ក្រុមសង្គមស៊ីវិលដែលរួមមាន អាជីវកម្ម អ្នកជំនាញសេដ្ឋនិងសង្គម ព្រមទាំងអ្នកនយោបាយផងនោះ ចង្អុលឱ្យរាជរដ្ឋាភិបាលដាក់យន្តការគាំទ្រសហគ្រាសក្នុងស្រុកដើម្បីឆ្លើយតបចំពោះស្ថាភាពសេដ្ឋកិច្ចនិងសង្គមកម្ពុជានាពេលបច្ចុប្បន្ន។ពួកគេលើកឡើងបែបនេះជាការឆ្លើយតបទៅនឹងគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាដែលប្រកាសថា ខ្លួនគ្រោងគ្រោងបញ្ចេញកញ្ចប់ថវិកាជាង១២០០ លានដុល្លារ ដើម្បីបង្កើតការងារ រក្សាលំនឹងជីវភាពពលរដ្ឋ និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច។
យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច ចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជា បានអនុម័ត និងត្រៀមអនុវត្តកម្មវិធី «អន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ ក្នុងគោលដៅបង្កើតការងារ, ធានាលំនឹងជីវភាពប្រជាជន និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងសង្គមកម្ពុជា សម្រាប់រយៈពេលខ្លី និងមធ្យមខាងមុខ»។
ក្រសួងសេដ្ឋកិច្ចបន្តថា កម្មវិធីខាងលើនឹងចែកចេញជា ៣ កញ្ចប់អន្តរាគមន៍ ដែលក្នុងនោះកញ្ចប់វិធានការទី១ ផ្តោតលើការរក្សាលំនឹងជីវភាព ដោយផ្សារភ្ជាប់នឹងការបង្កើតការងារ, ទី២ ផ្តោតលើការផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយផ្សារភ្ជាប់នឹងការបង្កើតមុខរបរ និងទី៣ ផ្តោតលើការគ្រប់គ្រង, ការធ្វើអន្តរកម្ម និងការបង្វែរថាមពល។
អាជីវករលក់បាយនៅផ្សារឈូកវ៉ា១ អ្នកស្រី នាង ណៃអ៊ីម អាយុ ៤១ ឆ្នាំ បានទទូចឱ្យរដ្ឋាភិបាលអន្តរាគមន៍បន្ថយអត្រាការប្រាក់ ១២ ភាគរយ ក្នុង ១ ឆ្នាំ ដែលអ្នកស្រីកំពុងបង់រំលស់ផ្ទះជាមួយបុរីមួយកន្លែងនៅរាជធានីភ្នំពេញ។ អ្នកស្រីបន្ថែមថា អត្រាការប្រាក់ ១២ ភាគរយនេះ ទោះបីអ្នកស្រីបង់រំលស់ជិត ៥០០ ដុល្លារ ក្នុងមួយខែក៏ដោយ តែប្រាក់ដើមបង់បានចំនួនតិចតួចបំផុត ដែលការបង់មានរយៈពេលច្រើនឆ្នាំមកហើយក្ដី។
អ្នកស្រីនិយាយថា៖ «ជួយកាត់បន្ថយអត្រាការប្រាក់ ១២ ភាគរយ ថ្លៃពេក ខ្ញុំបង់ជិត ១០ ឆ្នាំហើយនៅតែការប្រាក់ ១២ ភាគរយ ហើយផ្ទះបង់ជិត ៧ ទៅ ៨ ម៉ឺនហើយ នៅតែ ៤ ម៉ឺនដដែលដើម»។
អ្នកតាមដានបញ្ហាសង្គមលោកបណ្ឌិត មាស នី ថ្លែងថា តម្រូវការជាក់ស្ដែងនៅពេលនេះ រដ្ឋាភិបាលត្រូវជួយគាំទ្រដល់អាជីវកម្មក្នុងស្រុក ទាំងខ្នាតតូច និងមធ្យម ដើម្បីឱ្យសហគ្រាសទាំងនោះអាចបង្កើនការផលិត ដែលនឹងស្រូបទាញការងារបន្ថែម និងជំរុញឱ្យសេដ្ឋកិច្ចគ្រួសារមានលំនឹង។
លោកនិយាយថា៖ «ខ្ញុំគិតថា រដ្ឋាភិបាលគួរតែផ្ដោតលើរឿងនេះ ចៀសវាងកុំឱ្យប្រើលុយទៅលើមនុស្សធម៌ច្រើនពេក ដើម្បីតែប្រយោជន៍នយោបាយ។ ធ្វើម៉េចថវិកាបានយកទៅប្រើឱ្យចំនិរន្តរភាពសេដ្ឋកិច្ចកម្ពុជា»។
មិនខុសពីអ្នកឃ្លាំមើលសង្គម ប្រធានគណបក្សប្រជាធិបតេយ្យជឿនលឿនលោក យ៉ែម បុញ្ញឫទ្ធិ មានប្រសាសន៍ថា រដ្ឋាភិបាលត្រូវបន្ថយពន្ធផ្សេងៗដល់សហគ្រាសក្នុងស្រុកដើម្បីអាចមានលទ្ធភាពពង្រីកអាជីវកម្ម រួមទាំងជជែកជាមួយវិស័យធនាគារដើម្បីបញ្ចុះអត្រាការប្រាក់ ឬពន្យារពេលសងជាដើម។
បន្ថែមពីលើនេះ លោកយល់ថា ផែនការទាំងបីរបស់រដ្ឋាភិបាលដើម្បីរក្សាលំនឹងជីវភាពពលរដ្ឋ និងភាពធន់នៃសេដ្ឋកិច្ចទំនងគ្មានប្រសិទ្ធភាពនោះទេ ព្រោះចំណុចខ្លះត្រូវសិក្សាស៊ីជម្រៅ និងចំណុចខ្លះទៀតជារឿងមិនចាំបាច់។
លោកនិយាយថា៖ «ពាក់ព័ន្ធជាមួយការធ្វើអន្តរកម្ម និងការបង្វែរថាមពល យើងយល់ឃើញថា មិនមែនជារឿងប្រញាប់ចាំបាច់ដើម្បីធានាជីវភាពរបស់ប្រជាពលរដ្ឋយើងនៅក្នុងពេលនេះទេ។ ដូច្នេះ ជាការសន្និដ្ឋាន យើងយល់ថា វាពុំឆ្លើយតប និងមានប្រសិទ្ធភាពប៉ុន្មានទេ ចំពោះផែនការទាំងបីនេះ»។
រីឯប្រធានវេទិកាអនាគតលោក អ៊ូ វីរៈ បានបង្ហាញពីការព្រួយបារម្ភថា ថវិកា ១២០០ លានដុល្លារនេះ ត្រូវបានប្រើប្រាស់មិនចំគោលដៅ និងមិនមានប្រសិទ្ធភាព។ លោកអះអាងថា ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ លុះត្រាតែពលរដ្ឋចង់រៀនដោយខ្លួនឯង ខណៈការផ្ដល់ឥតគិតថ្លៃជាទូទៅមិនសូវចង់រៀន និងមិនសូវមានប្រសិទ្ធភាពនោះទេ។
លោកយល់ថា រដ្ឋគួរបញ្ចេញថវិកាទាំងនោះ ដើម្បីកាត់បន្ថយការចំណាយរបស់កម្មករ ដោយឧបត្ថម្ភដល់ក្រុមហ៊ុនដឹកជញ្ជូនកម្មករ អគ្គិសនីរបស់រោងចក្រ និងម្ហូបអាហារជាដើម រួមទាំងការជួយដល់កសិករតាមរយៈផ្ដល់បណ្ណក្រីក្រ ដើម្បីថវិកាធ្លាក់ដល់ដៃពួកគេដោយផ្ទាល់ និងអាចចាយវាយនាំឱ្យចរន្តសេដ្ឋកិច្ចដើរ។
ជាងនេះទៅទៀត លោកថាថវិកាទាំងនោះក៏គួរត្រូវចាក់បញ្ចូលក្នុងវិស័យទេសចរណ៍ផងដែរ ដែលនៅពេលនេះកំពុងរងគ្រោះធ្ងន់ធ្ងរ។ លោកនិយាយថា៖ «លុយហ្នឹងគួរបង្វិលទៅលើអ្នកក្រនៅក្នុងវិស័យទេសចរណ៍។ អាហ្នឹងគឺត្រូវតែមានបញ្ជី ត្រូវតែមានយន្តការដើម្បីបញ្ចេញ ហើយសម្រាប់ខ្ញុំ គឺផ្ញើលុយឱ្យអស់ហ្មងទៅ ដើម្បីកុំឱ្យរដ្ឋធ្វើអីទាំងអស់។ ផ្ញើលុយដាក់កុងធនាគាររបស់អ្នកដែលកាន់ ID Poor (បណ្ណក្រីក្រ) អាហ្នឹងគឺរដ្ឋមិនបាច់ទៅធ្វើអីច្រើនដើម្បីបំផ្លាញលុយទេ»។
មូលនិធិរូបិយវត្ថុអន្តរជាតិ បានវាយតម្លៃថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៦ ត្រូវបានប៉ាន់ស្មានថានឹងសម្រេចបានកំណើនថមថយ ធៀបនឹងការវាយតម្លៃនៅដើមឆ្នាំ ពោលគឺស្ថិតក្នុងរង្វង់ ៣ ភាគរយ។ កំណើននេះ ឆ្លុះបញ្ចាំងអំពីភាពមិនប្រាកដប្រជាដែលកម្ពុជាបានរងឥទ្ធិពលប៉ះពាល់ ដែលបន្តសាយភាយពីពហុវិបត្តិ រួមមានសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលបង្កឱ្យមានការឡើងថ្លៃប្រេងឥន្ធនៈ, បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ, ការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល។
យ៉ាងណាមិញ បើតាមសេចក្ដីប្រកាសខាងលើ ក្នុងជំនួបជាមួយរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចលោក អូន ព័ន្ធមុនីរ័ត្ន ពាក់ព័ន្ធនឹងលទ្ធផលនៃការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ ២០២៦ ប្រធានក្រុមបេសកកម្ម Article IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោក Kenichiro Kashiwase បានលើកឡើងថា វិធានការអន្តរាគមន៍ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់អនុវត្តបន្ទាន់ ដូចជាការអនុវត្តគោលនយោបាយសារពើពន្ធក្នុងរយៈពេលបណ្តោះអាសន្ន ដែលសំដៅគាំទ្រដល់ប្រជាជន និងវិស័យចំគោលដៅ នឹងចូលរួមកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមានពីវិបត្តិដែលកម្ពុជាកំពុងជួបប្រទះ និងអាចរុញច្រានកំណើនសេដ្ឋកិច្ចបាន៕







