កម្ពុជា-ថៃ បានឯកភាពលើការស្នើសុំពេលវេលាបន្ថែមរបស់អ្នកផ្សះផ្សាឯករាជ្យទាំង ៤ រូប ក្នុងការតែងតាំងប្រធានគណៈកម្មការផ្សះផ្សាវិវាទដែនសមុទ្រកម្ពុជា-ថៃ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ ដើម្បីមានពេលពិចារណាឱ្យបានហ្មត់ចត់លើបេក្ខជនដែលមានលក្ខណៈសម្បត្តិសមរម្យ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។
ក្រសួងការបរទេសកម្ពុជា អះអាងថា ការពន្យារពេលក្នុងការតែងតាំងប្រធាននេះ ពុំមានផលប៉ះពាល់ទៅលើថេរវេលាកំណត់ ឬជំហាននីតិវិធីណាមួយក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រនោះទេ។
អ្នកនាំពាក្យស្ដីទីនៃក្រសួងការបរទេសកម្ពុជា លោក ចាន់ រតនា ថ្លែងថា លោកមិនមានព័ត៌មានអ្វីលើសពីសេចក្ដីថ្លែងការណ៍របស់ក្រសួងនោះទេ។ ចំណែកអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា លើកឡើងថា ប្រសិនបើមានការវិវត្តថ្មីៗបន្ថែមទៀត រដ្ឋាភិបាលនឹងចុះផ្សាយព័ត៌មានឱ្យមហាជនបានដឹង។
អ្នកតាមដានភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី លើកឡើងថា ប្រសិនបើប្រធានដែលជ្រើសរើសមកនោះ មាននិន្នាការលំអៀងទៅរកភូមិសាស្ត្រនយោបាយរបស់ភាគីថៃ ឬរងឥទ្ធិពលពីប្លុកខាងលិច កម្ពុជានឹងត្រូវប្រឈមមុខនឹងការខាតបង់ធំធេងទាំងផលប្រយោជន៍សេដ្ឋកិច្ចជាតិ និងខ្សែបន្ទាត់ព្រំដែនទឹក បើទោះបីជារបាយការណ៍ចុងក្រោយគ្មានលក្ខណៈបង្ខំឱ្យអនុវត្តតាមច្បាប់ក៏ដោយ តែវានឹងក្លាយជាបន្ទាត់យោងអន្តរជាតិដ៏មានទម្ងន់។
លោក បន្ថែមថា ការពន្យារពេលនេះ មិនមែនជានីតិវិធីបច្ចេកទេសសុទ្ធសាធនោះទេ តែវាជាយុទ្ធសាស្ត្រទិញពេលវេលាដើម្បីការពារកុំឱ្យមានការទម្លាយភាពទាល់ច្រកនយោបាយក្នុងស្រុកថៃ ដែលអាចបង្កជាភ្លើងជាតិនិយមជ្រុល។
លោក និយាយថា៖ «ខ្ញុំយល់ថា វាជារឿងស្លាប់រស់ផ្នែកយុទ្ធសាស្ត្រដែលផ្ទុកទៅដោយហានិភ័យខ្ពស់ ព្រោះតួនាទីនេះនឹងក្លាយជាអ្នកកាត់សេចក្ដីលើជោគវាសនាធនធានថាមពល និងបូរណភាពទឹកដីដែលនៅសេសសល់។ កម្ពុជាកំពុងស្ថិតក្នុងស្ថានភាពងាយរងគ្រោះក្នុងការចរចា ដោយសារតែសម្ពាធសេដ្ឋកិច្ច និងតម្រូវការថាមពលដ៏ខ្លាំងក្លា ដែលធ្វើឱ្យរបបភ្នំពេញចង់បានរូបមន្តបែងចែកផលប្រយោជន៍ប្រេង និងឧស្ម័ននៅក្នុងតំបន់ទាមទារត្រួតស៊ីគ្នាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។
លើសពីនេះ លោកថា ដំណើរការជ្រើសរើសប្រធានគណៈកម្មការនេះ ក៏ជាការសាកល្បងដ៏ធំមួយលើសមត្ថភាពការទូតពហុភាគីរបស់កម្ពុជា ក្នុងការរុញច្រានអំណះអំណាងផ្លូវច្បាប់របស់ខ្លួនឱ្យមានទម្ងន់ស្មើភាព ដោយមិនត្រូវបណ្ដោយឱ្យប្រទេសដែលខ្លាំងជាងប្រើប្រាស់ឥទ្ធិពលនយោបាយមកជិះជាន់ ឬកំណត់វាសនាជំនួសកម្ពុជានោះឡើយ។
យោងតាមសារព័ត៌មានថៃ Khaosod English ចុះផ្សាយថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow បានថ្លែងពីទីក្រុងប៉េកាំង ប្រទេសចិន ថា ការសម្រេចចិត្តរបស់កម្ពុជា ក្នុងការបន្តការផ្សះផ្សាជាកំហិតក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) បានធ្វើឱ្យខូចទំនុកចិត្តទ្វេភាគី និងធ្វើឱ្យប៉ះពាល់ដល់ការចរចាលើព្រំដែនគោកនៃប្រទេសទាំងពីរ។
លោក ស៊ីហាសាក់ បានស្វាគមន៍ចំពោះការផ្តល់ជូនរបស់ចិន ដើម្បីសម្រួលដល់ការសន្ទនារវាងប្រទេសថៃ និងកម្ពុជា ប្រសិនបើចាំបាច់ ប៉ុន្តែបានសង្កត់ធ្ងន់ថា បញ្ហាព្រំដែនគួរតែត្រូវបានដោះស្រាយដោយផ្ទាល់រវាងប្រទេសទាំងពីរ។
បើតាមប្រភពដែលអាចទុកចិត្តបានឱ្យដឹងថា ផ្អែកតាមនីតិវិធី តម្រូវឱ្យសមាជិកទាំង ៤ នាក់នៃគណៈកម្មការផ្សះផ្សា មានរយៈពេល ៣០ ថ្ងៃ ក្នុងការតែងតាំងប្រធាន បន្ទាប់ពីកម្ពុជា-ថៃ ឯកភាពលើយន្តការនេះ ពោលគឺរាប់ចាប់ពីថៃយល់ព្រមតាមសំណើរបស់កម្ពុជា កាលពីខែមិថុនាកន្លងទៅ។
ប្រភពដដែល បន្ថែមថា ប្រសិនបើអ្នកផ្សះផ្សាទាំង ៤ រូប (ដែលតែងតាំង ២ រូបដោយកម្ពុជា និង ២ រូបដោយថៃ) មិនអាចឯកភាពគ្នារើសប្រធានគណៈកម្មការផ្សះផ្សាបានទេនោះ អគ្គលេខាធិការអង្គការសហប្រជាជាតិនឹងតែងតាំងជំនួស ដោយមិនទុកឱ្យអូសបន្លាយពេលយូរឡើយ។ ប្រភពដដែល បន្តទៀតថា បន្ទាប់ពីរើសប្រធានបានហើយ គណៈកម្មការផ្សះផ្សាទាំង ៥ នាក់ នឹងបង្កើតនីតិវិធីផ្ទៃក្នុង ហើយចាប់ផ្ដើមមកជួបជាមួយភាគីកម្ពុជា និងថៃ ដើម្បីស្ដាប់ការអះអាងរបស់ភាគីទាំងពីរ។ លុះក្រោយមក ពួកគេនឹងពិនិត្យមើលផ្លូវច្បាប់ ដើម្បីដាក់ជារបាយការណ៍ និងអនុសាសន៍ត្រឡប់ទៅកម្ពុជា និងថៃវិញ។
បើតាមប្រភពអាចទទួលយកបានខាងលើ នីតិវិធីនៃការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រនេះ មានរយៈពេលមិនលើសពី ២ ឆ្នាំនោះទេ បន្ទាប់ពីភាគីកម្ពុជា-ថៃ យល់ព្រមដោះស្រាយតាមយន្តការនេះ ដែលទំនងជារាប់ចាប់ពីថៃយល់ព្រមតាមសំណើរបស់កម្ពុជា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។
កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជា បានផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអង្គការសហប្រជាជាតិ ដើម្បីឱ្យដំណើរការនូវយន្តការផ្សះផ្សាដោយបង្ខំ ក្នុងការដោះស្រាយវិវាទព្រំដែនសមុទ្រក្រោមច្បាប់សមុទ្រអន្តរជាតិ (UNCLOS) ក្រោយភាគីថៃលុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នារវាងប្រទេសទាំងពីរដោយឯកតោភាគី៕







