តុលាការកំពូលនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ប្រកាសសាលដីកាតម្កល់ការផ្តន្ទា ទោសប្រធានសមាគមសម្ព័ន្ធនិសិ្សតបញ្ញវន្តខ្មែរ(KSILA)លោក កើត សារ៉ាយ ដាក់ពន្ធនាគារ ៤ឆ្នាំ និងពិន័យប្រាក់ ២លានរៀល ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម និងការមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្ដន្ទាទោសបទមជ្ឈិម»។
ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីតុលាការកំពូលបានបើកសវនាការកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីជំនុំជម្រះបណ្ដឹងសាទុក្ខរបស់លោក កើត សារ៉ាយ ជំទាស់នឹងការសម្រេចរបស់តុលាការជាន់ទាបដែលកាត់ទោសលោកដាក់ពន្ធនាគារ។
សហមេធាវីការពារក្ដីឱ្យ លោក កើត សារ៉ាយ គឺលោក អែម ចន្ថា ប្រាប់ថា តុលាការកំពូលនៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ បានតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ភ្នំពេញ ដែលផ្តន្ទាទោសកូនក្ដីលោកទុកជាបានការដដែល។
លោកថា៖ «ខ្ញុំមានការសោកស្ដាយជាខ្លាំងដោយសារថាតុលាការកំពូលពុំបានទទួលយកនូវអ្វីដែលជាការលើកអំណះអំណាងរបស់កូនក្ដីខ្ញុំបាទ ក៏ដូចជាសហមេធាវីដែលបានលើកឡើងអំពីអង្គច្បាប់ និងអង្គហេតុមួយចំនួនដែលជាការភ័ន្តច្រឡំដែលធ្វើការចោទប្រកាន់កូនក្ដីខ្ញុំបាទតាំងពីសាលាដំបូង[…]កូនក្ដីយើងខ្ញុំធ្វើនេះពុំមានចេតនាដូចការចោទប្រកាន់ទេ។ វាជាសកម្មភាពនៃការធ្វើការរបស់សមាគម»។
ម្ដាយរបស់លោក កើត សារ៉ាយ គឺអ្នកស្រី ចាប យ៉ែម មិនបានទៅតុលាការកំពូលដើម្បីស្ដាប់ការប្រកាសសាលដីការឿងកូនប្រុសគាត់ទេ ដោយសារគាត់ឈឺ និងរស់នៅឆ្ងាយរាប់រយគីឡូម៉ែត្រពីរាជធានីភ្នំពេញ។ មានជំងឺបេះដូងផង បញ្ហាសួតផង និងកំពុងឈឺគ្រុនទៀត អ្នកស្រី ចាប យ៉ែម មានអារម្មណ៍ក្ដុកក្ដួល និងអស់សង្ឃឹមពេលទទួលដំណឹងថាតុលាការមិនលើកលែងទោសឱ្យកូនប្រុសគាត់។
អ្នកស្រីថា៖ «យាយក្ដុកក្ដួលក្នុងចិត្តណាស់ គេអត់អធ្យាស្រ័យឱ្យ[…]ការកាត់ទោសនេះដូចជាអយុត្តិធម៌ហួសហើយ មិនលើកលែងឱ្យ[…]បារម្ភពីកូនបារម្ភហើយកូន បារម្ភហួសពីបារម្ភ យប់ឡើងដេកស្រមៃឃើញកូនក៏មាន នឹកឃើញតែក្នុងថ្ងៃនេះគឺសង្ឃឹមច្រើនថានឹងកូនបានចេញ ដល់ពេលនេះអត់វិញ សង្ឃឹមឃើញកូនមកជួបណាមួយខ្ញុំមានជំងឺរាងទ្រុឌទ្រោមក្នុងខ្លួនដែរ យាយអស់សង្ឃឹម»។
ស្ត្រីវ័យ៨០ប្លាយឆ្នាំរូបនេះស្នើសុំអាជ្ញាធរ និងរដ្ឋាភិបាលមេត្តាលើកលែងទោសដល់លោក កើត សារ៉ាយ ឱ្យមានសេរីភាពវិញ។
អ្នកស្រីបន្ថែមថា៖ «គួរតែលើកលែងទោសឱ្យកូនខ្ញុំព្រោះមិនបានធ្វើអីធំដុំ។ អាជ្ញាធរ រដ្ឋាភិបាលក៏សុំអធ្យាស្រ័យឱ្យកូនខ្ញុំផង ព្រោះខ្ញុំកាន់តែចាស់ហើយ ត្រូវពឹងលើកូន[…]ព្រោះខ្ញុំកាន់តែទ្រុឌទ្រោមហើយ»។
ជុំវិញករណីនេះ មន្ត្រីអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត ខកចិត្តចំពោះ តុលាការកំពូលដែលតម្កល់សេចក្ដីសម្រេចរបស់តុលាការជាន់ទាប។
លោកថា៖ «អ្វីដែលយើងខកចិត្តក្នុងនាមអង្គការសង្គមស៊ីវិលដែលធ្វើការងារលើវិស័យសិទ្ធិមនុស្សគឺសំខាន់ជាងគេគឺសេរីភាពក្នុងការបញ្ចេញមតិ[…]វាជាការធ្វើទុក្ខមួយ ជាការឈឺចាប់មួយសម្រាប់ពួកគាត់ ហើយបង្កជាការព្រមានដល់អង្គការផ្សេងៗ ក៏ដូចយុវជនផ្សេងៗមិនហ៊ានឱ្យនិយាយ មើលឃើញខុសហើយមិនហ៊ាននិយាយ នេះជាការគំរាមកំហែងផ្នែកស្មារតីមួយទៀតសម្រាប់ដល់អ្នកដែលហ៊ាននិយាយ»។
លោក សុខសាន្ត អំពាវនាវដល់រដ្ឋាភិបាលជួយអន្តរាគមន៍ ដោយស្នើសុំដល់ព្រះមហាក្សត្រឱ្យដោះលែងសកម្មជនសង្គមទាំងអស់ដែលកំពុងជាប់ពន្ធនាគារ ពីព្រោះពួកគេដើរតួនាទីបំពេញចន្លោះខ្វះខាតរបស់រដ្ឋាភិបាល។
កាលពីដើមខែមេសា ឆ្នាំ២០២៤ សមត្ថកិច្ចបានចាប់ខ្លួនប្រធានសមាគមសម្ព័ន្ធនិសិ្សតបញ្ញវន្តខ្មែរ (KSILA) លោក កើត សារ៉ាយ នៅការិយាល័យរបស់លោកនៅរាជធានីភ្នំពេញ បន្ទាប់ពីលោកបានផ្តល់បទសម្ភាសន៍ឱ្យអ្នកសារព័ត៌មានទាក់ទងនឹងបញ្ហាជម្លោះដីធ្លីមួយនៅឃុំស្រយង់ និងឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ។ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសលោកដាក់ពន្ធនាគារ រយៈពេល ៤ឆ្នាំ និងបង្គាប់ឱ្យសងសំណងចំនួន ២លានរៀល ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម ដោយសារមិនរាងចាល តាមបញ្ញតិ្តមាត្រា ៨៨ មាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ។
ដោយឡែក កាលពីឆ្នាំ២០២១ លោក កើត សារ៉ាយ ធ្លាប់ជាប់ពន្ធនាគារចំនួន ២០ខែ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម» ពាក់ព័ន្ធករណីលោកទាមទារឱ្យដោះលែងអតីតមេដឹកនាំសហជីពលោក រ៉ុង ឈុន ខណៈដែលលោក ឈុន កំពុងជាប់ពន្ធនាគារ៕







