រដ្ឋមន្ត្រីមហាផ្ទៃ លោក ស សុខា ដឹកនាំកិច្ចប្រជុំលើកទី១នៃគណៈកម្មការជាតិផ្តល់យោបល់លើការដកសញ្ជាតិខ្មែរពីកំណើត

សង្គម

(រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដឹកនាំក្រុមការងារប្រជុំលើកទី១នៃគណៈកម្មការជាតិផ្តល់យោបល់លើការដកសញ្ជាតិខ្មែរពីកំណើត ។រូបភាពហ្វេសប៊ុករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ)

ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា ដឹកនាំកិច្ចប្រជុំលើកទី១ នៃគណៈ​កម្មការជាតិផ្តល់យោបល់លើការដកសញ្ជាតិខ្មែរពីកំណើត ហៅកាត់ថា គ.ជ.ដ.ខ. នៅទីស្តីការក្រសួងមហាផ្ទៃនាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ មានការចូលរួមមន្ត្រីពាក់ព័ន្ធនៃគណៈកម្មការជាតិផ្តល់យោបល់លើការដកសញ្ជាតិខ្មែរពីកំណើតសរុបប្រមាណ៣០រូប។
នេះបើតាមប្រភពពីក្រុមអ្នកនាំពាក្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានប្រាប់ប្រជាកាសែត។

ក្នុងកិច្ចប្រជុំនោះ លោក ស សុខាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ បទបញ្ជាផ្ទៃក្នុង សម្រាប់កំណត់ទិសដៅ បែបបទ និងនីតិវិធីនៃការងាររបស់ គណៈកម្មការជាតិផ្តល់យោបល់លើការដកសញ្ជាតិខ្មែរពីកំណើតឱ្យមានភាពច្បាស់លាស់ ជាត្រីវិស័យដ៏សំខាន់សម្រាប់សមាជិកគ្រប់រូប ក្នុងការអនុវត្តតួនាទីប្រកបដោយវិជ្ជាជីវៈ តម្លាភាព និងការទទួលខុសត្រូវខ្ពស់។ 

លោក ស សុខា បានលើកឡើងថា ៖«គណៈកម្មការជាតិផ្តល់យោបល់លើការដកសញ្ជាតិខ្មែរពីកំណើតគឺជាយន្តការដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល ដែលត្រូវបានបង្កើតឡើងដើម្បីពិនិត្យ ស្រាវជ្រាវ វាយតម្លៃ និងផ្តល់យោបល់ជូនរាជរដ្ឋាភិបាលលើការដកសញ្ជាតិខ្មែរពីកំណើត ក្នុងករណីបុគ្គលនោះបានប្រព្រឹត្តល្មើសនឹងច្បាប់ ជាពិសេសដូចមានចែងក្នុងមាត្រា ៤០ នៃអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីសញ្ជាតិ»។ 

លោកស សុខា បានសង្កត់ធ្ងន់ថា ៖«រាជរដ្ឋាភិបាលគ្រប់នីតិកាល តែប្រកាន់ខ្ជាប់ គោលការណ៍នីតិរដ្ឋ ការរក្សាសន្តិសុខជាតិ និងថែរក្សាផលប្រយោជន៍ជាតិជាអតិបរមា ហើយសម្រាប់យន្តការថ្មីនេះទៀត គឺដើម្បីរួមចំណែកធានាបាននូវភាពសុក្រឹត យុត្តិធម៌ និងការគោរពច្បាប់ជាធរមាន ក្នុងដំណើរការនៃការដកសញ្ជាតិខ្មែរពីកំណើត សំដៅលើកកម្ពស់តម្លៃ និងកិត្យា​នុភាព​នៃសញ្ជាតិខ្មែរឱ្យកាន់តែមានភាពរឹងមាំ»។ 

អ្នកវិភាគនយោបាយ លោក ឯក សុវណ្ណារ៉ា មានប្រសាសន៍ថា ការដកសញ្ជាតិអាចធ្វើបាន ប៉ុន្តែរដ្ឋាភិបាលត្រូវពិនិត្យឲ្យបានម៉ត់ចត់ ព្រោះវាមានទាំងផលវិជ្ជមាន និងអវិជ្ជមាន។ 
លោកលើកឡើងថា បើពលរដ្ឋមានតែសញ្ជាតិខ្មែរមួយ ហើយត្រូវដកសញ្ជាតិ នោះអាចធ្វើឲ្យបុគ្គលនោះក្លាយជាជនគ្មានសញ្ជាតិ ដែលផ្ទុយពីគោលការណ៍ច្បាប់អន្តរជាតិ។

លោកបន្តថា ការរៀបចំច្បាប់នេះ ត្រូវអនុលោមតាមអនុសញ្ញា និងច្បាប់អន្តរជាតិពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ដែលកម្ពុជាបានផ្តល់សច្ចាប័នរួចហើយ។

លោកបាននិយាយថា៖ «ប៉ុន្តែត្រូវតែអនុលោមតាមគោលការណ៍ច្បាប់អន្តរជាតិ និងសេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្ស ព្រមទាំងអនុសញ្ញាសិទ្ធិមនុស្សនានា ដែលពាក់ព័ន្ធនឹងសិទ្ធិនយោបាយ សិទ្ធិស្ត្រី សិទ្ធិកុមារ ជាដើម។ យើងគួរតែពិនិត្យឲ្យបានម៉ត់ចត់ ស៊ីជម្រៅ កុំឲ្យប្រាសចាកពីគោលការណ៍ច្បាប់។បើកាលណាច្បាប់ ប្រាសចាកដែលកម្ពុជាជារដ្ឋហ្ថេលេខីឲ្យ សញ្ចាប័ត្រកតិសញ្ញាអនុសញ្ញាតាំងឡាយនោះ វាធ្វើឲ្យយើងនឹង ប្រាចាកនូវខ្លឹមសារក្នុងនឹងដែល។»

សមាសភាពនៃគណៈកម្មការជាតិផ្តល់យោបល់លើការដកសញ្ជាតិខ្មែរពីកំណើត(គ.ជ.ដ.ខ) ដែលត្រូវបានរាជរដ្ឋាភិបាល ចេញសេចក្តីសម្រេចតែងតាំង មាន១៥រូប រួមមាន៖ លោក ស សុ​ខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន។ លោក ស៊ា ម៉ៅ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន។ លោក ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អនុប្រធានអចិន្ត្រៃយ៍។ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ អនុប្រធាន ។លោក តាន់ហ៊ាង ដាវ័ណ្ណ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អនុប្រធាន លោក ស៊ា កុសល រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សមាជិក ។លោក នេត មុន្នី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សមាជិក។លោក សាមឺឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា សមាជិក។ លោក ឈី ហុង រដ្ឋលេខាធិការក្រសួងសុខាភិបាល សមាជិក។លោក លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សមាជិក។លោក សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន សមាជិក ។លោក ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ សមាជិក។ លោក សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ សមាជិក។ លោក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ សមាជិក។ លោក តុប នេត អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ សមាជិក។ 

ក្នុងកិច្ចប្រជុំនោះដែរលោក ស សុខា បានផ្តល់អនុសាសន៍ណែនាំយ៉ាងម៉ឺងម៉ាត់ដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកានៃ គ.ជ.ដ.ខ. ក៏ដូចជាបណ្តាអង្គភាពពាក់ព័ន្ធ ត្រូវពន្លឿនការរៀបចំរបាយការណ៍ និងការងារជំនាញឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីត្រៀមលក្ខណៈសម្បត្តិឱ្យបានល្អប្រសើរ សម្រាប់កិច្ចប្រជុំលើកទី២ ដែលនឹងប្រព្រឹត្តទៅក្នុងខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2659}" data-page="1" data-max-pages="1" data-start="1" data-end="1">