អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធ បានជំរុញឱ្យរាជរដ្ឋាភិបាលពង្រឹងការផ្សព្វផ្សាយអំពីរបបបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៅថ្នាក់មូលដ្ឋាន ព្រមទាំងសម្រួលនីតិវិធីចុះបញ្ជី និងបង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុ ដើម្បីលើកទឹកចិត្តអ្នកធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបុគ្គលស្វ័យនិយោជន៍ឱ្យចូលរួមក្នុងប្រព័ន្ធកាន់តែច្រើន ខណៈអ្នកធ្វើការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធមាន ៨៨ភាគរយ មិនទាន់ទទួលបានការគាំពារសង្គម។
ការជំរុញនេះធ្វើឡើងនៅក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពី «ការពង្រីកវិសាលភាពនៃការអនុវត្តរបបសន្តិសុខសង្គម និងការជំរុញការឈានចូលក្នុងប្រព័ន្ធ» នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ដោយមានអ្នកចូលរួមប្រមាណជាង៣០០នាក់ មកពីក្រសួង ស្ថាប័នរដ្ឋ អង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល សហជីព តំណាងកសិករ កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបុគ្គលស្វ័យនិយោជន៍។
យោងតាមឯកសាររបស់អ្នករៀបចំ សិក្ខាសាលានេះមានគោលបំណងពិភាក្សារកដំណោះស្រាយ ដើម្បីពង្រីកការគ្របដណ្តប់របបសន្តិសុខសង្គម និងជំរុញអ្នកធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យចូលក្នុងប្រព័ន្ធផ្លូវការ ដោយសារបច្ចុប្បន្ន អ្នកមានការងារធ្វើប្រមាណ ៨៨% នៅកម្ពុជា ស្ថិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលភាគច្រើនមិនទាន់ទទួលបានការគាំពារសង្គមគ្រប់គ្រាន់។ ទោះបីការគ្របដណ្តប់ការគាំពារសង្គមបានឈានដល់ប្រជាជនប្រមាណ ៧លាននាក់ ឬស្មើ ៤១% នៃប្រជាជនសរុបក៏ដោយ ការគាំពារភាគច្រើននៅផ្តោតលើរបបថែទាំសុខភាព ខណៈអ្នកធ្វើការក្នុងសហគ្រាសខ្នាតមីក្រូធន់តូច និងមធ្យម អាជីវកម្មគ្រួសារ និងអ្នកផ្តល់សេវាតាមថ្នាលឌីជីថល (Gig Workers) នៅតែត្រូវការយន្តការច្បាប់ និងវិធានការបន្ថែម ដើម្បីឱ្យពួកគេអាចចូលរួមក្នុងប្រព័ន្ធ ប.ស.ស. បានកាន់តែទូលំទូលាយ។
អ្នកសម្របសម្រួលគម្រោងគាំពារសង្គមនៃអង្គការអុកស្វាម (Oxfam) លោក តាន់ វិសាលមានប្រសាសន៍ថា ការផ្សព្វផ្សាយអំពីរបបគាំពារសង្គមនៅថ្នាក់ក្រោមជាតិ នៅមិនទាន់មានប្រសិទ្ធភាពគ្រប់គ្រាន់នៅឡើយ ដោយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋមួយចំនួន មិនទាន់យល់ច្បាស់អំពីសិទ្ធិ អត្ថប្រយោជន៍ និងសារៈសំខាន់នៃការចូលរួមក្នុងប្រព័ន្ធ ប.ស.ស.។
លោកបានស្នើឱ្យរដ្ឋាភិបាលពង្រឹងការផ្សព្វផ្សាយ និងពង្រីកកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន និងវិស័យពាក់ព័ន្ធ ដើម្បីឱ្យព័ត៌មានអំពីការគាំពារសង្គមឈានដល់អ្នកធ្វើការក្រៅប្រព័ន្ធកាន់តែទូលំទូលាយ។
លោកមានប្រសាសន៍ថា៖ «យើងគួរតែពង្រឹងទៅលើការផ្សព្វផ្សាយថ្នាក់ក្រោមជាតិ បើយើងមើលទៅលើអាជ្ញាធរមូលដ្ឋានគាត់មិនទាន់យល់ច្បាស់អំពីទុក្ខកង្វល់អំពីកិច្ចគាំពារសង្គម អ្វីអំពីសិទ្ធិការងារ អ្វីដែលការចូលរួមរបស់កម្មករនិយោជិតនោះទេ »។
ក្នុងវេទិកាដដែល មន្ត្រីផ្នែកបច្ចេកទេសគាំពារសង្គម និងការងារ នៃអង្គការអន្តរជាតិខាងការងារ (ILO) អ្នកស្រី Helen Kirsch បានលើកឡើងថា ការពង្រីកការគ្របដណ្តប់របបសន្តិសុខសង្គមដល់អ្នកធ្វើការក្រៅប្រព័ន្ធ មិនអាចពឹងផ្អែកលើការបង់វិភាគទានដោយស្ម័គ្រចិត្តតែមួយមុខបានទេ ព្រោះបទពិសោធន៍អន្តរជាតិបង្ហាញថា ការចូលរួមបែបស្ម័គ្រចិត្តជាទូទៅ គ្របដណ្តប់បានត្រឹមប្រមាណ ១០ភាគរយប៉ុណ្ណោះនៃក្រុមគោលដៅ។
អ្នកស្រីបានបន្ថែមថា ដើម្បីធានាចីរភាពហិរញ្ញវត្ថុនៃប្រព័ន្ធ រដ្ឋាភិបាលគួរមានយន្តការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុសម្រាប់អ្នកមានចំណូលទាប កាត់បន្ថយភាពស្មុគស្មាញនៃនីតិវិធី និងអភិវឌ្ឍប្រព័ន្ធឌីជីថលឱ្យងាយស្រួលប្រើប្រាស់ ដើម្បីជំរុញឱ្យប្រជាពលរដ្ឋចូលរួមកាន់តែច្រើន។
អ្នកស្រីនិយាយថា ៖ «យើងត្រូវតែជួយទំនុកបម្រុង បន្ថែមផ្នែកហិរញ្ញវត្ថុដើម្បីហិរញ្ញវត្ថុមាននិរន្តរភាព។ យើងគិតថាដោយសារតែកត្តាពីរសំខាន់ៗ ទីមួយគឺកាត់បន្ថយរដ្ឋបាលការចំណាយរដ្ឋបាលផ្សេងៗ»។
ប្រធាននាយកដ្ឋានគាំទ្រប្រតិបត្តិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម លោក ចឿង ធានី មានប្រសាសន៍ថា ការពង្រីកការគ្របដណ្តប់របបសន្តិសុខសង្គមឱ្យឈានទៅរកការគ្របដណ្តប់ជាសកល មិនអាចអនុវត្តបានភ្លាមៗលើគ្រប់ក្រុមគោលដៅនោះទេ ប៉ុន្តែត្រូវអនុវត្តជាជំហានៗ ដោយផ្អែកលើការសិក្សា និងការគិតគូរយ៉ាងច្បាស់លាស់ ដើម្បីធានាចីរភាពនៃប្រព័ន្ធ។
លោកបានឱ្យដឹងថា បច្ចុប្បន្ន ការគ្របដណ្តប់របស់ ប.ស.ស. និងការបង់វិភាគទានមានការកើនឡើងជាបន្តបន្ទាប់។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលក៏កំពុងសិក្សាពីការប្រើប្រាស់ថវិកាជាតិ និងកំណត់អាទិភាពសម្រាប់ក្រុមជនងាយរងគ្រោះ និងអ្នកធ្វើការក្រៅប្រព័ន្ធ ដើម្បីកាត់បន្ថយហានិភ័យ និងពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាសុខាភិបាល។
លោក ចឿង ធានី មានប្រសាសន៍ថា៖ «យើងមិនអាចធ្វើទៅទាំងអស់បានទេ ត្រូវធ្វើជាជំហានៗ ដោយត្រូវការការសិក្សាឱ្យបានស៊ីជម្រៅ»។
លោកបន្ថែមថា ការវិនិយោគថវិការដ្ឋលើវិស័យគាំពារសង្គម គួរផ្តោតលើការធ្វើឱ្យលទ្ធផលសុខភាពរបស់ប្រជាពលរដ្ឋប្រសើរឡើង ព្រមទាំងរៀបចំយន្តការគាំទ្រដល់ក្រុមជនងាយរងគ្រោះឱ្យសមស្រប ដើម្បីធានាថាប្រព័ន្ធសន្តិសុខសង្គមអាចបន្តដំណើរការបានដោយចីរភាព។
ក្នុងវេទិកាពិភាក្សានេះដែរ តំណាងសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) អ្នកស្រី សែន ច័ន្ទណា បានស្នើឱ្យ ប.ស.ស. ពិចារណាសម្រួលនីតិវិធីសម្រាប់អ្នកដែលមានបណ្ណសមាជិកផុតសុពលភាព និងអ្នកខ្វះឯកសារមួយចំនួន ជាពិសេសក្រុមអ្នករើសអេតចាយ និងអ្នកធ្វើការក្រៅប្រព័ន្ធ ដោយកាត់បន្ថយការសម្ភាស និងនីតិវិធីរដ្ឋបាលដែលស្មុគស្មាញ ដើម្បីកុំឱ្យក្រុមងាយរងគ្រោះបាត់បង់ឱកាសទទួលបានការគាំពារសង្គម។
ជាការឆ្លើយតប អគ្គនាយករងនៃបេឡាជាតិសន្តិសុខសង្គម លោក ឃុន ចាន់ណារិទ្ធ បានឱ្យដឹងថា ប.ស.ស. កំពុងបន្តពង្រីកការគ្របដណ្តប់សមាជិក និងសហការជាមួយដៃគូពាក់ព័ន្ធ ដើម្បីសម្រួលការចុះបញ្ជី និងការបង់វិភាគទាន។ ទោះជាយ៉ាងណា លោកបញ្ជាក់ថា ការផ្ទៀងផ្ទាត់អត្តសញ្ញាណ និងឯកសារពាក់ព័ន្ធ នៅតែចាំបាច់ ដើម្បីការពារការក្លែងបន្លំ និងធានាភាពត្រឹមត្រូវក្នុងការផ្តល់អត្ថប្រយោជន៍។
ទិន្នន័យរបស់ ប.ស.ស. បង្ហាញថា គិតត្រឹមខែមិថុនា ឆ្នាំ២០២៦ មានសមាជិកទទួលបានការគ្របដណ្តប់ផ្នែកថែទាំសុខភាពសរុបជាង ៣,៧ លាននាក់ ក្នុងនោះមានកម្មករនិយោជិតជាង ២,២លាននាក់ បុគ្គលស្វ័យនិយោជន៍ជិត ៦៩ម៉ឺននាក់ បុគ្គលក្នុងវិស័យសាធារណៈជាង ៥២ ម៉ឺននាក់ និងអ្នកក្នុងបន្ទុកសមាជិកជិត ៣០ម៉ឺននាក់៕







