យ៉ាងហោចមានកម្មករជាង ៤ពាន់នាក់អស់ការងារធ្វើ ដោយសារវិបត្តិព្រំដែនខ្មែរ-ថៃ

សង្គម

យ៉ាងតិចណាស់កម្មករជាង ៤ពាន់នាក់បានបាត់បង់ការងារ ដោយសារវិបត្តិព្រំដែនខ្មែរ-ថៃ ។ នេះបើតាមការកត់ត្រារបស់អង្គការសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ (CENTRAL)។

សង់ត្រាល់កត់សម្គាល់តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា គិតមកដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ មានកម្មករប្រមាណជាង ៤,០០០ នាក់ បានរងផលប៉ះពាល់រួចហើយពីការបិទរោងចក្រយ៉ាងហោចណាស់ចំនួន ២ ដែលពាក់ព័ន្ធនឹងការរំខាននៅតំបន់ព្រំដែន។

ប្រភពដដែលបន្ថែមថា៖ «រោងចក្រមួយក្នុងចំណោមរោងចក្រដែលរងផលប៉ះពាល់ គឺជាសហគ្រាសដែលមានម្ចាស់ជាជនជាតិថៃ និងស្ថិតនៅក្នុងតំបន់ព្រំដែន»។ សង់ត្រាល់កត់សម្គាល់ដែរថា៖ «រោងចក្រផ្សេងទៀតដែលមានម្ចាស់ជាជនជាតិថៃ និងជប៉ុន រួមទាំងក្រុមហ៊ុន Nidec នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស (SEZ) ក្រុងប៉ោយប៉ែត កំពុងប្រឈមមុខនឹងបញ្ហាប្រតិបត្តិការស្រដៀងគ្នា និងមានភាពមិនច្បាស់លាស់កាន់តែខ្លាំងចំពោះផែនការវិនិយោគនាពេលអនាគតរបស់ពួកគេ»។

ប្រភពដដែលបញ្ជាក់ទៀតថា ផលប៉ះពាល់ដែលបណ្ដាលមកពីការបាត់បង់ការងារធ្វើ មិនត្រឹម​តែប៉ះពាល់ដល់កម្មករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់សហគមន៍ និងសេដ្ឋកិច្ចមូលដ្ឋានទាំងមូលទៀតផង។

សង់ត្រាល់បន្ថែម៖ «ការងារមួយនៅក្នុងរោងចក្រ គាំទ្រដល់ជីវភាពគ្រួសារមួយទាំងមូល និងរួមចំណែកយ៉ាងសំខាន់ដល់សកម្មភាពសេដ្ឋកិច្ចក្នុងតំបន់។ នៅពេលកម្មករបាត់បង់ការងារ ឬបាត់បង់ឱកាសធ្វើការបន្ថែមម៉ោង (overtime) អាជីវកម្មក្នុងមូលដ្ឋាន ម្ចាស់ផ្ទះជួល អ្នកផ្តល់សេវាដឹកជញ្ជូន និងអ្នកផ្តល់សេវាកម្មផ្សេងៗ ក៏ទទួលរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដូចគ្នាដែរ»។

អ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិថា គិតមកទល់ថ្ងៃទី១៦ ខែសីហា រោងចក្រចំនួន ៣កន្លែងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្រកាសបិទទ្វារលែងដំណើរការដោយសារការបញ្ជាទិញធ្លាក់ចុះ និងការដឹកជញ្ជូនឡើងថ្លៃ អំឡុងវិបត្តិនៃជម្លោះព្រំដែនកម្ពុជា-ថៃ។ តែយ៉ាងណា លោកមិនបារម្ភថាកម្មករ-កម្មការិនីទាំងនោះគ្មានឱកាសការងារថ្មីនោះទេ ពីព្រោះរោងចក្រនៅជុំវិញខេត្តបន្ទាយមានជ័យទើបបានទទួលយកពួកគេឱ្យចូលបំពេញការងារ ខណៈក្រសួងក៏នៅសល់ឱកាសការងារប្រមាណជាង ៩ម៉ឺនកន្លែងផ្សេងទៀត។

ទោះជាយ៉ាងណានេះក្ដីអង្គការសង់ត្រាល់កត់សម្គាល់ថា នៅក្នុងសហគមន៍តំបន់ព្រំដែន ផល​ប៉ះពាល់ទាំងនេះអាចបង្កើតជាឥទ្ធិពលជាបន្តបន្ទាប់ ដែលនាំឱ្យមានការថយចុះនៃប្រាក់ចំណូលគ្រួសារ ការកើនឡើងនៃបំណុល និងការលំបាកផ្នែកសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរសម្រាប់គ្រួសាររាប់ពាន់គ្រួសារ ប្រសិនបើស្ថានភាពនេះនៅតែបន្តអូសបន្លាយ។

អង្គការសង់ត្រាល់ព្រមានពីភាពចាំបាច់បន្ទាន់ក្នុងការអនុវត្តវិធានការដើម្បីស្តារស្ថិរភាពសេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់កម្មករ និងកសាងទំនុកចិត្តរបស់វិនិយោគិនឡើងវិញឱ្យទាន់ពេលវេលា។ សង់ត្រាល់យល់ថា ៖«ការសម្របសម្រួលល្អនឹងមានសារៈសំខាន់ក្នុងការកាត់បន្ថយការខូចខាតផ្នែកសេដ្ឋកិច្ចបន្ថែមទៀត និងពង្រឹងភាពធន់នៃសេដ្ឋកិច្ចគ្រួសាររបស់ពលរដ្ឋ»។

ជម្លោះព្រំដែនកម្ពុជា-ថៃបានផ្ដើមកើតឡើងកាលពីអំឡុងខែឧសភា ឆ្នាំ២០២៥។ រយៈពេលជាងមួយឆ្នាំមកនេះ ចរន្តសេដ្ឋកិច្ចការដោះដូរទំនិញផ្លូវគោកតាមព្រំដែនខ្មែរ-ថៃត្រូវបិទទាំងស្រុង ក្នុងនោះកងទ័ពថៃបានទន្ទ្រានកាន់កាប់ទឹកដីខ្មែរជាច្រើនទីតាំង។ គិតមកទល់ពេលនេះ ពន្លឺនៃដំណោះស្រាយបញ្ហាព្រំដែនខ្មែរ-ថៃមិនទាន់មាននោះទេ ស្របគ្នានោះពលរដ្ឋខ្មែរជាង ២ម៉ឺននាក់នៅមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញនៅឡើយ ដោយសារដីធ្លីផ្ទះសម្បែងខ្លះត្រូវកងទ័ពថៃទន្ទ្រានយក និងខ្លះទៀតរស់នៅតំបន់ប្រឈមនឹងគ្រោះថ្នាក់ខ្ពស់៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":3402}" data-page="1" data-max-pages="1" data-start="1" data-end="1">