ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុននឹងត្រូវចូលសវនាតុលាការកំពូលក្នុងសំណុំរឿងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ក្រោមបទចោទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ។ នេះបើតាមដីការជូនដំណឹងរបស់អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល ចុះកាលបរិច្ឆេទថ្ងៃទី២៥ខែឧសភានិងត្រូវលោករ៉ុងឈុនផ្សាយជាសាធារណៈនៅថ្ងៃទី២៦ខែឧសភា២០២៦។
យោងតាមដីកាជូនដំណឹងរបស់មហាអយ្យការអមតុលាការកំពូល សវនាការនេះនឹងប្រព្រឹត្តទៅនៅវេលាម៉ោង៨ព្រឹកនៅសាលសវនាការទី២នៃតុលាការកំពូល។ លោក រ៉ុង ឈុន ត្រូវបានចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដែលមានចែងក្នុងមាត្រា ៨៨ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន ប្រាប់ថា លោកនឹងចូលរួមសវនាការ ប្រសិនបើមិនមានបញ្ហាអ្វីកើតឡើង ហើយលោកនឹងពិភាក្សាបន្ថែមជាមួយមេធាវីរបស់លោក ដោយសារតែលោកទើបទទួលដំណឹងអំពីសវនាការនេះ។
លោកបានលើកឡើងថា ការបន្តនីតិវិធីនៅតុលាការកំពូលនេះ ធ្វើឡើងបន្ទាប់ពីលោកមិនយល់ស្របនឹងការសម្រេចរបស់សាលាឧទ្ធរណ៍ភ្នំពេញ ដែលបានតម្កល់សាលក្រមសាលាដំបូង និងបន្ថែមទោសដោយដកសិទ្ធិរបស់លោកមិនឱ្យធ្វើនយោបាយជាអចិន្ត្រៃយ៍។
លោកប្រាប់ថា៖ «គិតថាសាលក្រមរបស់សាលាឧទ្ធរណ៍វាជាអយុត្តិធម៌ដល់រូបខ្ញុំ មិនអាចផ្តល់យុត្តិធម៌ឲ្យរូបខ្ញុំ ទើបប្តឹងខ្ទាស់ទៅសាលាកំបូល»។
លោកក៏បានអំពាវនាវដល់អង្គការជាតិ អន្តរជាតិ ស្ថានទូត អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋ ឱ្យចូលរួមតាមដានសវនាការនៅថ្ងៃទី១៥ ខែមិថុនាខាងមុខនេះ។
ជុំវិញករណីនេះ មន្រ្តីអង្កេតជាន់ខ្ពស់ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក យី សុខសាន្ត យល់ថា ការចោទប្រកាន់លើអ្នកនយោបាយដែលមាននិន្នាការប្រឆាំង បានធ្វើឱ្យបរិយាកាសនយោបាយនៅកម្ពុជាមានភាពអាប់អួរ និងបង្កក្តីបារម្ភអំពីសេរីភាពនៃការបញ្ចេញមតិ។
លោកក៏បានអំពាវនាវឱ្យតុលាការកំពូលពិចារណាទម្លាក់ចោលការចោទប្រកាន់លើលោក រ៉ុង ឈុន ដើម្បីបង្កើនទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌ និងពង្រីកសេរីភាពនយោបាយនៅកម្ពុជា។
លោកលើកឡើងថា៖ «អីចឹងខ្ញុំគិតថាអ្វីដែលគាត់ទទួលយកនូវការសម្រេចរបស់សាលាដំបូងឧទ្ធរណ៍នេះចាត់ទុកថាមិនត្រឹមត្រូវអីចឹងគាត់ប្ដឹងជំទាស់ទៅនឹងតុលាការកំពូល ដើម្បីឲ្យតុលារការកំពូលហ្នឹងរកយុត្តិធម៌ជូនគាត់ក្នុងនាមគាត់ជាអ្នកនយោបាយ។ អ៊ីចឹងខ្ញុំគិតថាដើម្បីបើលំហរនយោបាយ តុលាការកំពុងគួរពិចារណាដើម្បីអាចនឹងទម្លាក់ចោលការចោទប្រកាន់ទៅ។»។
កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥សាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមផ្តន្ទាទោសទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ឱ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ និងដកហូតសិទ្ធិបោះឆ្នោតនិងឈរឈ្មោះបោះឆ្នោតជាអចិន្ត្រៃយ៍ ព្រមទាំងពិន័យជាប្រាក់ចំនួន ៤ លានរៀល ក្រោមបទចោទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទមិនរាងចាលបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិមដោយសារលោកបានបញ្ចេញមតិទាក់ទងនឹងការបោកប្រាស់តាមប្រព័ន្ធអនឡាញនៅកម្ពុជា និងបញ្ហាព្រំដែនកម្ពុជា-វៀតណាម៕







