ជនបរទេស ៥៥នាក់ ពាក់ព័ន្ធឧក្រិដ្ឋកម្មអនឡាញ ត្រូវចាប់ខ្លួនទៅស្នងការដ្ឋាន

សង្គម

(សមត្ថកិច្ចចម្រុះកំពុងបង្ក្រាបទីតាំងឆបោកអនឡាញនៅអគារ PRINCE HUAN YU ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦។ (រូបថតផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុក)។

សមត្ថកិច្ចចម្រុះពីខណ្ឌចំការមន និងអាជ្ញាធររាជធានីភ្នំពេញជាដើម កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ បានឃាត់ខ្លួន និងបញ្ជូនជនបរទេសចំនួន ៥៥នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

ការនេះធ្វើឡើងក្នុងប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅអគារ PRINCE HUAN YU ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមរយៈទំព័រហ្វេសប៊ុករបស់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដែលផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា កម្លាំងផ្នែកជំនាញ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងគណៈបញ្ជាការឯកភាពខណ្ឌចំការមន បានឆែកឆេរអគារ PRINCE HUAN YU នៅក្បាលដីលេខ៧ ផ្លូវបើកថ្មី ភូមិ១៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ប្រភពបន្តថា បន្ទាប់ពីពិនិត្យ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សសរុបចំនួន ៥៥នាក់ ក្នុងនោះមានស្ត្រី ៧នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ បុគ្គលទាំងនោះមាន ២សញ្ជាតិ ហើយក្នុងនោះ ១៣នាក់ គ្មានលិខិតឆ្លងដែន។ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងសម្រាប់ធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដូចជាកុំព្យូទ័រយួរដៃ (Laptop) ៨៨គ្រឿង ទូរស័ព្ទដៃ ៣៣០គ្រឿង កុំព្យូទ័រ All in One ៩គ្រឿង ដុំ WiFi ០៧គ្រឿង និង Tablet ១គ្រឿង។

អធិការដ្ឋាននគរបាលខណ្ឌចំការមន៖ «វិធានការបន្ត៖ សម្ភារវត្ថុតាងត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា។ ជនបរទេសចំនួន ៥៥នាក់ ត្រូវបានបញ្ជូនទៅការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់»។

អភិបាលខណ្ឌចំការមន លោក កៀង ល័ក្ស បានប្រាប់ថា ជនបរទេសចំនួន ៥៥នាក់ ដែលសមត្ថកិច្ចបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនោះ ជាជនជាតិចិន និងវៀតណាម។ លោកថា ការបង្ក្រាបបទល្មើសឆបោកតាមអនឡាញនេះ មានកិច្ចសហការពីម្ចាស់អគារបានល្អ ហើយលោកឆ្លៀតអំពាវនាវទៅកាន់ម្ចាស់កន្លែងស្នាក់នៅ ឱ្យសង្កេត និងរាយការណ៍ករណីសង្ស័យឆបោកអនឡាញទៅអាជ្ញាធរ។

លោកថា៖ «សូមឱ្យម្ចាស់អគារផ្សេងៗ ក៏ដូចជាម្ចាស់លំនៅឋានផ្សេងៗដែលគាត់ជួល ត្រូវសង្ស័យចំពោះអ្នកជួលហ្នឹង និយាយចំពោះអ្នកជួលដែលអត់មានប្រវត្តិអីច្បាស់លាស់ ឱ្យគាត់រាយការណ៍មកអាជ្ញាធរយើង»។

ក្នុងរយៈពេល ១ឆ្នាំ នៃប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សមត្ថកិច្ចបានបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសបានចំនួន ៦៦៥ទីតាំង រកឃើញជនសង្ស័យចំនួន ២ ៧៧៣នាក់ ក្នុងនោះមានចំនួន ២ ២០០នាក់ (ស្រ្តី ៣៥៣នាក់) កំពុងជាប់ឃុំរង់ចាំការអនុវត្តនីតិវិធីតាមច្បាប់។ នេះបើតាមរបាយការណ៍ស្ដីពី «លទ្ធផលនៃការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទូទាំងប្រទេស រយៈពេល១ឆ្នាំ» ដែលផ្សាយដោយក្រសួងព័ត៌មានកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦។

ប្រភពដដែលឱ្យដឹងទៀតថា កម្ពុជាក៏បានបណ្ដេញជនបរទេសចេញពីកម្ពុជាសរុបចំនួន ២១ ១០២នាក់ ក្នុងនោះមាន ៣៨សញ្ជាតិ។ ភាគច្រើននៃជនបរទេសដែលបានបណ្ដេញ ជាជនជាតិចិន វៀតណាម ឥណ្ឌូនេស៊ី ថៃ និងបង់ក្លាដេស។

ជុំវិញករណីនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំ​អាត សាទរដែលកម្ពុជាបានបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានជាច្រើនករណី ជាពិសេសទីតាំងធំៗដែលប្រព្រឹត្តបទល្មើស។ ក៏ប៉ុន្តែលោកសង្កេតឃើញថា ក្រុមឆបោកតាមអនឡាញ បានបំបែកខ្លួនទៅប្រព្រឹត្តបទល្មើសដដែលនៅទីតាំងតូចៗវិញ។

លោកថា៖ «ការបង្ក្រាបនេះមានលក្ខណៈទ្រង់ទ្រាយធំ មានភាពវិជ្ជមានក៏ដោយ សមត្ថកិច្ចក៏ត្រូវបន្តការបង្ក្រាបតទៅទៀតតាមទីតាំងតូចៗ ដែលក្រុមឆបោកតាមប្រព័ន្ធអនឡាញនេះបានបំបែកខ្លួន ហើយទៅជួលផ្ទះ ជួលវីឡា និងជួលកន្លែងដែលតូចៗសម្រាប់ការប្រព្រឹត្តបន្តទៅទៀត»។

លោក អំ សំអាត ថា ដើម្បីឱ្យការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទទួលបានជោគជ័យពេញលេញ សមត្ថកិច្ចពាក់ព័ន្ធត្រូវអនុវត្តច្បាប់ឱ្យបានតឹងរឹង និងលុបបំបាត់អំពើពុករលួយ។ ជាមួយគ្នានេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ ក្រើនរំលឹកពលរដ្ឋឱ្យប្រុងប្រយ័ត្ន ដោយការពិចារណាឱ្យបានល្អិតល្អន់ កុំឱ្យផុងខ្លួនធ្វើការឱ្យក្រុមឆបោកតាមអនឡាញ។

កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យស្ដីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ រួមមានទីសំណាក់ប្រមូលផ្ដុំ បុរី ខុនដូ អាផាតមិន រីសត បឹងកាឡូជាដើម ដោយទប់ស្កាត់ការស្នាក់នៅខុសច្បាប់របស់ជនបរទេស ដើម្បីធានាសន្តិសុខ សុវត្ថិភាពសង្គម និងសណ្ដាប់ធ្នាប់សាធារណៈ។

ព្រឹទ្ធសភាក៏បានអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នៅក្នុងកិច្ចប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":3379}" data-page="1" data-max-pages="1" data-start="1" data-end="1">