អន្តរស្ថាប័នចំនួនបី ក្នុងនោះរួមមាន ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) កំពុងបន្តអន្តរាគមន៍សង្គ្រោះដំណាំស្រូវដែលរងផលប៉ះពាល់ពីការខ្វះខាតទឹកនៅខេត្តបាត់ដំបង ដោយដាក់ម៉ាស៊ីនបូមទឹក និងចុះវាយតម្លៃតំបន់រងគ្រោះ។ទោះជាយ៉ាងណាក្ដីកសិករមួយចំនួននៅស្រុកថ្មគោលខេត្តបាត់ដំបង
នៅតែមិនទាន់ទទួលបានទឹកដាក់ស្រែសង្គ្រោះស្រូវនៅឡើយ។
យោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារក្រសួង និងមន្ទីរធនធានទឹកខេត្តបាត់ដំបង បានដាក់ម៉ាស៊ីនបូមទឹកចំនួន ៤គ្រឿង នៅក្បាលប្រឡាយអូរដូនពៅ ដើម្បីបូមទឹកពីស្ទឹងមង្គលបុរី និងស្ទឹងបវេល បញ្ជូនចូលប្រឡាយមេ សម្រាប់សង្គ្រោះដំណាំស្រូវរបស់ប្រជាកសិករនៅឃុំឃ្លាំងមាស ស្រុកបវេល និងឃុំតាគ្រាម ស្រុកបាណន់។
ក្រសួងបញ្ជាក់ថា បច្ចុប្បន្នម៉ាស៊ីនបូមទឹកចំនួន ២គ្រឿងបានដំណើរការរួចហើយ និង ២គ្រឿងទៀតកំពុងរៀបចំដំឡើង ដើម្បីពន្លឿនការផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពដំណាំស្រូវដែលកំពុងប្រឈមការខ្វះខាតទឹក។
អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) លោក សុទ្ធ គឹមកុលមុនី មានប្រសាសន៍ថា ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តបូមទឹកអន្តរាគមន៍ជួយប្រជាកសិករតាមតំបន់រងផលប៉ះពាល់ ហើយក្រុមការងារអន្តរក្រសួងក៏កំពុងចុះពិនិត្យស្ថានភាពនៅស្រុកថ្មគោល និងស្រុកសង្កែ ដើម្បីរៀបចំការជួយសង្គ្រោះបន្ថែម។
លោកបន្តថា គ្រោះរាំងស្ងួតបានប៉ះពាល់ដល់ខេត្តមួយចំនួន ក្នុងនោះខេត្តបាត់ដំបងប៉ះពាល់ខ្លាំងជាងគេ ដោយសារបាតុភូត អែលនីញ៉ូ (El Niño)។
លោកថ្លែងថា៖ «មកដល់ពេលនេះ មិនទាន់មានសភាពធ្ងន់ធ្ធរនៅឡើយទេ ដោយសារក្រៅពីទឹកភ្លៀង ខាងក្រសួងធនធានទឹក និងឧតុនិយម បានខិតខំបូមទឹក និងបង្ហូរទឹកពីអាងដែលមានទឹកច្រើនតាមប្រឡាយដល់អាងជួយដល់ស្រូវកសិករយើង ជាពិសេសតំបន់ដែលមានប្រឡាយ និងប្រភពទឹកបើកហូរមក គឺអាចជួយសង្គ្រោះបានច្រើន»។
លោកបន្តថា ទោះជាយ៉ាងណា តំបន់មួយចំនួនដែលស្ថិតឆ្ងាយពីប្រភពទឹក នៅតែមិនទាន់អាចអន្តរាគមន៍បានគ្រប់គ្រាន់នៅឡើយ ប៉ុន្តែភ្លៀងដែលធ្លាក់ជាបន្តបន្ទាប់អាចជួយកាត់បន្ថយហានិភ័យខូចខាតដំណាំស្រូវ។
សមាជិកក្រុមប្រឹក្សាឃុំអូរតាគី ស្រុកថ្មគោល លោក ទុំ ពន្លក មានប្រសាសន៍ថា អាជ្ញាធរបានបើកទឹកពីតំបន់សង្គ្រោះនៅអាងទឹកកំពីងពួយកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ មកម៉្លេះ។ លោកបន្តថា រហូតមកដល់ពេលនេះ អាចជួយបានប្រមាណ៦០០ហិកតាក្នុងចំណោមផ្ទៃដីស្រូវជាង ២,០០០ហិកតា។
ប៉ុន្តែកសិករនៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល លោក ឆាត ឆាន់ លើកឡើងថា ទឹកហូរទៅដល់តែស្រែដែលនៅជិតប្រឡាយប៉ុណ្ណោះ ខណៈស្រែដែលនៅឆ្ងាយនៅមិនទាន់ទទួលបានទឹកគ្រប់គ្រាន់នៅឡើយ។ លោកសង្ឃឹមថា នឹងមានទឹកជួយសង្គ្រោះតំបន់របស់លោក ព្រោះបញ្ហានេះមិនទាន់បានដោះស្រាយដល់ដីស្រែរបស់លោកនៅឡើយទេ។
លោកថ្លែងថា៖ «មកដល់ថ្ងៃនេះ អាជ្ញាធរខំប្រឹងខ្នះខ្នែងដែរ ក៏ប៉ុន្តែការបើកទឹកពីអាងទឹកកំពីងពួយបានបន្តិចបន្តួច អ្នកដែលនៅឆ្ងាយប្រឡាយក៏អត់ដល់ អ្នកជិតប្រឡាយបានហូរចូលខ្លះ»។ លោកនិយាយថា ដោយសារតំបន់របស់លោកនៅខាងក្រោមគេពេក មិនសូវបានទឹកស្រោចស្រពដំណាំឡើយ គឺទើបតែបានជិត ៤ហិកតាប៉ុណ្ណោះ ក្នុងចំណោម ១៩ហិកតា។
ចំណែកកសិករម្នាក់ទៀត លោក ទុំ ភ័ណ្ឌ អះអាងថា ការអន្តរាគមន៍នៅមិនទាន់គ្របដណ្ដប់ដល់តំបន់របស់លោកនៅឡើយ ហើយនៅមានភូមិមួយចំនួនបន្តប្រឈមការខ្វះទឹក ដោយស្រែចម្ការរបស់លោក ទទួលបានការជួយសង្គ្រោះបានត្រឹមតែ ២០ភាគរយប៉ុណ្ណោះ។
លោកបន្តថា៖ «ខ្ញុំសូមសំណូមពរក្រសួងធនធានទឹក ធ្វើម៉េចជួយប្រជាជនយើងផង ព្រោះជួបការលំបាកច្រើនណាស់»។ លោកបន្ថែមថា អាចប្រហែល ៣ ទៅ ៤ភូមិទៀត ដែលនៅតែខ្វះខាតទឹកដដែល ហើយសព្វថ្ងៃនេះ លោកសង្ឃឹមថានឹងអាចមានការជួយសង្គ្រោះបានគ្រប់ៗគ្នា។
កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ លោក គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចុះពិនិត្យស្ថានភាពកង្វះទឹកស្រោចស្រពស្រែស្រូវនៅខេត្តបាត់ដំបង និងជំរុញឱ្យមន្ត្រីពាក់ព័ន្ធពន្លឿនការអន្តរាគមន៍សង្គ្រោះស្រូវរបស់ប្រជាកសិករ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានបង្ហោះលើបណ្ដាញសង្គមថា ក្រសួងនឹងបន្តសហការជាមួយក្រសួងធនធានទឹក និងឧតុនិយម និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីពន្លឿនវិធានការស្ដារ និងជួយឱ្យប្រជាកសិករអាចបន្តការបង្កបង្កើនផលឡើងវិញ នៅស្រុកភ្នំស្រុក និងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ៕







