អតីតអ្នកកាសែត និងជាអ្នករត់កង់បីមានពិការភាពមួយរូបត្រូវជាប់ពន្ធនាគារ៤ឆ្នាំដោយសាររិះគន់រដ្ឋាភិបាលរឿងព្រំដែន

សិទ្ធិមនុស្ស

លោក ហុក រ៉េន ឈរថតរូបជិតរូបសំណាកប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា វិជ្ជា។)រូបភាពបណ្ដាញសង្គម។

អតីតអ្នកកាសែតនិងជាអ្នករត់កង់បីដែលពិការជើងម្ខាងផងនោះត្រូវជាប់ពន្ធនាគារបួនឆ្នាំដោយសាររូបគាត់រិះគន់រដ្ឋាភិបាលជុំវិញបញ្ហាព្រំដែន។បុរសគ្រប់នោះមានឈ្មោះថាហុករ៉េន ធ្លាប់ជាចាង ហ្វាងគេហទំព័រដើមត្នោតនិងជាអតីតអ្នកកាសែតចក្រវាឡ។ លោកបានពិការជើងម្ខាង ដោយសារជំងឺ កាលពីឆ្នាំ២០១៣ក្នុងពេលដែលគេហទំព័រដើមត្នោតរបស់លោកកំពុងទទួលការពេញនិយម។

ក្នុងសប្ដាហ៍នេះសាលាដំបូងរាជធានីភ្នំពេញបានកាត់ឲ្យលោក លោក ហុក រ៉េន ជាប់ពន្ធនាគារ៤ឆ្នាំ ក្រោមបទចោទ ធ្វើឱ្យខូចទឹកចិត្តកងទ័ព និងបទញុះញង់ ជុំវិញការសរសេរសារលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកពីបញ្ហាជម្លោះព្រំដែន កម្ពុជា-ថៃ។

យោងតាមអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ) ឱ្យដឹងថា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ សាលាដំបូងរាជធានីភ្នំពេញ បានផ្ដន្ទាទោសលោក ហុក រ៉េន ពីបទធ្វើឱ្យខូចទឹកចិត្តកងទ័ព និងបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ពាក់ព័ន្ធនឹងការបញ្ចេញមតិរិះគន់របស់លោកនៅលើបណ្ដាញសង្គមហ្វេសប៊ុកទៅលើថ្នាក់ដឹកនាំអំពីចំណាត់ការជម្លោះព្រំដែនកម្ពុជា-ថៃ អំឡុងឆ្នាំ២០២៥។

លីកាដូ បន្ថែមថា លោក ហុក រ៉េន វ័យ៥១ឆ្នាំ​ ត្រូវបានចាប់ខ្លួនភ្លាមៗ នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ក្រោយពេលលោកបញ្ចេញមតិលើហ្វេសប៊ុក។ លោក រ៉េន ក៏ត្រូវបានចោទប្រកាន់ពីបទ «ការមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម» តាមបញ្ញត្តិមាត្រា៨៨ ចំពោះបទញុះញង់ដែលបានប្រព្រឹត្តក្នុងរយៈពេល ៥ ឆ្នាំ ដែលអាចធ្វើឱ្យកើនទេ្វដងចំពោះទោសពន្ធនាគារផងដែរ។ 

បើតាមលីកាដូ លោក រ៉េន ធ្លាប់ត្រូវបានជាប់ពន្ធនាគាររយៈពេល ១៨ខែ ហើយត្រូវដោះលែងក្រោយពីការអនុវត្តទោសរួចរាល់នៅអំឡុងខែមករា ឆ្នាំ២០២៥។ កាលនោះ លោកត្រូវបានចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដែលជាប់ទាក់ទងនឹងការបញ្ចេញមតិរិះគន់ថ្នាក់ដឹកនាំបក្សកាន់អំណាចនៅអំឡុងពេលបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០២៣។

ភរិយាលោក ហុក រ៉េន គឺអ្នកស្រី កែវ សំអាង ចាត់ទុកការផ្ដន្ទាទោសលើប្ដីរបស់អ្នកស្រី ថា អយុត្តិធម៌ ដោយគ្រាន់តែលោកបញ្ចេញមតិ។ អ្នកស្រី បន្តថា លោក រ៉េន កំពុងមានជំងឺសរសៃប្រសាទប្រចាំកាយ និងតម្រូវឱ្យលេបថ្នាំជារៀងរាល់ថ្ងៃ ខណៈលោកក៏មានពិការភាពជើងម្ខាងផងនោះ។

អ្នកស្រី ស្នើឱ្យអាជ្ញាធរដោះលែងលោក រ៉េន ឱ្យមានសេរីភាពវិញ ដើម្បីប្រកបរបរចិញ្ចឹមគ្រួសារដែលអ្នកស្រីថានៅមានចៅកំព្រាតូចៗចំនួន២នាក់ ស្ថិតក្នុងបន្ទុក ខណៈបច្ចុប្បន្នអ្នកស្រីត្រូវរ៉ាប់រងជីវភាពតែម្នាក់ឯង។

អ្នកស្រី និយាយថា៖ «ចង់ឱ្យដោះលែងគាត់ គាត់លេបថ្នាំប្រចាំ អត់លេបមួយថ្ងៃធ្វើទុក្ខ តាំងពី២០១៣ វះកាត់ ដុះសាច់ក្នុងខួរក្បាល។ ទិញ [ថ្នាំ] យកឱ្យរហូត១កំប៉ុង សម្រាប់៣ខែ
។​ ពិបាកគឺខ្ញុំអ្នករាប់រ៉ងទាំងអស់ កាលមុនបានគាត់ចឹង ជួយតិចតួចរត់កង់បី។ អីឡូវលើខ្ញុំទាំងស្រុង»។

ជាងនេះទៅទៀត ស្រ្តីវ័យ៥៣ឆ្នាំរូបនេះ ក៏អំពាវនាវឱ្យអង្គការសង្គមស៊ីវិល ផ្ដល់មេធាវីការពារក្ដី ដោយសារអ្នកស្រី មិនមានលទ្ធភាពក្នុងការពឹងពាក់មេធាវីដោយផ្ទាល់ និងពុំដឹងផងដែរ ចំពោះនីតិវិធីប្ដឹងជំទាស់ទៅតុលាការជាន់ខ្ពស់បន្តទៀត។

បើតាមភរិយារូបនេះ ប្ដីរបស់អ្នកស្រី ស្ថិតក្នុងស្ថានភាពឈឺស្គមស្គាំង និងមានប៉ូលិសជួយគ្រាហ៍នៅពេលដែលអ្នកស្រីទៅសួរសុខទុក្ខនៅពន្ធនាគារ។
អ្នកស្រី និយាយថា៖ «[មេធាវី] ខ្ញុំមិនដឹងពឹងពាក់ពីណា យប់ឡើងគេមិនលក់ទេ»។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ករណីនេះលោក ហុក រ៉េន ប្រសិនបើមិនមានភស្តុតាងបញ្ជាក់ពីបទល្មើសនោះទេ នឹងនាំឱ្យមានការបារម្ភលើការរឹតត្បិតសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ ដែលនាំឱ្យអ្នកដទៃទៀតនឹងខ្លាចមិនហ៊ានបញ្ចេញមតិ ឬកម្រិតសេរីភាពរបស់ខ្លួន បន្ទាប់ពីបានឃើញករណីនេះ។

លោក និយាយថា៖ «វាអាចនឹងធ្វើឱ្យប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ បើសិនជាអាជ្ញាធរ និងតុលាការ មិនបានពិនិត្យឱ្យបានល្អិតល្អន់ ទាក់ទងនឹងអ្វីដែលជាការបញ្ចេញមតិ និងអ្វីជាបទល្មើសដែលត្រូវ ចោទប្រកាន់ និងធ្វើការផ្ដន្ទាទោសទេនោះ។ អាហ្នឹងគឺនាំឱ្យប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ»។ 

បើតាមអង្គការលីកាដូ មានសកម្មជននយោបាយ ដីធ្លី សហជីព អ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស និងអ្នកប្រើប្រាស់បណ្ដាញសង្គមចំនួន១២៣ នាក់ហើយ ត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួន ពាក់ព័ន្ធនឹងការបញ្ចេញមតិពីបញ្ហាសង្គម៕

សិទ្ធិមនុស្ស","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":3274}" data-page="1" data-max-pages="1" data-start="1" data-end="1">