អត្តឃាត ក្លាយជាសំណើចចំអកនិងការចម្លងវិបត្តិនៅកម្ពុជា ខណៈវិធានការទប់ស្កាត់កំពុងដេកលក់

សុខភាព

(រូបភាពបង្ហាញពីមតិយោបល់ជាច្រើននៅលើអេក្រង់ទូរស័ព្ទដែលមានទាំងការបន្តុះបង្អាប់ ការស្នើសុំ និងការយល់ចិត្ត។(រូបថតដោយ ផុន សុទ្ធីរ័ត្ន)

នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ព្រលឹមស្រាងៗម៉ោងប្រមាណ ៥ នៅពេលពន្លឺថ្ងៃទើបរះឡើងតិចៗលើទឹកដីនៃរាជធានីភ្នំពេញ មនុស្សម្នាព្រោងព្រាតបានមកឈរឈូឆរនៅលើបង្កាន់ដៃស្ពានមួយកន្លែង។ ពួកគេមក មិនមែនដើម្បីទស្សនាទេសភាពនៅពេលព្រឹកព្រលឹម ឬហាត់ប្រាណនោះទេ ប៉ុន្តែដើម្បីសម្លឹងមើលសោកនាដកម្មមួយក្រោយមាននារីម្នាក់បានធ្វើអត្តឃាតនៅទីនោះ។ សោកនាដកម្មនេះមិនមែនកើតឡើងដោយចៃដន្យឡើយ។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុក សាច់ញាតិរបស់ជនរងគ្រោះបានរៀបរាប់ទាំងទឹកភ្នែកថា នារីរងគ្រោះបានធ្លាក់ខ្លួនចូលក្នុងវិបត្តិផ្លូវចិត្ត បន្ទាប់ពីត្រូវបានមិត្តភក្តិបោកប្រាស់ផ្នែកហិរញ្ញវត្ថុ។

សាច់ញាតិរូបនោះបានឱ្យដឹងទាំងទឹកភ្នែកថា នារីរងគ្រោះធ្លាប់បានប៉ុនប៉ងបញ្ចប់ជីវិតខ្លួនឯងម្ដងរួចមកហើយនៅថ្ងៃមុនកើតហេតុ។ បើទោះបីជាក្រុមគ្រួសារបានស្វែងរកការព្យាបាលយ៉ាងណាក្ដី ក៏សម្ពាធនៃផ្លូវចិត្តបានរុញច្រានឱ្យគាត់សម្រេចចិត្តចាកចេញជារៀងរហូត។ 

សោកនាដកម្មរបស់នារីរូបនេះ មិនមែនជាករណីតែមួយនោះឡើយ។ មួយរយៈចុងក្រោយនេះ ករណីប៉ុនប៉ង និងការបញ្ចប់ជីវិតខ្លួនឯងនៅលើស្ពានមួយនេះ បានកើតឡើងជាបន្តបន្ទាប់គួរឱ្យព្រួយបារម្ភ។ ប៉ុន្តែ អ្វីដែលរឹតតែគួរឱ្យបារម្ភជាងនេះទៅទៀតនោះគឺ មតិយោបល់ (Comments) របស់អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន ជាពិសេសក្នុងចំណោមយុវជន បានចូលទៅបញ្ចេញមតិដែលបង្ហាញពីសញ្ញាណមិនប្រក្រតីដែលជាករណីដែលត្រូវយកចិត្តទុកដាក់បំផុត។

យោងតាមរបាយការណ៍ឆ្នាំ២០២៣ ដែលចេញផ្សាយដោយអង្គការយូនីសេហ្វ (UNICEF) បានបង្ហាញពីតួលេខគួរឱ្យបារម្ភថា យ៉ាងហោចណាស់មានមនុស្សចំនួន ៨៧៣ នាក់បានបាត់បង់ជីវិតនៅក្នុងឆ្នាំ២០២២ នៅកម្ពុជា ដោយសារការធ្វើអត្តឃាត ដែលភាគច្រើននៃជនរងគ្រោះគឺជាយុវវ័យដែលមានអាយុចន្លោះពី ១៥ ដល់ ១៩ ឆ្នាំ។ 

របាយការណ៍ដដែលបានគូសបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាប្រមាណកន្លះលាននាក់ កំពុង​រងផលប៉ះពាល់យ៉ាងខ្លាំងពីជំងឺបាក់ទឹកចិត្ត ឬវិបត្តិថប់បារម្ភ ដែលនេះជាមូលហេតុចម្បងរុញច្រានឱ្យពួកគេគិតខ្លី។ ជាងនេះទៅទៀតនោះ គឺសិស្សអនុវិទ្យាល័យ និងវិទ្យាល័យប្រមាណ ៥៨ ភាគរយ បានរាយការណ៍ថា ពួកគេបានប្រឈមមុខនឹងបញ្ហាសុខភាពផ្លូវចិត្តយ៉ាងហោចណាស់មួយ ក្រោយការបិទទ្វារសាលារៀនក្នុងរយៈពេលវែងដោយសារវិបត្តិជំងឺកូវីដ-១៩។ 

ផ្អែកលើផែនការយុទ្ធសាស្ត្រសុខាភិបាលកម្ពុជា ឆ្នាំ២០២៥-២០៣៤ ដែលដាក់ចេញដោយក្រសួងសុខាភិបាល កាលពីខែកញ្ញា ឆ្នាំ២០២៥ បានបង្ហាញថា ចន្លោះពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២២ វិបត្តិសុខភាពផ្លូវចិត្តនៅលើសកលលោកបានកើនឡើងរហូតដល់ ២៥ ភាគរយ។ ដោយក្នុងនោះជំងឺថប់បារម្ភ និងជំងឺបាក់ទឹកចិត្ត គឺជាវិបត្តិដែលកើតមានញឹកញាប់ជាងគេ។ 

ក្នុងនោះ គេបានប៉ាន់ប្រមាណថា នៅក្នុងឆ្នាំ២០២៤ កម្ពុជាមានប្រជាពលរដ្ឋរហូតដល់ទៅប្រមាណ ៥៩០,០០០ នាក់កំពុងជួបប្រទះវិបត្តិថប់បារម្ភ (Anxiety disorders) និង ៥៥០,០០០ នាក់ទៀតកំពុងរងគ្រោះពីជំងឺបាក់ទឹកចិត្ត (Depressive disorders)។ ទោះជាយ៉ាងណា របាយការណ៍ដដែលបានបង្ហាញពីការវិវត្តនៃចំនួនអ្នកជំងឺផ្លូវចិត្តដែលបានមកទទួលការព្យាបាលទាំងសម្រាកពេទ្យ និងពិនិត្យនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ដោយបានកើនឡើងយ៉ាងគំហុកពីមធ្យមភាគប្រចាំឆ្នាំត្រឹម ១០០,០០០ ករណី (ចន្លោះឆ្នាំ២០១៥ ដល់ ២០២៣) ហក់ឡើងទៅដល់ ២៩០,០០0 ករណី នៅក្នុងឆ្នាំ២០២៤។ ក្រសួងបានគូសបញ្ជាក់ថា កំណើនដ៏ច្រើននេះ គឺដោយសារតែការខិតខំពង្រីកវិសាលភាពនៃសេវាថែទាំសុខភាពផ្លូវចិត្ត និងការធ្វើឱ្យកាន់តែប្រសើរឡើងនៃការគ្រប់គ្រងទិន្នន័យ។ 

នៅក្នុងការផ្សាយវីដេអូព័ត៌មាន នាករណីនៅថ្ងៃទី២៩ នោះ ក្នុងចំណោមមតិយោបល់ជាង ៥០០ មានជាង ៤០ មតិ បានបញ្ចេញមតិស្រដៀងគ្នាទាក់ទងនឹងការប៉ងចង់ទៅធ្វើអត្តឃាតតាមដែរ៖

«…តិចទៀតខ្ញុំទៅដែរហើយ…» «…ពូចាំផ្សព្វផ្សាយឱ្យខ្ញុំផង ខ្ញុំទៅហ្នឹងដែរហើយ…» «…តិចទៀតញុមទៅដែរហើយ សម្ពាធពេក…»

សញ្ញាណអាសន្នពីក្រោយការបញ្ចេញមតិលើព័ត៌មានអត្តឃាត

នៅពេលដែលឃើញមានមតិយោបល់ ប្រកាសចង់ទៅស្លាប់តាមគ្នានៅលើបណ្ដាញសង្គម អ្នកប្រើប្រាស់ផ្សេងទៀតតែងតែចោទសួរថា តើអ្នកទាំងនោះពិតជាចង់ស្លាប់មែន ឬគ្រាន់តែចង់លេងសើចតាមគ្នាដើម្បីទាញយកចំណាប់អារម្មណ៍? 

ដើម្បីឈ្វេងយល់រឿងរ៉ាវពីក្រោយការបញ្ចេញមតិរបស់អ្នកប្រើប្រាស់ទាំងនោះ អ្នកសារព័ត៌មានបានសម្ភាសជាមួយអ្នកប្រើប្រាស់ម្នាក់ក្នុងចំណោមអ្នកប្រើប្រាស់បណ្ដាញសង្គមផ្សេងទៀត គឺលោក ផានុ ដែលជាម្ចាស់ខម្មិន (Comment) ម្នាក់ធ្លាប់បានសរសេររៀបរាប់ពីការចង់បញ្ចប់ជីវិតតាមគ្នានៅលើព័ត៌មានអត្តឃាតថ្ងៃទី២៩ ខែមេសានោះ។

តាមការឱ្យដឹងពីបុរសវ័យ៣៤ឆ្នាំរូបនេះ ការខម្មិនរបស់គាត់គឺមិនមែនក្នុងន័យលេងសើចនោះឡើយ គឺលោកពិតជាកំពុងប្រឈមនឹងបញ្ហាផ្លូវចិត្ត ហើយម្ដងម្កាលគឺអាការៈធ្វើទុក្ខខ្លាំង ក្រោយពេលបាត់បង់ការងារជាបន្តបន្ទាប់ សូម្បីតែការងារចុងក្រោយជាសន្តិសុខ ស្របពេលត្រូវរ៉ាប់រងបំណុលធនាគារ និងការផ្គត់ផ្គង់គ្រួសារ។

ជាឪពុករបស់កូនៗចំនួន៣នាក់ លោក ផានុ ឱ្យដឹងដែរថា លោកមិនដែលហ៊ានចែករំលែករឿង​នេះជាមួយគ្រួសារ ឬមិត្តភក្តិឡើយ ព្រោះគិតថាគ្មានអ្នកណាចង់រាប់រកមនុស្សដែលកំពុងធ្លាក់ខ្លួន ខណៈការស្វែងរកអ្នកជំនាញផ្លូវចិត្តលោកគិតថាត្រូវចំណាយថវិកាច្រើន។ 

លោកបានចែករំលែកដែរថា លោកធ្លាប់ទាំងបានជួយឃាត់ និងលួងលោមអ្នកប៉ុនប៉ងលោតទឹកម្នាក់នៅលើស្ពាននោះកាលពីមុនមកទៀតផង ប៉ុន្តែលោកនិយាយថា៖«ដល់ពេលដែលជួបរឿងខ្លួនឯង! បានឃើញចែដែលគាត់មានបញ្ហាបំណុល[ហិរញ្ញវត្ថុ]ហើយគាត់សម្លាប់ខ្លួនហ្នឹង គឺដូចរឿងខ្ញុំអ៊ីចឹង។ គ្រាន់តែថា ខ្ញុំព្យាយាមដើម្បីកូនខ្ញុំ ខ្ញុំនៅរស់បន្ត ទោះបីជាខ្ញុំត្រូវជាប់គុកដោយសារបំណុលគេ ក៏ខ្ញុំត្រូវរស់បន្ត»។ លោកបន្ថែមថា បច្ចុប្បន្នបើគ្មានឪពុកម្តាយជួយមើលថែកូនប្រុសពីរនាក់ទេ សម្ពាធផ្លូវចិត្តរបស់លោកមុខជាធ្ងន់ធ្ងរជាងនេះ។ 

ទាក់ទិននឹងបញ្ហានេះ វេជ្ជបណ្ឌិត សៅ សូលីណែត អ្នកតស៊ូមតិផ្នែកគាំពារសុខភាពផ្លូវចិត្តនៃស្ថានីយ៍អារម្មណ៍ (Arom Station) បានសង្កត់ធ្ងន់ថា៖ «ទោះបីជាអ្នកហ្នឹងគាត់ទាញចំណាប់អារម្មណ៍ ឬក៏អត់ក្ដី! គាត់អាចចង់ស្លាប់មែនឬក៏គាត់ចង់ទាញចំណាប់អារម្មណ៍ យើងអត់ដឹងនោះទេ។ អ្វីដែលខ្ញុំដឹងគឺថាពីរផ្លូវហ្នឹងមួយណាក៏អាចប៉ះពាល់ដល់ជីវិតដែរ»។ អ្នកជំនាញរូបនេះបន្ថែមថា ពួកគេគឺជាជនរងគ្រោះ ដូច្នេះយើងត្រូវតែផ្តល់ការយកចិត្តទុកដាក់ចំពោះពួកគេក្នុងនាមជាជនរងគ្រោះ។ 

ជាមួយគ្នានេះ វេជ្ជបណ្ឌិត សៅ សូលីណែត បានពន្យល់បន្ថែមថា៖«សញ្ញាព្រមាន គឺវាដូចជានៅពេលដែលយើងចាប់ផ្ដើមនិយាយលេងបន្លំមែន ហើយដោយសារកត្តាចិត្តយើងឧស្សាហ៍និយាយនៅក្នុងចិត្ត ជួនកាលវាអាចបង្កជាមែន ហើយការលេងឬមែនគឺមានតែគាត់ខ្លួនឯងដែលដឹង។ បើសិនគាត់ខ្លួនឯងថាមានអាការៈបែបនេះ ជម្រើសដ៏ល្អគឺគួរតែទៅជជែកពិភាក្សាជាមួយមិត្តភក្តិ ឬមនុស្សជុំវិញខ្លួនដែលទុកចិត្តបំផុត»។ 

ត្រង់ចំណុចនេះ វេជ្ជបណ្ឌិត សៅ សូលីណែត បានពន្យល់ទៀតថា មូលហេតុដែលវាអាចបង្ក​ផល​ប៉ះពាល់ដល់ជីវិតដូចគ្នា ព្រោះវាអាចធ្វើឱ្យសង្គមជុំវិញខ្លួនចាប់ផ្តើមលែងខ្វល់ខ្វាយលើបញ្ហានេះ។ ប្រសិនបើសង្គមយល់ថា ការបង្ហាញគំនិតចង់ស្លាប់ជារឿងធម្មតាសម្រាប់ទាញយកចំណាប់អារម្មណ៍ នោះនៅពេលដែលមានអ្នកជួបវិបត្តិពិតប្រាកដស្រែករកជំនួយ (Cry for help) ដូចករណីលោក ផានុ ពួកគេនឹងត្រូវគេមើលរំលង។

ជាងនេះទៅទៀត វេជ្ជបណ្ឌិត ឡាយ គីមនាថ ដែលបានចូលរួមផ្ដល់បទសម្ភាសន៍ផ្ទាល់ដែរ បានពន្យល់បន្ថែមថា វាគឺជាការយល់ច្រឡំមួយដ៏ធំ ដែលមនុស្សភាគច្រើនគិតថា ទាល់តែអ្នកមានជំងឺបាក់ទឹកចិត្ត (Depression) ទើបឈានដល់ការសម្លាប់ខ្លួន។ តាមពិតទៅ វិបត្តិផ្សេងទៀតដូចជា ជំងឺចិត្តវិកល (Psychotics) ជំងឺថប់បារម្ភ (Anxiety) ឬសូម្បីតែការខឹងសម្បារ និងការអន់ចិត្តជាមួយខ្លួនឯង ក៏អាចជម្រុញឱ្យមនុស្សគិតខ្លីបានដែរ ប្រសិនបើពួកគេស្ថិតក្នុងស្ថានភាពតានតឹង ឬស្មុគស្មាញទ្រាំលែងបាន។ 

ភាពរួមចំណែកមួយពីក្រោយការបញ្ចប់ជីវិត

ទាក់ទិននឹងដំណើរវិវត្តនៃចិត្តរបស់មនុស្ស វេជ្ជបណ្ឌិត សៅ សូលីណែត បានពន្យល់លម្អិតថា គំនិតអវិជ្ជមានមិនមែនសុខៗក៏រុញច្រានមនុស្សឱ្យទៅធ្វើសកម្មភាពភ្លាមៗនោះទេ ប៉ុន្តែវាមានការវិវត្តជាដំណាក់កាលពីការលេចចេញគំនិតដំបូង (Idea) ទៅជាការគិតជារឿយៗ (Thought) និងឈានដល់ការអនុវត្ត (Action)។

វេជ្ជបណ្ឌិតរូបនេះ បានបកស្រាយថា ជាដំបូងវាអាចចាប់ផ្តើមឡើងក្នុងទម្រង់ជាការចង់ឱ្យខ្លួនឯងលែងរស់នៅ ប៉ុន្តែមិនទាន់មានគម្រោងសម្លាប់ខ្លួនច្បាស់លាស់ (Passive Suicide Ideation) វាកើតឡើងនៅពេលដែលបុគ្គលម្នាក់ជួបប្រទះនឹងស្ថានភាពដ៏លំបាកខ្លាំង ហើយខួរក្បាលក៏បង្កើតគំនិតបណ្ដោះអាសន្នមួយថា៖ «បើស្លាប់ទៅប្រហែលជាល្អ» ឬ «បើមានឡានបុកទៅប្រហែលជាល្អ» ដើម្បីគ្រាន់តែចង់គេចចេញពីទុក្ខលំបាកនាខណៈនោះ។ 
ទោះជាយ៉ាងណា វេជ្ជបណ្ឌិត សៅ សូលីណែត បានព្រមានពីចំណុចដ៏គ្រោះថ្នាក់ថា៖ «នៅពេលដែលគាត់យកអាហ្នឹងទៅស្តុកៗៗយូរទៅ គឺ Passive ការគិតបណ្ដោះអាសន្នហ្នឹងឯង វានឹងចេញទៅជា Active ការគិតពិតប្រាកដ។ ដំបូងគ្រាន់តែគិតថាបើស្លាប់ទៅប្រហែលល្អ… បន្ទាប់មកក៏ចាប់ផ្ដើមចេញគំនិត ហើយនៅពេលដែលចេញគំនិតគឺនឹងស្រមៃចេញជារូបភាពហើយ»។ 

វេជ្ជបណ្ឌិត ឡាយ គីមនាថ បានបញ្ជាក់បន្ថែមពីសមត្ថភាពនៃខួរក្បាលថា មនុស្សម្នាក់ៗកើតមកគឺមានសមត្ថភាពការពារខ្លួនឯង ប៉ុន្តែបើដល់ពេលណាមួយដែលមនុស្សចាប់ផ្ដើមបាត់បង់សមត្ថភាពការពារខ្លួននោះ វាក៏ជាសញ្ញាបង្ហាញថា មានអ្វីមួយមិនប្រក្រតីយ៉ាងធ្ងន់ធ្ងរហើយ។ 

អ្វីដែលរឹតតែគួរឱ្យព្រួយបារម្ភជាងនេះទៅទៀតនោះ គឺនៅពេលដែលខួរក្បាលរបស់ពួកគេកំពុងស្ថិតក្នុងដំណាក់កាលទន់ខ្សោយ ហើយខ្វះការស្វែងរកជំនួយ ស្រាប់តែពេលពួកគេបើកមើលបណ្ដាញសង្គម ទៅឃើញព័ត៌មាននៃការលោតទឹក ឬការធ្វើអត្តឃាតផ្សេងៗ។ វេជ្ជបណ្ឌិត សៅ សូលីណែត បានសង្កត់ធ្ងន់ថា ការឃើញបែបនេះ នឹងទៅជម្រុញចិត្តឱ្យពួកគេនឹកឃើញភ្លាមៗថាចង់ធ្វើតាមដែរ។ វេជ្ជបណ្ឌិតរូបនេះឱ្យដឹងថា នៅពេលដែលខួរក្បាលបាត់បង់សមត្ថភាពការពារខ្លួន ហើយឈានចូលដល់ដំណាក់កាល «ឃើញអី គិតហ្នឹងតែម្ដង» ដែលនេះហើយជាមូលហេតុបង្កឱ្យមានករណីធ្វើអត្តឃាតតាមគ្នា ឬហៅថា Copycat Suicide ឬ Suicide Temptation។ 

ផ្អែកលើបញ្ហានេះ វេជ្ជបណ្ឌិត សៅ សូលីណែត បានលើកឡើងពីចំណុចខ្វះខាតដ៏ធំមួយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា។ វេជ្ជបណ្ឌិតរូបនេះ បានគូសបញ្ជាក់ថា នៅបណ្តាប្រទេសជឿនលឿន គេមានច្បាប់តឹងរ៉ឹងបំផុតក្នុងការហាមឃាត់មិនឱ្យបង្ហាញពីវិធីសាស្ត្រ និងទីតាំងជាក់លាក់នៃការធ្វើអត្តឃាតឡើយ (ដូចជាការបញ្ជាក់ឈ្មោះស្ពាន) ព្រោះការផ្សាយបែបដដែលៗ និងការធ្វើឱ្យរឿងរ៉ាវមានលក្ខណៈរសើបខ្លាំង គឺមិនខុសអ្វីពីការផ្តល់គំនិត និងបន្ថែមឧបករណ៍ជម្រុញចិត្តទៅដល់អ្នកដែលកំពុងមានវិបត្តិស្រាប់នោះទេ។ វេជ្ជបណ្ឌិតរូបនេះក៏បានកត់សម្គាល់ដែរថា សារព័ត៌មានភាគច្រើនគ្រាន់តែប្រកាសពីការស្លាប់ តែខកខានក្នុងការបញ្ចូលសារអប់រំ ឬលេខទូរស័ព្ទជំនួយ។ 

ជុំវិញបញ្ហានេះ នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA) លោក ណុប វី បានស្នើដល់អ្នកសារព័ត៌មានទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់លើការប្រើប្រាស់ពាក្យពេចន៍ និងកម្រិតនៃការបញ្ចេញព័ត៌មានរសើបទាំងនេះ។ លោកបានសង្កត់ធ្ងន់ថា៖«សម្រាប់អ្នកសារព័ត៌មានគឺពិនិត្យពិចារណាថាតើយើងត្រូវប្រើប្រាស់ពាក្យពេចន៍ ឬមួយក៏ព័ត៌មានកម្រិតណា ពីព្រោះក្នុងនាមជាអ្នកសារព័ត៌មានមិនមានអ្នកណាមកជ្រៀតជ្រែកមកចង្អុលបង្ហាញថាយើងត្រូវសរសេរកម្រិតណានោះទេ ប៉ុន្តែយើងខ្លួនឯងគួរគប្បីមានការយល់ដឹងទូលំទូលាយ គួរគប្បីមានចំណេះឱ្យបានច្បាស់លាស់ត្រង់ចំណុចហ្នឹង បើពុំនោះទេយើងក៏ជាចំណែកមួយដែលបង្កឱ្យមានហានិភ័យទាំងអស់នោះដែរ»។

បន្ថែមលើនេះ ចំពោះវិធានការដោះស្រាយ លោក ណុប វី មិនគាំទ្រឱ្យស្ថាប័នរដ្ឋទៅពិនិត្យមើល ឬដាក់ការរឹតត្បិតណាមួយនៅលើប្រព័ន្ធបណ្ដាញសង្គមនោះឡើយ ប៉ុន្តែលោកយល់ឃើញថា ស្ថាប័នរដ្ឋមានតួនាទីសំខាន់ណាស់ក្នុងការផ្តល់កញ្ចប់ថវិកាគាំទ្រដល់សាកលវិទ្យាល័យ និងស្ថាប័ននានា ឱ្យធ្វើការសិក្សាស្រាវជ្រាវពីឫសគល់នៃបញ្ហាឱ្យបានច្បាស់លាស់។ លោកយល់ថា ការធ្វើបែបនេះ ដើម្បីអាចឱ្យស្ថាប័នរដ្ឋទទួលបាននូវអនុសាសន៍គន្លឹះយកមកជួយរដ្ឋាភិបាល ក្នុងការបង្កើតគោលនយោបាយ ផែនការសកម្មភាព និងការធ្វើយុទ្ធនាការផ្សព្វផ្សាយអប់រំផ្សេងៗដើម្បីកាត់បន្ថយបញ្ហាវិបត្តិផ្លូវចិត្ត និងអត្តឃាតនៅក្នុងសង្គមឱ្យមានប្រសិទ្ធភាព។

តាមរយៈការសង្កេតរបស់វេជ្ជបណ្ឌិតទាំងពីររូបខាងដើម ពួកគាត់មើលឃើញថាក្រសួងស្ថាប័ននានាកំពុងរួមគ្នាធ្វើការលើបញ្ហានេះជាបណ្ដើរៗ។ ជាក់ស្ដែង កាលពីចុងឆ្នាំ២០២៥កន្លងទៅ ក្រសួងសុខាភិបាលបានសហការជាមួយក្រសួងព័ត៌មាន និងអង្គការសុខភាពពិភពលោក (WHO) រៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការរាយការណ៍ព័ត៌មានប្រកបដោយការទទួលខុសត្រូវពាក់ព័ន្ធនឹងការធ្វើអត្តឃាត» ដើម្បីពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន។ ក្នុងនោះ ថ្នាក់ដឹកនាំក្រសួងបានគូសបញ្ជាក់ថា បញ្ហាអត្តឃាតជាបញ្ហាសង្គមដែលទាមទារកិច្ចសហការពីគ្រប់វិស័យ ហើយការផ្សាយដកស្រង់លម្អិតពីវិធីសាស្ត្រ អាចជម្រុញឱ្យមានការធ្វើអត្តឃាតជាបន្តបន្ទាប់ ខណៈការរាយការណ៍ប្រកបដោយក្រមសីលធម៌ និងការបញ្ចូលលេខជំនួយ អាចជួយកាត់បន្ថយការមាក់ងាយ និងការពារជីវិតមនុស្សបានយ៉ាងច្រើន។

យន្តការទប់ស្កាត់

ក្រៅពីវិធានការលើប្រព័ន្ធផ្សព្វផ្សាយ វេជ្ជបណ្ឌិត សៅ សូលីណែត បានលើកឡើងពីបទពិសោ​ធន៍នៅបណ្ដាប្រទេសផ្សេងថា នៅពេលដែលមានករណីអត្តឃាតកើតឡើងនៅទីតាំងណាមួយ អាជ្ញាធរនឹងស្វែងរកវិធីសាស្ត្រការពារភ្លាមៗ ដែលហៅថា «ការទិញពេលវេលា»។ វិធានការទាំងនោះរួមមាន ការសាងសង់រនាំងខ្ពស់ៗនៅលើស្ពាន ការលាបសារធាតុរំអិលដើម្បីការពារការតោងឡើង ការដាក់ភ្លើងបំភ្លឺសម្រាប់ការផ្ដល់ជាសញ្ញា ឬការដាក់បញ្ចាំងអក្សរលើកទឹកចិត្តជាដើម។ លោកថា វិធានការទាំងនេះអាចជួយទិញពេលវេលាឱ្យបុគ្គលនោះបានគិតសាជាថ្មី ឬផ្តល់ឱកាសឱ្យអ្នកដំណើរផ្សេងទៀតជួយអន្តរាគមន៍ទាន់ពេលវេលា។

ស្របពេលជាមួយគ្នា តាមរយៈការចូលទៅមើលការបញ្ចេញមតិយោបល់របស់អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន ពួកគេបានសម្តែងការព្រួយបារម្ភ និងសំណូមពរឱ្យអាជ្ញាធរកម្ពុជាមានការដាក់របងខ្ពស់ សំណាញ់ការពារពីក្រោមស្ពាន ឬមានកម្លាំងអាជ្ញាធរយាមកាមនៅតាមចំណុចហានិភ័យផងដែរ។ មិនតែប៉ុណ្ណោះ អ្នកប្រើប្រាស់បណ្ដាញសង្គមថែមទាំងបានហៅឈ្មោះស្ពាននោះថាជា «ស្ពានផ្ដាច់និស្ស័យ» ទៀតផង ដែលនេះកាន់តែបង្កើនភាពរសើប និងការចងចាំអវិជ្ជមានទៅលើទីតាំងនោះ។ 

ទោះជាយ៉ាងណា តាមការកត់សម្គាល់ និងការចុះពិនិត្យផ្ទាល់របស់អ្នកសារព័ត៌មាននៅលើស្ពានដែលឧស្សាហ៍កើតមានករណីអត្តឃាតមួយរយៈចុងក្រោយនេះ ឃើញថា រហូតមកទល់ពេលនេះ គឺនៅពុំទាន់ឃើញមានរៀបចំរនាំង ឬប្រព័ន្ធការពារណាមួយនៅឡើយទេ។ 

មនុស្សគ្រប់រូបសុទ្ធតែជាចំណែកមួយដើម្បីឈានទៅរកភាពប្រសើរឡើង

តាមរយៈការសង្កេតរបស់អ្នកសារព័ត៌មាន នៅពេលឃើញមានការបញ្ចេញមតិប្រកាសចង់ទៅស្លាប់តាមគ្នានៅលើបណ្ដាញសង្គម គឺភាគច្រើនមានអ្នកលេងបណ្តាញសង្គមដទៃបានចូលទៅប្រើពាក្យមិនសមរម្យក្នុងចេតនាបន្តុះបង្អាប់ ដែលសកម្មភាពនេះត្រូវបានលោក ផានុ មើលឃើញថាជាការរុញច្រានបន្ថែមទៅលើអ្នកកំពុងជួបវិបត្តិទៅវិញទេ។ លោកពោលថា៖ «យើងមិនបាច់ជួយជាលុយ ជាកាក់អ្វីទៅគាត់នោះទេ! យើងគ្រាន់តែជួយជាទឹកចិត្តរបស់យើងតាមរយៈការប្រើប្រាស់ពាក្យសម្ដីសំដៅទៅលើគាត់ទៅ។ ទាល់តែអ្នកដែលជួបរឿងហ្នឹងដែរ ដូចជាពួកខ្ញុំអីចឹង បានពួកគាត់គិតថាវាពិបាកប៉ុណ្ណាក្នុងការរស់នៅ»។

លោក ផានុ បានទទូចដល់អ្នកលេងបណ្តាញសង្គមទាំងអស់ឱ្យបញ្ឈប់ការបញ្ចេញមតិបន្តុះបង្អាប់តទៅទៀត ដោយលោកថា៖«មនុស្សម្នាក់ៗគ្មានអ្នកណាចង់ស្លាប់ទេ តែដោយសារតែពេលវេលា ហើយនិងជីវភាពប្រចាំថ្ងៃវាមិនអំណោយផល..បើមិនបានជួយអី សុខចិត្តអូសរំលងទៅ កុំឱ្យបោះពាក្យមកបែបហ្នឹង»។ 

ដើម្បីចូលរួមដោះស្រាយបញ្ហានេះ វេជ្ជបណ្ឌិត សៅ សូលីណែត បានផ្តល់ជាដំណោះស្រាយជាក់ស្តែងសម្រាប់មនុស្សជុំវិញខ្លួនអ្នកដែលមានបញ្ហាផ្លូវចិត្ត។ វេជ្ជបណ្ឌិតរូបនេះបានស្នើឱ្យប្រើវិធីសាស្ត្រ «មើល ស្តាប់ និងភ្ជាប់ទំនាក់ទំនង» (Look, Listen and Connect) ដោយមិនត្រូវធ្វើការវិនិច្ឆ័យ ឬវាយតម្លៃលើពួកគេឡើយ។ ជាមួយគ្នានេះ ដើម្បីកុំឱ្យអ្នកជួយស្តាប់មានអារម្មណ៍ថាទទួលឥទ្ធិពល វេជ្ជបណ្ឌិតរូបនេះក៏បានលើកជាឧទាហរណ៍យ៉ាងងាយយល់ថា៖«ដូច​ជាការយកប៉ុងលុប[ក្ដារខៀន]ទៅជ្រលក់ទឹក អ៊ីចឹងវានឹងឡើងធ្ងន់។ ប៉ុន្តែបន្ទាប់ពីយើងពូតទឹកចេញ វានឹងស្រាលវិញ។ ដូចគ្នាដែរ ពេលយើងស្តាប់រឿងរ៉ាវពិបាកចិត្តរបស់គេ យើងត្រូវចេះដកខ្លួនចេញ និងបញ្ចេញវាចោល ដើម្បីកុំឱ្យរឿងទាំងនោះជះឥទ្ធិពលអាក្រក់មកលើចិត្តខ្លួនឯង»។ 

វេជ្ជបណ្ឌិត សៅ សូលីណែត យល់ឃើញថា ការផ្តល់ព័ត៌មានអប់រំពាក់ព័ន្ធនឹងចិត្តសាស្ត្រនៅកម្ពុជាគឺវានៅមានកម្រិតនៅឡើយ។ ប៉ុន្តែវេជ្ជបណ្ឌិតរូបនេះបានដាស់តឿនថា៖«បើសិនជាយើងមិនអាចធ្វើជាសរីរាង្គធំៗមួយជួយសង្គមទេ យ៉ាងហោចណាស់ធ្វើជាកោសិកាតូចមួយ»។ 

ត្រង់ចំណុចនេះ វេជ្ជបណ្ឌិត បានពន្យល់ពីប្រព័ន្ធបច្ចេកវិទ្យាដែលអ្នកប្រើប្រាស់អាចប្រើដើម្បីការពារសហគមន៍ថា៖«រាល់ថ្ងៃហ្នឹងសូម្បីតែយើងនិយាយតែរឿងធម្មតា ក្នុងប្រព័ន្ធបណ្ដាញសង្គមក៏គេមានដាក់ប្រព័ន្ធដើម្បីចាប់ពាក្យ។ អ៊ីចឹងវាមិនមែនជា Platform ដែលអ្នកបង្កើតចង់ឱ្យមនុស្សនៅក្នុងហ្នឹងប្រើពាក្យសម្ដីចំអក តិះដៀល ថាឱ្យគេឬក៏អីផ្សេងៗនោះទេ ដូច្នេះហើយបានជាគេមាន report function»។ 

វេជ្ជបណ្ឌិតរូបនេះបន្តថា ដូច្នេះក្នុងនាមជាកោសិកាសហគមន៍ដ៏ល្អមួយ ប្រសិនបើមិនចង់ឱ្យមានការបន្តបង្ហាញមតិយោបល់អវិជ្ជមាននោះទេ រឿងដែលអាចធ្វើបាន គឺការចូលរួម «Report» ទៅលើរាល់មតិយោបល់ ឬមាតិកាមិនសមរម្យទាំងនោះភ្លាមៗ ដើម្បីឱ្យក្រុមហ៊ុនបណ្តាញសង្គមចាប់ពាក្យពេចន៍ទាំងនោះចេញ។

បន្ថែមពីលើនេះ សម្រាប់សាច់ញាតិ ឬក្រុមគ្រួសារវិញ វេជ្ជបណ្ឌិត សៅ សូលីណែត ក៏បានផ្តល់ការណែនាំសំខាន់ផងដែរថា គប្បីពុំគួរប្រើប្រាស់ពាក្យសម្តីបន្តុះបង្អាប់ដោយគិតថាការធ្វើបែបនេះនឹងជួយឱ្យពួកគេមានភាពប្រសើរឡើងនោះទេ។ ផ្ទុយទៅវិញ វេជ្ជបណ្ឌិតរូបនេះ លើកទឹកចិត្តឱ្យក្រុមគ្រួសារបង្ហាញចេញ និងនិយាយចេញពីក្តីស្រឡាញ់ និងអ្វីដែលយើងចង់ជួយទៅកាន់ពួកគេ ដោយកុំបារម្ភឬគិតខ្លាចថាការនិយាយចេញទៅនោះ នឹងធ្វើឱ្យពួកគេបានចិត្តឡើយ។ 

ជំនួសដោយការគ្រាន់តែសំណូមពរទៅកាន់ភាគីពាក់ព័ន្ធ វេជ្ជបណ្ឌិត សៅ សូលីណែត បញ្ជាក់​ថា ក្រុមការងារនៃស្ថានីយ៍អារម្មណ៍ និងស្ថាប័នដៃគូ នឹងនៅតែបន្តធ្វើការរួមគ្នាជាក្រុមក្នុងការបង្កើតមាតិកាណាមួយដែលអាចជួយឱ្យចំណេះដឹងពាក់ព័ន្ធជាមួយសុខភាពផ្លូវចិត្តកាន់តែទូលំទូលាយ ព្រោះអ្វីៗគ្រប់យ៉ាងត្រូវចាប់ផ្ដើមពីអ្នកខ្លួនឯងមុនគេ។

ជាមួយគ្នានេះ អង្គការ UNICEF និង UNFPA ដែលកន្លងមកបានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាលកម្ពុជា ក្នុងការប្តេជ្ញាចិត្តផ្តល់សេវាថែទាំសុខភាពផ្លូវចិត្តឱ្យបានសមស្រប និងទាន់ពេលវេលាដល់កុមារ វ័យជំទង់ និងយុវជននៅទូទាំងប្រទេស ក៏ធ្លាប់បានសង្កត់ធ្ងន់ដែរថា៖«វិបត្តិផ្លូវចិត្ត និងការថប់បារម្ភមិនគួរត្រូវបានចាត់ទុកត្រឹមតែជាបញ្ហាសុខភាពសាធារណៈនោះទេ ប៉ុន្តែវាត្រូវតែត្រូវបានទទួលស្គាល់ថាជាកង្វល់រួមរបស់សង្គមជាតិទាំងមូល ព្រោះទំហំនៃវិបត្តិដែលកំពុងធ្លាក់ទៅលើកុមារ វ័យជំទង់ និងយុវជននាពេលនេះ គឺជារឿងដែលមិនធ្លាប់មានពីមុនមកឡើយ»។

ជាចុងបញ្ចប់ វេជ្ជបណ្ឌិត សៅ សូលីណែត បានរំលឹកថា វិបត្តិអត្តឃាតគឺកើតឡើងដោយសារតែភាពអស់សង្ឃឹម ដូច្នេះពលរដ្ឋត្រូវតែរួមគ្នាផ្តល់ និងបើកបង្ហាញឱ្យមានសេចក្តីសង្ឃឹមឡើងវិញ។ ជាមួយគ្នានេះ វេជ្ជបណ្ឌិតរូបនេះបានសង្កត់ធ្ងន់ថា ប្រសិនបើពលរដ្ឋមិនអាចនិយាយអ្វីដែលជាការជួយលើកទឹកចិត្តដល់អ្នករងគ្រោះបានទេ៖«ជារឿងមួយដែលយើងអាចធ្វើបាន គឺបើអត់មានអីល្អនិយាយទេ កុំនិយាយ»។

ក្នុងនោះដែរ វេជ្ជបណ្ឌិតទាំងពីរនៅតែសង្កត់ធ្ងន់ទៅលើប្រព័ន្ធផ្សព្វផ្សាយ ដោយសំណូមពរកុំឱ្យធ្វើការរាយការណ៍ព័ត៌មានពីហេតុការណ៍ទាំងនោះដោយរៀបរាប់លម្អិតពេកជាដើម និងធ្វើការវិនិច្ឆ័យលើអ្វីមួយដោយឯកឯង។ ជាមួយគ្នានេះ វេជ្ជបណ្ឌិតទាំងពីររូបបានលើកឡើងដូចគ្នាពីកម្លាំងនៃក្តីសង្ឃឹមថា៖«ពួកខ្ញុំនៅតែយល់ថា ភាពផ្ដល់សេចក្ដីសង្ឃឹមគឺកើតចេញពីភាពក្លាហានរបស់ពួកយើងម្នាក់ៗ។ ដូចអូនសម្រេចចិត្តមកធ្វើព័ត៌មាននេះ ពួកបងសម្រេចចិត្តចេញមកផ្ដល់បទសម្ភាសន៍គឺជាភាពក្លាហានដែលយើងនឹកឃើញថា បើយើងផ្សព្វផ្សាយវាចេញទៅ ថ្ងៃណាមួយមនុស្សនឹងបានឃើញ ហើយនរណាម្នាក់នៅខាងក្រៅនោះនឹងយល់ពីវា។ វាអាចមើលទៅតូចតាច ប៉ុន្តែគឺយើងកំពុងតែដាំដើមឈើហើយ គ្រាន់តែដើមឈើចំណាយពេល ហើយថ្ងៃណាមួយដើមឈើនោះ នឹងដុះតៗគ្នា»។

កំណត់ចំណាំ៖ សូមស្វែងរកជំនួយភ្លាមៗតាមរយៈលេខទូរស័ព្ទបន្ទាន់ ១១៥ របស់ក្រសួងសុខា​ភិបាល ឬលេខពិគ្រោះយោបល់អង្គការ TPO ០៩៥/០៩៨ ៦៦៦ ៨២៧ ប្រសិនបើអ្នក ឬមនុស្សជុំវិញខ្លួនកំពុងប្រឈមមុខនឹងវិបត្តិថប់បារម្ភ ជំងឺបាក់ទឹកចិត្ត ឬមានសញ្ញាណគិតខ្លី៕

(អត្ថបទដោយ៖ ផុន សុទ្ធីរ័ត្ន)

អានអត្ថបទផ្សេងទៀតអំពី សុខភាព

សុខភាព","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2972}" data-page="1" data-max-pages="1" data-start="1" data-end="1">