ក្រសួងពាណិជ្ជកម្មប្រកាសបើកការស៊ើបអង្កេតផ្ទៃក្នុងរកអ្នកពាក់ព័ន្ធការចុះបញ្ជីកែប្រែក្រុមហ៊ុនឯកជនមួយនៅកម្ពុជា ដើម្បីកំណត់មុខសញ្ញាបុគ្គលនោះយកមកចាត់ការតាមនីតិវិធីច្បាប់ និងត្រៀមសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយដើម្បីចាត់វិធានការលើករណីនេះ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ឱ្យដឹងថា ក្រសួងបានឃើញសារព័ត៌មានជប៉ុន The Japanese Times ចុះផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងនីតិវិធីចុះបញ្ជីកែប្រែក្រុមហ៊ុនឯកជនមួយនៅកម្ពុជាក្នុងអំឡុងឆ្នាំ២០២១។
សារព័ត៌មានជប៉ុន បានបញ្ជាក់ថា ករណីនេះក៏កំពុងស្ថិតក្នុងដំណើរការនីតិវិធីស៊ើបអង្កេតរបស់អាជ្ញាធរមានសមត្ថកិច្ចជប៉ុនផងដែរ។
សារព័ត៌មានជប៉ុន The Japanese Times បានរាយការណ៍ថា អាជ្ញាធរមានសមត្ថកិច្ចរបស់ជប៉ុនបានចោទប្រកាន់ក្រុមហ៊ុនជប៉ុនមួយឈ្មោះ Fujipassc និងបុគ្គលិកចំនួន ៣នាក់ ពីបទសូកប៉ាន់មន្ត្រីកម្ពុជាម្នាក់ ក្នុងទឹកប្រាក់ ១០០០ដុល្លារអាមេរិក ក្នុងគោលបំណងពន្លឿនការកែប្រែឯកសារពាក់ព័ន្ធនឹងការចុះបញ្ជីក្រុមហ៊ុននៅកម្ពុជា។ ការសូកប៉ាន់នេះបានធ្វើឡើងតាំងពីឆ្នាំ ២០២១។ បើតាមក្រមព្រហ្មទណ្ឌរបស់ជប៉ុន បទល្មើសសូកប៉ាន់មន្រ្តីសាធារណៈនៃរដ្ឋបរទេសដើម្បីទទួលបានផលប្រយោជន៍ណាមួយ អ្នកប្រព្រឹត្តល្មើសអាចប្រឈមនឹងការជាប់ពន្ធនាគារពី៥រហូតដល់៧ឆ្នាំ។
ទោះជាយ៉ាងណា ក្រសួងពាណិជ្ជកម្ម រៀបរាប់ថា ការចុះបញ្ជីពាណិជ្ជកម្ម និងសេវាពាក់ព័ន្ធផ្សេងៗទៀត ត្រូវបានធ្វើឡើងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន www.registrationservices.gov.kh ដើម្បីបង្កើនប្រសិទ្ធភាព សម្រួល នីតិវិធីចុះបញ្ជីពាណិជ្ជកម្ម និងសេវាសាធារណៈពាក់ព័ន្ធឱ្យបានឆាប់រហ័ស ដើម្បីលើកកម្ពស់តម្លាភាព បង្កើនសុចរិតភាព និងលុបបំបាត់ចំណាយក្រៅផ្លូវការ។
ក្រសួងលើកទឹកចិត្តឱ្យក្រុមហ៊ុន សហគ្រាស ត្រូវទៅចុះបញ្ជីពាណិជ្ជកម្ម និងចុះបញ្ជីរាល់ការកែប្រែផ្សេងៗ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងអាចស្វែងរកការពិគ្រោះយោបល់ និងជំនួយផ្នែកបច្ចេកទេស និងនីតិវិធីពីសេវាកម្មឯកជន ដែលទទួលបានការបណ្តុះបណ្តាល និងទទួលស្គាល់ដោយក្រសួង។
ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម បានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូរសព្ទសាធារណៈលេខ១២៦៦ សម្រាប់ ការសាកសួរ និងផ្តល់ព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងសេវាសាធារណៈរបស់ក្រសួង និងបានតភ្ជាប់សេវាសាធារណៈរបស់ក្រសួងជាមួយថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (Cambodia Data Exchange – CamDX) រួមជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីរួមចំណែកលើកកម្ពស់បរិយាកាសធុរកិច្ចឱ្យប្រសើរឡើង។
កន្លងមក រាជរដ្ឋាភិបាលកម្ពុជា ក៏បានជំរុញយ៉ាងសកម្មលើការផ្ដល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ (ឌីជីថល) តាមរយៈ «អង្គភាពច្រកចេញចូលតែមួយ» ទូទាំង ២៥ រាជធានី-ខេត្ត ដើម្បីផ្តល់ភាពងាយស្រួល សន្សំសំចៃពេលវេលា និងលុបបំបាត់ភាពយឺតយ៉ាវជូនប្រជាពលរដ្ឋផងដែរ៕







