ស្ថានទូតឥណ្ឌានៅភ្នំពេញ ក្រើនរម្លឹកពលរដ្ឋខ្លួនពីល្បិចបោកប្រាស់ការងារ នៅកម្ពុជា

សង្គម

ស្ថានភាពចរាចរណ៍នៅមុខស្ថានទូតឥណ្ឌាប្រចាំទីក្រុងភ្នំពេញ នៅល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។ រូបភាព៖ រ៉ាត់ ទី។

ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា បានចេញសេចក្តីណែនាំក្រើនរំលឹកជាថ្មី ទៅកាន់ប្រជាពលរដ្ឋរបស់ខ្លួន ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះមុខសញ្ញាជួញដូរមនុស្ស ដែលប្រើប្រាស់ល្បិចលួងលោមតាមរយៈការសន្យាផ្តល់ឱកាសការងារ ដែលមានប្រាក់ចំណូលខ្ពស់នៅក្នុងប្រទេសកម្ពុជា។ នេះបើតាមសេចក្តីណែនាំក្រើនរម្លឹករបស់ស្ថានទូតឥណ្ឌា ចេញផ្សាយលើទំព័រហ្វេសប៊ុកនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។

សេចក្តីក្រើនរម្លឹករបស់ស្ថានទូតឥណ្ឌានេះ ធ្វើឡើងបន្ទាប់ពីស្ថានទូតអះអាងថា បានទទួលព័ត៌មានថា មានពលរដ្ឋឥណ្ឌាជាច្រើន បានធ្លាក់ក្នុងអន្ទាក់ នៃក្រុមជួញដូរមនុស្ស ដោយសារតែការចាញ់បោកការសន្យាក្លែងក្លាយអំពីឱកាសការងារដែលទទួលបានប្រាក់ចំណូលខ្ពស់នៅកម្ពុជា។ ស្ថានទូតឥណ្ឌាបន្តថា ប្រជាជនឥណ្ឌា ក៏ត្រូវបានក្រុមឧក្រិដ្ឋជនបង្ខិតបង្ខំឱ្យធ្វើសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ព្រមទាំងសកម្មភាពខុសច្បាប់ផ្សេងៗទៀតផងដែរ។

ស្ថានទូតឥណ្ឌា៖ «ពលរដ្ឋឥណ្ឌា ដែលមានបំណងចង់ធ្វើដំណើរមកប្រទេសកម្ពុជា ដើម្បីស្វែងរកការងារធ្វើ ត្រូវបានដាស់តឿនថា ត្រូវឆ្លងកាត់ភ្នាក់ងារស្របច្បាប់ មានអាជ្ញាប័ណ្ណផ្លូវការត្រឹមត្រូវតែប៉ុណ្ណោះ និងត្រូវត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ប្រវត្តិរូប ក៏ដូចជាព័ត៌មានផ្ទៃក្នុងរបស់អ្នកផ្តល់ការងារ (និយោជក) នៅកម្ពុជាឱ្យបានហ្មត់ចត់បំផុត មុនពេលសម្រេចចិត្តផ្ដល់ឯកសារ ឬធ្វើដំណើរ និងហាមដាច់ខាតចំពោះការប្រើប្រាស់ ទិដ្ឋាការទេសចរណ៍ដើម្បីមកស្វែងរក ឬបំពេញការងារ ដែលជាទង្វើផ្ទុយពីច្បាប់អន្តោប្រវេសន៍នៃប្រទេសម្ចាស់ផ្ទះ»។

ជុំវិញបញ្ហានេះដែរ ស្ថានទូតឥណ្ឌា បានជំរុញឱ្យពលរដ្ឋឥណ្ឌាទាំងអស់ ដែលកំពុងស្នាក់នៅ និងធ្វើការនៅកម្ពុជា ដោយគ្មានទិដ្ឋាការត្រឹមត្រូវ ឬខុសច្បាប់ ត្រូវចាកចេញពីកម្ពុជាជាប្រញាប់។

គួរជម្រាបជូនថា ក្នុងប្រតិបត្តិការទប់ស្កាត់ និងបង្រា្កបបទល្មើសឆបោកតាមអនឡាញ និងអំពើជួញដូរមនុស្ស អាជ្ញាធរកម្ពុជា បានបណ្ដេញជនល្មើស ដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ និងអំពីជួញដូរមនុស្ស បានជាង ២ម៉ឺន៤ពាន់នាក់ គិតត្រឹមខែឧសភា ឆ្នាំ២០២៦៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2898}" data-page="1" data-max-pages="1" data-start="1" data-end="1">