សមាគមអាដហុកបានរកឃើញមានការឃុំខ្លួនជនជាប់ចោទលើសរយៈពេលកំណត់ជាង១៣ករណីចំណោមប្រមាណ៧១ករណីដែលខ្លួនឃ្លាំមើលក្នុងឆ្នាំ២០២៥ ពាក់ព័ន្ធនឹងរឿងរបស់អ្នកនយោបាយ និងសកម្មជននានា។
ក្នុងរបាយការណ៍ស្ថានភាពសិទ្ធិមនុស្ស ឆ្លុះបញ្ចាំងការអនុវត្តសេរីភាពមូលដា្ឋនឆ្នាំ២០២៥បង្ហាញថា សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៏នៅកម្ពុជា(ADHOC)បានឃ្លាំមើលនៅតាមសាលាដំបូងរាធានីភ្នំពេញ និងបណ្ដាសាលាដំបូងខេត្តចំនួន៧១ករណី។ ក្នុងនោះអាដហុករកឃើញថា ៖ «មាន១៣ករណីឬស្មើនឹង១៨ភាគរយ ឃុំខ្លួនជនជាប់ចោទលើសនីតិវិធី ឬលើសពេលកំណត់ក្នុងច្បាប់ ដែលរយៈពេលឃុំខ្លួនគឺពីចម្លោះ៩ខែ ទៅ១៣ខែ»។
របាយការណ៍លើកឡើងទៀតថា ៖ការឃុំខ្លួនលើសកំណត់ ឬគ្មានការពន្យល់ច្បាស់លាស់ អាចបង្កជាការរំលោភលើសិទ្ធិសេរីភាពផ្ទាល់ខ្លួន និង គោលការណ៍សន្មតជាមុនថាគ្មានទោស ដូចមានចែងក្នុងមាត្រា២០២ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ការឃុំខ្លួនបណ្តោះ អាសន្នត្រូវអនុវត្តក្នុងកម្រិតកំណត់ និងជាជម្រើសចុងក្រោយ និងកាតិកាសញ្ញាអន្តរជាតិស្តីអំពីសិទ្ធិពលរដ្ឋ និងសិទ្ធិ នយោបាយ មាត្រា ៩ ក៏បានកំណត់ថា ការឃុំខ្លួនមុនសវនាការ មិនគួរជាការអនុវត្តជាទូទៅឡើយ ហើយត្រូវមានការ ត្រួតពិនិត្យដោយតុលាការយ៉ាងទៀងទាត់»។
អនុប្រធានផ្នែកសិទ្ធិមនុស្ស និងដីធ្លី នៃសមាគមន៍ការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា(ADHOC) លោក យិន ម៉េងលី ប្រាប់ប្រជាកាសែតថា អាដហុកបានវិភាគការឃុំខ្លួនជនជាប់ចោទទាំងបទមជ្ឈឹម និងបទឧក្រិដ្ឋ ដែលពួកគេរួមមានអ្នកនយោបាយ សកម្មជនគណបក្សប្រឆាំង និងសកម្មជនសង្គមជាដើម។
លោកថា៖ «ឃ្លាំមើលទៅលើករណីដែលសមាគមផ្ដល់មេធាវីឱ្យ អ៊ីចឹងពាក់ព័ន្ធទៅនឹងករណីដែលមានការចងក្រងរបស់សមាគមហ្នឹងគឺសុទ្ធតែជាករណីដែលយើងចាត់ទុកថាពាក់ព័ន្ធទៅនឹងវាមានចម្រុះ មានអ្នកនយោបាយ មានសកម្មជនបក្សប្រឆាំង វាមានសកម្មជនសង្គម។ នេះជាក្រុមដែលយើងធ្វើការឃ្លាំមើល ធ្វើការចងក្រងជារបាយការណ៍ហ្នឹង»។
លោកបន្ថែមថា៖ «នេះជាកង្វល់មួយបង្ហាញពីបញ្ហារឿងការអនុវត្តន៍ច្បាប់ ពីបញ្ហារឿងប្រព័ន្ធយុត្តិធម៌របស់យើងដែរ។ នេះគឺជាចំណុចមួយត្រូវតែធ្វើការកែប្រែការអនុវត្តន៍ច្បាប់ ហើយត្រូវតែមានវិធានការ»។
ជុំវិញករណីនេះអ្នកនាំពាក្យក្រសួងយុត្តិធម៌អ្នកស្រីថា ឌី ម៉ូឡានី ប្រាប់ប្រជាកាសែតថា ក្រសួងយុត្តិធម៌នឹងពិនិត្យមើលការចុះផ្សាយក្នុងរបាយការណ៍របស់សមាគមអាដហុក។ ជាមួយគ្នានេះអ្នកស្រីថា កន្លងមកមានបណ្តាញសារព័ត៌មាន និងអង្គការសង្គមស៊ីវិលមួយចំនួនតែងលើកឡើងពីការឃុំខ្លួនខុសនីតិវិធី ឬលើសរយៈពេលកំណត់។ ក៏ប៉ុន្តែពួកគេពុំមានទឡ្ហីករណ៍ច្បាស់លាស់ និងភស្តុតាងបញ្ជាក់ត្រឹមត្រូវពាក់ព័ន្ធនឹងករណីទាំងនោះឡើយ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះបញ្ជាក់ថា ក្រសួងយុត្តិធម៌បានដាក់ចេញនូវយុទ្ធនាការចំនួន ២រួមមាន យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ចាប់តាំងពីខែមករា ឆ្នាំ២០២៤។
អ្នកស្រីបន្ថែម៖ «ក្នុងករណីដែលអង្គការបានទទួលព័ត៌មានថាមានការឃុំខ្លួនខុសនីតិវិធី ឬលើសរយៈពេលកំណត់ សូមមេត្តាដាក់ពាក្យមកកាន់លេខាធិការដ្ឋានទទួលពាក្យបណ្តឹងនៃយុទ្ធនាការរបស់ក្រសួងយុត្តិធម៌ ដោយភ្ជាប់មកជាមួយនូវភស្តុតាង និងឯកសារពាក់ព័ន្ធនឹងករណីនីមួយៗ ដើម្បីអាចឱ្យក្រសួងធ្វើការពិនិត្យ និងចាត់ការតាមនីតិវិធីច្បាប់ដែលមានជាធរមាន»។
ចំណែកឯអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ស្រ៊ាង ចិន្ដា ថាលោកមិនទាន់អាចសន្និដ្ឋានយ៉ាងណាទេចំពោះករណីនេះ ព្រោះត្រូវការព័ត៌មានបន្ថែម។
លោកថា៖ «ខ្ញុំក៏បានឃើញរបាយការណ៍នេះដែរ អ៊ីចឹងខ្ញុំក៏មិនទាន់មានការសន្និដ្ឋានថាតើអ្វីដែលគាត់លើកឡើងនេះជាការពិត ឬក៏មិនពិត។ ហើយបើសិនជាពិតក៏យើងអត់ទាន់ដឹងថាតើមានមូលហេតុអី។ ខ្ញុំចង់និយាយថា តើក្នុងករណីនៃការឃុំលើសនីតិវិធីហ្នឹង តើមានមូលហេតុអីនៅពីក្រោយហ្នឹង?[…]ជួនកាលអាចមានករណីខ្វះចៅក្រម ករណីសវនាការជម្រះក្ដីមានការរវល់[…]ហើយក៏មានពេលខ្លះក៏អាចថា ជនត្រូចចោទ ឬក៏ជនជាប់ចោទហ្នឹងអាចមានការសុំពន្យារពេល»។
តែយ៉ាងណាលោកមានប្រសាសន៍ថា របាយការណ៍ដែលចេញដោយសមាគមអាដហុកនេះ សន្និដ្ឋានធំពេក ដោយលោកប្រដូចនឹងការមើល ការមើលដើមឈើ២-៣ដើម ហើយវាយតម្លៃព្រៃទាំងមូល។
លោកបន្ថែមថា៖ «ការសន្និដ្ឋានបែបនេះគឺមិនមានលក្ខណៈវិទ្យាសាស្ត្រទេ ហើយក៏ជាទូទៅមិនអាចទទួលយកបានដែរ»។
ក្នុងឆ្នាំ២០២៥ សមាគមអាដហុកបានឃ្លាំមើលសវនាការ៧១ករណី ទាំងនៅសាលាដំបូងរាជធានីភ្នំពេញ និងសាលាដំបូងតាមបណ្តារខេត្តចំនួន៨។ នៅក្នុងចំណោម៧១ករណីដែលអាដហុកឃ្លាំមើល មានបទឧក្រិដ្ឋចំនួន៤១ករណី និងបទមជ្ឈឹមចំនួន ៣០ករណី៕







