ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានចាកចេញពីប្រទេសកម្ពុជាហើយនៅថ្ងៃទី២៥ ខែមិថុនា ក្នុងដំណើរទស្សនកិច្ចមិត្តភាពនៅប្រទេសចិន ដល់ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៦។
អមដំណើរលោក ហ៊ុន សែន រួមមាន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតរដ្ឋមន្រ្តីក្រសួងការពារជាតិលោក ទៀ បាញ់ និងថ្នាក់ដឹកនាំសំខាន់ៗ នៃស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា និងរាជរដ្ឋាភិបាល។
បើតាមការបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភាកម្ពុជានៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ អំឡុងពេលនៅក្នុងប្រទេសចិន លោក ហ៊ុន សែន នឹងមានជំនួបទ្វេភាគីជាមួយអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីចិន លោក ស៊ី ជីនពីង នាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋចិន លោក លី ឈាង និងប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន លោក ចាវ ឡីជី ។
លោក ហ៊ុន សែន ក៏នឹងចូលគាល់ព្រះបាទសម្តេចព្រះនរោត្តមសីហមុនី និងហ្លួងម៉ែ ដែលកំពុងគង់ប្រថាប់ក្នុងមន្ទីរពេទ្យប្រទេសចិន ដើម្បីព្យាបាល និងតាមដានព្រះរាជសុខភាពផងដែរ។
សេចក្ដីប្រកាសបញ្ជាក់ថា ទស្សនកិច្ចមិត្តភាពផ្លូវការរបស់លោក ហ៊ុន សែន នៅប្រទេសចិន គឺបង្ហាញអំពីការប្តេជ្ញាចិត្តឥតងាករេរបស់ប្រទេសទាំងពីរ ក្នុងការបន្តរឹតចំណង និងលើកកម្ពស់មិត្តភាពដែកថែប ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សំដៅកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ឱ្យកាន់តែជោគជ័យបន្ថែមទៀត។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ ដែលចូលរួមអមដំណើរទស្សនៈនេះដែរ ឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន នៅប្រទេសចិន នឹងផ្ដល់ផលប្រយោជន៍ដល់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ចិន កាន់តែរឹងមាំ និងឈ្វេងយល់ពីគ្នាកាន់តែច្បាស់។
លោកបន្តថា៖ «ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោជាដំណើរទស្សនកិច្ចប្រវត្តិសាស្រ្ត ដែលយើងរំពឹងថានឹងមានផ្លែផ្កាច្រើនសម្រាប់ប្រទេសកម្ពុជាទាំងនៅក្នុងក្របខ័ណ្ឌទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យនានាទៀត»។
ជាមួយគ្នានេះដែរ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកតាមដានសង្គមកម្ពុជា លោកបណ្ឌិត គិន ភា បានលើកឡើងថា ដំណើរទស្សនកិច្ចខាងលើពិតជាមានអត្ថន័យខាងនយោបាយ និងការទូតដ៏សំខាន់ ពីព្រោះបានរំលេចយ៉ាងច្បាស់ពីមិត្តភាពរវាងកម្ពុជា-ចិន ដែលនៅតែរឹងមាំ ឋិតឋេរ និងរីកចម្រើនឥតឈប់ឈរ បើទោះបីជាបរិបទអន្តរជាតិ និងតំបន់កំពុងមានការប្រែប្រួលយ៉ាងណាក៏ដោយ។
លោកបន្ថែមថា៖ «ក្នុងបរិបទបច្ចុប្បន្ននេះ ដែលកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា និងការប្រកួតប្រជែងរបស់ប្រទេសមហាអំណាច និងបញ្ហាជាច្រើនទៀត ការរក្សាបាននូវទំនាក់ទំនងប្រកបដោយទំនុកចិត្ត និងការគោរពគ្នាទៅវិញទៅមក គឺជាកត្តាសំខាន់បំផុតសម្រាប់សន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ»។
រីឯស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ចាន់រ័ត្ន យល់ថា ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ណាស់ ប៉ុន្តែអ្វីដែលសំខាន់ថាតើប្រទេសចិននឹងយកចិត្តទុកដាក់ស្ដាប់បញ្ហារបស់កម្ពុជាប៉ុណ្ណា ព្រោះគេប្រាកដជាដឹងហើយថាប្រទេសកម្ពុជាកំពុងមានបញ្ហាព្រំដែនជាមួយថៃ ហើយប្រទេសចិននឹងថ្លឹងថ្លែងដែរដោយសារតែខ្លួនមានផលប្រយោជន៍ជាមួយថៃ និងមានភាពស្និទ្ធស្នាលជាមួយភាគីថៃទៀតផង។
លោកយល់ថា៖ «ការលើកបញ្ហាព្រំដែនជាមួយថៃនៅចំពោះចិន គឺជារឿងចាំបាច់ដែលត្រូវតែលើក ប៉ុន្តែគេស្ដាប់យើង គេយកចិត្តទុកដាក់ប៉ុណ្ណា គេចង់ជួយយើងប៉ុណ្ណា យើងមិនអាចរំពឹងទុកបានទេដោយសារតែពាក់ព័ន្ធនឹងផលប្រយោជន៍ប្រទេសគេ» ។
គួរបញ្ជាក់ថា ក្នុងពេលមានបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ចិនក៏បានចូលរួមដើរតួនាទីផ្នែកការទូត ដោយជំរុញឱ្យភាគីកម្ពុជា និងថៃ ស្វែងរកដំណោះស្រាយដោយសន្តិភាព និង បទ ឈប់បាញ់។ ទោះជាយ៉ាងណា ចិនដែលជាមិត្តដែកថែបរបស់កម្ពុជា មិនបានថ្កោលទោសថៃចំពោះការធ្វើសង្រ្គាមវាយប្រហារឈ្លានពានប្រទេសកម្ពុជានោះឡើយ៕







