រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឱ្យបញ្ជូនសំណុំរឿង មន្ត្រីជាប់ចោទថាទារប្រាក់ពីរោងចក្រ ទៅACUនិងតុលាការ

អំពើពុករលួយ

រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ ២០២៦ដឹកនាំកិច្ចប្រជុំ ស្តីពី វឌ្ឍនភាពការងារនិងលើកទិសដៅសកម្មភាពបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នាទីស្តីការក្រសួងបរិស្ថាន។(រូបភាពក្រសួងបរិស្ថាន)

រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានបញ្ជាទៅប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ឱ្យបញ្ជូនសំណុំរឿងពាក់ព័ន្ធនឹងការចោទប្រកាន់ថា មន្ត្រីបរិស្ថានពីររូបបានទារប្រាក់ពីរោងចក្រមួយ ទៅកាន់តុលាការ និងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដើម្បីស្វែងរកការពិត បន្ទាប់ពីការស៊ើបអង្កេតរបស់មន្ត្រីជំនាញកាលពីខែមីនា មិនបានរកឃើញភស្តុតាងជាក់ស្តែង និងគួរឱ្យជឿទុកចិត្តគ្រប់គ្រាន់។

យោងតាមលិខិតរបស់ក្រសួងបរិស្ថាន ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ លើកឡើងថា ក្រុមការងារអធិការកិច្ចរបស់ក្រសួង បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងប្រមូលព័ត៌មានពាក់ព័ន្ធ ដោយរកឃើញថា មិនទាន់មានភស្តុតាងជាក់ស្តែង និងគួរឱ្យជឿទុកចិត្តគ្រប់គ្រាន់ ដើម្បីបញ្ជាក់ថា មន្ត្រីមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺទាំងពីររូប ពិតជាបានទារប្រាក់ពីក្រុមហ៊ុន HONG CHENG FANG DRIED MANGO PROCESSING FACTORY CO., LTD. ដូចការចោទប្រកាន់នោះឡើយ។

ក្នុងលិខិតដដែលនោះសរសេរថា៖ «ការពិនិត្យលើប្រភពព័ត៌មាន សក្ខីកម្ម ឯកសារពាក់ព័ន្ធ និងទិន្នន័យដែលប្រមូលបាន មិនបានបង្ហាញពីអង្គហេតុ ឬមូលដ្ឋានច្បាស់លាស់ដែលអាចគាំទ្រដល់ការចោទប្រកាន់ក្នុងករណីនេះបានទេ»។

ការផ្សព្វផ្សាយបន្តថា ដើម្បីស្វែងរកការពិត និងធានាភាពយុត្តិធម៌ដល់មន្ត្រីទាំងពីររូប គឺប្រធានការិយាល័យគាំពារបរិស្ថាន លោក ឈុន ឈៀងហេង និងមន្ត្រីជាប់កិច្ចសន្យា លោក ជួប ពន្លឺ ក្រសួងបានណែនាំឱ្យពិនិត្យ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្នុងករណីបរិ​ហារកេរ្តិ៍ ឬបន្តស្រាវជ្រាវលើការចោទប្រកាន់នេះ ព្រមទាំងពិនិត្យដាក់សំណុំរឿងពាក់ព័ន្ធនឹងការទារប្រាក់ពីក្រុមហ៊ុន ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានប្រាប់អ្នកសារព័ត៌មានថា គោលបំណងសំខាន់របស់ក្រសួងគឺការស្វែងរកយុត្តិធម៌ជូនភាគីដែលមិនបានប្រព្រឹត្តកំហុស និងមិនឱ្យពួកគេរងនូវភាពអយុត្តិធម៌ពីការចោទប្រកាន់ជាសាធារណៈ។

លោកបានថ្លែងថា៖ «សំខាន់គឺយើងចង់រកយុត្តិធម៌ជូនទៅភាគីដែលមិនបានប្រព្រឹត្ត ឬក៏កុំឱ្យគាត់រងនូវភាពអយុត្តិធម៌ បន្ទាប់ពីមានការផ្សព្វផ្សាយកន្លងមក។ អ៊ីចឹង ទាំងមន្ត្រីបរិស្ថាន ទាំងខាងរោងចក្រ ប្រសិនបើពួកគាត់បំពេញការងារដោយស្មោះត្រង់ និងមានភាពស្អាតស្អំ គឺយើងចង់ផ្តល់យុត្តិធម៌ជូនពួកគាត់»។

ជុំវិញករណីនេះ នាយកប្រតិបត្តិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ (PED) លោក សាន់ ម៉ាឡា បានលើកឡើងថា ជាទូទៅអ្នករកស៊ីមិនចង់មានទំនាស់ជាមួយអាជ្ញាធរទេ ដូច្នេះការចេញមុខចោទប្រកាន់ជាសាធារណៈ អាចបង្ហាញថាមានភាពមិនប្រក្រតីណាមួយដែលជំរុញឱ្យម្ចាស់អាជីវកម្មធ្វើបែបនេះ។ លោកយល់ស្របចំពោះការណែនាំឱ្យបញ្ជូនសំណុំរឿងទៅអង្គភាពប្រឆាំងអំពើពុករលួយ ដោយចាត់ទុកថាជាចំណុចវិជ្ជមានដែលអាចជួយបង្កើនទំនុកចិត្តសាធារណៈលើដំណើរការស្វែងរកការពិត។

លោកបានថ្លែងថា៖ «យើងក៏សង្ឃឹមផងដែរថា អង្គភាពប្រឆាំងអំពើពុករលួយនឹងអាចស្វែងរកយុត្តិធម៌ជូនភាគីពាក់ព័ន្ធ ហើយអង្គភាពប្រឆាំងអំពើពុករលួយនឹងអាចដើរតួនាទីមួយយ៉ាងសំខាន់ ដើម្បីធានាថានឹងមិនមានមន្ត្រីខិលខូចនៅតាមមូលដ្ឋាន ធ្វើសកម្មភាពជំរិតទារប្រាក់ពីម្ចាស់សិប្បកម្ម ឬម្ចាស់ក្រុមហ៊ុនដែលពួកគាត់ជាអ្នករកស៊ីសុចរិតស្មោះត្រង់នោះឡើយ។ ពួកគាត់ទាំងអស់នោះបានបង្កើតការងារធ្វើដល់ប្រជាពលរដ្ឋ ហើយជាពិសេសក៏បានចូលរួមចំណែកបង់ពន្ធដើម្បីកសាងសេដ្ឋកិច្ចយើងឱ្យកាន់តែល្អប្រសើរផងដែរ»។

ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ បានមានប្រសាសន៍ថា ការស៊ើបអង្កេតលើមន្ត្រីរបស់ខ្លួន គឺជានីតិវិធីរដ្ឋបាលធម្មតាមួយរបស់ស្ថាប័នរដ្ឋ។ លោកលើកឡើងថា ប្រសិនបើមានការសង្ស័យពាក់ព័ន្ធនឹងអំពើពុករលួយ ការរំលោភអំណាច ឬបទល្មើសព្រហ្មទណ្ឌ ករណីនេះត្រូវតែបញ្ជូនទៅតុលាការ ឬអង្គភាពប្រឆាំងអំពើពុករលួយដើម្បីបន្តនីតិវិធីតាមច្បាប់។

លោកមានប្រសាសន៍បន្ថែមថា៖ «យើងលើកទឹកចិត្តដល់អ្នកអនុវត្តច្បាប់ទាំងអស់។ ខាង​រោង​ចក្រក៏ត្រូវលើកទឹកចិត្តឱ្យមានប្រព័ន្ធរាយការណ៍មួយ ប្រសិនបើពួកគេយល់ថា ការអនុវត្ត​ច្បាប់របស់មន្ត្រីមិនត្រឹមត្រូវ ឬមិនសមរម្យ។ ដូច្នេះ យន្តការរាយការណ៍ដោយពលរដ្ឋ ឬដោយក្រុមហ៊ុនជាដើម គួរត្រូវបានលើកទឹកចិត្តឱ្យបានច្រើន»។

គួររំលឹកផងដែរថា កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានចាត់មន្ត្រីក្រោមឱវាទ ចុះស៊ើបអង្កេតលើករណីមន្ត្រីបរិស្ថានខេត្តកំពង់ស្ពឺ ២រូប ភ្លាមៗ បន្ទាប់ពីមានការលើកឡើងថា ជាប់ពាក់ព័ន្ធនឹងការទារប្រាក់ពីក្រុមហ៊ុនមួយ។ ការចុះស៊ើបអង្កេតនោះ ធ្វើឡើងដោយឱ្យមន្ត្រីជំនាញនៃក្រសួងបរិស្ថាន ចុះទៅដល់ទីតាំងរោងចក្រខ្នាតតូចកែច្នៃដំណាប់​​ស្វាយ ឈ្មោះ «ហុង ចេងហ្វាង» ស្ថិតនៅភូមិខ្នងក្រាំង ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនជាជនជាតិចិន និងអ្នកបកប្រែ ដើម្បីសាក​សួរព័ត៌មាន និងប្រមូលភស្តុតាងស្វែងរកការពិត៕

អំពើពុករលួយ","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2854}" data-page="1" data-max-pages="1" data-start="1" data-end="1">