រថយន្តមួយគ្រឿងដឹកកម្មកររោងចក្រសរុបចំនួន ៤០នាក់ បានក្រឡាប់ផ្ងារជើងនៅតាមដងផ្លូវ បណ្ដាលឱ្យមានអ្នករបួសធ្ងន់ស្រាលជិត៣០នាក់ ប៉ុន្តែមិនមានអ្នកបាត់បង់ជីវិតនោះទេ។ នេះបើយោងតាមការបញ្ជាក់ពីមន្ទីរព័ត៌មានខេត្តស្វាយរៀងនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦។
ហេតុការណ៍ខាងលើ បានកើតឡើងនៅវេលាម៉ោង៦:១៤នាទីព្រឹក ស្ថិតនៅចំណុចភូមិម្រាគ ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។
សមត្ថកិច្ចបានបញ្ជាក់ប្រាប់មន្ទីរព័ត៌មានខេត្តស្វាយរៀងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តកែច្នៃពណ៌លឿងមួយគ្រឿង បានដឹកកម្មករ-កម្មការិនីយ៉ាងណែន ដើម្បីជូនទៅរោងចក្រ។ ក្នុងពេលនោះដែរ គេឃើញមានអ្នកខ្លះថែមទាំងតោងអង្គុយនៅផ្នែកខាងក្រោយស្តុបរថយន្ត ហើយគ្រោះថ្នាក់កើតឡើងដោយសារតែរថយន្តបានបើកបរវ៉ាជែងខ្វះការប្រុងប្រយ័ត្ន បណ្តាលឱ្យក្រឡាប់ផ្ងារជើងកណ្ដាលផ្លូវក្បែរដងផ្លូវថ្មើរជើងតែម្តង។
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា ឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានធ្វើឱ្យកម្មករចំនួន ២៧នាក់រងរបួស ក្នុងនោះរបួសធ្ងន់៥នាក់ និងស្រាល ២២នាក់។
អ្នកនាំពាក្យរូបនេះបានលើកឡើងថា ក្រសួងការងារប្រៀបដូចជាឪពុកម្ដាយរបស់កម្មករ។ យ៉ាងណាលោកថា ពាកព័ន្ធនឹងបច្ចេកទេសរថយន្ត មិនមែនឋិតលើការគ្រប់គ្រងរបស់ក្រសួងការងារនោះទេ តែជាកិច្ចការងាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការត្រួតពិនិត្យ រួមទាំងប៉ូលីសចរាចរណ៍ផងដែរ។
លោកបន្តថា៖«ក្រសួងការងារបានធ្វើការជាមួយភាគីពាក់ព័ន្ធដើម្បីលើកពីកង្វល់ដែលកើតមានកន្លងមកធ្វើយ៉ាងណាការពារឱ្យបាននូវករណីគ្រោះថ្នាក់នានាដែលអាចកើតមានជាយថាហេតុ»។
ក្រោយពេលកើតហេតុភ្លាមៗ មន្ត្រីជំនាញរបស់ក្រសួងដែលមានទាំងមន្ទីរការងារ និងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) រួមជាមួយអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធក៏បានអន្តរាគមន៍ជួយបញ្ជូនកម្មករដែលរងគ្រោះថ្នាក់ទៅកាន់មន្ទីរពេទ្យ និងបន្តការយកចិត្តទុកដាក់ជាប្រចាំទៀតផង។
នាយកប្រតិបត្តិអង្គការសង់ត្រាល់ លោក មឿន តុលា បានកត់សម្គាល់ថា បញ្ហាគ្រោះថ្នាក់បែបនេះអាចកើតឡើងពីបញ្ហាស្ដង់ដាររថយន្ត ហើយលោកក៏បានឃើញពីការយកចិត្តទុករបស់ក្រសួងការងារក្នុងការសម្របសម្រួលរថយន្តដឹកកម្មករដែរ តែលទ្ធផលនៅមិនទាន់អាចឆ្លើយតបនឹងបញ្ហាការធ្វើដំណើរទៅធ្វើការដោយសភាពចង្អៀតរបស់កម្មករ កម្មការិនីរោងចក្រដដែល។
ប្រភពរូបនេះបន្ថែមថា៖ « គួរតែពិចារណាទៅលើមធ្យោបាយធ្វើដំណើររបស់កម្មករឱ្យបានច្បាស់លាស់ និងហ្មត់ចត់ជាងនេះទៀត ហើយកិច្ចការនេះក៏គួរមានការចូលរួមពីក្រសួង និងថៅកែរោងចក្រជាមួយម្ចាស់ឡានលើការបញ្ជាទិញ ដោយគួរតែមានត្រួតពិនិត្យលើការដឹកលើសចំណុះ ហើយត្រូវមានការផ្លាស់ប្ដូរតៃកុងឡានជាប្រចាំ ដើម្បីឱ្យពួកគាត់បានសម្រាកគ្រប់គ្រាន់»។
គួរបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍បែបនេះ ក៏ទើបតែកើតឡើងថ្មីៗនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងក្រុងស្វាយរៀង ខេត្តស្វាយរៀង នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ដែលណ្តាលឱ្យមានកម្មករនិយោជិតចំនួន១៤នាក់បានស្លាប់ និងរបួសធ្ងន់ស្រាលជិត៨០នាក់៕







