កងកម្លាំងថៃកាប់ឆ្ការព្រៃ និងរុលចូលក្នុងទឹកដីកម្ពុជាបន្ថែមទៀតនៅខេត្តឧត្តរមានជ័យ។ នេះបើតាមលិខិតរបស់ក្រសួងការបរទេសកម្ពុជា។
ក្រសួងការបរទេសលើកឡើងថា កងកម្លាំងថៃបានធ្វើសកម្មភាពកាប់ឆ្ការព្រៃ និងរាយបន្លាលួសនៅបង្គោលព្រំដែនលេខ២៦ និងបានបន្តរុលចូលមកក្នុងទឹកដីកម្ពុជាបន្ថែមទៀត នៅឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ និយាយថា សកម្មភាពឈ្លានពានរបស់ថៃនេះ ធ្វើឡើងនៅដើមខែមិថុនា រហូតដល់ថ្ងៃទី២៣ ខែមិថុនា ខណៈរដ្ឋាភិបាលកម្ពុជាចាត់ទុកថា ទង្វើនេះបានរំលោភលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ស្ដីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក ព្រមទាំងវិធានការកាត់បន្ថយភាពតានតឹង នៃសេចក្ដីប្រកាសរួម កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
តាមរយៈសេចក្ដីប្រកាសដដែល ក្រសួងការបរទេសកម្ពុជាបង្ហាញការតវ៉ាជាផ្លូវការចំពោះសកម្មភាពរបស់កងកម្លាំងថៃ និងទាមទារឱ្យរដ្ឋាភិបាលថៃបញ្ឈប់សកម្មភាពនេះ ដោយបញ្ជាក់ថា កម្ពុជាមិនទទួលស្គាល់ឡើយចំពោះខ្សែព្រំដែន ឬការទាមទារដោយឯកតោភាគីរបស់ថៃ។ ស្របពេលជាមួយគ្នា ក្រសួងការបរទេសកម្ពុជាក៏បញ្ជាក់ដែរថា នឹងបន្តប្រើប្រាស់យន្តការទ្វេភាគី និងច្បាប់អន្តរជាតិ រួមទាំងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី។
អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា ថ្លែងថា ក្រៅពីបញ្ជូនលិខិតតវ៉ាទៅភាគីថៃ កម្ពុជាក៏នឹងដើរផ្លូវការទូតលើឆាកអន្តរជាតិ ដើម្បីជំរុញថៃងាកមកដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីផងដែរ។ លោកបញ្ជាក់ថា៖ «ដូចបានបញ្ជាក់ក្នុងលិខិតរបស់ក្រសួង គឺយើងតវ៉ាដើម្បីបញ្ជាក់ថា ថៃកំពុងឈ្លានពាន ជំរុញឱ្យថៃបញ្ឈប់សកម្មភាព និងទាមទារឱ្យថៃគោរពកិច្ចព្រមព្រៀងនិងដោះស្រាយតាមរយៈការវាស់វែងព្រំដែន។ បន្ទាប់មក យើងធ្វើការងារការទូតលើឆាកអន្តរជាតិដើម្បីជំរុញថៃឱ្យងាកមកដោះស្រាយបញ្ហាដោយសន្តិវិធី»។
អ្នកវិភាគនយោបាយ លោក សេង វណ្ណលី យល់ថា លិខិតតវ៉ាការទូតដែលក្រុងភ្នំពេញដាក់ទៅកាន់ក្រុងបាងកក គ្រាន់តែជាក្រដាសស្នាមបង្កប់កិច្ចការរដ្ឋបាល ដែលថៃអាចបោះចូលធុងសំរាមពេលណាក៏បាន ដែលលោកចាត់ទុកថា លិខិតនេះគ្មានការគំរាមកំហែងខាងផ្លូវច្បាប់ ឬទណ្ឌកម្មសេដ្ឋកិច្ចណាមួយមកជាមួយឡើយ។ ជុំវិញការបន្តរុលចូលទឹកដីកម្ពុជានេះ លោកសម្លឹងឃើញថា កង្វះវិធានការបិទខ្ទប់ ឬការឆ្លើយតបជាកម្លាំងការពារព្រំដែនភ្លាមៗពីរដ្ឋាភិបាលកម្ពុជា នឹងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទម្ងន់នៃការចរចានៅថ្ងៃអនាគត ដោយលោកបន្ថែមថា នៅពេលតុចរចាមកដល់ ថៃនឹងយករបងដែលសាងសង់រួចរាល់នោះ ធ្វើជាបន្ទាត់ព្រំដែនផ្លូវការជាក់ស្តែង។
លោកនិយាយថា៖ «ភ្នំពេញត្រូវតែបញ្ឈប់ជាបន្ទាន់នូវការចរចាទ្វេភាគីដែលមិនទៅមុខ ហើយងាកមកអន្តរជាតូបនីយកម្ម (Internationalization) នៃវិវាទនេះ ដោយការនាំរឿងក្តីការរំលោភបំពានរបស់ថៃឡើងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឬប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) សាជាថ្មី»។
កាលពីពេលថ្មីៗនេះ ក្រសួងការបរទេសកម្ពុជាក៏បានចោទប្រកាន់កងកម្លាំងប្រដាប់អាវុធថៃថា បានសាងសង់របងបេតុងនៅតំបន់ប្រាសាទតាក្របី និងបង្ហូតទង់ជាតិនៅទឹកដីកម្ពុជា ក្នុងតំបន់ច្រកទ្វារអន្តរជាតិថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ពាក់ព័ន្ធនឹងករណីនេះ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការបរទេស បានតវ៉ាយ៉ាងម៉ឺងម៉ាត់ និងចាត់ទុកទង្វើរបស់យោធាថៃដើរផ្ទុយពីមាត្រា៥ នៃអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ និងរំលោភយ៉ាងច្បាស់លើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ដែលកំណត់ដោយផែនទីខ្នាត ១:២០០.០០០ តាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧៕







