អ្នកជំនាញអំពាវនាវពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះនៅដើមរដូវវស្សា

សង្គម

(មន្ត្រីមូលដ្ឋានចង្អុយបង្ហាញទីតាំង ដែលប្រជាពលរដ្ឋរងគ្រោះដោយសាររន្ទះបាញ់នៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦។​ រូបភាព៖ តាមហ្វេសប៊ុក)។

អ្នកជំនាញអំពាវនាវឱ្យពលរដ្ឋយកចិត្តទុកដាក់តាមដានព័ត៌មានអាកាសធាតុ និងប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ នៅដើមរដូវវស្សាឆ្នាំនេះ។

ការក្រើនរំឭកនេះ ធ្វើឡើងបន្ទាប់ពីមានករណីរន្ទះបាញ់មនុស្សចំនួន ៥ នាក់ក្នុងពេលតែមួយ បណ្តាលឱ្យស្លាប់ ៣ នាក់ និង ២ នាក់របួសធ្ងន់ ខណៈពួកគេកំពុងភ្ជួរស្រែ និងខ្លះទៀតអង្គុយរង់ចាំក្រោមដើមឈើនៅចំណុចវាលស្រែមួយកន្លែង ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ពេលមេឃភ្លៀងធំលាយឡំផ្គររន្ទះ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦។

អ្នកនាំពាក្យនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុនី បានឱ្យដឹងថា នៅក្នុងដំណាក់កាលផ្លាស់ប្តូររដូវពីប្រាំងទៅវស្សា គ្រោះរន្ទះបាញ់ និងខ្យល់កន្ត្រាក់បានកើតឡើងជាបន្តបន្ទាប់។ លោកបន្តថា ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ធ្វើឱ្យអាកាសធាតុមានកម្ដៅខ្ពស់ រួមផ្សំនឹងសំណើមខ្ពស់ បង្កើតទៅជាពពកធំៗ ដែលបង្កឱ្យមានចរន្តរន្ទះកើតឡើងញឹកញាប់ និងខ្លាំងក្លាជាងមុន។

លោក សុទ្ធ គឹមកុលមុនី៖ «ករណីរន្ទះបាញ់គឺយើងអត់អាចជូនដំណឹងភ្លាមៗទេ ដោយសារនៅពេលដែលវាកើត គឺកើតនៅពេលដែលរកកលភ្លៀងគឺមានផ្គររន្ទះកើតឡើង ប៉ុន្តែគ្រាន់តែយើងអាចផ្សព្វផ្សាយពីវិធានការមុន តាមប្រព័ន្ធផ្សព្វផ្សាយរបស់យើង»។

លោក គឹមកុលមុនី បញ្ជាក់ដែរថា អាជ្ញាធរបានដំឡើងប្រព័ន្ធចាប់រន្ទះនៅតាមសហគមន៍ដើម្បីកាត់បន្ថយគ្រោះថ្នាក់។ ជាមួយគ្នានេះ ស្ថាប័នពាក់ព័ន្ធបានបង្កើនការផ្សព្វផ្សាយសារអប់រំ និងវិធានការការពារជាមុន តាមរយៈប្រព័ន្ធព័ត៌មាន និងបណ្តាញសង្គមជាដើម។ ក្នុងនោះដែរ លោកលើកទឹកចិត្តឱ្យពលរដ្ឋចៀសវាងដាច់ខាតកុំឈរក្រោមដើមឈើធំៗ ឬបង្គោលភ្លើងខ្ពស់ៗ ពេលមានភ្លៀង ឬផ្គររន្ទះ និងប្រញាប់រកកន្លែងជ្រកដែលមានសុវត្ថិភាព ក៏ដូចជាបិទចរន្តអគ្គិសនី និងកុំប្រើប្រាស់ទូរសព្ទដៃ ពិសេសពេលកំពុងសាកថ្ម ក្នុងពេលមានព្យុះផ្គររន្ទះ។

កសិកររស់នៅស្រុកកំរៀង ខេត្តបាត់ដំបង អ្នកស្រី សាប សាវី បានប្រាប់អ្នកសារព័ត៌មានថា អ្នកស្រីព្រួយបារម្ភលើបញ្ហាគ្រោះធម្មជាតិរន្ទះបាញ់ ក៏ដូចជាបញ្ហាបម្រែបម្រួលអាកាសធាតុ។

អ្នកស្រី សាវី រៀបរាប់ថា អ្នកស្រីមិនសូវបានតាមដានរឿងអាកាសធាតុជាប់លាប់ទេ ខណៈការជូនដំណឹងរបស់អាជ្ញាធរមូលដ្ឋានអំពីបញ្ហាអាកាសធាតុក៏មិនសូវឃើញមានដែរ នៅក្នុងសហគមន៍ដែលអ្នកស្រីរស់នៅ។

អ្នកស្រីឱ្យដឹងយ៉ាងដូច្នេះ៖ «ចេះតែខ្លាចហើយ ពេលភ្លៀងពេលអីប្រយ័ត្នប្រយែងកូនចៅអី អត់ឱ្យជិះម៉ូតូជិះអីហាលភ្លៀងទេ ឱ្យនៅក្នុងផ្ទះ ឬក៏មិនឱ្យធ្វើដំណើរទៅណាទៅណីទេ ឱ្យចូលជ្រកផ្ទះគេអ៊ីចឹងទៅ ដើម្បីការពារខ្លួនពីគ្រោះរន្ទះបាញ់»។

ដ្បិតថាអ្នកស្រី សាវី មិនបានតាមដានព័ត៌មានអាកាសធាតុ ប៉ុន្តែបើតាមការសង្កេតរបស់គាត់បានឱ្យដឹងថា តំបន់គាត់ប្រែប្រួលច្រើន បើធៀបនឹងកាលពីមុនដែលធ្លាប់មានភ្លៀងធ្លាក់ល្អជាប់លាប់ ខណៈបច្ចុប្បន្ន តំបន់របស់គាត់ទើបតែមានភ្លៀងម្ដងម្កាល ហើយបរិមាណទឹកភ្លៀងក៏មានតិចតួច លាយឡំខ្យល់ផ្គររន្ទះច្រើន ឯពេលខ្លះក៏អត់ភ្លៀងទៅទៀត។

ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោកបណ្ឌិត ប៉ា ចន្ទរឿន មានប្រសាសន៍ថា អាជ្ញាធរមូលដ្ឋានត្រូវបង្កើនការផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹង និងជំរុញឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជាពិសេសនៅក្នុងរដូវវស្សា។

លោកបណ្ឌិត ប៉ា ចន្ទរឿន៖ «អាជ្ញាធរមូលដ្ឋានហ្នឹង បើសិនជាសង្កេតឃើញកន្លែងណាដែលវាធ្លាប់តែមានរន្ទះញឹកញយហ្នឹង ក៏គួរតែរកវិធីដើម្បីដំឡើងប្រព័ន្ធការពាររន្ទះអី ដើម្បីបញ្ចៀសនូវហានិភ័យនៃគ្រោះថ្នាក់ធម្មជាតិហ្នឹង ដល់ប្រជាពលរដ្ឋនៅក្នុងភូមិ ឬក៏នៅក្នុងសហគមន៍។ នេះជាវិធីដែលយើងអាចធ្វើបានហើយ នៅក្នុងការទប់ស្កាត់ និងបញ្ចៀសពីគ្រោះថ្នាក់ធម្មជាតិហ្នឹង»។

របាយការណ៍ឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយឱ្យដឹងថា រន្ទះបាញ់បានសម្លាប់មនុស្ស ៤៥ នាក់ទូទាំងប្រទេសកម្ពុជា ដែលចំនួននេះគឺតិចជាងឆ្នាំ២០២៤ ដែលមានអ្នកស្លាប់ដោយសាររន្ទះបាញ់ចំនួន ៦៨ នាក់៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2875}" data-page="1" data-max-pages="1" data-start="1" data-end="1">