ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនប្រកាសថា រាជរដ្ឋាភិបាលសាងសង់ផ្លូវក្រវាត់ព្រំដែននៅខេត្តមណ្ឌលគិរី និងរតនគិរីសម្រេចបានជាង២៥០គីឡូម៉ែត្រលើប្រវែងសរុបដែលគ្រោងសាងសង់ប្រវែងជាង២៦៤គីឡូម៉ែត។ សមិទ្ធផលនេះបានន័យថា អាជ្ញាធរបានសាងសង់សរុបជាង៩៥ភាគរយហើយ គិតពីខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦។
សេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ របស់ ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនបានបញ្ជាក់ថា ការកសាងផ្លូវក្រវាត់ព្រំដែន សម្រេចបានប្រមាណ ៩៥,៩២ ភាគរយនៃផែនការរួមដែលបានគ្រោងទុក ក្រោយសាងសង់បាន ១៧ខែ។ ក្នុងនោះ ការកសាងផ្លូវក្រវាត់ព្រំដែននៅខេត្តមណ្ឌលគិរី សម្រេចបានទាំងស្រុង ខណៈនៅខេត្តរតនគិរី សាងសង់បាន ៩១,៤៨ភាគរយនៃផែនការគ្រោង។
សេចក្តីប្រកាសព័ត៌មានបន្តថា៖ «ក្នុងដំណើរការកសាងផ្លូវព្រំដែននៅក្នុងរយៈពេលប្រមាណ ១៧ ខែ កន្លងមកនេះ ក្រុមការងារចំពោះកិច្ច ក.គ.ម បានឈូសព្រៃទទឹង ៥ ម៉ែត្រ លើដីជាក់ស្តែង បានប្រវែង ២៦៤,៤០ គីឡូម៉ែត្រ សម្រាប់រកផ្លូវខ្សែ ដំបូង។ ឈូសផ្លូវទទឹង ២០ ម៉ែត្រ បានប្រវែង ២៥៤,៩០ គីឡូម៉ែត្រ សម្រាប់រកអ័ក្សផ្លូវ លុបជ្រលង បន្ទាប ចំណោតភ្នំ ចិតជញ្ជាំងភ្នំ និងជីកប្រឡាយបង្ហូរទឹកភ្លៀង កសាងតួផ្លូវ សម្រេចបានប្រវែង ២៥២,៩០ គីឡូម៉ែត និងចាក់ក្រាលល្បាយកម្ទេចថ្មកិនបង្ហាប់បានប្រវែង ២៤២,៩ គីឡូម៉ែត្រ»។
អ្នកនាំពាក្យរដ្ឋបាលខេត្តមណ្ឌលគិរី លោក នាង វណ្ណៈ ថាផ្លូវក្រវាត់ព្រំដែននេះគឺតភ្ជាប់ពីខេត្តក្រចេះ និងកាត់តាមឃុំស្រុកមួយចំនួននៃខេត្តមណ្ឌលគិរីដូចជា ឃុំដាក់ដាំ ឃុំសែនមនោរម្យ នៃស្រុកអូររាំង សង្កាត់សុខដុម នៃក្រុងសែនមនោរម្យជាដើម។ លោកថាផ្លូវនេះនឹងផ្ដល់នូវប្រយោជន៍ ជាច្រើន ដល់ ពលរដ្ឋក្នុងតំបន់ ព្រមទាំងបង្កភាពងាយស្រួលដល់កងកម្លាំងការពារបូរណភាពទឹកដីកម្ពុជាផង។
លោកថា៖ «យើងបានផ្លូវក្រវាត់ព្រំដែនល្អ ស្អាត រឹងមាំ គត់មុត គឺយើងអាចការពារបូរណភាពទឹកដីរបស់យើង ងាយស្រួលក្នុងការធ្វើដំណើរ ទេសចរទស្សនាកំសាន្ត[…]ដូចជាបងប្អូនប្រជាពលរដ្ឋកសិករយើងដឹកផល្លានុផលព្រៃឈើអីចុះឡើង ផល្លានុផលកសិកម្ម»។
ជុំវិញករណីនេះ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ ថា ការកសាងផ្លូវក្រវាត់ព្រំដែន សម្រេចបានប្រមាណ ៩៥,៩២ ភាគរយនៃផែនការរួមដែលបានគ្រោង ទុក ក្រោយសាងសង់បាន ១៧ខែនេះ គឺវាជាគជ័យកម្រិតខ្ពស់ ព្រមទាំងជាផលតបនឹងការចូលរួមមូលនិធិពីពលរដ្ឋកន្លងមក។
លោកថា៖ «ជាការឆ្លើយតបជាមួយនឹងការរួមចំណែករបស់ប្រជាពលរដ្ឋ មួយចំណុចទាក់ទងនឹង ទឹកចិត្តពលរដ្ឋ តម្រូវការរបស់ពលរដ្ឋ ការចង់បានរបស់ពលរដ្ឋ និងការរួមចំណែករបស់ពួកគេ»។
ជាមួយគ្នានេះ លោក សន ជ័យ ផ្ដល់យោបល់ឱ្យភាគីពាក់ព័ន្ធថា ជាជំហានបន្តគួរមានការផ្សព្វផ្សាយ ពីអត្ថប្រយោជន៍នៃផ្លូវក្រវាត់ព្រំដែននេះឱ្យបានទូលំទូលាយ ដើម្បីទាញបានប្រយោជន៍ពីផ្លូវនេះ។
លោកបន្ថែម៖ «ការបន្តផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានដឹង ជាពិសេសអ្នកដែលមានការចាប់អារម្មណ៍ទៅលើផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចដោយសារផ្លូវ ផលប្រយោជន៍នៃបូរណភាពទឹកដីដោយសារផ្លូវក្រវាត់ព្រំដែនហ្នឹង ខ្ញុំគិតថាដរាបណាពលរដ្ឋទទួលបានព័ត៌មានកាន់តែច្រើន ពួកគេច្បាស់ជាចង់ធ្វើដំណើរទៅមើលបន្ថែមទៀត»។
កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត បានបង្កើតនូវ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដើម្បីកៀរគរថវិកាសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ នានា តាមបណ្ដោយព្រំដែន។ បន្ថែមពីនេះ រដ្ឋាភិបាលក៏ចង់ផ្ដល់ឱកាសដល់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស អាចរួមចំណែកដោយផ្ទាល់ក្នុងកិច្ចការនេះជាមួយរាជរដ្ឋាភិបាល។ ក្រោយបិទការទទួលមូលនិធិនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ រដ្ឋាភិបាលទទួលបានថវិកាប្រមាណជិត២៧លានដុល្លារអាមេរិក៕







