ពលរដ្ឋដែលបានចាញ់បោកក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី របស់អ្នកស្រី ឡេង ចាន់ណា ក្រោមរូបភាពដាក់ប្រាក់វិនិយោគ ដោយទទួលបានការប្រាក់ប្រចាំខែខ្ពស់ ទទូចឱ្យអាជ្ញាធរពន្លឿនការដោះស្រាយ ព្រោះពួកគេកំពុងជួបការលំបាកផ្នែកជីវភាព និងត្រូវសងបំណុលធនាគារ។
ការស្នើសុំនេះធ្វើឡើងក្រោយអង្គភាពប្រឆាំងអំពើពុករលួយ បញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថាម្ចាស់ក្រុមហ៊ុនប្រ៊ីលានស៊ីធី អតីតឧកញ៉ា អ្នកស្រី ឡេង ចាន់ណា និងបក្ខពួកពីរអ្នកទៀតឈ្មោះ ចាន់ ឃិន, និង ផុន សាមាន ទទួលស្គាល់ថាបានទទួលប្រាក់ពី ៩៣ ទៅ ៩៨លានដុល្លារ ពីមេ ២៥ ហើយបានយកលុយទាំងនោះ ទិញដីអភិវឌ្ឍគម្រោង ផ្តល់ការប្រាក់ទៅឱ្យមេ ២៥ និងផ្តល់ការប្រាក់ទៅឱ្យអ្នកដែលបានចំណាយប្រាក់វិនិយោគនោះ។ ទោះជាយ៉ាងណា សេចក្តីថ្លែងការណ៍ដដែលនេះ មិនបានបញ្ជាក់ពីអត្តសញ្ញាណរបស់បុគ្គលដែលអះអាងថាជា «មេ២៥» នោះឡើយ។
ពលរដ្ឋរងគ្រោះមកពីខេត្តសៀមរាប លោក ឡាយ សារ៉ាត់ ត្អូញត្អែថាគ្រួសារលោកលំបាកផ្នែកជីវភាព ដោយសារត្រូវសងបំណុលធនាគារ ក្រោយខ្ចីលុយមកវិនិយោគនៅក្រុមហ៊ុនប្រ៊ីលានស៊ីធីនៅឆ្នាំ២០២៤ ចំនួនជាង១ ម៉ឺន៥ពាន់ដុល្លារ។ លោក សារ៉ាត់ បានដាក់លុយវិនិយោគជាមួយក្រុមហ៊ុននេះក្នុងកុងត្រារយៈពេល២ ឆ្នាំ ដោយរំពឹងថានឹងទទួលបានប្រាក់ចំណេញ តែផ្ទុយទៅវិញលក្រុមហ៊ុនផ្ដល់ការប្រាក់៤ភាគរយបានតែរយៈពេល៧ខែប៉ុណ្ណោះ ក៏ខកខានមិនបានផ្ដល់ឱ្យ ក្រោមហេតុផលថាក្រុមហ៊ុនក្ស័យធុន។ រយៈពេលច្រើនឆ្នាំនៃការស្វែងរកដំណោះស្រាយ ទាំងរូបលោក និងជនរងគ្រោះដទៃទៀត រង់ចាំចំណាត់ការរបស់តុលាការយ៉ាងតក់ក្រហល់ តែរូបលោកថា ចម្លើយគឺមានតែការរង់ចាំ។
លោកថា៖ «ពេលមានការអីមានមេធាវីហៅអ្នកតំណាងៗទៅប្រជុំនៅភ្នំពេញ។ អីចឹងគាត់គ្រាន់តែនីតិវីធីតុលាការវាយូរ ដោយសារតែវាស្មុគស្មាញព្រោះវាច្រើនករណីមែនទេន។ អីចឹងគេធ្វើការតាមច្បាប់ ហើយគេប្រើរយៈពេលយូរ។ ហើយតុលាការក៏កំពុងតែដុតដៃដុតជើងជួយខាងជនរងគ្រោះហ្នឹងឯង»។
លោកបន្ថែមថា៖ «វាលំបាកណាស់។ ចង់និយាយាថាលុយដែលដាក់វិនិយោគសុទ្ធតែខ្ចីពីធនាគារ ៩៩ភាគរយ ព្រោះធនាគារការប្រាក់ថោក ហើយយើងយកមកវិនិយោគទៅសង្ឃឹមថាបានការប្រាក់ថ្លៃ។ អីចឹងមួយៗពិបាកណាស់គឺអ្នកខ្លះរត់ទៅធ្វើការរោងចក្រ អ្នកខ្លះធ្វើអីគ្រប់បែបយ៉ាងឱ្យតែបានលុយ ព្រោះដើម្បីសងទៅធនាគារ។ អ្នកខ្លះអស់ស្រែ អស់ផ្ទះ»។
ជនរងគ្រោះមកពីខេត្តបន្ទាយមានជ័យ អ្នកស្រី កែន ផាន់ម៉ៃ ត្អូញត្អែស្រដៀងគ្នាថា អ្នកស្រីដាក់លុយវិនិយោគចំនួន២ម៉ឺដុល្លារ តាំងពីឆ្នាំ២០២២ ជាមួយអ្នកស្រីឡេង ចាន់ណា ដោយមានការសន្យាថានឹងផ្ដល់ការប្រាក់ចំនួន៤ភាគរយដូចគ្នា។ តែជាក់ស្ដែងអ្នកស្រីថា អ្នកស្រីទទួលបានប្រាក់ចំណេញជាការប្រាក់តែប៉ុន្មានខែដំបូងប៉ុណ្ណោះ។ អ្នស្រីផាន់ម៉ៃ ខ្ចីធនាគារដោយបង់ការប្រាក់ចំនួន២០០ដុល្លារក្នុងមួយខែ និងឡើងដើមចំនួន១ពាន់ដុល្លារជាង ដើម្បីបានលុយមកវិនិយោគ ដោយអ្នកស្រីដាក់ប្លង់ផ្ទះ។ អ្នកស្រីបារម្ភថា ធនាគារនឹងរឹបអូសផ្ទះអ្នកស្រី ព្រោះអ្នកស្រីខកខានបង់ប្រាក់អស់រយៈពេលជាច្រើនខែមកហើយ។
អ្នកស្រីថា៖ «ពេលវិនិយោគហ្នឹងគេបង់តែការប្រាក់ឱ្យតែប៉ុន្មានខែ ដល់ហើយលែងបានរហូត។ គេថាគេដាក់ចូលក្នុងក្រុមហ៊ុន១ម៉ឺនដុល្លារ។ យើងបានតែ៤០០ ដុល្លារទេ។ […] បងខ្ចីលុយធនាគារ២ម៉ឺនដុល្លារជាងកាលហ្នឹង។ ឥឡូវគេហៅទៅជួបគេ ព្រោះខកខានបង់លុយណា»។
អ្នកស្រីបន្ថែមថា៖ «ជីវភាពកូនឈប់រៀនអស់រលីង។ មានកូនបីនាក់ ឈប់រៀនអស់ហើយ។ ខ្ញុំអត់មានទៅរួចទេ។ ទៅធ្វើការសំណង់អស់ហើយ។ ខ្ញុំមិនដឹងរកពឹងអីទេ។ គាត់មិនដោះស្រាយឱ្យលឿនក៏ពិបាកយើងវេទនា។ ឈ្លោះគ្នាជាមួយប្ដីដោយសារតែរឿងលុយ»។
ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល លោក គី តិច ដែលរូបលោកទទួលភារកិច្ចពីនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ឱ្យធ្វើជាមេធាវីតំណាងជនរងគ្រោះ បដិសេធមិនឆ្លើយសំនួរប្រជាកាសែត។ តែលោកអះអាងថាលោកកំពុងធ្វើការ ហើយនីតិវីធីតុលាការមានភាពសាំញ៉ាំដែលមិនអាចទាន់បកស្រាយបាន។
គួរបញ្ជាក់ថា មានជនរងគ្រោះប្រមាណ៥ ០០០នាក់ ដែលបានចាញ់បោកក្នុងគម្រោងវិនិយោគរបស់អ្នកស្រី ឡេង ចាន់ណា នៅឆ្នាំ២០២៤។ នៅក្នុងសំណុំរឿងនេះ អ្នកស្រី ឡេង ចាន់ណា និងបក្ខពួកចំនួន២នាក់ទៀតត្រូវបានសាលាដំបូងខេត្តសៀមរាប ចោទប្រកាន់ចំនួន ៣បទល្មើស គឺពីបទឆបោកមានស្ថានទម្ងន់ទោស, មិនបំពេញកាតព្វកិច្ចឧបករណ៍ដែលអាចជួញដូរបាន និងសម្អាតប្រាក់ ហើយត្រូវបានសមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួននៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។
ចំណែកនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ សាលាដំបូងខេត្តសៀមរាប បានសម្រេចឃុំខ្លួនជនត្រូវចោទចំនួន៥នាក់ និងបង្កកគណនីធនាគារចំនួន ១៨៣ និងទ្រព្យសម្បត្តិមួយចំនួន ពាក់ព័ន្ធនឹងសំណុំរឿងក្រុមហ៊ុន ប៊ី្រលាន ស៊ីធី របស់អ្នកស្រី ឡេង ចាន់ណា។ ក្នុងនោះ អង្គភាពប្រឆាំងអំពើពុករលួយក៏បានបើកការស៊ើបអង្កេតលើលោក ស៊ាន បូរ៉ាត និង អនុរដ្ឋលេខាធិការក្រសួងការពារជាតិ លោក ស ថាវី ស្របពេលដែលតុលាការខេត្តសៀមរាបបានបញ្ជូនសំណុំរឿង អ្នកស្រី ឡេង ចាន់ណា និងបក្ខពួក ចំនួន៣២ សំណុំរឿងមកអង្គភាពប្រឆាំងអំពើពុករលួយផងដែរ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥។
អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) លោក សយ ច័ន្ទវិចិត្រ បញ្ជាក់ថា សំណុំរឿងនេះ ត្រូវការបន្តនីតិវិធីបន្ថែមទៀត។
លោកថា៖ «សូមបញ្ជាក់ថា សំណុំរឿងនេះធំ មានពាក់ព័ន្ធជនរងគ្រោះច្រើន មានទំហំទឹកប្រាក់ច្រើន ដែលទាមទារការស៊ើបអង្កេតចំណាយពេលច្រើន ប៉ុន្តែមានវឌ្ឍនភាព នីតិវិធីបន្ត គឺការប្រមូលភស្តុតាងបន្ថែម និងបន្តស្តាប់ចម្លើយចំពោះអ្នកដែលពាក់ព័ន្ធបន្តទៀត»។
ពាក់ព័ន្ធនឹងករណីនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ឃើញថា ក្រោយអង្គភាពប្រឆាំងអំពើពុករលួយរកឃើញហើយ តុលាការគួរតែពន្លឿននីតិវិធីរកដំណោះស្រាយជួយជនរងគ្រោះ និងស៊ើបអង្កេតលើអ្នកពាក់ព័ន្ធបន្ថែមទៀត ជាពិសេសធ្វើការបង្កកទ្រព្យសម្បត្តិជាដើម។
លោកមានប្រសាសន៍ថា៖ «តុលាការគួរតែពន្លឿននីតិវិធីក្នុងការដោះស្រាយជូនប្រជាពលរដ្ឋដែលរងគ្រោះឱ្យបានឆាប់ ហើយជាពិសេសអ្វីដែលបានរងឃើញអ្នកដែលបានជាប់ពាក់ព័ន្ធហ្នឹង ត្រូវតែធ្វើការស៊ើបអង្កេតបន្ថែម ហើយអាចបង្កកទ្រព្យសម្បត្តិមួយចំនួនដែលពាក់ព័ន្ធនឹងបទល្មើសទាំងអស់ហ្នឹង ដើម្បីទុកដោះស្រាយជូនប្រជាពលរដ្ឋដែលរងគ្រោះ»។
លោកបន្ថែមថា៖ «បើយើងមើលទៅរឿងនេះអូសបន្លាយជាយូរមកហើយៗប្រជាពលរដ្ឋរងផលប៉ះពាល់ធ្ងន់ទាំងផ្លូវចិត្ត ទាំងផ្លូវកាយ ទាំងផ្លូវសេដ្ឋកិច្ច ជាពិសេសគឺការជំពាក់បំណុលវ័ណ្ឌកនៅពេលដែលគាត់ខ្ចីបំណុលគេ ខ្ចីលុយពីមីក្រូហិរញ្ញវត្ថុ ធនាគារ ឬឯកជនយកមកធ្វើការវិនិយោគជាមួយនឹងក្រុមហ៊ុនហ្នឹង ហើយនៅពេលចាញ់បោកក្រុមហ៊ុនពួកគាត់ជំពាក់បំណុល ហើយក្លាយជាបំណុលវ័ណ្ឌក»៕







