អគារ Royal Hill នៅតំបន់អូរស្មាច់ ខេត្តឧត្តរមានជ័យ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន លឹម ហេង គ្រុប (Lim Heng Group) និងមានម្ចាស់ជាអ្នកឧកញ៉ាជនជាតិខ្មែរ ឈ្មោះ លឹម ហេង ជាប់ពាក់ព័ន្ធនឹងការជួលទៅឱ្យឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។ ប្រភពដដែលបានផ្សាយថា សំណង់អគារទាំងនោះត្រូវបានគេកែប្រែជាបន្ទប់តុបតែងមើលទៅដូចជាប៉ុស្តិ៍នគរបាល និងការិយាល័យធនាគារជាដើម។
Reuters បន្ថែមថា កិច្ចសន្យាជួលបានចែងថា Royal Hill នឹងជួលអគារចំនួនបីនៅក្នុងបរិវេណរបស់ខ្លួនទៅឱ្យជនជាតិចិនម្នាក់ក្នុងរយៈពេលពីរឆ្នាំ ក្នុងតម្លៃ ២០ម៉ឺនដុល្លារក្នុងមួយខែ។ កងទ័ពថៃបានកាន់កាប់ទីតាំងអគារនេះក្រោយពីមានជម្លោះព្រំដែនកម្ពុជា-ថៃ ហើយភាគីថៃអះអាងថាអគារ Royal Hill គឺជាកន្លែងសម្រាប់ធ្វើប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត ភក្ត្រា ប្រាប់សារព័ត៌មាន Reuters ថា ការដែលយោធាថៃយកទីតាំងអគារ Royal Hill មកគ្រប់គ្រងក្រោមហេតុផលថាជាទីតាំងប្រព្រឹត្តបទល្មើសអនឡាញ គឺគ្រាន់តែជាលេសដើម្បីធ្វើការវាយប្រហារមកលើកម្ពុជាប៉ុណ្ណោះ។
ក្រសួងការបរទេសកម្ពុជាតែងតែបានចេញសេចក្ដីថ្លែងការណ៍តវ៉ាយ៉ាងខ្លាំង ប្រឆាំងនឹងទស្សនកិច្ចត្រួតពិនិត្យទីតាំងនៅក្នុងទឹកដីខ្មែរដោយគ្មានការអនុញ្ញាតពីភាគីកម្ពុជា ពីសំណាក់អនុព័ន្ធយោធាបរទេសមួយចំនួន និងមន្ត្រីអនុវត្តច្បាប់ ដែលដឹកនាំដោយប្រធានចារកម្មកងទ័ពថៃ នៅសណ្ឋាគារពីរកន្លែង ស្ថិតនៅក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីខែកុម្ភៈ ឆ្នាំ២០២៦។ ក្រសួងការបរទេសចាត់ទុកសកម្មភាពអនុវត្តអធិបតេយ្យរបស់ថៃដោយខុសច្បាប់នេះ ថាជាការប៉ុនប៉ងធ្វើឱ្យស្របច្បាប់នូវការកាន់កាប់របស់ខ្លួនលើទឹកដីអធិបតេយ្យរបស់កម្ពុជា និងជាការរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។
ទោះជាបែបនេះក្ដី ដើម្បីការពារមុខមាត់កម្ពុជាចំពោះការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសនៅពេលនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត យល់ឃើញថា អាជ្ញាធរកម្ពុជាត្រូវបើកការស៊ើបអង្កេត ថាតើអគារនោះពិតជាបានជួលឱ្យពួកឧក្រិដ្ឋជនមែនឬយ៉ាងណា។ លោកថាអាជ្ញាធរត្រូវបង្ហាញតម្លាភាព និងស្វែងរកឫសគល់នៃប្រតិបត្តិការឆបោកនោះ ក៏ដូចជាចាត់វិធានការលើមេខ្លោងនៅពីក្រោយខ្នងផងដែរ។
លោកមានប្រសាសន៍ថា៖ «វាជាតម្លាភាពផង។ វាត្រូវតែមានការស៊ើបអង្កេតឱ្យបានច្បាស់លាស់ថាតើបញ្ហាអគារទាំងអស់នេះវាមានជាប់ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធអនឡាញដែរឬទេ។ វាត្រូវតែមានការស៊ើបអង្កេតដោយហ្មត់ចត់ ដោយតម្លាភាព និងដោយសុក្រឹតភាព»។
ក្នុងជំនួបរវាងតំណាងស្ថានទូតអាមេរិកប្រចាំកម្ពុជា លោកស្រី Aleks Zittle និងប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) លោក ឆៃ ស៊ីណារិទ្ធ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី Aleks Zittle ក៏បានជំរុញឱ្យភាគីកម្ពុជាបង្កើនយុទ្ធនាការបង្ក្រាបមជ្ឈមណ្ឌលឆបោកតាមអនឡាញឱ្យបានឆាប់រហ័ស ដើម្បីធានាថា អ្នកប្រតិបត្តិការ និងអ្នកនៅពីក្រោយបណ្តាញឆបោកទាំងនោះត្រូវទទួលទោសតាមច្បាប់។
ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណរ៉ា មានប្រសាសន៍ថា ប្រតិបត្តិការបង្ក្រាបបទល្មើសអនឡាញនេះត្រូវតែបន្តធ្វើជាប្រចាំ មិនអាចសម្រេចបានភ្លាមៗនោះទេ ព្រោះបទល្មើសនេះជាបទល្មើសងងឹត ជាពិសេសត្រូវធ្វើសហប្រតិបត្តិការជាមួយប្រទេសផ្សេងៗទៀតដែលជាប់ពាក់ព័ន្ធនឹងបទល្មើសអនឡាញប្រកបដោយតម្លាភាព។ លោកបន្តថា ការបង្ក្រាបបទល្មើសបច្ចេកវិទ្យាត្រូវធ្វើឡើងទន្ទឹមនឹងការកម្ចាត់អំពើពុករលួយ និងវែកមុខអ្នកដែលពាក់ព័ន្ធ មិនថាអ្នកមានអំណាច ឬអ្នកមានធនធានណាម្នាក់នោះឡើយ។
លោកថ្លែងថា៖ «ខ្ញុំថារដ្ឋាភិបាល ក៏ដូចជាសមត្ថកិច្ច និងអាជ្ញាធរខេត្ត ស្ថាប័នជំនាញត្រូវតែបង្ហាញដោយតម្លាភាព បើកចំហ ដោយគ្មានការបិទបាំងអ្វី ក្រៅតែពីធ្វើកិច្ចសហការគ្នា ដើម្បីកុំឱ្យមានការចោទប្រកាន់ និងការចោទបោះបោកដាក់គ្នារវាងប្រទេសជិតខាង»។
លោកបន្ថែមថា៖ «ខ្ញុំថាជាការឆ្លើយតបដោយមានអង្គហេតុ និងអង្គច្បាប់របស់រដ្ឋាភិបាល ខណៈដែលកន្លងមករដ្ឋាភិបាលបានប្ដេជ្ញាថានឹងបង្ក្រាបឱ្យអស់ពួកឧក្រិដ្ឋជន scam online ត្រឹមខែមេសា ប៉ុន្តែយើងមិនអាចថាបង្ក្រាបបានឱ្យចប់ត្រឹមខែមេសានោះទេ»។
គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលកម្ពុជាបានបើកយុទ្ធនាការបង្ក្រាបបទល្មើសឆបោកតាមអនឡាញតាំងពីដើមឆ្នាំ២០២៦។ យោងតាមទិន្នន័យរបស់រដ្ឋាភិបាល គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ចុងខែឧសភា ឆ្នាំ២០២៦ អាជ្ញាធរបង្ក្រាបបានជាង ៤០០ករណី, ដកអាជ្ញាបណ្ណកាស៊ីណូ ២៥ទីតាំង, បញ្ជូនអ្នកពាក់ព័ន្ធត្រឡប់ទៅប្រទេសកំណើតវិញជាង ១៨,០០០នាក់, និងបញ្ជូនសំណុំរឿងទៅតុលាការចំនួន ១៤៣ករណី ដែលពាក់ព័ន្ធនឹងជនសង្ស័យជាង ១,៤០០នាក់។
រដ្ឋាភិបាលបានចេញអនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងស្នាក់នៅប្រមូលផ្ដុំ ដោយផ្ដោតជាពិសេសលើការគ្រប់គ្រងជនបរទេស និងការទប់ស្កាត់ការស្នាក់នៅខុសច្បាប់។ បន្ថែមពីលើនេះ រាជរដ្ឋាភិបាលក៏បានរៀបចំច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលមានគោលបំណងផ្ដន្ទាទោសមេខ្លោង អ្នកសមគំនិត និងអ្នកពាក់ព័ន្ធ ព្រមទាំងបង្ការមិនឱ្យឧក្រិដ្ឋកម្មប្រភេទនេះកើតឡើងនៅកម្ពុជាឡើយ៕







