តុលាការកំពូលរក្សាការផ្តន្ទាទោសអ្នកកាសែត២នាក់ ដាក់ពន្ធនាគារ ១៤ឆ្នាំ 

សិទ្ធិមនុស្ស

អ្នកសារព័ត៌មាន ធីអេសភី ៦៨ ធីវី​អនឡាញ លោក ភាព ភារ៉ា(ឆ្វេង) និងអ្នក​សារព័ត៌មានបាត់ដំបងប៉ុស្តិ៍ TV Online លោក ផន សុភាព(ស្ដាំ)។ (រូបថតពីលីកាដូ)

តុលាការកំពូលនៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ បានប្រកាសសាលដីកាតម្កល់ការសម្រេចរបស់តុលាការជាន់ទាប ដែលកាត់ទោសអ្នកកាសែតពីររូបគឺលោក ផន សុភាព និងលោក ភាព ភារ៉ា ឱ្យជាប់ពន្ធនាការ ១៤ឆ្នាំដដែល។

ការសម្រេចនេះធ្វើឡើងបន្ទាប់ពីតុលាការបានបើកសវនាការនៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីជំនុំជម្រះបណ្តឹងសាទុក្ខរបស់អ្នកសារព័ត៌មានទាំងពីរនាក់ ដែលត្រូវបានសាលារឧទ្ធរណ៍បាត់ ដំបង និងសាលាដំបូងខេត្តសៀមរាបកាត់ទោសពីបទ «ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលធ្វើឱ្យអន្តរាយដល់ការការពារជាតិ»។

មេធាវីការពារក្តីឱ្យអ្នកសារព័ត៌មានទាំងពីររូបគឺ លោក អ៊ុន ច័ន្ទថុល ប្រាប់ថា តុលាការកំពូលនៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ បានប្រកាសតម្កល់សាលដីការបស់សាលាឧទ្ធរណ៍បាត់ដំបង និងសាលក្រមរបស់សាលាដំបូងខេត្តសៀមរាបដែលបានកាត់ទោសអ្នកកាសែតពីររូបគឺលោក ផន សុភាព និងលោក ភាព ភារ៉ា ដាក់ពន្ធនាការ ១៤ឆ្នាំ។

លោកថា៖ «សភាព្រហ្មទណ្ឌនៃតុលាការកំពូលរក្សានូវសាលដីការបស់សាលាឧទ្ធរណ៍ខេត្តបាត់ដំបង[ឧទ្ធរណ៍បាត់ដំបង] ទុកជាបានការដដែល[…]ជាប់ពន្ធនាគារហ្នឹងគឺ ១៤ឆ្នាំដដែល[…]ផ្អែកតាមបទពិសោធន៍ខ្ញុំតាំងពីឆ្នាំ២០១៩ រហូតដល់ឆ្នាំ២០២៦នេះ វាជិត៧ឆ្នាំហើយគឺយើងអត់ដែលមានការផ្ដន្ទាទោសអ្នកកាសែតណា រហូតទៅដល់១៤ឆ្នាំ ដែលជាបទឧក្រិដ្ឋមួយបែបនេះទេ។ អ៊ីចឹងហើយយើងមានការសោកស្ដាយយ៉ាងខ្លាំងចំពោះសេចក្ដីសម្រេចចុងក្រោយរបស់តុលាការកំពូល»។

លោកមេធាវី អ៊ុន ច័ន្ទថុល ថាលោកមិនដឹងធ្វើអ្វីបន្តទេ ព្រោះតុលាការកំពូលជាដំណាក់កាលចុងក្រោយនៃនីតិវិធី។ តែយ៉ាងណាលោកសង្ឃឹមថាអាចមានការបន្ធូរបន្ថយទោសកូនក្ដីលោកទាំងពីររូបនៅចំថ្ងៃបុណ្យជាតិសំខាន់ៗនាពេលខាងមុខ។

ភរិយារបស់លោក ផន សុភាព គឺអ្នកស្រី ថុង ថា ប្រាប់ថាស្វាមីគាត់មិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ទេ ដោយលោក សុភាព ប្រព្រឹត្តតែអំពើល្អ ហើយយអ្នកស្រីចាត់ទុកការកាត់ទោសប្ដីគាត់ដាក់ពន្ធនាគារ១៤ឆ្នាំជារឿងធ្ងន់ធ្ងរ។

អ្នកស្រីរៀបរាប់បណ្ដើរយំបណ្ដើរថា៖ «គាត់ទោសអចេតនា ចោទគាត់ថាផ្ដល់ព័ត៌មានឱ្យរដ្ឋបរទេសគឺមិនមែនជាការពិត ខ្ញុំអត់ទទួលទេ[…]អ្នកជាយដែនគាត់ចុះទៅចែកអំណោចចែកអីទៅចូលរួមជាមួយគេ ហើយដល់ពេលគាត់មិនដឹងខ្លួនគាត់ថតរូប គ្មានទោសអីផងដែលគេដាក់ខ្នោះគាត់[…]យើងទទួលយកអត់បានទេ ដោយសារមានទោសធ្ងន់ពេក អត់មានបន្ធូរបន្ថយឱ្យគាត់សោះ ហើយគាត់ធ្វើតែអំពើល្អ ខ្ញុំសង្ឃឹមថាអំពើល្អហ្នឹងអាចបន្ធូរបន្ថយឱ្យគាត់»។

ស្ត្រីវ័យ៤៥ឆ្នាំរូបនេះ កំពុងប្រកបរបរជាអ្នកលក់ផ្លែឈើតាមរដូវកាលនៅមុខផ្ទះគាត់។ អ្នកស្រីមានកូន៣នាក់ក្នុងបន្ទុក និងឪពុកម្ដាយក្មេកដែលមានជំងឺប្រចាំកាយ ព្រមទាំងមានបំណុលធនាគារប្រមាណ១ម៉ឺនដុល្លារអាមេរិក និងត្រូវសងប្រចាំខែប្រមាណជាង៤០០ដុល្លារ។ អ្នកស្រី ថុង ថា ឱ្យដឹងថា អ្នកស្រីមិនអាចទៅសួរសុខទុក្ខស្វាមីនៅឯពន្ធនាគារខេត្តសៀមរាបញឹកញាប់ទេ ព្រោះពេលទៅម្ដងៗ គាត់ត្រូវចំណាយជាង ៥០ដុល្លារ រួមទាំងថ្លៃធ្វើដំណើរពីស្រុកថ្មពួក ខេត្តបន្ទាយមានជ័យជាទីដែលអ្នកស្រីរស់នៅ។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំសំណូមពរដល់ខាងថ្នាក់ដឹកនាំដូចជាសម្ដេចពុក សម្ដេចម៉ែ និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ហើយនិងខាងក្រសួងព័ត៌មាន នេត្រ ភក្ត្រា សូមជួយកូនចៅ លើកលែងទោសដល់កូនចៅដល់ប្ដីខ្ញុំផង ព្រោះគាត់អ្នកសារព័ត៌មាន មានមេ មានកើយ គាត់អត់មានមនុស្សខ្ចាត់ព្រាត់អីមកពីណាទេ»។
ចំណែកឯភរិយារបស់លោក ភាព ភារ៉ា គឺអ្នកស្រី ឱម សារ៉ាត់ យល់ថាការសម្រេចរបស់តុលាការកំពូលជារឿងអយុត្តិធម៌។

អ្នកស្រីថា៖ «អយុត្តិធម៌ខ្លាំងមែនទែន ហើយឡើង១៤ឆ្នាំ[…]ពិបាកចិត្តខ្លាំង មិនដឹងជារកវិធីម៉េចទេវាអស់រលីងហើយ មានសម្រាលបានខ្លះអ៊ីចឹងទៅ បន្ធូរបន្ថយគាត់ខ្លះ។ ខ្ញុំវាកូនតូចផងហើយយើងត្រូវរ៉ាប់រងធនាគារ ជំពាក់ធនាគារច្រើនមិនដឹងថាធ្វើម៉េច»។

អ្នកស្រី សារ៉ាត់ ឱ្យដឹងថា ជីវភាពគ្រួសារគាត់លំបាក បន្ទាប់ពីស្វាមីជាប់ពន្ធនាគារ ហើយម្ដាយឪពុកក្មេកដែលមានវ័យជាង៦០ឆ្នាំហើយនោះក៏ត្រូវបង្ខំចិត្តចេញធ្វើការជាសន្តិសុខ និងអ្នកធ្វើការតាមផ្ទះ ដើម្បីដោះបំណុល។ 

កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ សមត្ថកិច្ចបានចាប់ខ្លួនអ្នកសារព័ត៌មាន ធីអេសភី ៦៨ ធីវីអនឡាញ លោក ភាព ភារ៉ា និង អ្នកសារព័ត៌មានបាត់ដំបងប៉ុស្តិ៍ TV Online លោក ផន សុភាព នៅទីតាំងផ្សេងពីគ្នា ហើយបញ្ជូនទៅឃុំនៅពន្ធនាគារខេត្តសៀមរាប បន្ទាប់ពីពួកគេបានផ្សាយរូបថត ដែលថតជាប់ពួកគាត់ទាំងពីរជាមួយនឹងទាហានកម្ពុជានៅមុខប្រាសាទតាក្របី ដោយឃើញមានគ្រាប់មីននៅខាងក្រោយ។ បន្ទាប់មករូបថតនេះត្រូវអ្នកប្រើប្រាស់បណ្តាញសង្គម និងសារព័ត៌មានថៃយកទៅផ្សព្វផ្សាយ និងចោទប្រកាន់ទាហានកម្ពុជាថា ប្រើប្រាស់មីនថ្មីសម្រាប់ដាក់នៅតាមតំបន់ព្រំដែន។

កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២៥ សាលាដំបូងខេត្តសៀមរាបបានផ្តន្ទាទោស លោក ភាព ភារ៉ា និង លោក ផន សុភាព ដាក់ពន្ធនាគាររយៈពេល១៤ ឆ្នាំ ពីបទ «ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មាន ជាអាទិ៍ ដែលអាចធ្វើឱ្យអន្តរាយការការពារជាតិ» តាមបញ្ញតិ្តមាត្រា ៤៤៥ នៃក្រមព្រហ្មទណ្ឌ។ សាលាឧទ្ធរណ៍បាត់ដំបងបានតម្កល់សាលក្រមសាលាដំបូងខេត្តសៀមរាបកាលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦។

ជុំវិញករណីនេះ នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(CamboJA) លោក ណុប វី សោកស្ដាយចំពោះការសម្រេចរបស់តុលាការកំពូលដែលបានតម្កល់ការសម្រេចរបស់តុលាការជាន់ទាបកាត់ទោសអ្នកកាសែត លោក ផន សុភាព និងលោក ភាព ភារ៉ា ដាក់ពន្ធនាការ ១៤ឆ្នាំ ព្រោះលោកយល់ថាការសម្រេចនេះធ្ងន់ធ្ងរចំពោះពួកគាត់។

លោកថា៖«គឺជះឥទ្ធិពលអវិជ្ជមានទៅដល់ដំណើរការនៃការខំប្រឹងប្រែងដើម្បីធ្វើឱ្យមានភាពប្រសើរឡើងចំពោះសេរីភាពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាយើង។ ការសម្រេចនេះ វាក៏ធ្វើឱ្យអ្នកសារព័ត៌មានផ្សេងៗទៀតហាក់ដូចជាកាន់តែមានភាពភ័យខ្លាចនៅក្នុងការធ្វើសេចក្ដីរាយការណ៍ពាក់ព័ន្ធជាមួយនឹងបញ្ហារឿងព្រំដែន»។

លោកបន្ថែមថាការសម្រេចនេះក៏ប៉ះពាល់ដល់សាធារណជនចំពោះការទទួលបានព័ត៌មានពាក់ព័ន្ធរឿងព្រំដែនឱ្យទូលំទូលាយ។ តែយ៉ាងណា លោក ណុប វី សង្ឃឹមថាអាចមានការលើកលែងទោសអ្នកសារព័ត៌មានទាំងពីររូបនេះ ដើម្បីឱ្យពួកគេអាចបំពេញការងាររបស់ខ្លួន ព្រមទាំងជួបជុំគ្រួសារវិញ។

ចំណែកឯនាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ក៏យល់ថាការសម្រចរបស់តុលាការកំពូលធ្ងន់ធ្ងរសម្រាប់អ្នកកាសែតទាំង២រូប ដោយលោកថា អាជ្ញាធរគួរតែអនុវត្តច្បាប់ស្ដីពីរបបសារព័ត៌មាន មុននឹងអនុវត្តច្បាប់ផ្សេង។

លោកថា៖ «យើងមើលទៅការផ្ដន្ទាទោស ការចោទប្រកាន់វាជារឿងមួយធ្ងន់ធ្ងរសម្រាប់អ្នកសារព័ត៌មានទាំងពីររូប[…]គួរណាស់តែអនុវត្តតាមច្បាប់ស្ដីពីរបបសារព័ត៌មានជាមុន បើសិនជាមានកំហុសឆ្គងខាងវិជ្ជាជីវៈសារព័ត៌មាន[…]លុះត្រាតែអ្នកសារព័ត៌មានហ្នឹងគាត់ទៅប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌដែលខុសអំពីអត្ថបទ ឬក៏វិជ្ជាជីវៈជាអ្នកសារព័ត៌មាន អាហ្នឹងគឺគាត់ត្រូវអនុវត្តច្បាប់ ឬក្រមព្រហ្មទណ្ឌ»។

ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន លោក ផុស សុវណ្ណ សុំមិនអធិប្បាយករណីនេះទេ។

លោកថា៖ «នេះជាការសម្រេចរបស់តុលាការកំពូល ហើយខ្ញុំអត់មានអីបកស្រាយទេអូន[…]ប្រសិនជាភស្តុតាងមិនគ្រប់គ្រាន់ ប្រហែលជាតុលាការកំពូលហ្នឹងក៏មិនឱ្យគេចាត់ការទៀតដែរ ច្បាស់ជាគាត់លើសពីអ្វីដែលជាសកម្មភាពរបស់អ្នកសារព័ត៌មានហើយគាត់ធ្វើហ្នឹង»។

ប្រជាកាសែតមិនអាចសុំការអធិប្បាយពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ អ្នកស្រី ឌី ម៉ូឡានី បានទេត្រឹមរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ដោយទូរស័ព្ទចូល តែគ្មានអ្នកលើក។

ក្នុងឆ្នាំ២០២៥ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA) បានកត់ត្រានូវករណីរំលោភបំពានសិទ្ធិអ្នកសារព័ត៌មានចំនួន ៦១ករណី ដែលប៉ះពាល់អ្នកកាសែតចំនួន ៥៧នាក់ ដោយក្នុងចំណោមនោះ ៤៥ករណី ជាការគំរាមកំហែងតាមផ្លូវច្បាប់៕

សិទ្ធិមនុស្ស","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":3048}" data-page="1" data-max-pages="1" data-start="1" data-end="1">