មនុស្ស ៤នាក់ ត្រូវចោទប្រកាន់តាមផ្លូវតុលាការ ក្នុងសំណុំរឿងនាំចូលសាច់បង្កកពីថៃ បន្ទាប់ពីមានការព្រមានពីលោក ហ៊ុន សែន

សង្គម

(អាជ្ញាធរចាប់សាច់បង្កកនៅភ្នំពេញ កាលពីពេលកន្លងទៅ។រូបភាពហ្វេសប៊ុក)

មនុស្ស ៤នាក់ ត្រូវចោទប្រកាន់តាមផ្លូវតុលាការ ក្នុងសំណុំរឿងនាំចូលសាច់បង្កកពីប្រទេសថៃ បន្ទាប់ពីមានការព្រមានពីលោក ហ៊ុន សែន។ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធនឹងការនាំចូលសាច់បង្កកពីប្រទេសថៃដោយគ្មានការអនុញ្ញាត និងមិនបានបង់ពន្ធត្រឹមត្រូវ។ ចំណាត់ការនេះ ធ្វើឡើងបន្ទាប់ពីប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ណែនាំឱ្យចាត់វិធានការតឹងរ៉ឹងចំពោះការនាំចូលទំនិញខុសច្បាប់ពីប្រទេសថៃ។

តាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ សមត្ថកិច្ចចម្រុះបានបង្ក្រាបទីតាំងមួយកន្លែងនៅភូមិធ្លក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី១០ ខែមិថុនា ដោយឃាត់ខ្លួនជនសង្ស័យ ៣នាក់ រួមមានឈ្មោះ ភុត ប៊ុនហម, ហម ម៉ារ៉ាណែត និង ហ៊ុន គីមសួរ ព្រមទាំងដកហូតសរសៃកែងមាន់ និងសាច់បង្កកមួយចំនួន ដែលនាំចូលពីប្រទេសថៃដោយគ្មានការអនុញ្ញាត។ នេះបើយោងតាមការបង្ហោះនៅលើបណ្តាញសង្គម នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។

សេចក្តីប្រកាសព័ត៌មានបន្តថា ក្រោយពិនិត្យសំណុំរឿង តំណាងអយ្យការបានសម្រេចចោទប្រកាន់ជនសង្ស័យទាំងបីនាក់ និងបក្ខពួក ចំនួន ៣បទល្មើស គឺទី១ «ការធ្វើពាណិជ្ជកម្មនូវផលិតផលម្ហូបអាហារដែលមានសភាពប្រែប្រួលខូចគុណភាព ឬមិនស្របតាមលក្ខណៈវិនិច្ឆ័យអនាម័យ» ទី២ «ក្លែងបន្លំដើមកំណើតទំនិញ» និងទី៣ «ការនាំចូលទំនិញដោយគ្មានការអនុញ្ញាត» តាមបញ្ញត្តិមាត្រា ១៨ និងមាត្រា ៦៣ នៃច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផល ទំនិញ និងសេវា, មាត្រា ៣១ នៃច្បាប់ស្តីពីវិធានដើមកំណើតទំនិញ និងមាត្រា ៧៥ នៃច្បាប់ស្តីពីគយ។

បើតាមសេចក្តីប្រកាសរបស់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទាំង ៣នាក់ខាងលើ មកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ចំណែកឯបក្ខពួកផ្សេងទៀតដែលកំពុងគេចខ្លួន ពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវបន្ត។

ក្នុងសំណុំរឿងមួយផ្សេងទៀត សមត្ថកិច្ចបានចុះត្រួតពិនិត្យទីតាំងមួយកន្លែងនៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ុក សុក្របញ្ញារិទ្ធ ពាក់ព័ន្ធនឹងការនាំចូលប្រហិត និងសាច់បង្កកពីប្រទេសថៃដោយគ្មានច្បាប់អនុញ្ញាត និងមិនបានបង់ពន្ធត្រឹមត្រូវ។ នេះបើយោងតាមការបង្ហោះនៅលើបណ្តាញសង្គម នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។ ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យខាងលើ និងបក្ខពួកចំនួន ៣បទល្មើស ដូចករណីខាងលើដែរ។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប៉េង ម៉េងគ័ង បានបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីសំណុំរឿងនេះឡើយ ដោយបញ្ជាក់ថា អាចយោងទៅលើព័ត៌មានតាមបណ្តាញសង្គមបានបង្ហោះកន្លងមក។

លោកបានថ្លែងថា៖ «ខ្ញុំមិនអាចផ្តល់ព័ត៌មានក្រៅពីនេះបានទេ ខ្លាចប៉ះពាល់ដល់ការសម្ងាត់នៃការស្រាវជ្រាវ»។

ជាមួយគ្នានេះ អគ្គនាយកនៃនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម លោក គឹម មាសសុខសីហា បានឱ្យដឹងនៅថ្ងៃទី១៥ ខែមិថុនា ថា មន្ត្រីជំនាញនៅតែបន្តចុះត្រួតពិនិត្យទំនិញនាំចូលពីប្រទេសថៃ និងប្រមូលសំណាកផលិតផលដើម្បីធ្វើតេស្តគុណភាព តាមការចង្អុលបង្ហាញរបស់ប្រធានព្រឹទ្ធសភា។

លោកប្រាប់ថា បច្ចុប្បន្ននេះខាង ក.ប.ប. បានយកសំណាកគំរូជាង ១០០សំណាកហើយ ហើយមន្ត្រីជំនាញកំពុងធ្វើការវិភាគ និងត្រួតពិនិត្យ។

លោកបានលើកឡើងថា៖ «អ្នកប្រើប្រាស់របស់យើង ត្រូវតែបន្តពហិការចំពោះទំនិញដែលមកពីប្រទេសឈ្លានពាន ការចូលរួមទាំងអស់គ្នារបស់យើង គឺជាគន្លឹះដើម្បីទទួលបានជោគជ័យ»។

ការបង្ក្រាបករណីនាំចូលសាច់បង្កកខុសច្បាប់ពីប្រទេសថៃនេះ កើតមានឡើងបន្ទាប់ពីប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានថ្លែងកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅខេត្តបន្ទាយមានជ័យ ដោយព្រមានឱ្យអាជ្ញាធរចាត់វិធានការតឹងរ៉ឹងចំពោះបុគ្គល ឬមន្ត្រីដែលពាក់ព័ន្ធនឹងការនាំចូលទំនិញខុសច្បាប់ពីប្រទេសថៃ។

លោក ហ៊ុន សែន បានបញ្ជាក់ថា អ្នកប្រព្រឹត្តខុសអាចប្រឈមនឹងការដកហូតទ្រព្យសម្បត្តិ និងវិធានការផ្លូវច្បាប់ផ្សេងៗ ហើយអ្នកពាក់ព័ន្ធទាំងអស់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដោយគ្មានការលើកលែងឡើយ៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2944}" data-page="1" data-max-pages="1" data-start="1" data-end="1">