លោក រ៉ុង ឈុន ជួបស្ថានទូតប្រទេសប្រជាធិបតេយ្យ មុនសវនាការតុលាការកំពូល

សង្គម

រូបភាព ទីព្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន និងសហការី សន្ទនា ជាមួយលោក Igor Driesman ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា កាលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។ (រូបភាពហ្វេសប៊ុក៖ លោក រ៉ុងឈុន)

ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន បានជួបតំណាងស្ថានទូតប្រទេសប្រជាធិបតេយ្យមួយចំនួនដូចជាសហរដ្ឋអាមេរិក បារាំង និងសហភាពអឺរ៉ុប (EU) មុនសវនាការនៅតុលាការកំពូលដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ដោយលោកថា ជំនួបនេះផ្តោតលើបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងក៏បានលើកឡើងអំពីសំណុំរឿងរបស់អ្នកនយោបាយបក្សប្រឆាំងនៅតុលាការ។ 

យោងតាមការបង្ហោះលើបណ្ដាញសង្គម លោក រ៉ុង ឈុន និងសហការី បានជួបជាមួយអ្នកស្រី ម៉ារី ប៊ុយស្កៃ ជាទីប្រឹក្សាទី១ នៃស្ថានទូតបារាំងប្រចាំកម្ពុជា និងអ្នកស្រី Rona Rathod ប្រធានផ្នែកកិច្ចការនយោបាយ នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។ ដោយឡែក នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ លោកបានជួបលោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ដើម្បីពិភាក្សាអំពីស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា។

ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន បានប្រាប់ប្រជាកាសែតនៅថ្ងៃទី១១ ខែមិថុនា ថាជំនួបនេះគឺដើម្បីពិភាក្សាអំពីស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំងលើកឡើងអំពីសំណុំរឿងរបស់លោកដែលនឹងត្រូវបើកសវនាការនៅតុលាការកំពូលនាពេលខាងមុខផងដែរ។

លោក រ៉ុង ឈុន បានថ្លែងថា៖«គោលបំណងតែ១គឺពិភាក្សាអំពីដំណើរការសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ដូចក្នុងហ្នឹងក៏បានភ្ជាប់ករណីខ្ញុំដែលបានឡើងសវនាការនៅថ្ងៃ១៥ មិថុនាខាងមុខពីព្រោះសវនាការហ្នឹង ក៏វាទាក់ទងទៅនឹងសិទ្ធិមនុស្សដែរ។ ពីព្រោះយើងដឹងហើយថា យើងមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ»។

លោក រ៉ុង ឈុន បញ្ជាក់ថា លោកមានគម្រោងបន្តជួបជាមួយតំណាងស្ថានទូតប្រទេសដទៃទៀតដែរ ប៉ុន្តែនៅពេលនេះ លោកមិនទាន់សូវមានពេលនៅឡើយ។

ជុំវិញករណីនេះ មន្រ្តីអង្កេតជាន់ខ្ពស់ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក យី សុខសាន្ត បានលើកឡើងថា តាមធម្មតាតំណាងទូតបរទេសចង់ឃើញការសម្របសម្រួល និងភាពស្រុះស្រួលគ្នារវាងតួអង្គនយោបាយនៅកម្ពុជា ជាជាងការបន្តជម្លោះនយោបាយ។

លោកមានប្រសាសន៍ថា៖«ស្ថានទូត EU និងមតិបរទេស គេមិនចង់ឃើញប្រទេសយើងមានជម្លោះរវាងភាគីគណបក្សនយោបាយដែលមាននិន្នាការផ្ទុយទេ។ ហើយជាការទូតរបស់គេ គឺគេចង់ឲ្យយើងមានការឯកភាពជាតិ យើងមានការស្រុះស្រួលដើម្បីកសាងប្រទេសទាំងអស់គ្នា»។

លោក យី សុខសាន្ត សង្ឃឹមថា តុលាការកំពូលនឹងពិចារណាសំណុំរឿងរបស់លោក រ៉ុង ឈុន ដោយឈរលើគោលការណ៍យុត្តិធម៌ និងឯករាជភាពនៃប្រព័ន្ធតុលាការ។

លោកបានថ្លែងថា៖«ខ្ញុំសង្ឃឹមថាតុលាការកំពូលលោកនឹងមានការវិនិច្ឆ័យខ្ពស់ជាងសាលាដំបូងសាលាឧទ្ធរណ៍ ហើយលោកនឹងពិចារណាទៅលើអ្នកនយោបាយនៅប្រទេសកម្ពុជាហើយយើងក៏ចង់ឃើញជាតិសាសន៍មួយដែលមានការឯកភាពជាតិ ពីព្រោះបច្ចុប្បន្ននេះប្រទេសយើងក៏មានសង្គ្រាមជាមួយនឹងអ្នកជិតខាងដែរ ហើយបើយើងឯកភាពជាតិមានន័យថាយើងមានមតិតែមួយដើម្បីការពារផលប្រយោជន៍ជាតិរបស់យើង»។

ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន នឹងត្រូវចូលសវនាការនៅតុលាការកំពូលនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ក្រោមបទចោទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។

កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ សាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមផ្តន្ទាទោសទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ឱ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ និងដកហូតសិទ្ធិបោះឆ្នោត និងឈរឈ្មោះបោះឆ្នោតជាអចិន្ត្រៃយ៍ ព្រមទាំងពិន័យជាប្រាក់ចំនួន ៤ លានរៀល ក្រោមបទចោទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទមិនរាងចាលបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិមដោយសារលោកបានបញ្ចេញមតិទាក់ទងនឹងការបោកប្រាស់តាមប្រព័ន្ធអនឡាញនៅកម្ពុជា និងបញ្ហាព្រំដែនកម្ពុជា-វៀតណាម ហើយកាលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ សាលាឧទ្ធរណ៍ភ្នំពេញ បានសម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2904}" data-page="1" data-max-pages="1" data-start="1" data-end="1">