លោក ហ៊ុន ម៉ាណែត ទស្សនកិច្ចនៅវៀតណាមជាលើកទីពីរចាប់តាំងពីកាន់តំណែងជានាយករដ្ឋមន្ត្រី

ទំនាក់ទំនងអន្តរជាតិ

(លោកហ៊ុន ម៉ាណែត ចូលរួមពិធីជប់លៀងផ្លូវការដែលរៀបចំដោយ លោក ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីវៀតណាមថ្ងៃចន្ទ ទី៨ មិថុនា ២០២៦។រូបភាពហ្វេសប៊ុកផ្លូវការរបស់នាយករដ្ឋមន្ត្រីកម្ពុជា។)

ក្រោយឡើងកាន់អំណាចបានរយៈពេលជិត៣ឆ្នាំ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កំពុងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមម្ដងទៀតដែលជាលើកទីពីរ ដើម្បីរឹតចំណងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ និងពិភាក្សាអំពីបញ្ហាតំបន់ដែលពាក់ព័ន្ធនឹងប្រទេសទាំងពីរនៅដើមសប្ដាហ៍នេះ។

មសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីវៀតណាម លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នឹងបំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងចូលរួមវេទិកាអនាគតអាស៊ាន នៅទីក្រុងហាណូយ ចាប់ពីថ្ងៃចន្ទ ទី៨ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។

សេចក្ដីប្រកាសដដែល និយាយថា ក្នុងដំណើរទស្សនកិច្ចនេះ លោក ហ៊ុន ម៉ាណែត នឹងមានជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្រ្តី វៀតណាម ដែលគ្រោងពិភាក្សាលើការផ្លាស់ប្ដូរទស្សនៈអំពីមធ្យោបាយនានាក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី រួមទាំងពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងក្ដីបារម្ភរួមរបស់ប្រជាជាតិទាំងពីរ។

ទន្ទឹងនឹងនេះ នាយករដ្ឋមន្រ្តីកម្ពុជា ក៏នឹងជួបសម្ដែងការគួរសមជាមួយលោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្ដ និងជាប្រធានរដ្ឋវៀតណាម រួមទាំងលោក ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម។ បើតាមក្រសួងការបរទេសកម្ពុជា ប្រទេសជិតខាងទាំងពីរ ក៏នឹងប្រារព្ធ​ខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំក្រោយផងដែរ។

ទស្សនកិច្ចរបស់មេដឹកនាំកម្ពុជាធ្វើឡើង បន្ទាប់ពីប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ទើបតែបានបញ្ចប់ទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសថៃនាពេលថ្មីៗនេះ ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ខណៈវៀតណាម និងថៃ ក៏បានព្រមព្រៀងលើការពង្រឹងការតភ្ជាប់សកម្មភាពសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

ទំព័រហ្វេសប៊ុកផ្លូវការរបស់នាយករដ្ឋមន្ត្រីកម្ពុជាឱ្យដឹងថា គិតត្រឹមថ្ងៃត្រង់ថ្ងៃទី០៨ខែមិថុនានាយករដ្ឋមន្ត្រីកម្ពុជាបាននាំប្រតិភូទៅដល់ប្រទេសវៀតណាម ព្រមទាំងជួបសមភាគីដែលដឹកនាំដោយនាយករដ្ឋមន្ត្រីវៀតណាម។លោកហ៊ុនម៉ាណែត និងក្រុមការងារបានចូលរួមពិធីជប់លៀងផ្លូវការដែលរៀបចំដោយលោកឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋ​មន្រ្តីវៀតណាម។

ស្ថាបនិកគណបក្សកែទម្រង់កម្ពុជាលោក អ៊ូ ច័ន្ទរ័ត្ន យល់ថា កម្ពុជាទំនងស្វែងរកទំនាក់ទំនង​ការទូតជាមួយវៀតណាមឱ្យល្អជាងមុន ក្រោយថៃដែលកំពុងឈ្លានពានទឹកដី។លោកថាអ្នកដឹកនាំកម្ពុជាទំនងជាទៅបង្កើនទំនាក់ទំនងទ្វេភាគីជាមួយវៀតណាម។

លោក និយាយថា៖ «ការធ្វើទស្សនកិច្ចនេះអាចនឹងបង្ហាញពីជំហររបស់ខ្លួន ចង់ងាកទៅជជែក ឬក៏ពង្រឹងទំនាក់ទំនងជាមួយវៀតណាមឱ្យបានរឹងមាំជាងមុន ឬម៉េចខ្ញុំអត់ដឹងទេ។ តែជាទស្សន៍ទាយប្រហែលជាវៀតណាម ហាក់ដូចជាមានទំនាក់ទំនងជាមួយថៃកាន់តែខ្លាំង ម្ល៉ោះហើយកម្ពុជាក៏អាចទាមទារទំនាក់ទំនងបែបហ្នឹងដែរ។

លោកទទូចឱ្យនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ឆ្លៀតឱកាសនេះ លើកឡើងពីបញ្ហាខ្មែរកម្ពុជាក្រោម ទៅកាន់មេដឹកនាំវៀតណាមឱ្យយកចិត្តទុកដាក់លើសិទ្ធិ និងជីវភាពរស់នៅរបស់ពួកគេ អំឡុងពេលខួបលើកទី៧៧ឆ្នាំនៃការកាត់ទឹកដីកម្ពុជាក្រោមទៅវៀតណាម។

លោក និយាយថា៖ «ខ្ញុំរំពឹងថា បើសិនជាអាច នាយករដ្ឋមន្រ្តី គួរតែលើកឡើងពីបញ្ហាអស់ហ្នឹងពីរឿងសិទ្ធិរស់នៅ ពីរឿងបញ្ហាជីវភាព សេដ្ឋកិច្ចជាដើមពីអ្នករស់នៅកម្ពុជាក្រោម ដែលជាជនជាតិដើមភាគតិចនៅលើដីកំណើតរបស់ខ្លួន»។

ជុំវិញដំណើរទស្សនកិច្ចនេះ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាលោក គិន ភា មានប្រសាសន៍ថា វៀតណាមជាអ្នកជិតខាងដ៏សំខាន់របស់កម្ពុជា ទាំងក្នុងវិស័យសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការតភ្ជាប់ប្រជាជន និងប្រជាជន។ ហេតុដូចនេះហើយ លោកយល់ថា ការរក្សាទំនាក់ទំនងល្អជាមួយវៀតណាម គឺស្របទៅនឹងផលប្រយោជន៍ជាតិរយៈពេលវែងរបស់កម្ពុជា។

លោក គិន ភា បន្ថែមទៀតថា បច្ចុប្បន្ន បញ្ហាតំបន់ និងពិភពលោកកំពុងប្រឈមនឹងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយកាន់តែខ្លាំង ការប្រែប្រួលសេដ្ឋកិច្ចសកល សន្តិសុខមិនប្រពៃណី ក៏ដូចជាការប្រែប្រួលអាកាសធាតុ។ ក្នុងបរិបទនេះ ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាង ដូចជាកម្ពុជា និងវៀតណាម កាន់តែមានសារៈសំខាន់ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

លោក និយាយថា៖ «ខណៈដែលប្រទេសទាំងពីរកំពុងឈានទៅរកខួប ៦០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតផ្លូវការ នៅឆ្នាំ២០២៧ នេះគឺជាឱកាសដ៏ល្អក្នុងការពិនិត្យមើលសមិទ្ធផលកន្លងមក និងរៀបចំចក្ខុវិស័យថ្មីសម្រាប់អនាគត។ ការពង្រឹងទំនាក់ទំនងនយោបាយ ការពង្រីកពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងកិច្ចសហប្រតិបត្តិការលើបញ្ហាតំបន់ នឹងក្លាយជាកម្លាំងចលករសំខាន់សម្រាប់ទំនាក់ទំនងទ្វេភាគី»។

កាលពីចុងឆ្នាំ២០២៣ លោក ហ៊ុន ម៉ាណែត ក៏បានដឹកនាំប្រតិភូជាន់ខ្ពស់ទៅទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមផងដែរ ដែលកាលនោះលោកមានជំនួបជាមួយលោកនាយករដ្ឋមន្ត្រី វៀតណាម ផាម មិញជីញ ដោយពិភាក្សាលើកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដូចជា អប់រំ ពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ ទេសចរណ៍ វប្បធម៌ សន្តិសុខ ការពារជាតិ និងកិច្ចការព្រំដែន។ មេដឹកនាំទាំងពីរ ក៏បានពិភាក្សាគ្នាផងដែរ អំពីបញ្ហាតំបន់ និងអន្តរជាតិ៕

ទំនាក់ទំនងអន្តរជាតិ","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2866}" data-page="1" data-max-pages="1" data-start="1" data-end="1">