អាជ្ញាធខេត្តនីមួយៗបង្ហាញការប្ដេជ្ញាចិត្តចូលរួមបង្រ្កាបបទល្មើសបច្ចេកវិទ្យា ដោយបញ្ជាបន្តទៅ នគរបាល និងកងរាជអាវុធហត្ថសហការស្វែងរកទីតាំងឧក្រិដ្ឋកម្មអនឡាញ និងបង្រ្កាបលើជនបរទេសដែលលួចប្រព្រឹត្តបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា បន្ទាប់ពីមានការអំពាវនាវពីប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន និងចាត់វិធានការលើមន្ត្រីដែលអសកម្ម និងឃុបឃិតគ្នាជាមួយជនល្មើស។
ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរអង្គភាពនានា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន មានប្រសាសន៍ថា ការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគឺនៅតែជាកិច្ចការចាំបាច់ដែលអាជ្ញាធរខេត្តនីមួយៗត្រូវតែរឹតបន្តឹង។ លោកបន្តថា ក្នុងករណីដែលមន្ត្រីណាដែលពាក់ព័ន្ធនឹងការឃុបឃិតគ្នានចូលរួមប្រព្រឹត្តបទល្មើសបច្ចេកវិទ្យានេះ លោកស្នើឱ្យុមានការដកតំណែងមន្ត្រីទាំងនោះ និងនឹងត្រូវចោទប្រកាន់តាមផ្លូវតុលាការ ហើយត្រូវវបង្កកទ្រព្យសម្បត្តិផងដែរ ។
លោកថ្លែងថា៖ «ការបង្ក្រាបនឹងការឆបោកត្រូវដើរទន្ទឹមនឹងការបង្រ្កាបមន្ត្រីពាក់ព័ន្ធ នឹងដកចោលមន្ត្រីដែលធ្វើសកម្មភា។ អ្នកមិនអាចទទួលជោគជ័យបានទេ បើអ្នកគ្រាន់តែទៅវាយពួកអនឡាញ ពួកស្គែមនោះ មិនដើរទន្ទឹមនឹងអ្នកពាក់ព័ន្ធ និងអ្នកដែលមិនចង់ធ្វើ»។
លោកថ្លែងបន្ថែមថា៖ «ឥឡូវចំណោទដែលយើងត្រូវចោទសួរ តើអ្នកដែលចូលមកប្រទេសរបស់យើងអត់មានលិខិតឆ្លងដែននេះ វាមកតាមណាពិតប្រាកដ។ បញ្ហាជាសំនួរត្រូវតែមានចម្លើយ។ កម្ពុជាអត់មានជើងហោះហើរភ្ជាប់ពីប្រទេសក្រៅ ពីចម្ងាយឆ្ងាយទេ។ យើងគឺជាជនរងគ្រោះពិតប្រាកដ ដាក់ចេញជាសំនួរ ហើយត្រូវរកចម្លើយឱ្យឃើញ ថាតើគេចូលមកប្រទេសយើងដោយគ្មានលិខិតស្នាមចូលតាមប្រទេសណា»។
ទន្ទឹមនឹងនេះ អភិបាលខេត្តរតនគិរីលោក ញ៉ែម សំអឿន អំពាវនាវឱ្យម្ចាស់ទីតាំង ផ្ទះជួល សណ្ឋាគារ ផ្ទះសំណាក់ និងម្ចាស់ទីតាំងអាជីវកម្ម បង្កើនការប្រុងប្រយ័ត្នមុនជួលទីតាំងឱ្យជនបរទេស ដែលអាចលួចលាក់ស្នាក់នៅ និងប្រើប្រាស់ទីតាំងជួលដើម្បីប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា នៅតាមមូលដ្ឋានក្រុង ស្រុកទាំង៩។
ចៅហ្វាយខេត្តប៉ៃលិនក៏បានអ្នកស្រីបាន ស្រីមុំ ក៏បានបញ្ជាឱ្យមន្ត្រីពាក់ព័ន្ធបង្ក្រាបឧក្រិដ្ឋកម្មអនឡាញដែរ។
ចំណែក ស្នងការនគរបាលខេត្តកំពត ក៏អំពាវនាវឱ្យម្ចាស់ផ្ទះជួល រីសត និងសណ្ឋាគារត្រួតពិនិត្យទីតាំងជួលឱ្យជនបរទេស ដោយត្រួតពិនិត្យលិខិតឆ្លងដែនផងដែរ។ ក្នុងនោះម្ចាស់ផ្ទះជួល អាគារ និងរីសតណាដែលជួលឱ្យបរទេសដោយគ្មានលិខិតឆ្លងដែននឹងត្រូវពិន័យជាប្រាក់ ៤លានរៀល សម្រាប់ការជួលឱ្យជនបរទេសម្នាក់។ ជាលទ្ធផល កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ស្នងការនគរបាលខេត្តកំពត បានរកឃើញផ្ទះជួលមួយកន្លែងនៅភូមិក្រាំង ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត ដែលជួលអោយជនបរទេសស្នាក់នៅដោយគ្មានលិខិតឆ្លងដែនចំនួន ០៦ នាក់។ ការណ៍នេះម្ចាស់ផ្ទះជួលរងពិន័យ ៤ លានរៀលក្នុងមួយនាក់ សរុប ០៦ នាក់ស្មើនិង ២៤ លានរៀល ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ឃើញថាការបង្ក្រាបបទល្មើសបច្ចេកវិទ្យា ដែលមានទាំងការស្វែងរកឬសគុលនៃមន្ត្រី ឬបុគ្គលពាក់ព័ន្ធចូលរួមប្រព្រឹត្តគឺជាវិធានការមួយដ៏មានប្រសិទ្ធភាពបន្ថែមទៀតសម្រាប់កម្ពុជាក្នុងការបោសសម្អាតបទល្មើសនេះ។ លោកថា អ្នកអនុវត្តច្បាប់ ដែលបណ្ដោយឱ្យមានជនប្រព្រឹត្តបទល្មើសលួចធ្វើសកម្មភាព គួតែទទួលខុសត្រូវចំពោះមុខច្បាប់ដូចគ្នា។
លោកថា៖ «ខ្ញុំមើលឃើញថាក្រោយពីសម្ដេចប្រធានសភាមានការអំពាវនាវ ហើយនឹងសុំឱ្យចាត់វិធានការទៅលើមន្ត្រីដែលពាក់ព័ន្ធដូច្នេះ វាជាជំហានវិជ្ជមានបន្ថែមទៀតសម្រាប់ការបង្ក្រាបទៅលើការឆបោកតាមប្រព័ន្ធអនឡាញ ពីព្រោះការបង្ក្រាបទៅលើការឆបោកតាមប្រព័ន្ធអនឡាញនេះក្រៅតែពីការបង្ក្រាបទៅលើអ្នកដែលឆបោក ឬក៏អ្នកដែលពាក់ព័ន្ធ ដើរទន្ទឹមគ្នាត្រូវតែបង្រ្កាប និងអនុវត្តទៅលើមន្ត្រីដែលអនុវត្តក្នុងការបង្រ្កាបហ្នឹងដែរ។ បើសិនជាមានការពាក់ព័ន្ធ អាហ្នឹងត្រូវតែអនុវត្តតាមផ្លូវច្បាប់ដូចគ្នា»។
លោកបន្ថែមថា៖ «អាជ្ញាធរថ្នាក់ក្រោមជាតិត្រូវតែរួតរះនៅក្នុងការអនុវត្តនៅក្នុងការបង្រ្កាបបញ្ហាការឆបោកតាមប្រព័ន្ធអនឡាញព្រោះតាមការអំពាវនាវឬក៏បទបញ្ជារបស់រាជរដ្ឋាភិបាលអ្នកដែលមិនអនុវត្តក៏ត្រូវទទួលទណ្ឌកម្ម ឬជាប់ពាក់ព័ន្ធអាចត្រូវទទួលទោស ហើយអ្នកដែលមិនសហការក៏ត្រូវតែអនុវត្ត»។
លោកបន្ថែមថា ក្នុងការបង្រ្កាបទល្មើសបច្ចេកវិទ្យា ជនបរទេសដែលចេញពីទីតាំងប្រព្រឹត្តបទល្មើស នៅតែឆ្លៀតប្រមូលផ្ដុំតាមអាគារតូចៗ និងទីតាំងផ្សេងៗទៀត ដើម្បីធ្វើសកម្មភាណ។ ការណ៍នេះលោក ថាអាជ្ញាធរថ្នាក់ក្រោមជាតិត្រូវតែចាត់វិធានក្នុងការត្រួតពិនិត្យទីតាំងដែលមានជនបរទេសរស់នៅ។
លោកថា៖ «យើងដឹងហើយថានៅពេលដែលបង្ក្រាបតាមប្រព័ន្ធអនឡាញ អីចឹងយើងឃើញថាជនបរទេសជាច្រើនបានបំបែកគ្នាពីកន្លែងស្នាក់នៅប្រមូលផ្ដុំដោយអាគារធំៗទៅជាកន្លែងតូចៗ ហើយនៅកន្លែងតូចៗក៏នៅតែប្រព្រឹត្តបទល្មើសហ្នឹងដែរ អីចឹងត្រូវតែចាត់វិធានការក្នុងការគ្រប់គ្រងទៅលើជនបរទេសហ្នឹងឱ្យបានពេញលេញ»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ កាលពីពេលថ្មីៗនេះ លោកធ្លាប់អះអាងប្រាប់ប្រជាកាសែតថា រដ្ឋាភិបាលនៅតែបន្តត្រួតពិនិត្យទីតាំងប្រមូលផ្ដុំនៅតាមសំណង់អាគារផ្សេងៗ និងត្រួតពិនិត្យភាពស្របច្បាប់នៃអាជីវកម្មពួកគេ។
អគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ និងជាសមាជិកព្រឹទ្ធសភា លោក គង់ ម៉ូនីកា គាំទ្រចំពោះចំណាត់ការរបស់រដ្ឋាភិបាលក្នុងការចាត់វិធានការលើអ្នកពាក់ព័ន្ធប្រព្រឹត្តបទល្មើសបច្ចេកវិទ្យានេះ។ តែយ៉ាងណា លោកថារដ្ឋាភិបាលត្រូវមានចំណាត់ការយ៉ាងតឹងរឹង ជាពិសេសចំពោះអាជ្ញាធរ ឬអ្នកមានអំណាចដែលអាចអនុញ្ញាតិឱ្យជនបរទេសធ្វើសកម្មភាពបាន។
លោកថា៖ «យើងខ្ញុំគាំទ្រនូវចំណាត់ការដ៏រឹងមាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាអំណះអំណាងដូចដែលបានគូសបញ្ជាក់ពីប្រធានព្រឹទ្ធសភាថ្មីៗនេះ ប៉ុន្តែយើងនៅជម្រុញលើកទឹកចិត្តឱ្យរាជរដ្ឋាភិបាលអនុវត្តនូវចំណាត់ការនេះឱ្យបានជាប់លាប់ឱ្យបានតឹងតែងបំផុតចំពោះបុគ្គលឬជនទាំងឡាយណាដែលពាក់ព័ន្ធ ជាពិសេសអ្នកមានអំណាចនៅមូលដ្ឋាន នៅខេត្ត នៅរាជធានី និងអ្នកពាក់ព័ន្ធដទៃទៀតដែលប្រើប្រាស់អំណាចការពារជនប្រព្រឹត្តបទល្មើស»។
ចំណែក ស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន ស្វាគមន៍ចំពោះចំណាត់ការរបស់រដ្ឋាភិបាលក្នុងការប្ដេជ្ញាចិត្តបង្រ្កាបបទល្មើសអនឡាញ ព្រោះលោកមើលឃើញថាបទល្មើសអនឡាញបានបំផ្លាញមុខមាត់កម្ពុជាជាច្រើនឆ្នាំមកហើយ។ លោកបន្តការបង្រ្កាបបទល្មើសទាំងអស់នេះត្រូវតែធ្វើដោយហ្មត់ចត់ ដោយយកចិត្តទុកដាក់ និងមិនលើកលែងចំពោះបក្សពួកនិយម ឬអ្នកមានអំណាចណាដែលជាប់ពាក់ព័ន្ធឡើយ។
លោកថា៖ «ខ្ញុំស្វាគមន៍ហើយលើកទឹកចិត្តចំពោះប្រឹងប្រែង ការកំចាត់បទល្មើសអនឡាញនេះណា ពីព្រោះថាបទល្មើសអនឡាញនេះវាប៉ះពាល់ដល់មុខមាត់កម្ពុជាខ្លាំងណាស់ប៉ុន្មានឆ្នាំកន្លងមកហើយ។ យើងឃើញមានការលើកឡើងរិះគន់ក្ដីមានរបាយការណ៍ពីអង្គការអន្តរជាតិនានា»។
លោកបន្ថែមថា៖ «ការអនុវត្តវិធានការនេះ ខ្ញុំគិតថាត្រូវតែធ្វើដោយតម្លាភាព ហើយអនុវត្តដោយឈរលើគោលការណ៍ច្បាប់ ហើយត្រូវតែហ្មត់ចត់មែនទែន ហើយធ្វើដោយមិនមានការលើកលែងចំពោះក្រុម ចំពោះខ្សែរយៈអីទេ។ អាហ្នឹងទើបមានប្រសិទ្ធភាព»។
កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ព្រឹទ្ធសភាកម្ពុជា បានអនុម័តលើសេចក្ដីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈរដ្ឋាភិបាលក៏បានចេញអនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខ និងសុវត្ថិភាពតាមទីតាំងស្នាក់នៅប្រមូលផ្ដុំ ដើម្បីរឹតបន្តឹងការរស់នៅរបស់ជនបរទេស និងការជួលអាគារឱ្យពួកគេស្នាក់នៅដើម្បីបង្ការអំពើរៀបចំ និងដឹកនាំទីកន្លែងឆបោកតាមបច្ចេកវិទ្យាដែលមានលក្ខណៈប្រមូលម្ដុំជាទម្រង់មជ្ឈមណ្ឌល។
កាលពីពាក់កណ្ដាលខែមេសា ឆ្នាំ២០២៦ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា ក្នុងរយៈពេលប្រមាណ៩ខែ សមត្ថកិច្ចក្រសួងមហាផ្ទៃបានបង្ក្រាបបទល្មើស Online Scam ជាង ២៥០ករណី បោសសម្អាតទីតាំងកាស៊ីណូជិត ១០០កន្លែង និងចាប់ខ្លួនជនសង្ស័យជាង ១,០០០នាក់។ របាយការណ៍ដដែលបញ្ជាក់ថា ជនបរទេសជាង ១០,០០០នាក់ ត្រូវបានបណ្ដេញចេញ ខណៈជាង ២៤,០០០នាក់ទៀត ស្ម័គ្រចិត្តចាកចេញកម្ពុជា៕







