ធនាគារជាតិនៃកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ធនាគារកណ្តាលនៃប្រទេសនិយាយភាសាបារាំងហ្រ្វង់កូហ្វូនីទៅទស្សនកិច្ចដើម្បីឈ្វេងយល់អំពីប្រវត្តិសាស្រ្ត សិល្បៈ និងស្ថាបត្យកម្ម តាមប្រាសាទនានាក្នុងតំបន់រមណីយដ្ឋានអង្គរ។
អាជ្ញាធរជាតិអប្សរាឱ្យដឹងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ថាដំណើរទស្សនកិច្ចនេះ គឺធ្វើឡើងបន្ទាប់ពីកិច្ចសហការរវាងធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលបារាំង ដែលបានបញ្ចប់សន្និសីទថ្នាក់ទេសាភិបាលធនាគារកណ្តាលហ្វ្រង់កូហ្វូនី លើកទី២៨ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
ដំណើរទស្សនកិច្ចនេះ ដឹកនាំដោយទេសាភិបាលធនាគារជាតិនៃកម្ពុជាអ្នកស្រី ជា សិរី និងអគ្គនាយកអាជ្ញាធរជាតិអប្សរាលោក ហង់ ពៅ ព្រមទាំងមានវត្តមានទេសាភិបាលធនាគារកណ្តាលសរុបចំនួន ២៦ នៃប្រទេសនិយាយភាសាបារាំងហ្រ្វង់កូហ្វូនី មកពីទ្វីបអឺរ៉ុប អាមេរិក អាហ្រ្វិក អាស៊ី មជ្ឈិមបូព៌ា និងប៉ាស៊ីហ្វិក។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជាលោកបណ្ឌិត គិន ភា យល់ថា ទស្សនកិច្ចនេះជាផ្នែកមួយនៃការទូតបែបវប្បធម៌ និងបេតិកភណ្ឌ ដែលជាចំណុចខ្លាំងរបស់កម្ពុជាក្នុងការដឹកនាំគណៈប្រតិភូបរទេសទៅទស្សនាប្រាសាទនានាតាមតំបន់ប្រវត្តិសាស្រ្ត។
លោកបានលើកឡើងបន្តថា៖« ការដឹកនាំទស្សនកិច្ចនេះ ក៏នឹងជួយឱ្យគណៈប្រតិភូជាន់ខ្ពស់ទាំងអស់ស្វែងយល់បានកាន់តែច្បាស់ពីប្រវត្តិសាស្រ្តរបស់កម្ពុជា វប្បធម៌ អរិយធម៌ និងវាយតម្លៃខ្ពស់មកលើកម្ពុជាយើងដែរ»។
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅលើទឹកដីសៀមរាប ដែលមានការចូលរួមពីបណ្ដាប្រទេសប្រមាណ៩០ប្រទេសផងដែរ។
កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ជាជំនួបរវាងប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលដែលជាសមាជិកអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង (OIF) ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់លើបញ្ហាផ្សេងៗដូចជានយោបាយអន្តរជាតិ សេដ្ឋកិច្ចពិភពលោក កិច្ចសហប្រតិបត្តិការហ្វ្រង់កូហ្វូនី សិទ្ធិមនុស្ស អប់រំ វប្បធម៌ និងប្រជាធិបតេយ្យជាដើម។
កិច្ចប្រជុំនេះ ក៏គ្រោងធ្វើឡើងក្នុងពេលប្រទេសកម្ពុជាកំពុងបន្តមានជម្លោះព្រំដែនជាមួយប្រទេសថៃ ហើយថ្មីៗនេះ នាយករដ្ឋមន្រ្តីថៃលោក អានុទីន ឆាន់វីរៈគុល ថែមទាំងបានប្រកាសជាសាធារណៈថា រដ្ឋាភិបាលរបស់លោកនឹងមិនប្រើប្រាស់ផែនទីខ្នាត ១/២០០.០០០ ដែលបន្សុលទុកដោយអាណានិគមបារាំងដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជានោះទេ ប៉ុន្តែនឹងប្រើផែនទីខ្នាត ១/៥០.០០០ ដែលថៃបានគូរជាឯកតោភាគីទៅវិញ។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជាលោកបណ្ឌិត គិន ភា បញ្ជាក់ថា៖ «កម្ពុជាអាចប្រើប្រាស់ឱកាស និងយន្តការ [កិច្ចប្រជុំប្រទេសហ្វ្រង់កូហ្វូនី] នេះ ដើម្បីធ្វើរបាយការណ៍អំពីការឈ្លានពានរបស់ថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា»។
លោកបន្ថែមថា៖ «កម្ពុជាអាចបង្ហាញពីស្មារតីសន្តិភាព គោរពច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធីក្រោមយន្តការការទូត និងច្បាប់អន្តរជាតិ ប្រឆាំងដាច់ខាតចំពោះការប្រើប្រាស់កម្លាំង និងមិនទទួលស្គាល់ដាច់ខាតរាល់សកម្មភាពកែប្រែខ្សែព្រំដែនដោយការប្រើប្រាស់កម្លាំង និងការបង្កើតអង្គហេតុជាក់ស្តែងនៅលើដី»។
ក្នុងជម្លោះព្រំដែនជាមួយថៃនេះ រដ្ឋាភិបាលកម្ពុជា តែងតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ដោះស្រាយបញ្ហាតាមរយៈច្បាប់អន្តរជាតិ និងការទូត ដើម្បីធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាយព្រំដែននៃប្រទេសទាំងពីរ៕







