ប្រតិកម្មនានាកើតឡើងបន្ទាប់ពីនិយ័តករទូរគមនាគមន៍ ប្រកាសរឹតបន្តឹងការនាំចូលទូរសព្ទ និងឧបករណ៍អេឡិចត្រូនិក ពិសេសព្រមានដកហូតទំនិញទាំងនោះពីអាជីវករទៀតផងបើសិនជារកឃើញថាខុសច្បាប់។ អ្នកឃ្លាំមើលនិងអាជីវករមួយចំនួនសុទ្ធតែសំដែងការភ្ញាក់ផ្អើលចំពោះសេចក្ដីជូនដំណឹងរបស់និយ័តករទូរគមនាគមន៍កម្ពុជា (TRC)ដែលបានចេញសេចក្តីជូនដំណឹង នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ។
និយ័តករទូរគមនាគមន៍កម្ពុជា អំពាវនាវឱ្យបណ្តាក្រុមហ៊ុន សហគ្រាស និងហាងលក់ចែកចាយទាំងអស់ ដែលកំពុងនាំចូល ផ្គត់ផ្គង់ ឬចែកចាយផលិតផលទាំងនេះ បញ្ឈប់សកម្មភាពខុសច្បាប់ជាបន្ទាន់ និងត្រូវដាក់ពាក្យស្នើសុំវិញ្ញាបនបត្រ QA និង TA ក្នុងរយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះ។
និយ័តករទូរគមនាគមន៍កម្ពុជា បានព្រមានថា ក្នុងករណីមិនអនុវត្តតាម អាជ្ញាធរនឹងចាត់វិធានការម៉ឺងម៉ាត់ រួមមានការរឹបអូសផលិតផល ផាកពិន័យ បិទគេហទំព័រផ្សព្វផ្សាយ និងអនុវត្តវិធានការផ្សេងៗស្របតាមច្បាប់។
និយ័តករទូរគមនាគមន៍កម្ពុជាបញ្ជាក់ថា៖ «បណ្តាក្រុមហ៊ុន សហគ្រាស និងហាងលក់ចែកចាយបោះដុំ និង/ឬលក់ចែកចាយបន្ត និងកំពុងធ្វើប្រតិបត្តិការធុរកិច្ចនាំចូល ផ្គត់ផ្គង់ និងចែកចាយគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ដោយស្របច្បាប់ទាំងអស់ ចូលរួមសហការ និងរាយការណ៍អំពីអត្តសញ្ញាណ និងអាសយដ្ឋានរបស់បុគ្គល ក្រុមហ៊ុន សហគ្រាស ឬឃ្លាំងស្តុកគ្រឿងសម្ភារបរិក្ខាររបស់ពាណិជ្ជករ ឬតំណាងលក់ចែកចាយបោះដុំគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ដែលខុសច្បាប់ទាំងអស់មក ន.ទ.ក. តាមរយៈទូរស័ព្ទលេខ ៦៧៨៩ រៀងរាល់ម៉ោងធ្វើការ ឬផ្ញើសារ មកកាន់អីមែល info@trc.gov.kh។»
និយ័តករទូរគមនាគមន៍កម្ពុជា (TRC)បាន ជូនដំណឹងពីការ រឹតបន្តឹងការនាំចូល ផ្គត់ផ្គង់ និងចែកចាយទូរស័ព្ទចល័ត ថេប្លេត និងនាឡិកាឆ្លាតវៃមួយចំនួន ដែលមានពាណិជ្ជសញ្ញារបស់ក្រុមហ៊ុនធំៗ មានឈ្មោះដូចជា Xiaomi, Redmi, POCO, Tecno, Infinix, itel, Nubia, RedMagic, Asus, Nothing, OnePlus, Google Pixel, Blackview, Black Shark និង KOSPET ជាដើម។
ក្រោយសេចក្តីជូនដំណឹងរបស់និយ័តករទូរគមនាគមន៍កម្ពុជា ប្រជាកាសែតបានព្យាយាមទាក់ទងទៅកាន់គណនីហ្វេសប៊ុករបស់ក្រុមហ៊ុនមួយចំនួន ដូចជា Xiaomi Cambodia, Infinix Mobile, itel និង Nubia Cambodia ជាដើម ដើម្បីស្នើសុំការឆ្លើយតបពាក់ព័ន្ធនឹងការអនុវត្តតាមបទប្បញ្ញត្តិរបស់និយ័តករទូរគមនាគមន៍កម្ពុជាប៉ុន្តែមិនទាន់មានចម្លើយលម្អិត។
គណនីហ្វេសប៊ុក Nubia Cambodia បានឆ្លើយតបប្រជាកាសែតថា៖«សួស្ដីបងចាសបងសម្រាប់ការងារនេះ(ដំណឹងនិយ័តករទូរគមនាគមន៍) ខាងថ្នាក់លើគាត់បានដឹងហើយ។អរគុណច្រើនបង»។
តំណាងចែកចាយបន្ត និងជាម្ចាស់ហាងលក់ទូរស័ព្ទមួយនៅខេត្តក្រចេះ អ្នកស្រី ហឹម ស៊ានឡេង បានប្រាប់ប្រជាកាសែតថា ពិបាកទទួលយកចំពោះសេចក្តីជូនដំណឹងរបស់និយ័តករទូរគមនាគមន៍កម្ពុជា (TRC) ពាក់ព័ន្ធនឹងការរឹតបន្តឹងការនាំចូល និងចែកចាយទូរស័ព្ទខុសច្បាប់ ដោយខ្លួនគ្រាន់តែជាអ្នកលក់រាយតូចតាច និងបានលក់ផលិតផលទាំងនេះអស់រយៈពេលជាង១០ឆ្នាំមកហើយ។
អ្នកស្រីលើកឡើថា៖ «ខ្ញុំរាងពិបាកទទួលយកដែល ទី១គួរតែ(ចាត់ការ)ខាងក្រុមហ៊ុនបានត្រូវ ពេលដែលដល់មានបញ្ហាអីបែបជាមកចង់ចាប់ហាងលក់អីចឹងវាពិបាកទទួលយកដែរ យើងទិញពីក្រុមហ៊ុនដែរនឹង។ ខ្ញុំគិតថាត្រង់នឹង ក្រុមហ៊ុនគួរតែដោះស្រាយ ឲ្យយើងព្រោះយើង។ យើងទទួលយកមកលក់ សមតែក្រុមហ៊ុននឹងជាអ្នកបង់ពន្ធអីត្រឹមត្រូវ»។
អ្នកស្រីបានបញ្ជាក់ថា មុននឹងទទួលយកផលិតផលមកលក់បានសួរទៅក្រុមហ៊ុនអំពីការចុះបញ្ជី និងភាពស្របច្បាប់ ហើយក្រុមហ៊ុនបានអះអាងថា មិនមានបញ្ហាអ្វីនោះទេអាចលក់បន្តបាន។
អ្នកស្រីប្រាប់ថា ៖«ហើយថ្មីនឹង បន្ទាប់ឃើញសេចក្តីប្រកាសមួយនឹង ក៏សួរទៅកាន់ក្រុមហ៊ុនដែលថាចុះបញ្ហាដែល និយ័តករគាត់ផុសគិតម៉េច ហាងក្រុមហ៊ុនគេថាអត់បញ្ហាទេគេកំពុងតែដោះស្រាយអីហើយ យើងដឹងតែលក់ទៅអត់បញ្ហាទាក់ទងនឹងយើងទេ»។
ជាមួយគ្នានេះ អ្នកស្រីក៏បានស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធផ្តល់ការណែនាំឱ្យច្បាស់លាស់អំពីនីតិវិធីចុះបញ្ជី និងជួយដោះស្រាយបញ្ហាដល់អាជីវករតូចៗ ដើម្បីឱ្យអាចបន្តលក់ដូរបានដោយស្របច្បាប់។
អ្នកស្រីថ្លែងថា៖«បើគិតថារឿងចុះបញ្ជីនឹង គិតថាចុះទៅមានអីទេ ប៉ុន្តែសំខាន់គឺមកជួបផ្ទាល់ទៅណែនាំចុះបញ្ជីម៉េចស្អីម៉េចចឹងទៅណា»។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP) លោក យង់ គិមអេង បានប្រាប់អ្នកសារព័ត៌មានថា លោកគាំទ្រចំពោះវិធានការរបស់ TRC ប៉ុន្តែការអនុវត្តគួរតែធ្វើឡើងឱ្យបានលឿន និងមានតម្លាភាពជាងនេះ។
លោកបន្តថា វិធានការនេះក៏អាចជួយការពារសិទ្ធិ និងសុវត្ថិភាពអ្នកប្រើប្រាស់ ព្រោះប្រជាពលរដ្ឋមិនអាចដឹងបានថា ផលិតផលទាំងនោះមានគុណភាព ឬអាចប៉ះពាល់ដល់សិទ្ធិឯកជនយ៉ាងណានោះទេ។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត គិន ភា បានលើកឡើងថា ការរឹតបន្តឹងរបស់ TRC មិនមែនជារឿងខុសទេ ប៉ុន្តែអ្វីដែលធ្វើឱ្យសាធារណជនភ្ញាក់ផ្អើល គឺផលិតផលទាំងនេះមានវត្តមាននៅលើទីផ្សារកម្ពុជាយូរឆ្នាំមកហើយ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំយល់ថាចំណុចសំខាន់ដែរ ប្រសិនបើការមានវិធានការរហូតដល់ដកហូត បរិក្ខារអេឡិចត្រូនិកទាំងអស់ហ្នឹងពីអ្នកលក់ដូរ អ្នកលក់រាយអី អាហ្នឹងគឺថាវាបង្កជាហានិភ័យដែរ ជួនកាលអ្នកលក់រាយមួយចំនួនហ្នឹង គាត់យកបន្តពីក្រុមហ៊ុនធំៗនៃការទូទាត់លុយគេរួចស្រេចទៅហើយ»។
លោកលើកឡើងថា បើមានទំនិញគេចពន្ធចូលប្រទេស អាជ្ញាធរគួរតែស៊ើបអង្កេតអ្នកពាក់ព័ន្ធ និងប្រព័ន្ធនាំចូល ជាពិសេសមន្ត្រីគយ ដោយមិនគួរចាប់តែអ្នកលក់រាយ ឬអ្នកប្រើប្រាស់ចុងក្រោយនោះទេ។
ចំណែកឯទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន បានលើកឡើងថា ការនាំចូលទំនិញគួរតែមានច្បាប់ និងបទប្បញ្ញត្តិច្បាស់លាស់តាំងពីដើម មិនគួរទុកឱ្យមានការលក់ចែកចាយយូរឆ្នាំហើយ ទើបចាប់ផ្តើមរឹតបន្តឹងនោះទេ។
លោកមានប្រសាសន៍ថា៖ «ជាធម្មតាអ្វីៗ ត្រូវតែមានច្បាប់ទម្លាប់ក្នុងការនាំចូល ថាតើរបស់ណាត្រូវឲ្យនាំចូល និងមិនត្រូវឲ្យនាំចូលអាហ្នឹងជាគោលការណ៍របស់រដ្ឋផងដែរ ប៉ុន្តែកន្លងមកមិនបានធ្វើការណែនាំទើបឥលូវទើបតែនឹកឃើញ »។
លោកបន្តថា បញ្ហានេះមិនគួរដាក់បន្ទុកទៅលើអាជីវករ ឬអ្នកលក់តូចៗតែម្នាក់ឯងនោះទេ ព្រោះការគ្រប់គ្រង និងការត្រួតពិនិត្យគឺជាតួនាទីរបស់រដ្ឋ។
រីឯអ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ បានលើកឡើងថា និយ័តករទូរគមនាគមន៍កម្ពុជា (TRC) គួរពង្រឹងវិធានការគ្រប់គ្រងទីផ្សារទូរគមនាគមន៍ឱ្យមានសណ្តាប់ធ្នាប់ និងតម្លាភាព ដើម្បីការពារអ្នកប្រើប្រាស់ពីផលិតផលគ្មានគុណភាព និងទប់ស្កាត់ការនាំចូលទំនិញគេចពន្ធ។
លោកបានបញ្ជាក់ថា អាជ្ញាធរគួរបង្ហាញបញ្ជីម៉ាក ឬម៉ូដែលទូរស័ព្ទដែលស្របច្បាប់ជាសាធារណៈ ព្រមទាំងបង្កើតប្រព័ន្ធអនឡាញ ឬ QR Code សម្រាប់ឱ្យប្រជាពលរដ្ឋអាចពិនិត្យភាពស្របច្បាប់នៃផលិតផលបានដោយងាយស្រួល។
លោកលើកឡើងថា៖«ដូច្នេះហើយនិយ័តករទូរគមនាគមន៍កម្ពុជាគួរតែធ្វើកិច្ចការនេះដោយយកចិត្តទុកដាក់ហើយក៏គួរតែឆ្លើយបំភ្លឺឲ្យបានច្បាស់លាស់អំពីបញ្ហានៃការនាំចូលការលក់គ្មានការអនុញ្ញាត»។
លោកក៏បានស្នើឱ្យរដ្ឋផ្តោតលើការអប់រំ និងណែនាំអាជីវករតូចៗជាមុន មុននឹងអនុវត្តការផាកពិន័យដោយការអនុវត្តច្បាប់គួរតែមានភាពស្មើគ្នា។
លោកបន្តថា៖ «ហើយក្រៅពីនោះ ស្ថាប័នរដ្ឋគួរតែសហការជាមួយនឹងភាគីដែលពាក់ព័ន្ធផ្សេងៗទៀតដូចជាគយ ពន្ធដារ ក្រសួងពាណិជ្ជកម្ម ហើយនិងក្រុមហ៊ុនផ្លូវការដើម្បីរកវិធានច្បាស់លាស់ដើម្បីទប់ស្កាត់បញ្ហាទាំងអស់ហ្នឹង ហើយជាពិសេស គឺត្រូវធ្វើការជាមួយនឹងអាជីវករដោយផ្តល់សិទ្ធិ និងលើកទឹកចិត្តឲ្យពួកគាត់ចុះបញ្ជី»។
លោកបន្តថា៖«អនុវត្តវាដោយតម្លាភាព ស្មើភាពគ្នា ហើយនិងមានការឆ្លើយបំភ្លឺ ហើយដែលការផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយទៅវិញទៅមកគ្រប់ពេលវេលាគ្រប់ស្ថានភាព គឺជាវិធីសាស្ត្រនៅក្នុងការធ្វើកំណែទម្រង់ និងជួយទៅដល់អាជីវករទាំងតូចទាំងធំ អាចរកប្រាក់ចំណូល ហើយនិងអាចចៀសផុតពីហានិភ័យបាននៅក្នុងពេលបច្ចុប្បន្ន បន្តទៅអនាគត»៕







