នាយករដ្ឋមន្ត្រីកម្ពុជាថ្លែងបដិសេធការចុះផ្សាយនានាតាមបណ្ដាញសង្គមថារដ្ឋាភិបាលគ្រោងនឹងកាត់បន្ថយការចំណាយថវិការជាតិលើវិស័យធំៗ រួមមានវិស័យអប់រំ និងវិស័យសុខាភិបាល ដើម្បីបង្កើនការចំណាយថវិការជាតិលើវិស័យការពារជាតិវិញសម្រាប់ឆ្នាំ២០២៧ខាងមុខ។
ថ្លែងនៅក្នុងពិធីសម្ពោធសមិទ្ធផល និងប្រគល់សញ្ញាបត្រគ្រូបង្រៀនជូនគរុសិស្ស និស្សិត នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត អះអាងថាសារាចរស្តីផែនការយុទ្ធសាស្ត្រថវិការជាតិឆ្នាំ២០២៧ ដល់ឆ្នាំ២០២៩ និងការរៀបចំសេចក្ដីព្រៀងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២៧ គ្រាន់តែ ជាឯកសារគោល ដែលបង្ហាញផ្លូវឲ្យស្ថាប័នរដ្ឋនីមួយៗព្រាងថវិកាសម្រាប់ការចាយវាយនៅ ៣ឆ្នាំខាងមុខប៉ុណ្ណោះ។
លោក ហ៊ុន ម៉ាណែត ថ្លែងថាគោលការណ៍ដែលរដ្ឋាភិបាលជាតិយកទៅចចារសម្រាប់វិស្ស័យអបរំសម្រាប់ចរចា នៅឆ្នាំ២០២៦ ចំនួន៤៤៥៧ ពាន់លានរៀល ហើយរដ្ឋាភិបាលបានចចារបានរហូតដល់ចំនួន៤៤៧៤ពាន់លានរៀល ពេលចរចាចេញជាផ្លូវការ ។ លោកបន្តថា សម្រាប់ឆ្នាំ២០២៧ នៅក្នុងការចចារសម្រាប់ថវិការជាតិលើវិស័យអប់រំមានប្រមាណ ៤៦៨៩ ពាន់លានរៀល កើនឡើង២៣១ ពាន់លានរៀលបើធៀបនឹងឆ្នាំ២០២៦ ក្នុងដំណាក់កាលចចារដំបូងដែលមិនទាន់សម្រេច។ លោកថាគ្រប់វិស័យទាំងអស់ តួលេខចរចាចេញជាផ្លូវការ តែងតែច្រើនជាងតួលេខគោលដែលដាក់ទៅដំបូង។
លោកថ្លែងថា៖ «គ្រាន់តែលេខបឋមសម្រាប់យកទៅចចារនឹងខ្ពស់ជាងច្បាប់ថវិការសម្រាប់ការអប់រំឆ្នាំ២០២៦ រួចទៅហើយ ។ ហើយពេលដែលចចារនេះមិនងាយក្រសួងណាថយក្រោយទេមានតែកើនពេលចចារចប់ ព្រោះពេលគេកំណត់តួលេខពីដានគោលទៅចចារគឺគេយកលេខអប្បរមាដែលយកតែអ្វីដែលចាំបាច់»។
លោកហ៊ុន ម៉ាណែត បញ្ជាក់ថា រដ្ឋាភិបាលគ្មានផែនការកាត់បន្ថយថវិកាចំនួន ១៧០លានដុល្លារ នៅឆ្នាំ២០២៧ ក្នុងវិស័យអប់រំ និងសុខាភិបាល ដើម្បីទៅពង្រឹងវិស័យការពារជាតិដូចការចុះផ្សាយឡើយ។ លោកអះអាងទៀតថា វិស័យការពារជាតិ រាជរដ្ឋាភិបាលកម្ពុជា មានថវិកាគ្រប់គ្រាន់ដើម្បីបង្កើន ដោយមិនចាំបាច់កាត់ពីវិស័យអប់រំ និងសុខាភិបាលនោះទេ។
លោកថ្លែងថា៖ «ថវិកាក្នុងវិស័យសង្គមកិច្ច ដែលមានវិស័យអប់រំ និងសុខាភិបាល សម្រាប់ឆ្នាំ២០២៧ ២០២៨ និង២០២៩ ជាមធ្យមកើនឡើង ៥.៦% អីចឹងអត់មានកន្លែងណាមួយ ដែលបញ្ជាក់ថា រដ្ឋាភិបាលកាត់លុយពីវិស័យអប់រំ និងវិស័យសុខាភិបាល ដើម្បីយកទៅបង្កើនវិស័យការពារជាតិនោះទេ ។ សូមបងប្អូនឈប់ព្រួយបារម្ភទៅ អាទិភាពរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា វិស័យសង្គមកិច្ច ដែលមានវិស័យសុខាភិបាល និងសុខាភិបាល ជាអាទិភាពទី១»។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន យល់ឃើញថាវិស័យអប់រំ និងវិស័យការពារជាតិត្រូវដើរទន្ទឹមគ្នា ក្នុងការបណ្ដុះស្មារតីស្នេហាជាតិ ការពារនិងអភិវឌ្ឍប្រទេសជាតិ។ ដូច្នេះ លោកថា រដ្ឋាភិបាលគួរបង្កើនថវិការជាតិលើវិស័យអប់រំជាអទិភាពចម្បងដូចគ្នា ដើម្បីពង្រឹងគុណភាពអប់រំដល់យុវជនកម្ពុជា។
លោកមានប្រសាសន៍ថា៖ «ជាការពិតវិស័យអប់រំជាវិស័យអាទិភាព ហើយរដ្ឋាភិបាលមិនត្រូវកាត់បន្ថយការចំណើយថវិការជាតិសម្រាប់វិស័យអប់រំទេ។ ត្រូវតែបង្កើនគុណភាពអប់រំ ហើយទន្ទឹមនឹងនេះដែរ ប្រទេសយើងត្រូវឈ្លានពានពីប្រទេសជិតខាង ប្រទេសសៀម ដូច្នេះរដ្ឋក៏ត្រូវបង្កើនកញ្ចប់ថវិការជាតិដើម្បីការពារជាតិទន្ទឹមគ្នាដែរ»។
លោកបន្ថែមថា៖ «ចំពោះវិស័យអប់រំវាជារឿងមួយរដ្ឋត្រូវយកចិត្តទុកដាក់។ យើងមើលឃើញថាបច្ចុប្បន្ននេះវិស្ស័យអប់រំមិនបានដើរទៅតាមអ្វីដែរក្នុងច្បាប់ស្ដីពីការអប់រំជារដ្ឋធម្មនុញ្ញក្ដីដែរត្រូវបានចែងថាខ្មែរទាំងពីរភេទទទួលបានការអប់រំស្មើភាពគ្នា។ យើងឃើញកូនអ្នកមានលុយកូនអ្នកមានអំណាចមានឱកាសច្រើនការអប់រំល្អទៅកាន់សាលាឯកជន ចំណែកកូនចៅប្រជាពលរដ្ឋយើងឃើញថាទទយលបានការអប់រំមិនបានដិតដល់»។
ចំពោះ នាយកវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លោក គិន ភា លើកឡើងថាវិស័យអាទិភាពបីមានវិស័យអប់រំ វិស័យសុខាភិបាល និងវិស័យការពារជាតិមិនត្រូវបានកាត់បន្ថយការចំណាយពីរដ្ឋាភិបាលទេ។ លោកថា ស្របពេលពិភពលោកមានភាពអសន្តិសុខ ប្រទេសភាគច្រើនសុទ្ធតែតម្លើងថវិការជាតិលើវិស័យការពារជាតិ ក្នុងនោះនាបរិបទកម្ពុជារងការឈ្លានពានពីប្រទេសជិតខាង ការបង្កើនថវិការជាតិលើវិស័យនេះមានសារសំខាន់ក្នុងការពង្រឹងសមត្ថភាពការពារជាតិ។
លោកថា៖ `«ទី១ក្នុងវិស័យការពារជាតិក្នងកាលៈទេសៈដែរប្រទេសយើងកំពុងរងការឈ្លានពានពីប្រទេសថៃនេះ គឺតម្រូវការថវិការសម្រាប់អភិវឌ្ឍ និងពង្រឹងសមត្ថភាពវិស័យការពារជាតិគឺសុទ្ធជារឿងចាំបាច់។ គឹសឹងតែគ្រប់ប្រទេសគេបង្កើនថវិការការពារជាតិគ្រប់ៗគ្នាដោយសារសណ្ដាប់ធ្នាប់ពិភពលោកកំពុងតែចុះខ្សោយ»។
លោកបន្ថែមថា៖ «ពាក់ព័ន្ធនឹងចំណាយលើវិស័យអប់រំដែលជាវិស័យអាទិភាពគឺមិនអាចកាត់បន្ថយបានទេ។ យើងកំពុងរៀបចំខ្លួនជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០២៥០ ដើម្បីសម្រេចបានចក្ខុវិស័យនេះយើងត្រូវមានធនធានពូកែ និងសមត្ថភាព»។
បន្ថែមពីលើនេះ ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណរ៉ា ថ្លែងថា ប្រទេសមួយមានការជឿនលឿនបានលុះត្រាតែប្រទេសនោះមានធនធានមនុស្សដែលមានបញ្ញា ជំនាញឯកទេស និងចំណេះដឹងជ្រៅជ្រះ ហើយធនធានទាំងនេះកើតចេញពីការទទួលបានការអប់រំដែលមិនអាចខ្វះបាន។ លោកបន្តថា វិស័យការពារក៏មានសារៈសំខាន់ដែលរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់។
លោកថា៖ «មនុស្សត្រូវការចេះដឹង មានអ្នកចេះអ្នកដឹង គឺប្រទេសនោះមានការអភិវឌ្ឍដោយសារបញ្ញា ចំណេះដឹង ជំនាញឯកទេស ដែលធ្វើឱ្យមានការពង្រីកធនធានមនុស្ស ពង្រីកបច្ចេកវិទ្យា ពង្រីកការគ្រប់គ្រងរដ្ឋបាលសារធារណៈ និងអភិបាលកិច្ចល្អ បង្កើតនូវការច្នៃកម្លាំងសេដ្ឋកិច្ច»។
លោកបន្ថែមថា៖ «ក្រសួងការពារជាតិ កងទ័ពមានចំណេះជំនាញវិជ្ជាជីវៈប្រកបដោយក្រមសីលធម៌ជាកងទ័ពមិនស្ថិតក្រោមនិន្នាការនយោបាយណា ជាកងទ័ពមានចំណេះដឹង មានវិន័យ ជាកងទ័ពដែលឈរលើអព្យាក្រឹត្យ»។
តាមរយៈសារាចរវិស័យសង្គមកិច្ច ត្រូវបានគ្រោងប្រមាណ ៤.៨២%នៃ ផ.ស.ស. សម្រាប់ឆ្នាំ ២០២៧ ពោលគឺនៅតែចាត់ទុកជាវិស័យអាទិភាពទី១ ក្នុងនោះសំដៅបន្តរក្សាលំនឹងជីវភាពប្រជាជន ព្រមទាំងលើកកម្ពស់សមធម៌សង្គម, បន្តលើកកម្ពស់គុណភាពអប់រំ និងគាំទ្រដល់ការពង្រឹង និងពង្រីកការទទួលបានសេវាអប់រំ, ការអភិវឌ្ឍជំនាញ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ ពិសេសនៅក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម, លើកកម្ពស់គុណភាពសេវាសុខាភិបាល និងការពង្រីកការទទួលបានសេវាថែទាំសុខភាព ឆ្ពោះទៅការគ្រប ដណ្តប់សុខភាពជាសកលនៅកម្ពុជា។ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ បញ្ជាក់ថា រដ្ឋាភិបាលបានចាយប្រមាណ ៦៥៤លានដល្លារសម្រាប់ក្រសួងអប់រំ យុវជន និងកីឡា និង៥៧៩ លានដុល្លាសម្រាប់ក្រសួងសុខាភិបាល៕







