សមត្ថកិច្ចខេត្តព្រះសីហនុបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រមាណ ៣៧៨នាក់ ទៅសាលាដំបូងខេត្ត ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសប្រព័ន្ធបច្ចេកវិទ្យា គឺចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ដើមខែមិថុនា ឆ្នាំ២០២៦។ នេះយោងតាមសេចក្តីប្រកាសព័ត៌មានអំពីលទ្ធផលនៃការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់រដ្ឋបាលខេត្តព្រះសីហនុ នៅលើបណ្តាញសង្គមនាថ្ងៃទី០៩ ខែមិថុនា។
យោងតាមរដ្ឋបាលខេត្តព្រះសីហនុលើកឡើងថា ក្រុមការងារចម្រុះបានចុះត្រួតពិនិត្យទីតាំងសរុប ១,៣២១កន្លែង ក្នុងនោះបង្ក្រាបទីតាំងពាក់ព័ន្ធ Online Scam បាន ១០៣កន្លែង និងរកឃើញទីតាំងដែលជនបរទេសស្នាក់នៅមិនស្របច្បាប់ចំនួន ៤៨ទីតាំង។ ជាលទ្ធផលក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញមនុស្សសរុប ៤,៨៤១នាក់ មកពី ២៦សញ្ជាតិ ក្នុងនោះបានបញ្ជូនជនបរទេស ៣,២០៦នាក់ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបណ្ដេញចេញពីកម្ពុជា និង ៤៣៥នាក់ទៀតកំពុងបន្តនីតិវិធីស៊ើបអង្កេត។
សមត្ថកិច្ចក៏បានដកហូតវត្ថុតាងជាច្រើន រួមមានទូរសព្ទដៃជាង ៤ម៉ឺនគ្រឿង កុំព្យូទ័ររាប់រយគ្រឿង ព្រមទាំងរថយន្ត ម៉ូតូ អាវុធខ្លី គ្រឿងញៀន និងប្រាក់សុទ្ធ ក្នុងនោះមានប្រាក់ដុល្លារអាមេរិក ៦៤,៩៨០ដុល្លារ ប្រាក់បាត ១,២០០បាត និងប្រាក់រៀល ២៣,១៦០,០០០រៀល ត្រូវបានដកហូតដើម្បីបន្តនីតិវិធី។
ក្នុងសេចក្តីប្រកាសនេះបន្តថា មានការផាកពិន័យម្ចាស់ទីតាំងចំនួន ៤៥កន្លែង ដែលអនុញ្ញាតឱ្យជនបរទេសស្នាក់នៅមិនស្របច្បាប់ ដោយប្រមូលបានថវិកាជាង ១,៩៥២លានរៀល។ ចំណែកអយ្យការអមសាលាដំបូងខេត្ត បានឃាត់ទុកអចលនវត្ថុ ៦ទីតាំង ស្មើនឹង ៩ក្បាលដី រថយន្ត ១២គ្រឿង និងប្រាក់ជាច្រើនរូបិយប័ណ្ណដែលពាក់ព័ន្ធនឹងសំណុំរឿង។អយ្យការអមសាលាដំបូងខេត្តបានឃាត់ទុកអចលនវត្ថុចំនួន ៦ទីតាំង ស្មើនឹង ៩ក្បាលដី រថយន្ត ១២ គ្រឿង និងដកហូតប្រាក់ដុល្លារអាមេរិក ៨២ ៤០៦,៣០ដុល្លារ ប្រាក់រៀល ២ ៥៧៧ ៧៥២,៤៤រៀល ប្រាក់បាត ៥ ១០០បាត និងប្រាក់យ័ន ២ ០០០យ័ន។
ទន្ទឹមនឹងនេះ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូចំនួន ១១ទីតាំង ក្រោយរកឃើញថាមានការពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ អង្គការលើកលែងទោសអន្តរជាតិលើកឡើងនៅក្នុងរបាយការណ៍ថ្មីមួយ ដោយជំទាស់នឹងការអះអាងអំពីភាពជោគជ័យនៃការបង្រ្កាបការបោកប្រាស់តាមប្រព័ន្ធអនឡាញរបស់អាជ្ញាធរកម្ពុជា ថាបានបរាជ័យក្នុងការកម្ចាត់ឧស្សាហកម្មងងឹតនេះ ហើយអាចធ្វើឱ្យជនរងគ្រោះនៃការជួញដូរកាន់តែងាយរងគ្រោះ និងបរាជ័យក្នុងការវែកមុខមេខ្លោងនៅពីក្រោយបទល្មើសនេះ។ របាយការណ៍នេះផ្អែកលើការសម្ភាសន៍ជនរងគ្រោះចំនួន ៧៣នាក់ មកពី ១៦ប្រទេស ព្រមទាំងការស្រាវជ្រាវ និងចុះពិនិត្យទីតាំងពាក់ព័ន្ធនៅកម្ពុជា។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានលើកឡើងតាមរយៈបណ្ដាញតេឡេក្រាមរបស់លោកនាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ ស្ដីពីការឆ្លើយតបទៅនឹងយុទ្ធនាការបង្ក្រាប និងបោសសម្អាតការឆបោក (Scam) ដែលទទួលបានលទ្ធផលធំធេងគួរកត់សម្គាល់ ដោយបន្តវាយកម្ទេចបោសសម្អាតក្រុមតូចៗដែលនៅសេសសល់បន្ថែមទៀត។ លោកបានច្រានចោលការលើកឡើងថា ការបង្ក្រាបបទល្មើស Online Scam របស់កម្ពុជាបរាជ័យ ដោយចាត់ទុកថា ការបកស្រាយបែបនេះ គឺជាការបង្វែរលទ្ធផលវិជ្ជមានទៅជាអវិជ្ជមាន និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់កម្ពុជានៅលើឆាកអន្តរជាតិ។
លោកបញ្ជាក់ថា ក្នុងរយៈពេលកន្លងមក សមត្ថកិច្ចកម្ពុជាបានស៊ើបអង្កេត កំណត់មុខសញ្ញា និងឈានដល់ការបង្ក្រាបទីតាំងធំៗជាច្រើន ដោយបានវាយកម្ទេចបណ្តាញឧក្រិដ្ឋកម្មឆបោក និងទៅលើសកម្មភាពរបស់មេខ្លោងមួយចំនួនដែលស្ថិតនៅក្រៅប្រទេសផងដែរ។
លោក ទូច សុខៈ មានប្រសាសន៍ថា៖«ជាលទ្ធផល គឺយើងសង្គ្រោះបានអ្នកដែលធ្វើការនៅទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ទាំងការឆបោក ទាំងការចាញ់បោក ទាំងការអូសទាញ ទាំងអ្នកគំរាមកំហែង ទាំងអ្នកស្ម័គ្រចិត្តនោះ គឺមានរាប់សិបម៉ឺននាក់បញ្ជូនសង្គ្រោះ ហើយបញ្ជូនទៅកាន់ប្រទេសកំណើតរបស់ពួកគេដោយយកចិត្តទុកដាក់ជាទីបំផុតស្របតាមច្បាប់ និងមានទំនាក់ទំនងសហការយ៉ាងល្អប្រសើរជាមួយនឹងប្រទេសសមីភរិយា (ឬប្រទេសពាក់ព័ន្ធ)»។
នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ រដ្ឋាភិបាលបានចេញអនុក្រឹត្យថ្មីមួយទៀត ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ដោយផ្តោតជាពិសេសលើការគ្រប់គ្រងជនបរទេស និងការទប់ស្កាត់ការស្នាក់នៅខុសច្បាប់។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ព្រឹទ្ធសភាកម្ពុជា បានអនុម័តទាំងស្រុងលើសេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈរដ្ឋាភិបាលក៏បានចេញអនុក្រឹត្យស្ដីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ ដើម្បីពង្រឹងការគ្រប់គ្រងជនបរទេស និងទប់ស្កាត់ការស្នាក់នៅខុសច្បាប់៕







