គ្រួសារប្រារព្ធពិធីបុណ្យខួប១ឆ្នាំដល់ព្រឹន្ទបាលឯក សួន រ៉ោន ដែលយោធាថៃបាញ់សម្លាប់

សង្គម

រូបថត៖ ក្រុមគ្រួសារកំពុងរៀបចំពិធីបុណ្យគម្រប់ខួប១ឆ្នាំដល់លោក សួន រ៉ោន នៅភូមិកំ​ពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២៦។ រូបថត៖ ផ្ដល់ឲ្យ

ក្រុមគ្រួសាររបស់ព្រឹន្ទបាលឯក សួន រ៉ោន ដែលបាត់បង់ជីវិតក្នុងការលបបាញ់ពីកងទ័ពថៃ នៅតំបន់មុំបី ខេត្តព្រះវិហារ បានប្រារព្ធពិធីបុណ្យគម្រប់ខួប១ឆ្នាំ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា នៅផ្ទះម្ដាយរបស់លោក ស្ថិតក្នុងភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ គឺជាខួប១ឆ្នាំនៃការបាញ់ប្រហារលើកងកម្លាំងកម្ពុជាដែលឈរជើងនៅតំបន់មុំបី ខេត្តព្រះវិហារ ពីសំណាក់យោធាថៃ។ ហេតុការណ៍នេះត្រូវបានចាត់ទុកថា ជាចំណុចចាប់ផ្តើមនៃភាពតានតឹងរវាងកម្ពុជា និងថៃ ដែលបន្តឈានទៅដល់ការបិទច្រកព្រំដែន និងការផ្ទុះអាវុធចំនួន២លើក បណ្តាលឱ្យមានអ្នកស្លាប់ របួស និងប្រជាពលរដ្ឋភៀសសឹករាប់ម៉ឺននាក់។

ប្អូនប្រុសបង្កើតរបស់លោក សួន រ៉ោន គឺលោក សួន អើង ឱ្យដឹងថា ពិធីបុណ្យនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ត្រូវបានរៀបចំឡើងដោយមាននិមន្តព្រះសង្ឃមកសូត្រមន្ត និងមានចាស់ទុំប្រមាណ២០នាក់ ចូលរួមនៅផ្ទះម្ដាយរបស់លោក សួន រ៉ោន ដែលមានវ័យ៨៥ឆ្នាំ។

លោក សួន អើង និយាយថា លោកនៅតែនឹករលឹកដល់លោក រ៉ោន ជារៀងរាល់ថ្ងៃ ព្រោះធ្លាប់រស់នៅ និងមានអនុស្សាវរីយ៍ជាមួយគ្នាតាំងពីកុមារភាព។

លោកនិយាយថា៖ «នឹករលឹករាល់ថ្ងៃ ដែលបាត់បង់បង។ នឹកឃើញអនុស្សាវរីយធ្លាប់នៅជាមួយបង បងជាមនុស្សគាត់មិនសូវចេះនិយាយច្រើន»។

លោកឱ្យដឹងដែរថា លោក រ៉ោន បានចូលបម្រើកងទ័ពនៅឆ្នាំ២០០៨ អំឡុងពេលមានការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងថៃ។ បន្ទាប់ពីការលបបាញ់ប្រហារកាលពីឆ្នាំមុន មានថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋាភិបាលជាច្រើននាក់ បានចូលរួមរំលែកទុក្ខ និងផ្តល់ប្រាក់ឧបត្ថម្ភដល់ក្រុមគ្រួសារ ខណៈប្រាក់ខែរបស់ព្រឹន្ទបាលរូបនេះ ត្រូវបានប្រគល់ឱ្យម្ដាយជារៀងរាល់ខែផងដែរ។

តាមការបញ្ជាក់របស់លោក សួន អើង លោក រ៉ោន មិនទាន់មានគ្រួសារនៅឡើយទេ និងរស់នៅជាមួយម្ដាយវ័យ៨៥ឆ្នាំ។ គ្រួសាររបស់លោកមានបងប្អូនសរុប១២នាក់ ប៉ុន្តែបច្ចុប្បន្ននៅសល់ត្រឹម៤នាក់ បន្ទាប់ពីការបាត់បង់លោក រ៉ោន។

ក្នុងថ្ងៃខួប១ឆ្នាំនេះដែរ រដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ សីហា ក៏បានបង្ហោះសារលើទំព័ហ្វេសប៊ុករបស់លោក ដោយបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោក រ៉ោន ឱ្យបានដល់ទីស្ងប់សុខ។

ករណីនេះ លោកសង្ឃឹមថា ភាពឈឺចាប់ដោយការបាត់បង់ជីវិតរបស់វីរៈកងទ័ព នឹងបន្តដក់ជាប់ក្នុងដួងចិត្តពលរដ្ឋខ្មែរគ្រប់រូប និងក្រើនរំលឹកដល់ពួកគេឱ្យចេះរូបរួមគ្នាក្នុងការកសាងជាតិឱ្យខ្លាំងក្លា ដើម្បីប្រឆាំងនឹងការឈ្លានពាន។

លោកថ្លែងថា៖ «សូមឱ្យពលីកម្មវីរៈកងទ័ព សួន រ៉ោន បន្តដក់ជាប់ក្នុងដួងចិត្តកូនខ្មែរ និងដាស់ស្មារតីកូនខ្មែរគ្រប់រូបឱ្យប្រឹងប្រែង កាយចិត្ត បញ្ញាស្មារតី និងការប្រឹងប្រែងជាកំពែងការពារជាតិ និងកសាងជាតិឱ្យកាន់តែខ្លាំងក្លា ដើម្បីទប់ទល់មហិច្ឆតាដ៏សែនអាក្រក់ពិស​ពុលនៃកងទ័ពថៃ»។

ចំណែកសមាជិកព្រឹទ្ធសភាកូតាបក្សឆន្ទៈខ្មែរលោក គង់ មុនីកា លើកឡើងថា រាជរដ្ឋាភិបាលគួរតែមានគោលនយោបាយច្បាស់លាស់ក្នុងការឧបត្ថម្ភដល់គ្រួសារកងទ័ពដែលពលីជីវិត ឬរងរបួស ដើម្បីធានាថាការលះបង់របស់ពួកគេត្រូវបានផ្តល់តម្លៃសមរម្យ។

លោកមានប្រសាសន៍ថា៖ «ចាំបាច់ណាស់រាជរដ្ឋាភិបាលត្រូវមានគោលនយោបាយច្បាស់លាស់បញ្ជាក់ ឬក៏កំណត់នូវគោលការណ៍ឧបត្ថម្ភទៅដល់វីរៈកងទ័ពដែលបានពលីជីវិត ឬក៏រងរបួសទៅដល់ក្រុមគ្រួសារ ឬក៏មានករណីពិសេសមួយចំនួនសម្រាប់ទៅដល់សមាជិកគ្រួសារនៃវីរៈកងទ័ព ដូចដែលរដ្ឋាភិបាលកំណត់កន្លងទៅ។ ដូច្នេះការរៀបចំគោលនយោបាយមួយច្បាស់លាស់គឺមានភាពចាំបាច់ ដើម្បីធានាថា ការពលីកម្ម ឬក៏ពលីជីវិតរបស់កងទ័ពយើងមានតម្លៃ»។

ក្នុងថ្ងៃនេះដែរ គណបក្សកម្លាំងជាតិ បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយរំលឹកពីការពលីរបស់លោក សួន រ៉ោន ចំពោះបុព្វហេតុការពារជាតិ និងចាត់ទុកការឈ្លានពានពីកងទ័ព​សៀម បានធ្វើអោយមានអ្នកស្លាប់ របួស និងជនស៊ីវិលរាប់ម៉ឺននាក់ភៀសសឹក ព្រមទាំងតំបន់ជាច្រើនត្រូវបានកងទ័ពថៃគ្រប់គ្រង។

ទន្ទឹងនឹងគ្នានេះ គណបក្សកម្លាំងជាតិ ក៏អំពាវនាវដល់អ្នកនយោបាយ ត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំតាមរយៈការផ្សះផ្សាជាតិ និងឯកភាពជាតិ ដោយដោះលែងអ្នកជាប់ឃុំមនសិការទាំងអស់ និងជំរុញឱ្យមានកិច្ចប្រជុំប្រទេសហត្ថលេខីក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថែមទាំងដាក់ពាក្យបណ្ដឹងករណីថៃឈ្លានពានមកលើកម្ពុជាទៅតុលាការយុត្តិធម៌អន្តរជាតិ និងតុលាការព្រហ្មទណ្ឌអន្តរជាតិ៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2746}" data-page="1" data-max-pages="1" data-start="1" data-end="1">