អង្គការលើកលែងទោសអន្តរជាតិថា អាជ្ញាធរកម្ពុជាមិនបានកំចាត់ឧក្រិដ្ឋកម្មអនឡាញជោគជ័យដូចការអះអាងឡើយ

សង្គម

(អាជ្ញាធរកម្ពុជាបង្ក្រាបបទល្មើសអនឡាញកាលពីខេត្តមករាកន្លងទៅ)។ (រូបភាពនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា)។

អង្គការលើកលែងទោសអន្តរជាតិលើកឡើងនៅក្នុងរបាយការណ៍ថ្មីមួយដែលចេញផ្សាយក្នុង​ខែមិថុនានេះ ដោយជំទាស់នឹងការអះអាងអំពីភាពជោគជ័យនៃការបង្រ្កាបការបោកប្រាស់តាមប្រព័ន្ធអនឡាញរបស់អាជ្ញាធរកម្ពុជា។អង្គការនោះថា អាជ្ញាធរកម្ពុជាបានបរាជ័យក្នុងការកំចាត់ឧស្សាហកម្មងងឹតនេះ និងបរាជ័យក្នុងការវែកមុខមេក្លោងនៅពីក្រោយបទល្មើសនេះ។ទោះជាយ៉ាងណាក្ដីមន្ត្រីអ្នកនាំពាក្យរដ្ឋាភិបាលអះអាងថា អាជ្ញាធរកម្ពុជាប្ដេជ្ញាចិត្តមុតមាំក្នុងកិច្ចការបោសសម្អាតឧក្រិដ្ឋកម្មអនឡាញឱ្យខាងតែបាន។

របាយការណ៍ដែលចេញផ្សាយ ក្រោមចំណងជើងថា «កម្ពុជាបរាជ័យក្នុងការដោះស្រាយ៖ ការបង្រ្កាប របស់កម្ពុជាលើបទល្មើសឆបោក និងកំណត់អត្តសញ្ញាណជនរងគ្រោះ មិនទទួលបានជោគជ័យឡើយ» ដោយផ្អែកលើការសម្ភាសន៍ជាមួយជនរងគ្រោះចំនួន ៧៣ នាក់ មកពី១៦​ប្រទេសដែលត្រូវបានជួញដូរចូលទៅក្នុងក្រុមឆបោកនៅក្នុងប្រទេសកម្ពុជា ការកំណត់អត្តសញ្ញាណទីតាំងដោយអ្នកស្រាវជ្រាវ និងចុះពិនិត្យនៅទីតាំងផ្ទាល់។ 

របាយការណ៍ដដែលនេះថា គិតត្រឹមខែមេសា ឆ្នាំ២០២៦ អង្គការលើកលែងទោសអន្តរជាតិកំណត់អត្តសញ្ញាណបានថាមានទីតាំងប្រព្រឹត្តបទល្មើសបច្ចេកវិទ្យាចំនួន ៨៦ ដែលខ្លួនបាន​រកឃើញថាមានទំនាក់ទំនងជាមួយការជួញដូរមនុស្ស ការងារដោយបង្ខំ ទាសភាព និងការធ្វើទារុណកម្មដោយក្រុមឧក្រិដ្ឋជនដែលមានក្រុមចាត់តាំង។ក្នុងនោះក្នុងចំណោមទីតាំងទាំង​៨៦ អង្គការលើកលែងទោសអន្តរជាតិបញ្ជាក់តាមរយៈភស្តុតាងនានាថា រដ្ឋាភិបាលកម្ពុជា​បង្រ្កាបបានតែ២៤ ទីតាំងប៉ុណ្ណោះ ដោយអាគារខ្លះនៅតែដំណើរការដដែល។

ការលើកឡើងនេះផ្ទុយពីការអះអាងរបស់រដ្ឋាភិបាលកម្ពុជាកន្លងទៅដែរថា ក្នុងរយៈពេលប្រមាណ៩ខែ សមត្ថកិច្ចក្រសួងមហាផ្ទៃបានបង្ក្រាបបទល្មើស Online Scam ជាង ២៥០ករណី បោសសម្អាតទីតាំងកាស៊ីណូជិត ១០០កន្លែង និងចាប់ខ្លួនជនសង្ស័យជាង ១,០០០នាក់។ របាយការណ៍ដដែលបញ្ជាក់ថា ជនបរទេសជាង ១០,០០០នាក់ ត្រូវបានបណ្ដេញចេញ ខណៈជាង ២៤,០០០នាក់ទៀត ស្ម័គ្រចិត្តចាកចេញកម្ពុជា។ 

របាយការណ៍នេះរកឃើញថា ជំនួសឲ្យការកំណត់អត្តសញ្ញាណ និងគាំទ្រជនរងគ្រោះដោយការ​ជួញដូរឆ្លងដែនមកប្រព្រឹត្តបទល្មើសនៅកម្ពុជា អាជ្ញាធរកម្ពុជាតែងតែចាត់ទុកអ្នកដែលរត់គេចខ្លួន ឬត្រូវបានរំដោះពីកន្លែងឆបោកថាជាជនអន្តោប្រវេសន៍ខុសច្បាប់។

របាយការណ៍បន្តថាអាជ្ញាធរឃុំខ្លួនពួកគេនៅក្នុងមណ្ឌលឃុំឃាំងអន្តោប្រវេសន៍ដែលមិនមានស្តង់ដារ ដោយគ្មានមេធាវី ឬការគាំពាពីស្ថានទូត ហើយគិតថ្លៃស្នាក់នៅលើទិដ្ឋាការដែលជន​រងគ្រោះមួយចំនួនត្រូវខ្ចីប្រាក់ដើម្បីបង់។

របាយការណ៍ផ្ដល់អនុសាសន៍ថា៖ «រដ្ឋាភិបាលគួរតែផ្តល់អាទិភាពដល់ការការពារជនរងគ្រោះនៃការជួញដូរមនុស្ស ដោយធានាថាមណ្ឌលស្នាក់នៅអាចដំណើរការបាន ផ្តល់ថវិកាដល់មណ្ឌល​ស្នាក់នៅ និងជួយជនរងគ្រោះឱ្យស្នាក់នៅក្នុងសណ្ឋាគារ ឬទីតាំងសុវត្ថិភាពផ្សេងទៀតរហូតដល់ដំណើរការអន្តោប្រវេសន៍អាចកើតឡើង»។

របាយការណ៍បន្ថែមថា៖ «ជំរុញអង្គការសហប្រជាជាតិឱ្យចាប់ផ្តើមការឆ្លើយតបវិបត្តិ និងផ្តល់ធនធានដែលជួយសម្រួលដល់ការកំណត់អត្តសញ្ញាណជនរងគ្រោះដោយការជួញដូរ ប្រតិបត្តិការជួយសង្គ្រោះ និងការផ្តល់ជម្រក ការគាំទ្រផ្នែករាងកាយ និងផ្លូវចិត្ត និងជំនួយផ្នែកច្បាប់សម្រាប់ជនរងគ្រោះនៃការជួញដូរមនុស្ស»។

ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា អះអាងថាការបង្ក្រាបបណ្តាញឆបោកតាមអនឡាញគឺជាឆន្ទៈពិតប្រាកដ និងប្រកបដោយការប្តេជ្ញាចិត្តខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ដោយឆន្ទៈ និងការប្តេជ្ញាចិត្តប្រកបដោយប្រសិទ្ធភាព។ លោកបន្តថាយុទ្ធនាការបង្ក្រាបបទល្មើសអនឡាញធ្វើឡើងដោយគោរពតាមច្បាប់អន្តោប្រវេសន៍ និងមានកិច្ចសហការណ៍ពីបណ្តាប្រទេសសាមី។ 

លោកមានប្រសាសន៍ថា៖ « ឆន្ទៈនិងការប្តេជ្ញាចិត្តនេះឆ្លុះបញ្ចាំងតាមរយៈ បទបញ្ជា និងវិធានការយ៉ាងម៉ឺងម៉ាត់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និង ការបង្កើតក្របខណ្ឌគតិយុត្តជាច្រើនដើម្បីធានាការអនុវត្តឱ្យបានត្រឹមត្រូវ និងប្រសិទ្ធភាព ដោយគ្មានខ្វះចន្លោះ»។
– 
លោក ប៉ែន បូណា បង្ហាញលទ្ធផលថា គិតពីខែកក្កដា ឆ្នាំ ២០២៥ ដល់ចុងខែឧសភា ឆ្នាំ២០២៦ អាជ្ញាធរបង្ក្រាបបានជាង ៤០០ ករណី, ដកហូតអាជ្ញាបណ្ណកាស៊ីណូ ២៥ ទីតាំង, បញ្ជូនអ្នកពាក់ព័ន្ធត្រឡប់ទៅប្រទេសកំណើតវិញជាង ១៨ ០០០ នាក់, និងបញ្ជូនសំណុំរឿងទៅតុលាការចំនួន ១៤៣ ករណី ដែលពាក់ព័ន្ធជនសង្ស័យជាង ១៤០០ នាក់។

ជុំវិញករណីនេះ ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន លើកឡើងថាបទល្មើសអនឡាញបានបំផ្លាញមុខមាត់កម្ពុជាជាច្រើនឆ្នាំមកហើយ។ លោកបន្តការបង្រ្កាបបទល្មើសទាំងអស់នេះត្រូវតែធ្វើដោយហ្មត់ចត់ ដោយយកចិត្តទុកដាក់ និងមិនលើកលែងចំពោះបក្សពួកនិយម ឬអ្នកមានអំណាចណាដែលជាប់ពាក់ព័ន្ធឡើយ។

លោកថ្លែងថា៖ «បើយើងមើលទៅលើរឿងពាក់ព័ន្ធរឿងឆបោកនេះ វាពាក់ព័ន្ធនឹងខ្មែរយើងអ្នកមានឥទ្ធិពលជាមួយគ្នាផងដែរ ដូចជាម្ចាស់អាគារមិនទាន់ឃើញវែកមុខមកផ្ដន្ទាទោសតាមផ្លូវច្បាប់»។ 

លោកបន្ថែមថា៖ «ដើម្បីអនុវត្តមានប្រសិទ្ធភាព យើងត្រូវអនុវត្តពីលើចុះមកក្រោម មាន​ន័យថាមិនត្រឹមតែបោសសម្អាតអ្នកធ្វើសកម្មភាពទេ តែត្រូវវែកមុខមេខ្លោង។ប្រសិនបើគ្រាន់តែបោស ចាប់បានតែបុគ្គលិក ឬមួយអ្នកជំនាញមួយចំនួន វាមិនអាចបោសសម្អាតអស់ទេ»។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ឃើញថាការបង្ក្រាបបទល្មើសបច្ចេកវិទ្យា ដែលមានទាំងការស្វែងរកឬសគុលនៃមន្ត្រី ឬបុគ្គលពាក់ព័ន្ធចូលរួមប្រព្រឹត្តគឺជាវិធានការមួយដ៏មានប្រសិទ្ធភាពបន្ថែមទៀតសម្រាប់កម្ពុជាក្នុងការបោសសម្អាតបទល្មើសនេះ។ លោកថា អ្នកអនុវត្តច្បាប់ ដែលបណ្ដោយឱ្យមានជនប្រព្រឹត្តបទល្មើសលួចធ្វើសកម្មភាព គួតែទទួលខុសត្រូវចំពោះមុខច្បាប់ដូចគ្នា។

លោកថា៖ «ដើម្បីឱ្យការបង្រ្កាប និងទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពគឺត្រូវតែ ទី១គឺអនុវត្តច្បាប់ឱ្យតឹងរឹង បានន័យថាជនណាក៏ដោយឱ្យតែពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធ​អនឡាញត្រូវតែអនុវត្តតាមផ្លូវច្បាប់ទោះបីជាអ្នកដែលពាក់ព័ន្ធ អ្នកនៅពីក្រោយខ្នង ឬមួយក៏អ្នកដែលជាប់ជាមេខ្លោង ឬការផ្ដល់ទីតាំងដែលនាំឱ្យមានការប្រព្រឹត្តបទល្មើស»។

លោកបន្ថែមថា៖ «ទី២ជនបរទេសទាំងឡាយដែលឃាត់ឬយកចេញពីកន្លែងអាគារឆបោកតាមប្រព័ន្ធអនឡាញនេះត្រូវតែមានយន្តការនៃការស្រាវជ្រាវ ការស៊ើបអង្កេតដោយកិច្ចសហការជាមួយបណ្តាទូតរបស់ប្រជាពលរដ្ឋនៃបណ្ដាប្រទេសនីមួយៗហ្នឹង ដើម្បីអនុវត្តតាមនីតិវិធី»៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2936}" data-page="1" data-max-pages="1" data-start="1" data-end="1">