ទាហាន ៤ នាក់ដែលរងគ្រោះដោយគ្រាប់បែក កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ

សង្គម

(រូបភាពទាហានម្នាក់ដែលកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យ ។រូបភាពហ្វេសប៊ុកលោកផែងវណ្ណៈ ជាផលិតមាតិកាអនឡាញគាំទ្របក្សកាន់អំណាច)។

ទាហានកម្ពុជា ៤ រូប ដែលរងរបួសដោយសារគ្រាប់បែកក្នុងពេលដើរល្បាតនៅតាមបណ្ដាយព្រំដែនកម្ពុជា និងថៃ កំពុងទទួលការព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យ និងក្រុមការងារពាក់ព័ន្ធ។ នេះបើតាមការបញ្ជាក់តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា ដែលទើបតែចេញផ្សាយល្ងាចថ្ងៃទី០៦ ខែកក្កដា គឺមួយថ្ងៃក្រោយហេតុការណ៍កើតឡើង។

ក្រសួងការពារជាតិបានផ្សាយតាមទំព័រហ្វេសប៊ុកខ្លួនដោយអះអាងថា កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ទាហានកម្ពុជាបានដើរល្បាតនៅចំណុចតំបន់ចម្ការស្វាយចន្ទី ភូមិសាស្ត្រចូកគ្រួស ក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ក៏បានជួបយោធាថៃដែលកំពុងរាយបន្លាលួស។ សេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា មានការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់ក្រោយពេលទាហានកម្ពុជាដើរផុត ដែលបណ្ដាលឱ្យទាហានកម្ពុជារងរបួសចំនួន ៤ នាក់ ដោយសារអម្បែងគ្រាប់នោះ។

សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា៖ «ចំពោះឧបទ្ទវហេតុនៃការផ្ទុះគ្រាប់បែកនេះ គណៈបញ្ជាការនៅជួរមុខ និងក្រុមអ្នកជំនាញកំពុងបន្តធ្វើការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីស្វែងរកការពិតជូនដល់កងកម្លាំង និងសាធារណជនរបស់យើង»។

ក្រសួងការពារជាតិបញ្ជាក់ថា ទាហានរងគ្រោះទាំង ៤ នាក់ កំពុងទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យជំនាញ។

នៅពេលសួរទាក់ទងនឹងស្ថានភាពទាហានរងរបួស អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អ្នកស្រី ម៉ាលី សុជាតា មិនទាន់អាចបញ្ជាក់បាននៅឡើយ និងស្នើឱ្យអ្នកសារព័ត៌មានរង់ចាំការផ្សព្វផ្សាយពីទំព័រហ្វេសប៊ុកក្រសួងការពារជាតិ។

អ្នកស្រីថា៖ «បងអត់ទាន់ផ្ដល់បទសម្ភាសន៍ទេ ហើយព័ត៌មានផ្សេងទៀតបងនឹងផ្សព្វផ្សាយទៅតាមហ្វេសប៊ុករបស់ក្រសួងការពារជាតិ»។

អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប លោក លី វណ្ណៈ ប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា ទាហានរងរបួសម្នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ តែយ៉ាងណា លោកមិនទាន់អាចបញ្ជាក់ពីស្ថានភាពបានទេ ព្រោះក្រុមគ្រូពេទ្យកំពុងព្យាបាល និងមិនទាន់អនុញ្ញាតឱ្យសួរសុខទុក្ខនៅឡើយ។

លោកថា៖ «គេអត់ទាន់ឱ្យសួរនាំអីផង ខាងពេទ្យ។ គេបញ្ជូនទៅពេទ្យបង្អែកខេត្ត។ អត់ទាន់ព័ត៌មានអីទេ ខាងពេទ្យគេអត់ទាន់ឱ្យទៅសួរសុខទុក្ខទេ ពីព្រោះពេទ្យគេកំពុងពិនិត្យព្យាបាល»។

ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ទទួចឱ្យភាគីថៃគោរពបទឈប់បាញ់ដែលចុះហត្ថលេខារួមគ្នាកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយមិនត្រូវរំលោភចូលអធិបតេយ្យប្រទេសកម្ពុជាឡើយ ហើយកម្ពុជាមិនទទួលស្គាល់ការគ្រប់គ្រងទីតាំងដោយខុសច្បាប់ពីសំណាក់យោធាថៃ។

លោកថ្លែងថា៖ «ភាគីទាំងពីរឯកភាពគ្នាមិនប្រព្រឹត្តសកម្មភាពបង្កហេតុណាមួយដែលអាចនាំឱ្យមានភាពតានតឹង ដោយរួមបញ្ចូលទាំងសកម្មភាពយោធាចូលក្នុងដែនអាកាស និងបូរណភាពទឹកដី ឬទីតាំងរបស់ភាគីម្ខាងទៀត គិតចាប់ពីពេលមានបទឈប់បាញ់។ ភាគីទាំងពីរឯកភាពគ្នាមិនសាងសង់ ឬពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធា ឬលេណដ្ឋានផ្សេងៗនៅហួសពីទីតាំងរបស់ខ្លួនឡើយ»។

នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងការបរទេសកម្ពុជាបង្ហាញការតវ៉ាជាផ្លូវការចំពោះសកម្មភាពរបស់កងកម្លាំងថៃ និងទាមទារឱ្យរដ្ឋាភិបាលថៃបញ្ឈប់សកម្មភាពនេះ ដោយបញ្ជាក់ថា កម្ពុជាមិនទទួលស្គាល់ឡើយចំពោះខ្សែព្រំដែន ឬការទាមទារដោយឯកតោភាគីរបស់ថៃ។ ស្របពេលជាមួយគ្នា ក្រសួងការបរទេសកម្ពុជាក៏បញ្ជាក់ដែរថា នឹងបន្តប្រើប្រាស់យន្តការទ្វេភាគី និងច្បាប់អន្តរជាតិ រួមទាំងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី។

ក្រសួងការបរទេសចាត់ទុកការរំលោភបំពានពីសំណាក់យោធាថៃ ដោយបន្តរាយបន្លាលួសនៅទីតាំងពីរផ្សេងៗគ្នាគឺតំបន់មុំបី ខេត្តព្រះវិហារ និងតំបន់ជប់រុន ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ជាការរំលោភមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក។

អ្នកវិភាគនយោបាយ និងសង្គម លោក មាស នី យល់ឃើញថា ក្រសួងការពារជាតិគួរតែចុះស្រាវជ្រាវពីមូលហេតុដែលបង្កឱ្យទាហានខ្មែរ ៤ នាក់នោះរងរបួស ដើម្បីឱ្យមហាជនអស់មន្ទិលសង្ស័យ។ ទាក់ទិននឹងបញ្ហាព្រំដែនដែលថ្មីៗនេះ យោធាថៃនៅតែបន្តរាយបន្លាលួសចូលទឹកដីកម្ពុជា លោក មាស នី លើកឡើងថា ការប្រើប្រាស់យន្តការតាមគណៈកម្មាធិការព្រំដែនរួម (JBC) មិនអាចដាក់សម្ពាធឱ្យភាគីថៃចូលតុចរចាឡើយ។

លោកមានប្រសាសន៍ថា៖ «ក្រសួងការពារជាតិគួរតែចុះត្រួតពិនិត្យ ចុះទៅទីតាំងដែលផ្ទុះនោះដើម្បីស៊ើបអង្កេតជាបន្ទាន់។ ជួនកាលវាជារឿងផ្ទុះពីខាងយើង ឬមួយថៃគេមកធ្វើអីមកលើយើង។ បើថៃគេអ្នកបោះគ្រាប់បែកមក ត្រូវតែមានភស្តុតាងបញ្ជាក់»។

លោកបន្ថែមថា៖ «សម្រាប់ JBC អត់មានឥទ្ធិពលលើរឿងនេះបានទេ។ ភាគីថៃគេមិនយករឿងនេះមកនិយាយ។ យើងនៅបើកចំហថា JBC ប៉ុន្តែបើថៃគេមិនទទួលស្គាល់ គេមិនខ្វល់ខ្វាយ បានន័យថាយើងមានតែប្រឈមនឹងស្ថានការណ៍ជាក់ស្ដែង»៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":3140}" data-page="1" data-max-pages="1" data-start="1" data-end="1">