ACUបញ្ជូនសំណុំរឿងអនុប្រធានមន្ទីរពេទ្យបង្អែកស្រុក និងគ្រូពេទ្យម្នាក់ទៅតុលាការករណីក្លែងសំបុត្រពេទ្យ

សង្គម

(ប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យិនទៀង ក្នុងកិច្ចប្រជុំមួយនាអង្គភាពកាលពីខែឧសភាកន្លងទៅ។រូបភាពផ្សាយតាមបណ្ដាញសង្គម)

អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនសំណុំរឿងអនុប្រធានមន្ទីរពេទ្យបង្អែកស្រុក និងគ្រូពេទ្យម្នាក់ទៅតុលាការខេត្តកណ្ដាល ពាក់ព័ន្ធនឹងការធ្វើសំបុត្រពេទ្យឈឺដោយមិនពិត។

យោងតាមសេចក្ដីជូនដំណឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយ ចុះថ្ងៃទី២៨ ខែឧសភា ស្ថាប័ននេះ បានបញ្ជូនសំណុំរឿងករណីស៊ីសំណូករបស់អនុប្រធានមន្ទីរពេទ្យបង្អែកស្រុក និងគ្រូពេទ្យម្នាក់ ទៅកាន់តុលាការខេត្តកណ្ដាល ពាក់ព័ន្ធនឹងការធ្វើសំបុត្រពេទ្យបញ្ជាក់ថាឈឺ តែមិនពិត ឱ្យប្រជាពលរដ្ឋចន្លោះ៣០ ទៅ៤០នាក់ ក្នុងមួយខែ។

អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយលោក សយ ច័ន្ទវិចិត្រ មានប្រសាសន៍ថា ជនសង្ស័យទាំងពីរនាក់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ចោទពីបទ ស៊ីសំណូកដោយសាមាជិកនៃគណៈវិជ្ជាជីវៈខាងវេជ្ជសាស្រ្តដើម្បីធ្វើលិខិតបញ្ជាក់មិនពិត ស្របតាមមាត្រា ៦៣៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។

យ៉ាងណា លោកអះអាងថា ករណីនេះស្ថិតក្នុងចំណាត់ការរបស់តុលាការ នៅមិនទាន់អាចផ្ដល់ព័ត៌មានបន្ថែមនោះទេ។

ចំណែកប្រធានស្ដីទីនៃមន្ទីរសុខាភិបាលខេត្តកណ្ដាលលោកវេជ្ជបណ្ឌិត គាម ពិសិដ្ឋ មានប្រសា សន៍ថា លោកកំពុងស្រាវជ្រាវរកមើលមន្រ្តីក្រោមឱវាទពាក់ព័ន្ធនឹងករណីស៊ីសំណូកនេះ ខណៈលោកថាអង្គភាពប្រឆាំងអំពើពុករលួយមិនបានសហការជាមួយមន្ទីរសុខាភិបាលខេត្តក្នុងសំណុំរឿងនេះនោះទេ។ 

លោកបន្ថែមថា មកដល់ពេលនេះ នៅមិនទាន់មានការបញ្ជូនអនុប្រធានមន្ទីរពេទ្យបង្អែកស្រុក និងគ្រូពេទ្យណាម្នាក់ទៅតុលាការនៅឡើយដែរ។

លោកនិយាយថា«យើងមិនទាន់ដឹងកំហុសឆ្គងប៉ុណ្ណា ចឹងអត់ទាន់ហ៊ានថាអីទេ ព្រោះអត់ទាន់ដឹង គេអត់មានឱ្យដំណឹងមកខាងមន្ទីរសុខាភិបាល»។

ស្ថាបនិកគណបក្សកែទម្រង់កម្ពុជាលោក អ៊ូ ច័ន្ទរ័ត្ន យល់ថា អំពើពុករលួយក្នុងវិស័យការពារជាតិ អប់រំ និងវិស័យសុខាភិបាល ជាករណីដ៏គ្រោះថ្នាក់ និងចាត់ទុកការកសាងសំណុំរឿងនេះទៅតុលាការជាគំរូដើម្បីកុំឱ្យមានករណីបែបនេះកើតឡើងបន្តទៀត។

លោកនិយាយថា៖ «ការចេញលិខិតដែលមិនមានការពិតបែបនេះ វាប៉ះពាល់ដល់ ក្រមសីល ធម៌ វិជ្ជាជីវៈពេទ្យជាដើម ហើយចាត់ទុកថាវាជាអំពើពុករលួយក៏ថាបាន ដែលប្រើប្រាស់
អំ ណាច ប្រើប្រាស់មុខជំនាញរបស់ខ្លួនដើម្បីបំភ័ន្ត ទទួលបានផលប្រយោជន៍អីចឹង»។ 

កាលពីខែមេសា ឆ្នាំ២០២៦ អង្គភាពប្រឆាំងអំពើពុករលួយក៏បានបញ្ជូនអគ្គនាយករងអន្តោប្រវេសន៍លោក អ៊ុក ហៃសីឡា និងស្នងការរងរាជធានីភ្នំពេញលោក សរ សំណាង ព្រមទាំងជនសង្ស័យ២នាក់ទៀតទៅតុលាការផងដែរ ពាក់ព័ន្ធនឹងករណីសង្ស័យស៊ីសំណូកពីពួកឧក្រិដ្ឋជនឆបោកតាមបច្ចេកវិទ្យា និងសម្អាតប្រាក់៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2760}" data-page="1" data-max-pages="1" data-start="1" data-end="1">