អាជ្ញាធរភ្នំពេញបញ្ជាឱ្យម្ចាស់ភូមិគ្រឹះឈ្មោះ ឈុន លីម រុះរើសំណង់ ដែលសង់រំលោភចូលច្រាំងទន្លេ

សង្គម

(ប្លង់ផ្ទះមើលពីអាកាស រូបភាពពីទំព័រហ្វេសប៊ុកអភិបាលរងរាជធានីភ្នពេញលោក ឃ្លាំង ហួត។

សាលារាជធានីភ្នំពេញ បានចេញបញ្ជាឱ្យលោក ឈុន លីម ដែលជាម្ចាស់អគារភូមិគ្រឹះ ឱ្យរុះរើសំណង់ដែលសង់រំលោភចូលច្រាំងទន្លេ នៅខណ្ឌជ្រោយចង្វារ ចេញជាបន្ទាន់។ នេះបើតាមលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញដែលចុះហត្ថលេខាដោយអភិបាលរងរាជធានីភ្នំពេញលោក ឃ្លាំង ហួត ផ្ញើទៅកាន់អភិបាលខណ្ឌជ្រោយចង្វារ ចុះនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ប៉ុន្តែទើបត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។

លិខិតរដ្ឋបាលរាជធានីភ្នំពេញ ឱ្យដឹងថា លោក ឈុន លីម បានសាងសង់ភូមិគ្រឹះ ដោយគ្មានលិខិតអនុញ្ញាត លើទីតាំងស្ថិតនៅភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ និងបានសាងសង់រំលោភលើដីច្រាំង និងក្នុងផ្ទៃទន្លេ នៃទន្លេមេគង្គ។

រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធរខណ្ឌជ្រោយចង្វារ អនុវត្តបទបញ្ជានេះ ដោយកំណត់ឱសានវាទឱ្យម្ចាស់សំណង់ រុះរើសំណង់ ដែលបានសាងសង់រំលោភលើដីច្រាំងទន្លេ និងសំណង់ក្នុងផ្ទៃទន្លេ ឱ្យបានច្បាស់លាស់ ព្រមទាំងឱ្យរដ្ឋបាលខណ្ឌជ្រោយចង្វារ តាមដានការអនុវត្តរបស់ម្ចាស់សំណង់ ចំពោះការអនុវត្តសេចក្តីណែនាំរបស់រដ្ឋបាលខណ្ឌ និងរាយការណ៍ ពីលទ្ធផលមករដ្ឋបាលរាជធានីភ្នំពេញវិញ។

ពាក់ព័ន្ធនឹងរឿងនេះ អភិបាលរងរាជធានីភ្នំពេញលោក ឃ្លាំង ហួត បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនកាលពីថ្ងៃទី១៩ ខែឧសភាថា៖ «ខ្ញុំមិនដឹងថា លោក [ឈុន លីម]បានទទួលការណែនាំពីរដ្ឋបាលខណ្ឌជ្រោយចង្វារហើយឬនៅនោះទេ? ក៏ប៉ុន្តែបច្ចុប្បន្នក្រុមការងារសំណង់រាជធានីភ្នំពេញ ពិនិត្យឃើញថា លោកមិនត្រឹមតែមិនព្រមរុះរើសំណង់ទេ តែថែមទាំងបានបន្តសកម្មភាពសាងសង់សំណង់នេះបន្ថែមទៀតផង»។

ទោះជាយ៉ាងណា លោក ឃ្លាំង ហួត សង្ឃឹមថាម្ចាស់ភូមិគ្រឹះនឹងគោរព និងអនុវត្តតាម រួចរុះរើសំណង់ចេញជាបន្ទាន់ ហើយត្រូវអនុវត្តឱ្យបាននូវច្បាប់ស្តីពីសំណង់ និងច្បាប់ស្ដីពីការគ្រប់គ្រងច្រាំងទន្លេ និងទន្លេជាធរមាន។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ អ្នកស្រី ដោ សម្ផស្ស ប្រាប់ប្រជាកាសែត នៅថ្ងៃទី២១ ឧសភានេះយ៉ាងខ្លីថា អ្នកស្រីពុំមានអ្វីត្រូវបកស្រាយលើបញ្ហានេះនោះទេ។

រីឯបុគ្គលឈ្មោះ ឈុន លីម ដែលសាលារាជធានីភ្នំពេញអះអាងថាជាម្ចាស់ភូមិគ្រឹះសង់រំលោភចូលដីច្រាំង និងផ្ទៃទឹកទន្លេនោះ ប្រជាកាសែតនៅមិនទាន់អាចស្វែងរកប្រភពទាក់ទងដើម្បីសុំការបំភ្លឺពីបញ្ហានេះបាននៅឡើយ។ 

ចំណែកអាជ្ញាធរខណ្ឌជ្រោយចង្វារក៏ប្រជាកាសែតមិនទាន់អាចសុំការឆ្លើយតបបាននៅឡើយដែរគិតត្រឹមពេលអត្ថបទនេះចេញផ្សាយ។ 

ជំពូកទី៣ មាត្រា៨ នៃអនុក្រឹត្យស្តីពីការគ្រប់គ្រងអាងទន្លេ ឆ្នាំ២០១៥ កំណត់ថា ដីចំណីមាត់ច្រាំង និងឆ្នេរនៃទន្លេចម្ងាយ ៥០ម៉ែត្រ គិតពីមាត់ច្រាំងទន្លេ និងដីចំណីមាត់ច្រាំង ឆ្នេរ និងពាមសមុទ្រ នៅតំបន់រាជធានី ឬក្រុងនៃខេត្ត ឬទីប្រជុំជន និងតំបន់អភិវឌ្ឍ តំបន់ទាំងនេះជាសម្បត្តិសាធារណៈរបស់រដ្ឋ។ បែបនេះក្តី ករណីសាងសង់សំណង់ ឬចាក់ដី ឬថ្មរំលោភចូលដីច្រាំង ឬឆ្នេរនៃទន្លេបានកើតឡើងជាញឹកញាប់នាពេលកន្លងទៅ បើទោះជាអាជ្ញាធរបានចាត់វិធានការទប់ស្កាត់ និងពេលខ្លះព្រមានចាត់វិធានការច្បាប់ក្តី។ 

ប្រធានកម្មវិធីនៃសមាគមធាងត្នោត លោក ស៊ាង មួយឡៃ សាទរចំពោះការអនុវត្តច្បាប់ទៅលើបុគ្គលដែលរំលោភបំពានច្បាប់។ លោកបញ្ជាក់ថា បុគ្គលដែលមានទ្រព្យសម្បត្តិ និងមានលទ្ធភាព អាចរហូតដល់សាងសង់អគារភូមិគ្រឹះបែបនេះ គួរយល់ដឹងអំពីច្បាប់។ ប៉ុន្តែលោកក៏បង្ហាញមន្ទិលចំពោះករណីនេះដែរ នៅពេលម្ចាស់ភូមិគ្រឹះអាចសាងសង់អគារធំស្កឹមស្កៃលេចចេញជារូបរាងបាន ប្រសិនបើគ្មានលិខិតអនុញ្ញាតឱ្យសាងសង់ទេនោះ។

លោក ស៊ាង មួយឡៃ៖ «ពាក់ព័ន្ធនឹងករណីហ្នឹង ជារឿងធម្មតាទេ មិនមានអីប្លែកដែរ។ ធម្មតាសំណង់ដែលគេសាងសង់ឡើង ជាពិសេសសំណង់រឹងមាំបែបហ្នឹង ដើម្បីអាចសាងសង់បាន វាទាល់តែមានច្បាប់សាងសង់។ គ្រាន់តែថាកន្លងមក វាមានសំណង់ខ្លះ មិនមានច្បាប់។ វាអាស្រ័យលើការអនុវត្តរបស់អាជ្ញាធរ មានការឆកល្វែងចឹងទៅ ឬក៏មានការគប់គិត ណាមួយនៅក្នុងការសាងសង់ ដែលខុសច្បាប់។ ប៉ុន្តែយើងអត់លើកទឹកចិត្តទេ ហើយយើងក៏គិតថាហ្នឹងវាជារឿងមិនល្អ ហើយមិនត្រឹមត្រូវទៅតាមច្បាប់ដែរ»៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2721}" data-page="1" data-max-pages="1" data-start="1" data-end="1">