កម្មវិធីជំនួយដល់ស្ត្រីមានផ្ទៃពោះ និងកុមារតាមម្តាយនៅពន្ធនាគារ នៅតែត្រូវការពង្រឹងថែមទៀត

សង្គម

(បណ្ណផ្សព្វផ្សាយរបស់អង្គការលីកាដូកាលពីឆ្នាំ២០២៤កន្លងទៅដើម្បីស្វែងរកសម្ភារៈជូនកុមាររស់ជាមួយម្ដាយនៅក្នុងពន្ធនាគារ)។

កម្មវិធីជំនួយដល់ស្ត្រីមានផ្ទៃពោះ និងកុមារតាមម្តាយនៅពន្ធនាគារ នៅតែត្រូវការពង្រឹង​ថែមទៀត។នេះបើតាមកត់សម្គាល់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានលើកឡើងក្នុងសារលិខិតអបអរថ្ងៃទិវាសិទ្ធិកុមារកាលពីដើមខែមិថុនា។

កាលណោះលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ណែនាំឱ្យស្ថាប័នពាក់ព័ន្ធពង្រឹងប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីជាតិជំនួយសង្គមដល់ស្ត្រីមានផ្ទៃពោះ កុមារ សិស្សក្រីក្រ ជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនតាមម្តាយនៅពន្ធនាគារ និងរៀបចំកម្មវិធីពិសេសដល់គ្រួសារជនភៀសសឹក។

យោងតាមសារលិខិតរបស់រាជរដ្ឋាភិបាលចុះថ្ងៃទី ២៩ ខែឧសភា នាឱកាសខួបលើកទី ៧៧ ទិវាកុមារអន្តរជាតិ ១ មិថុនា ដែលកម្ពុជាប្រារព្ធឡើងក្រោមប្រធានបទ «សន្តិភាពជាមូលដ្ឋានគ្រឹះនៃការគោរពនិងកិច្ចគាំពារសិទ្ធិកុមារ» លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ណែនាំឱ្យ​ស្ថាប័នពាក់ព័ន្ធបន្តពង្រឹងប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ចំពោះស្ត្រីមានផ្ទៃពោះ កុមារអាយុក្រោម ២ ឆ្នាំ សិស្សក្រីក្រ ជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនតាមម្តាយនៅក្នុងពន្ធនាគារ ព្រមទាំងរៀបចំកម្មវិធីពិសេសដល់គ្រួសារ​ជនភៀសសឹក។

សារលិខិតដដែល លោក ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋានបន្តពង្រឹងយន្តការសម្របសម្រួលក្នុងការបង្ការ ទប់ស្កាត់ អន្តរាគមន៍ និងការឆ្លើយតបលើករណីកុមារ ដើម្បីលើកកម្ពស់ និងផ្ដល់យុត្តិធម៌សង្គម ដោយធានាឱ្យមានសមភាពរវាងកុមារា និងកុមារី ព្រមទាំងបង្កើនឱកាសស្មើភាពគ្នាក្នុងកម្លាំងចលករសង្គមសម្រាប់ជីវភាពសាធារណៈ ជីវភាពនយោបាយ សកម្មភាពសង្គម វប្បធម៌ សិល្បៈ សាសនា និងសកម្មភាពផ្សេងៗទៀត។

នាយិកាប្រតិបត្តិអង្គការយេនឌ័រ និងអភិវឌ្ឍដើម្បីកម្ពុជាលោកស្រី អេង ចាន់ឌី ស្នើឱ្យមានការផ្ដល់អាហាររូបត្ថម្ភ ការថែទាំសុខភាពមាតា និងទារកដល់ស្ត្រីមានផ្ទៃពោះ និងកុមារតាមម្តាយនៅពន្ធនាគារ។

លោកស្រី បន្ថែមថា កុមារតូចៗនៅពន្ធនាគារខ្វះលទ្ធភាពទទួលបានការថែទាំជាមូលដ្ឋានក្នុងអំឡុងឆ្នាំលូតលាស់ដំបូងដែលសំខាន់សម្រាប់ពួកគេ ដូចជា អាហាររូបត្ថម្ភគ្រប់គ្រាន់ និងសម្ភារដូចជាដប និងក្រណាត់កន្ទបទារក ឬកន្លែងសម្រាប់លេង និងគេង។ លោកស្រី អះអាង​ថា ពន្ធនាគារមិនបានផ្គត់ផ្គង់គ្រប់គ្រាន់នូវអាហារសម្បូរសារធាតុចិញ្ចឹមរួមមាន ទឹកដោះគោ ផ្លែឈើ សាច់ ក៏ដូចជាសម្ភារអនាម័យដែលមាន ក្រដាសអនាម័យ សាប៊ូ សាប៊ូបោកខោអាវ និងថ្នាំដុសធ្មេញជាដើម។

លោកស្រី និយាយថា៖ «ខ្ញុំស្វាគមន៍ និងកោតសរសើរចំពោះចំណាត់ការជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល ព្រោះនេះជាជំហានដ៏សំខាន់ ប៉ុន្តែយើងគួរដោះស្រាយឫសគល់នៃបញ្ហា ជាជាងដំណោះស្រាយបណ្តោះអាសន្នតែម្យ៉ាង។ ដំណោះស្រាយកាន់តែស៊ីជម្រៅ ទាមទារឱ្យមានកំណែទម្រង់ផ្លូវច្បាប់ ការពង្រីកការប្រើប្រាស់ប្រាក់ធានា និងការបង្វែរ និងការផ្លាស់ប្តូរជាមូលដ្ឋានចេញពីការជាប់ឃុំឃាំង ដែលជាការឆ្លើយតបចាំបាច់ជាពិសេសសម្រាប់ស្ត្រីដែលងាយរងគ្រោះ និងកូនរបស់ពួកគេ»។

ចំណែកនាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូលោក អំ សំអាត មានប្រសាសន៍ថា នៅក្នុងពន្ធនាគារ កុមារតាមម្តាយ និងស្ត្រីមានផ្ទៃពោះ ងាយប្រឈមមុខបញ្ហាជាងគេ ដែលទាមទារតម្រូវការជំនួយបន្ថែមនូវអាហារបំប៉ន ទឹកដោះគោ សម្ភារប្រើប្រាស់ ប្រដាប់ក្មេងលេង ថ្នាំជំនួយសុខភាពដល់ពួកគេផងដែរ។

បើតាមលោក អំ សំអាត អង្គការលីកាដូ ធ្វើការលើមណ្ឌលអប់រំកែប្រែ និងពន្ធនាគារចំនួន ១៩ ក្នុងចំណោមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារទូទាំងប្រទេស ខណៈគិតត្រឹមខែមិថុនា ឆ្នាំ ២០ ២៦ ស្ត្រីមានផ្ទៃពោះចំនួន ៤០ នាក់ និងកូនតាមម្តាយចំនួន ១១៩ នាក់ កំពុងនៅពន្ធនាគារ។

កាលពីចុងឆ្នាំ ២០២៤ អង្គការលីកាដូ បានអំពាវនាវរកការបរិច្ចាគសំឡីអនាម័យដល់ស្ត្រី និងក្មេងស្រីក្នុងពន្ធនាគារដើម្បីចូលរួមចំណែកជាមួយអគ្គនាយកដ្ឋានពន្ធនាគារ ក្នុងការបំពេញការខ្វះខាតផ្នែកសុខភាពអនាម័យស្ត្រីក្នុងពន្ធនាគារ ក្រោយអង្គការនេះរកឃើញថា ស្ត្រី និងក្មេងស្រីជាច្រើននាក់ដែលជាប់ក្នុងពន្ធនាគារទាំង ១៩ ដែលបានសិក្សា មិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញ ប្រើប្រាស់សំឡីអនាម័យ និងមិនអាចគ្រប់គ្រងវដ្តរដូវប្រកបដោយសុវត្ថិភាព និងសមរម្យបាននៅឡើយទេ៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":3069}" data-page="1" data-max-pages="1" data-start="1" data-end="1">