រដ្ឋាភិបាលលែងយកកម្រៃសេវាអត្តសញ្ញាណកម្ម១២ប្រភេទ និងយកកម្រៃ៣៧ ប្រភេទ

អភិបាលកិច្ច

(ពលរដ្ឋជាច្រើននាក់ ទៅស្វែងរកសេវាច្រកចេញចូលតែមួយនៅសាលារាជធានីភ្នំពេញ)។(រូបភាពអង្គភាពច្រកចេញចូលតែមួយសាលារាជធានីភ្នំពេញ)។

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យលើកលែងការយកកម្រៃសេវាអត្តសញ្ញាណកម្មចំនួន១២ប្រភេទ ដូចជាការចុះបញ្ជី និងផ្ដល់សំបុត្រកំណើត សំបុត្រមរណភាព និងសំបុត្រអាពាហ៍ពិពាហ៍ដំបូង ប៉ុន្តែក៏កំណត់ឱ្យយកកម្រៃលើសេវាអត្តសញ្ញាណកម្មចំនួន៣៧ប្រភេទផ្សេងទៀតផងដែរ។

យោងតាមអនុក្រឹត្យចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ បានបែងចែកសេវាអត្តសញ្ញាណកម្ម១២ប្រភេទមិនតម្រូវឱ្យបង់ប្រាក់ និង៣៧ប្រភេទទៀតតម្រូវឱ្យបង់ ដើម្បីធានាថា ការផ្ដល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

បើតាមអនុក្រឹត្យ ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់ប្រាក់ រួមមាន ការផ្ដល់សំបុត្រកំណើត សំបុត្រមរណភាព សំបុត្រអាពាហ៍ពិពាហ៍ដំបូង ការផ្ដល់សៀវភៅស្នាក់ដំបូង ការកែតម្រូវទិន្ន័យក្នុងសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅដែលជាកំហុសរបស់មន្រ្តី និងការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដំបូង ជាដើម។

ចំណែកប្រភេទសេវាអត្តសញ្ញាណកម្មដែលតម្រូវឱ្យបង់កម្រៃទាំង៣៧ប្រភេទ រួមមាន ការផ្ដល់ច្បាប់ដើមឡើងវិញនៃសំបុត្រកំណើត សំបុត្រមរណភាព សំបុត្រអាពាហ៍ពិពាហ៍ ក្រោយ​ខូច​ខាត បាត់ ឬសេចក្ដីចម្លង ការផ្ដល់លិខិតបញ្ជាក់ភាពនៅលីវ មេម៉ាយ និងពោះម៉ាយ រួមទាំងលិខិតបញ្ជាក់ការលែងលះ ការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដំបូង ដោយសេវាឆាប់រហ័ស និងការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរទុតិយតា (លើកទី២) ករណីខូចខាត ឬបាត់ និងការផ្ដល់លិខិតធ្វើដំណើរសម្រាប់ពលករកម្ពុជាទៅធ្វើការនៅក្រៅប្រទេស ជាដើម។

បើតាមខ្លឹមសារក្នុងអនុក្រឹត្យ ការបង់ថ្លៃសេវាក្នុងតម្លៃបច្ចុប្បន្ននៅបន្តធម្មតា រហូតដល់មានលិខិតបទដ្ឋានគតិយុត្តិថ្មីមកជំនួស។ អនុក្រឹត្យ គូសបញ្ជាក់ថា ការកំណត់ការបង់កម្រៃសេវាថ្មី ត្រូវធ្វើឡើងដោយប្រកាសអន្តរក្រសួងរវាងក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច។

ប្រជាកាសែតមិនអាចសុំការអត្ថាធិប្បាយបន្ថែមពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ និងអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចលោក មាស សុខសេនសាន បានទេ ដោយទូរសព្ទចូលតែមិនមានអ្នកទទួល។

អាជីវករលក់អីវ៉ាន់ចាប់ហួយ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល អ្នកស្រី ថន សារិន អាយុ៣៥ឆ្នាំ ស្នើសុំការកំណត់ប្រាក់កម្រៃលើសេវាអត្តសញ្ញាណកម្មថ្មី ត្រឹមចន្លោះ១០០០រៀល ដល់២០០០រៀល ក្រោមហេតុផលថា បច្ចប្បន្ននេះចំណូលរបស់ពលរដ្ឋមានការធ្លាក់ចុះ ដោយសារការលក់ដូរលែងសូវមានពលរដ្ឋទិញដូចមុន។

អ្នកស្រី និយាយថា៖ «សេវា ១០០០ ទៅ ២០០០រៀល ល្អសម្រាប់ពលរដ្ឋ ដោយសារសេដ្ឋកិច្ចឥឡូវវាធ្លាក់ចុះក្រោម។ ពលរដ្ឋម្នាក់ៗគាត់អត់មានចំណូល។ ចឹងថ្លៃសេវាកាន់តែទាប កាន់តែល្អសម្រាប់ពួកគាត់»។

ចំណែកជំទប់ទី២ ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប លោក ឈន គុជ ស៊ាក់ មានប្រសាសន៍ថា ការផ្ដល់សេវានានាដល់ពលរដ្ឋ មិនគួរឱ្យមានការបង់ប្រាក់នោះទេ ដោយចាត់ទុកថា នេះជាការផ្ដល់ឯកសារស្របច្បាប់ដល់ពលរដ្ឋជាម្ចាស់ទឹកដី និងចៀសវាងការប្រព្រឹត្តអំពើពុករលួយតាមរយៈការស្នើសុំប្រាក់បន្ថែមពីលើកម្រៃសេវាដែលច្បាប់បានកំណត់ពីពលរដ្ឋ។

លោកនិយាយថា៖ «ការផ្ដល់អត្តសញ្ញាណកម្មដល់ពលរដ្ឋគួរតែមិនតម្រូវឱ្យមានការបង់ប្រាក់ ការផ្ដល់អត្តសញ្ញាណដល់ជនជាតិខ្លួនឯង ជាគំនិតខ្ញុំ កុំបង់ទៅ។ […] ការផ្ដល់ឯកសារស្របច្បាប់ដល់ពលរដ្ឋខ្លួនឯង កើតលើទឹកដីខ្លួនឯង ដូចជាមិនចាំបាច់ត្រូវបង់ប្រាក់អី»។

ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ បានចេញសេចក្ដីប្រកាសអន្តរក្រសួង ដោយតម្រូវឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ រៀបចំផ្សព្វផ្សាយបញ្ជីឈ្មោះលម្អិតអំពីប្រភេទសេវាសាធារណៈ ដោយបញ្ជាក់អំពីតម្លៃជាក់លាក់ រយៈពេលផ្តល់សេវា និងសុពលភាពឱ្យបានច្បាស់លាស់ទៅតាមប្រភេទសេវារដ្ឋបាលនីមួយៗ ដោយអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ 

ប្រកាសអន្តរក្រសួងដដែល ក៏បានដាក់ចេញនូវប្រការចំនួន ៧បន្ថែមទៀត ដោយផ្តល់ការសម្រេចចិត្តដល់រដ្ឋបាលថ្នាក់ក្រោមជាតិទៅតាមភាពជាក់ស្តែងនៃតំបន់របស់ខ្លួន។ ក្នុងនោះ ក្រុមប្រឹក្សានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ អាចកំណត់តម្លៃសេវារដ្ឋបាលជាក់ស្តែងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយផ្អែកលើស្ថានភាពសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕

អភិបាលកិច្ច","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2833}" data-page="1" data-max-pages="1" data-start="1" data-end="1">