កម្ពុជាប្រកាសផ្ដើមស្វែងរកការដោះស្រាយវិវាទសមុទ្រជាមួយថៃតាមយន្តការផ្សះផ្សាដោយបង្ខំ

ទំនាក់ទំនងអន្តរជាតិ

(លោក ហ៊ុន ម៉ាណែត អង្គុយក្នុងការិយាល័យរបស់លោក )រូបភាពផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុក។)

រាជរដ្ឋាភិបាលកម្ពុជា ផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអង្គការសហប្រជាជាតិ ឱ្យដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំពាក់ព័ន្ធនឹងការដោះស្រាយវិវាទព្រំដែនសមុទ្រត្រួតស៊ីគ្នា ក្រោម​ច្បាប់សមុទ្រអន្តរជាតិ (UNCLOS)។ 

តាមរយៈវីដេអូដែលរយៈពេលជាង៧នាទីដែលបានផ្សាយលើទំព័រហ្វេសប៊ុកផ្លូវនាថ្ងៃទី០២ខែមិថុនា លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាបានផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)។ 

លោក និយាយថា៖ «យើងបានជ្រើសរើសយកយន្តការនេះ ក្នុងគោលដៅការពារអធិបតេយ្យភាពជាតិ និងសិទ្ធិលើដែនសមុទ្ររបស់កម្ពុជាដែលអនុលោមតាមច្បាប់អន្តរជាតិ»។

លោក បន្ថែមថាបើទោះបីកម្ពុជាស្វះស្វែងរកយន្តការដោះស្រាយដោយសន្តិវិធីក៏ដោយ ប៉ុន្តែអធិបតេយ្យភាពជាតិ និងសិទ្ធិលើដែនសមុទ្ររបស់កម្ពុជាត្រូវតែគោរពជាដាច់ខាត។
លោក បន្តទៀតថាការរកយន្តការអន្តរជាតិ បន្ទាប់ពីភាគីថៃសម្រេចលុបចោល​អនុស្ស​រណៈយោគយល់គ្នា ដែលឆ្លុះបញ្ចាំងថា លទ្ធភាពនៃការចរចាទ្វេភាគីបានដើរដល់ទីបញ្ចប់ និងថា ដំណោះស្រាយនេះ កម្ពុជានិងថៃនឹងទទួលបានផលប្រយោជន៍នៃដែនសមុទ្រដោយយុត្តិធម៌ និងយូរអង្វែង។

កាលពីដើមខែឧសភា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលថៃសម្រេចលុបចោលអនុស្សរណៈយោគយល់ឆ្នាំ២០០១ ឬ MOU ៤៤ ស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នារវាងប្រទេសទាំងពីរ ដោយឯកតោភាគី។

នៅចុងខែឧសភា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ ថ្លែងប្រាប់កាសែត Reuters ថា ធនធានថាមពលក្រោមសមុទ្រត្រួតស៊ីគ្នាជាមួយថៃនេះ មានតម្លៃប្រមាណ៣០០ពាន់លានដុល្លារ ដែលកម្ពុជាត្រូវដោះស្រាយជាមួយថៃជាបន្ទាន់ ក្រោយមានវិបត្តិប្រេងសកលដោយសារជម្លោះនៅអ៊ីរ៉ង់។

ស្ថាបនិកគណបក្សកែទម្រង់កម្ពុជាលោក អ៊ូ ច័ន្ទរ័ត្ន ស្វាគមន៍ចំពោះយន្តការអន្តរជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឈានទៅរកការកំណត់ព្រំដែនសមុទ្រឱ្យច្បាស់លាស់ និងទទូច​ឱ្យរកយន្តការអន្តរជាតិ ពាក់ព័ន្ធនឹងព្រំដែនគោកដែលកំពុងមានវិវាទជាមួយថៃ។

លោក និយាយថា «ខ្ញុំមើលទៅយើងមិនមានមធ្យោបាយអ្វីផ្សេងទេ ហើយគួរតែ ទោះបីរឿងជម្លោះដែនគោកក៏ដោយ ក៏យើងត្រូវតែដាក់បណ្ដឹងដែរ។ យ៉ាងហោចណាស់ក៏យើងបានទទួលនូវឯកសារពីអង្គការសហប្រជាជាតិ ស្គាល់ថា វាជាព្រំដែនត្រឹមត្រូវ ត្រឹមណាជាដើមចឹង»។
ចំណែកប្រធានគណបក្សជំនាន់ថ្មីលោក មាជ សុវណ្ណារ៉ា ក៏បង្ហាញការសាទរចំពោះឆន្ទៈរបស់ថ្នាក់ដឹកនាំដើម្បីទប់ទល់នឹងសត្រូវឈ្លានពាន។

លោក បន្តថា៖ «[ខ្ញុំ] ជំរុញឱ្យប្ដឹងដល់តុលាការយុត្តិធម៌អន្តរជាតិផងដែរ ព្រោះរឿងបាត់ទឹកដីប្រវត្តិសាស្រ្តដល់កូនចៅ បើសិនយើងមិនបានតវ៉ានៅពេលនេះ អាចមានវិប្បដិសារី»។

ជុំវិញករណីនេះ អ្នកតាមដានភូមិសាស្រ្តនយោបាយលោក សេង វណ្ណលី យល់ថា ការសម្រេចចិត្តរបស់រដ្ឋាភិបាល គឺជារូបភាពឆ្លុះបញ្ចាំងពី «ការទាល់ច្រកផ្នែកការទូតទ្វេភាគី» ជាជាងជម្រើស​ប្រកបដោយយុទ្ធសាស្ត្រមុតស្រួច បន្ទាប់ពីថៃបោះបង់អនុស្សរណៈយោគយល់គ្នា ដែលនាំឱ្យកម្ពុជាហាក់ដូចបាត់បង់ឧបករណ៍ចរចាដ៏សំខាន់ ដែលធ្លាប់តែទាញថៃឱ្យមកអង្គុយចរចាបាន។ 

លោក បន្ថែមថា៖ «បើនិយាយពីប្រៀបឈ្នះលើថៃតាមរយៈយន្តការអន្តរជាតិនេះ ខ្ញុំមើលឃើញថា កម្ពុជាអាចនឹងឈ្នះតែ «នៅលើក្រដាស និងផ្នែកសីលធម៌» ប៉ុណ្ណោះ ប៉ុន្តែពិបាកនឹងទទួលបានជ័យជម្នះជាក់ស្តែងលើដែនទឹកណាស់។ យើងត្រូវទទួលស្គាល់ការពិតថា គណៈកម្មការសម្រុះសម្រួលរបស់ UNCLOS នេះ មិនមែនជាតុលាការ ICJ នោះទេ ពោលគឺរបាយការណ៍ និងអនុសាសន៍ចុងក្រោយរបស់គណៈកម្មការនេះ គឺគ្មានកម្លាំងគតិយុត្តិបង្ខំឱ្យភាគីណាមួយត្រូវតែអនុវត្តតាមឡើយ»។

លោក បន្តថា បើទោះបីជាអ្នកជំនាញអន្តរជាតិរកឃើញថា បន្ទាត់ខណ្ឌសីមាដែនសមុទ្ររបស់កម្ពុជាត្រឹមត្រូវតាមគោលការណ៍ច្បាប់ក៏ដោយ ក៏រដ្ឋាភិបាលថៃដែលបច្ចុប្បន្នកំពុងស្ថិតក្រោម​សម្ពាធជាតិនិយម អាចនឹងច្រានចោលអនុសាសន៍នោះដោយងាយ។

លោក បន្ថែមថា៖ «លើសពីនេះ ថៃមានប្រៀបជាងកម្ពុជាទាំងផ្នែកកម្លាំងកងទ័ពជើងទឹក និងឥទ្ធិពលសេដ្ឋកិច្ច»។

លោកផ្ដល់យោបល់ដែរថា ដើម្បីដោះស្រាយវិវាទដែនសមុទ្រនេះឱ្យបានដាច់ស្រឡះ កម្ពុជា មិនអាចពឹងផ្អែកតែលើច្បាប់អន្តរជាតិតែមួយមុខនោះទេ ដោយត្រូវធ្វើដោយខានមិនបាន គឺការកសាងឯកភាពជាតិផ្ទៃក្នុង និងតម្លាភាពសង្គម និងពង្រឹងសមត្ថភាពការពារជាតិជើងទឹកខ្លួនឯងឱ្យមានទម្ងន់អាចថ្លឹងថ្លែងជាមួយអ្នកជិតខាងបាន ព្រោះច្បាប់អន្តរជាតិនឹងគ្មានន័យ បើគ្មានកម្លាំងពិតប្រាកដក្នុងការការពារ។

លោក និយាយថា «មានតែការរួមបញ្ចូលគ្នារវាងភាពរឹងមាំខាងច្បាប់អន្តរជាតិ កម្លាំងការ​ពារ​ជាតិពិតប្រាកដ និងភាពស្មោះត្រង់ចំពោះប្រជាជាតិខ្លួនឯងទេ ទើបអាចបិទបញ្ចប់រឿងរ៉ាវរ៉ាំរ៉ៃនេះបានជាស្ថាពរ»៕

ទំនាក់ទំនងអន្តរជាតិ","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2779}" data-page="1" data-max-pages="1" data-start="1" data-end="1">