពេញលេញដល់លោក កឹម សុខា នៅក្នុងសកម្មនយោបាយ និងការធ្វើដំណើរទៅក្រៅប្រទេស ។

ឆ្លើយតបចំពោះការចង់បានរបស់អ្នកឃ្លាំមើលសង្គម អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ប៉ែន បូណា ថ្លែងថា លោកមិនទាន់មានព័ត៌មានអ្វីបន្ថែមក្រៅពីករណីលោក កឹម សុខា នោះទេ។

លោក បញ្ជាក់ថា «ពេលនេះគឺការលើកលែងទោសឱ្យលោក កឹម សុខា។ ពូគ្មានព័ត៌មានអីផ្សេងពីនេះជូនក្មួយទេ»។

អ្នកស្រី ថាច់ ចន្ធូ ភរិយារបស់លោក ខឿន វីរ៉ាត់ មន្រ្តីបក្សកម្លាំងជាតិ ទទូចឱ្យរាជរដ្ឋាភិបាលលើកលែងទោសដល់ប្ដីរបស់អ្នកស្រី ដូចករណីលោក កឹម សុខា ដោយចាត់ទុកថា លោក វីរ៉ាត់ មិនមានកំហុសឆ្គង ដូចការចោទពាក់ព័ន្ធនឹងបទញុះញង់ និងជេរប្រមាថឡើយ។

អ្នកស្រី បន្ថែមថា ស្ថានភាពជីវភាពគ្រួសាររបស់អ្នកស្រីកំពុងប្រឈមការលំបាក ស្របពេលដែលប្ដីក៏ជាប់ពន្ធធនាគារខេត្តត្បូងឃ្មុំដែលឆ្ងាយពីផ្ទះនៅរាជធានីភ្នំពេញ។

អ្នកស្រី និយាយថា «ខ្ញុំសូមសំណូមពរ ឱ្យរដ្ឋាភិបាលដោះលែងប្ដីខ្ញុំ ឱ្យមានសេរីភាពឡើងវិញ ជួបជុំគ្រួសារឡើងវិញ»។

បើតាមអង្គការលីកាដូ យ៉ាងហោចណាស់មានសកម្មជននយោបាយ ដីធ្លី សហជីព អ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស និងអ្នកប្រើប្រាស់បណ្ដាញសង្គមចំនួន១០៥នាក់ ត្រូវបាន​ចោទប្រកាន់និងកំពុងឃុំខ្លួន ពាក់ព័ន្ធនឹងភាពសកម្មនិយម និងការបញ្ចេញមតិរបស់ខ្លួន៕

សិទ្ធិមនុស្ស","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2655}" data-page="1" data-max-pages="1" data-start="1" data-end="1">