ម្តាយរបស់សកម្មជនមាតាធម្មជាតិកញ្ញា ឡុង គន្ធា មានជំងឺប្រចាំកាយ ស្នើឱ្យតុលាការដោះលែងកូន

សិទ្ធិមនុស្ស

(គំនូររបស់កញ្ញាឡុង គន្ធា ដែលត្រូវបានចលនាមាតាធម្មជាតិ ផ្សព្វផ្សាយតាមបណ្ដាញសង្គម)។

ក្រោយពីសកម្មជនចលនាមាតាធម្មជាតិលោក យីម លាងហ៊ី ដែលកំពុងជាប់ពន្ធនាគារមិនមានឱកាសបានជួបមុខម្តាយជាលើកចុងក្រោយ ម្តាយសកម្មជនចលនាមាតាធម្មជាតិកញ្ញា ឡុង គន្ធា គឺលោកស្រី សាន សារ៉ន ក៏ហាក់មានក្តីបារម្ភខ្លាចជួបហេតុការណ៍ដូចករណីគ្រួសាររបស់លោក យីម លាងហ៊ី ដែរ។ 

ជាស្រ្តីមេម៉ាយ លោកស្រី សាន សារ៉ន កំពុងប្រឈមបញ្ហាជីវភាពធ្ងន់ធ្ងរ ខណៈលោកស្រីក៏មានជំងឺប្រចាំកាយ «លើសឈាម» និងត្រូវចិញ្ចឹមកូនក្នុងបន្ទុកចំនួន៤នាក់ទៀត។ ស្ថិតនៅក្នុងស្ថានភាពលំបាកនេះ លោកស្រី សាន សារ៉ន ដែលមានអាយុ ៥៨ឆ្នាំ ស្នើសុំឱ្យតុលាការ និងរដ្ឋាភិបាល ជួយពន្លឿនដោះលែងកូនស្រី ឱ្យមានសេរីភាពឡើងវិញ ដើម្បីបានជួយមើលថែ និងចិញ្ចឹមម្តាយ និងប្អូនៗ។

ការស្នើសុំឱ្យដោះលែងនេះ ក៏ធ្វើឡើងនៅមុនពេលសាលាឧទ្ធរណ៍ភ្នំពេញគ្រោងបើកសវនាការជំនុំជម្រះសំណុំរឿង «ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងរួមគំនិតក្បត់» របស់សកម្មជនចលនាមាតាធម្មជាតិទាំង ៥ នាក់ គឺលោក យីម លាងហ៊ី លោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវរស្មី លោក ថុន រដ្ឋា និងកញ្ញា ឡុង គន្ធា នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦។ 

លោកស្រី សាន សារ៉ន បារម្ភថា បញ្ហាសុខភាពរបស់លោកស្រីកាន់តែទ្រុឌទ្រោមដោយសារតែជំងឺលើសឈាមចេះតែធ្វើទុក្ខ ដោយត្រូវលេបថ្នាំជាប្រចាំ ម្យ៉ាងលោកស្រីគេងមិនសូវលក់ ហូបបាយមិនសូវបាន ហើយអារម្មណ៍ចេះតែនឹករឭកដល់កូនដែលកំពុងបន្តជាប់ឃុំនៅក្នុងពន្ធនាការទាំងអយុត្តិធម៌។

រស់នៅក្នុងភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម លោកស្រី សាន សារ៉ន បានរៀបរាប់ប្រាប់ប្រជាកាសែតទាំងអួលដើមកថា សព្វថ្ងៃនេះ លោកស្រីកំពុងជួបបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ គឺលោកស្រីមានអារម្មណ៍ភ្លេចភ្លាំងច្រើន និងអារម្មណ៍រវើរវាយ បន្ទាប់ពីកូនស្រី ឡុង គន្ធា ត្រូវជាប់ពន្ធនាគារអស់រយៈពេលជិត ២ឆ្នាំមកនេះ។

លោកស្រីត្អូញត្អែរថា ចាប់តាំងពីកូនស្រី គន្ធា ជាប់ពន្ធនាគារមក លោកស្រីបានជួបមុខកូនតែម្តងប៉ុណ្ណោះ កាលពីកំឡុងចូលឆ្នាំខ្មែរនៅពន្ធនាគារខេត្តព្រះវិហារ ដោយសារលោកស្រី គ្មានលុយសម្រាប់ធ្វើដំណើរទៅសួរសុខទុក្ខកូនឱ្យបានញឹកញាប់ ព្រោះពេលទៅជួបកូនម្តងៗ លោកស្រីត្រូវចំណាយប្រាក់មិនតិចជាង ២០ ម៉ឺនរៀលនោះទេ។

លោកស្រីរៀបរាប់ទៀតថា គន្ធា ជាកូនច្បងក្នុងចំណោមបងប្អូន៥នាក់ ហើយចាប់តាំងពីលោកស្រីបែកបាក់ស្វាមី គន្ធាបានដើរតួជំនួសឪពុក មើលថែប្អូនៗ និងរកលុយចិញ្ចឹមគ្រួសារ ដូច្នេះពេលកូនជាប់ពន្ធនាគារ ធ្វើឱ្យគ្រួសារជួបការលំបាកខ្លាំង។

លោកសី្រថា៖ «សព្វថ្ងៃជួបការលំបាកណាស់ក្មួយ មីងមិនដឹងរកអ្វីទេ ណាមួយចាស់ផង មានជំងឺប្រចាំកាយផង ជាពិសេសជំងឺលើសឈាមហ្នឹងក្មួយ ត្រូវលេបថ្នាំជាប្រចាំ។ កាលពី គន្ធា នៅគាត់ជួយសម្រួលទុក្ខគ្រួសារខ្លះ ព្រោះគាត់ជាកូនច្បង មើលថែម្តាយ មើលថែប្អូន។ ដល់គាត់ត្រូវបានគេចាប់អីចឹង គ្រួសារមីងវេទនាណាស់ក្មួយ ។ មីងសង្វេគ អាណិតកូនស្រីណាស់។ រាល់ថ្ងៃមីងគេងមិនលក់ ហូបបាយមិនសូវបាន ចេះតែមានអារម្មណ៍រវើរវាយនឹកកូន»។

សម្រាប់លោកស្រី សាន សារ៉ន កញ្ញា ឡុង គន្ធា គឺជាក្មេងល្អ ជាកូនកតញ្ញូ ចេះដឹងគុណឪពុកម្តាយ និងជាពលរដ្ឋល្អ ចេះជួយឈឺឆ្អាលរឿងសង្គមជាតិ សុខចិត្តលះបង់ពេលវេលា ដើម្បីការពារបរិស្ថាន។ លោកស្រីចាត់ទុកការចោទប្រកាន់កូនស្រីថា រួមគំនិតក្បត់ ឬប្រមាថចំពោះអង្គព្រះមហាក្សត្រ ជាការចោទប្រកាន់ដោយគ្មានភស្តុតាង និងអយុត្តិធម៌បំផុតសម្រាប់កូនលោកស្រី។

កាលពីខែកក្កដា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសសមាជិកចំនួន ១០ រូបនៃសកម្មជនចលនាមាតាធម្មជាតិ ដោយដាក់ទោសអ្នកទាំងនោះ ឱ្យជាប់ពន្ធនាគារពី ៦ ដល់ ៨ ឆ្នាំ ពីបទ«រួមគំនិតក្បត់ និងប្រមាថចំពោះអង្គព្រះមហាក្សត្រ» ។

សកម្មជនបរិស្ថានទាំង ៥ រូប ដែលរួមមាន លោក ថុន រដ្ឋា លោក លី ចាន់ដារ៉ាវុត លោក យីម លាងហ៊ី កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ត្រូវបានតុលាការផ្តន្ទាទោសពីបទ«រួមគំនិតក្បត់ »។ រីឯលោក យីម លាងហ៊ី ត្រូវបានតុលាការផ្តន្ទាទោសមួយបទទៀត គឺ«ប្រមាថចំពោះអង្គព្រះមហាក្សត្រ»។

នេះមិនមែនជាលើកទី១ទេ ដែលកញ្ញា ឡុង គន្ធា បានជាប់ពន្ធនាគារ។ ជាក់ស្តែង កាលពីឆ្នាំ២០២០ កញ្ញាធ្លាប់ត្រូវបានតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារចំនួន ២០ខែ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដោយកាលនោះ កញ្ញាប្រកាសធ្វើដំណើរដោយថ្មើរជើង ចេញពីវត្តភ្នំឆ្ពោះទៅភូមិគ្រឹះអតីតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីស្នើសុំជួបផ្ទាល់ជាមួយលោក ហ៊ុន សែន ក្នុងគោលបំណងជំរុញឱ្យគាត់បញ្ឈប់ការលុបបឹងតាមោក ដែលប៉ះពាល់ជីវភាពពលរដ្ឋ និងជីវចម្រុះក្នុងបឹងជាដើម។ ក្រោយមក តុលាការបានដោះលែងកញ្ញាឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន កាលពីខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីជាប់ពន្ធនាគាររយៈពេល១៤ខែ។

លោកស្រី សាន សារ៉ន នៅតែទទូចឱ្យតុលាការ និងរដ្ឋាភិបាលកម្ពុជា មេត្តាអនុគ្រោះដោះលែងកូនស្រីឱ្យមានសេរីភាពឡើងវិញ ខណៈលោកស្រីបារម្ភខ្លាចតែមិនបានជួបមុខកូនជាលើកចុងក្រោយក្នុងជីវិត។ លោកស្រីថា តែងបួងសួងទាំងយប់ទាំងថ្ងៃ សង្ឃឹមថា តុលាការ និងរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត អនុគ្រោះដោះលែងកូនស្រីឱ្យមានសេរីភាពឡើងវិញ ដើម្បីបានជួបជុំុគ្រួសារមើលថែទាំម្តាយ មុននឹងលោកស្រីបាត់បង់ជីវិត។

លោកស្រីថា៖ «ខ្ញុំសំណូមពរឱ្យតុលាការនិងរដ្ឋាភិបាលដោះលែងកូនខ្ញុំមកវិញមក ឱ្យបានជួបជុំបងប្អូន ។ ហើយខ្ញុំបារម្ភខ្លាចខ្ញុំងាប់កូនមកមិនទាន់ ព្រោះខ្ញុំមានជំងឺប្រចាំកាយអីចឹង វាអត់ទៀងទេ ព្រោះខ្ញុំឃើញម្តាយ លាងហ៊ី អីចឹង ខ្ញុំព្រួយចិត្តណាស់ ខ្លាចមិនបានឃើញមុខកូនជាលើកចុងក្រោយដែរ»។

បន្ថែមពីនេះ ប្អូនស្រីបង្កើតកញ្ញា ឡុង គន្ធា គឺកញ្ញា ឡុង សុខលីន បានរៀបរាប់ដែរថា ចាប់តាំងពីបងស្រីត្រូវបានអាជ្ញាធរចាប់ឃុំខ្លួន គ្រួសារកាន់តែលំបាកខ្លាំង ព្រោះបងស្រីហាក់ជាមេគ្រួសារ ចិញ្ចឹមម្តាយនិងប្អូនៗទាំងអស់។

ជាប្អូនស្រីទី២ ក្នុងចំណោមបងប្អូន ៥នាក់ កញ្ញា ឡុង សុខលីន រៀបរាប់ទៀតថា ក្នុងមួយខែ កញ្ញានិងគ្រួសារផ្ទាល់ បានទៅសួរសុខទុក្ខបងស្រីតែមួយលើកប៉ុណ្ណោះ ព្រោះតែបញ្ហាជីវភាព គឺគ្មានលុយសម្រាប់ធ្វើដំណើរនោះទេ។ កញ្ញាបន្តថា បច្ចុប្បន្នកញ្ញាធ្វើការឱ្យក្រុមហ៊ុនឯកជនមួយ បានប្រាក់ខែតិចតួច ដើម្បីចិញ្ចឹមម្តាយ និងជួយប្អូនៗខ្លះ ជាពិសេសឆ្លៀតជួយបងស្រី ឡុង គន្ធា ក្នុងពន្ធនាគារខ្លះ ដើម្បីទុកឱ្យគាត់ទិញរបស់របរប្រើប្រាស់ក្នុងពន្ធនាគារ។

កញ្ញាត្អូញត្អែរថា សព្វថ្ងៃ ក្នុងនាមជាប្អូនស្រីទី២ បន្ទាប់ពីកញ្ញា ឡុង គន្ធា កញ្ញាត្រូវទទួលអំរែកជាច្រើន គឺត្រូវរកលុយចិញ្ចឹមម្តាយជាស្ត្រ្តីមេម៉ាយ ព្រោះមានវ័យចាស់ជរា និងមានជំងឺប្រចាំកាយ ជាពិសេស ជំងឺលើសឈាម។

សម្រាប់កញ្ញា សុខលីន នៅតែអះអាងថា បងស្រីរបស់កញ្ញា គឺជាមនុស្សល្អ ស្លូតបូត សុភាព​រាបសា និងឈឺឆ្អាលរឿងសង្គមជាតិ បរិស្ថាន ដែលជាគំរូភាពអង់អាចក្លាហាន មុតមោះនិងមានឆន្ទៈខ្ពស់ការពារបរិស្ថាន ដើម្បីសង្គមជាតិ។

កញ្ញាអះអាងទៀតថា បងស្រីរបស់កញ្ញា មិនបានប្រព្រឹត្តខុសដូចការចោទប្រកាន់នោះទេ ដូច្នេះ ការបន្តឃុំខ្លួនបងស្រីក្នុងពន្ធនាគារ ជារឿងអយុត្តិធម៌បំផុត និងជាការរំលោភសិទ្ធិសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋទាំងស្រុង។

កញ្ញាថា៖ «បងស្រីរបស់ខ្ញុំ ការងាររបស់គាត់ដូចគ្រប់គ្នាបានដឹងហើយ គាត់ធ្វើការងារដើម្បីបរិស្ថាន មិនមែនជាការងារក្បត់ជាតិអ្វីនោះទេ ប៉ុន្តែត្រូវបានគេចោទប្រកាន់ថាគាត់ក្បត់ជាតិ វាជារឿងមួយដែលគួរឱ្យសោកស្តាយមែនទែនចំពោះគ្រួសារ ក៏ដូចជាខ្ញុំជាប្អូនស្រីគាត់ផ្ទាល់។ មានបងស្រីដែលខំលះបង់ពេលវេលាជាយុវ័យរបស់គាត់ទៅធ្វើការងារសង្គមជាតិ បែរជាចាប់គាត់ដាក់ពន្ធនាគារទៅវិញ ជារឿងអយុត្តិធម៌ខ្លាំងណាស់»។

កញ្ញា ឡុង សុខលីន អំពាវនាវ និងស្នើសុំឱ្យតុលាការកម្ពុជា ជាពិសេសរាជរដ្ឋាភិបាល មេត្តាអនុគ្រោះដោះលែងបងស្រី និងសកម្មជនដទៃនៃចលនាមាតាធម្មជាតិកំពុងជាប់ឃុំ ឱ្យមានសេរីភាពឡើងវិញ ដើម្បីបន្តការងារការពារបរិស្ថាន និងបម្រើសង្គមជាតិ។

កញ្ញាថា៖ «ខ្ញុំនៅតែអះអាងថាបងស្រីខ្ញុំមិនបានប្រព្រឹត្តអ្វីខុសនោះទេ ដូច្នេះសុំឱ្យតុលាការ និងរដ្ឋាភិបាលពិនិត្យ ពិចារណា ដោះលែងបងស្រីខ្ញុំ និងសមាជិកគាត់ដទៃទៀតឱ្យមានសេរីភាព ដើម្បីឱ្យគាត់បានជួបជុំគ្រួសារ និងអាចបន្តការងារជួយសង្គមជាតិ បរិស្ថានបន្តទៀត។ ណាមួយ ឱ្យពួកគាត់អាចបាននៅរួមរស់ជាមួយគ្រួសារ សាច់ញាតិ ជាពិសេសបងស្រីខ្ញុំ ឱ្យគាត់មានសេរីភាព ដើម្បីបានជួយចិញ្ចឹមម្តាយដែលមានជំងឺប្រចាំកាយផង»។

ជុំវិញរឿងនេះ ប្រជាកាសែត មិនអាចទាក់ទង អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សេង ឌីណា អ្នកនាំពាក្យតុលាការកំពូល លោកស្រី ម៉ៅ ធីតា និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីសុំការឆ្លើយតបបាននៅឡើយទេ គិតត្រឹមពេលអត្ថបទចេញផ្សាយនេះ។

យ៉ាងណា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ តុលាការកំពូលបានបដិសេធសំណើសុំដោះលែងសកម្មជនចលនាមាតាធម្មជាតិទាំង ៥នាក់ និងតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ក្រុងភ្នំពេញទុកជាបានការដដែល។ សកម្មជនបរិស្ថានទាំង៥នាក់ បានស្នើឲ្យតុលាការកំពូលដោះលែងពួកគេ ខណៈសំណុំរឿងផ្តន្ទាទោសរបស់ពួកគេក្នុងបទល្មើសព្រហ្មទណ្ឌកំពុងស្ថិតដំណាក់កាលនៃនីតិវិធីរបស់សាលាឧទ្ធរណ៍ភ្នំពេញនៅឡើយ។

មេធាវីការពារក្តីឱ្យក្រុមសកម្មជនចលនាមាតាធម្មជាតិ លោក សំ ចំរើន ប្រាប់ប្រជាកាសែតថា ការស្នើសុំរបស់ម្តាយកញ្ញា ឡុង គន្ធា ឱ្យដោះលែងកូនស្រី ជាសិទ្ធិរបស់សមាជិកគ្រួសារ។ ប៉ុន្តែសម្រាប់លោកជាមេធាវីការពារក្តី លោកបានបញ្ជាក់ថា ចំពោះសំណុំរឿងនេះ លោកនឹងបន្តអនុវត្តតាមនិតីវិធីច្បាប់ ដើម្បីជួយការពារកូនក្តីរបស់លោក។

លោកថា៖ «ខ្ញុំមិនមានយោបល់ច្រើនទេបាទ សំំណុំរឿងគាត់នៅសាលាឧទ្ធរណ៍។ ខ្ញុំមានតែធ្វើតាមនិតីវិធីច្បាប់ទេបាទ និងជួយការពារក្តីពួកគាត់តាមផ្លូវច្បាប់ប៉ុណ្ណោះ»។

នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត គាំទ្រចំពោះការលើកឡើងរបស់គ្រួសារកញ្ញា ឡុង គន្ធា ដែលស្នើឱ្យតុលាការ និងរដ្ឋាភិបាល ពន្លឿនការដោះលែងសកម្មជនចលនាមាតាធម្មជាតិ ដោយលើកឡើងថា ការបន្តឃុំខ្លួនពួកគេ ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិមនុស្ស សិទ្ធិសេរីភាពបញ្ចេញមតិ និងសកម្មភាពការពារបរិស្ថាននៅកម្ពុជា។

លោកអះអាងថា សកម្មជនទាំងនេះ បានធ្វើសកម្មភាពដោយសន្តិវិធី ដើម្បីការពារធនធានធម្មជាតិ និងលើកកម្ពស់ការយល់ដឹងអំពីបញ្ហាបរិស្ថាន និងសិទ្ធិមនុស្សនៅកម្ពុជា ដូច្នេះអាជ្ញាធរ និងតុលាការ គួរគោរពសិទ្ធិជាមូលដ្ឋាន និងបង្កើនលំហប្រជាធិបតេយ្យសម្រាប់យុវជន និងសកម្មជនសង្គម។

លោកថា៖ «ខ្ញុំគិតថាសកម្មភាពកាពារបរិស្ថាន ព្រៃឈើ ឬក៏សកម្មភាពការពារសិទ្ធិមនុស្សមិនមែនជាបទល្មើសដែលត្រូវចោទប្រកាន់និងឃុំខ្លួននោះទេ។ អីចឹង យុវជនដែលចូលរួមសកម្មក្នុងកិច្ចការការពារបរិស្ថាននិងធនធានធម្មជាតិ និងសិទ្ធិមនុស្សគួរតែត្រូវបានលើកចិត្តទឹក ជាពិសេស យុវជនទាំង៥នាក់របស់ចលនាមាតាធម្មជាតិ សុទ្ធតែគេទទួលស្គាល់ជាអន្តរជាតិ និងទទួលបានពានរង្វាន់ខ្នាតអន្តរជាតិទៀត ដូច្នេះគួរតែពិចារណាដោះលែងពួកគាត់ ដើម្បីឱ្យគាត់បន្តការងារការពារបរិស្ថាន និងសិទ្ធិមនុស្សនៅកម្ពុជា ទើបជាជម្រើសល្អទៅវិញទេ»។

នៅក្នុងសកម្មភាពការពារបរិស្ថានរបស់ខ្លួន ក្រុមសកម្មជនចលនាមាតាធម្មជាតិត្រូវបានអង្គការអន្តរជាតិផ្នែកសិទ្្ធិមនុស្សបានផ្តល់ពានរង្វាន់អន្តរជាតិចំនួនពីរ គឺពានរង្វាន់អ្នកការពារឈានមុខ (Front Line Defenders Award) នៅក្នុងឆ្នាំ២០២១ និងពានរង្វាន់អន្តរជាតិ Right Livelihood នៅក្នុងឆ្នាំ២០២៣ សម្រាប់ភាពក្លាហាន និងការលះបង់ក្នុងសកម្មភាពការពារបរិស្ថាននៅកម្ពុជា។

ពានរង្វាន់អ្នកការពារឈានមុខ (Front Line Defenders Award) ត្រូវបានផ្តល់ជូនដោយអង្គការ Front Line Defenders ដែលមានមូលដ្ឋាននៅប្រទេសអៀរឡង់។ ពានរង្វាន់នេះជាការទទួលស្គាល់នូវវីរភាព និងការលះបង់របស់ពួកគេក្នុងការតស៊ូមតិការពារបរិស្ថាន។ 

ចំណែកពានរង្វាន់ Right Livelihood ត្រូវបានប្រគល់ជូនដោយអង្គការ Right Livelihood ដែលមានមូលដ្ឋាននៅប្រទេសស៊ុយអែត ដែលជាពានរង្វាន់ទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងដ៏អង់អាចក្លាហានរបស់សកម្មជនទាំងនេះក្នុងការការពារធនធានធម្មជាតិ និងសិទ្ធិមនុស្សនៅកម្ពុជា។

អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ មួយចំនួនធ្លាប់ ស្នើឱ្យតុលាការ និងរដ្ឋាភិបាលកម្ពុជា ដោះលែងសកម្មជនទាំង៥នាក់ឱ្យមានសេរីភាព ដោយពួកគេអះអាងថា ការផ្តល់ពានរង្វាន់របស់អង្គការអន្តរជាតិដល់សកម្មជនទាំង៥ គឺជាការឆ្លុះបញ្ចាំងនូវការលះបង់របស់ពួកគេដើម្បីប្រយោជន៍បរិស្ថាន ធនធានធម្មជាតិ និងសិទ្ធិមនុស្សនៅកម្ពុជា ដែលគួរទទួលបាននូវការកោតសរសើរ និងលើកទឹកចិត្តឱ្យបន្តចូលរួមនៅក្នុងសកម្មភាពការពារផលប្រយោជន៍សង្គម ជាជាងត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ៕

(អត្ថបទដោយ៖ វឌ្ឍនៈ ឧត្តម)

សិទ្ធិមនុស្ស","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2674}" data-page="1" data-max-pages="1" data-start="1" data-end="1">